Header Ads

Header ADS

ទ្រឹស្តី​គោល នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ

ពុទ្ធសាសនា​និកាយ​ថេរវាទី មានន័យប្រាកដថា ការប្រៀនប្រដៅ របស់ព្រឹទ្ធាចារ្យ ឬការប្រៀនប្រដៅជំនាន់ដើម គឺជាការសិក្សាចាស់បំផុត នៃព្រះពុទ្ធសាសនា ដែលនៅគង់វង់ដល់សព្វថ្ងៃនេះ ។ ថេរវាទីបានចាប់កំណើត នៅ​ប្រទេស​ឥណ្ឌា​សម័យ​បុរាណ ដែល​រក្សាទុក​នូវ​លក្ខណៈ​ដូច​ដើម ហើយជាទូទៅ វា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹងពុទ្ធសាសនា​សម័យ​ដំបូង។ ច្រើនសតវត្សរ៍ក្រោយ​មក ពុទ្ធសាសនា​និកាយ​ថេរវាទីជាសាសនាចម្បង​នៅ​ប្រទេស​ ស្រីលង្កា (៧០ ភាគរយ នៃចំនួនប្រជាពលរដ្ឋ) និង មួយផ្នែកធំនៃអាស៊ីភាគអាគ្នេយ៍ (ប្រទេសខ្មែរ លាវ ភូមា និង ថៃ) ។ ប្រពៃណីថេរវាទីនេះ ក៏ត្រូវបានគេប្រតិបត្តិនៅក្នុងប្រទេសចិនផ្នែកអាគ្នេយ៍ ដោយក្រុមសម្ពន្ធ ស្ហាន  និង តៃ  នៅ​ប្រទេសវៀតណាម ដោយ​ក្រុម​ជនជាតិ​ខ្មែរក្រោម ប្រទេសបង់ក្លាដេស ដោយក្រុមសម្ពន្ធ ពរុអាស ឆកមា និងមឃ ប្រទេសម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ផងដែរ ។ សព្វថ្ងៃនេះ ពុទ្ធសាសនា​និកាយ​ថេរវាទី​កំពុង​មាន​ប្រជាប្រីយភាព នៅ​ប្រទេស សិង្ហបូរី និង នៅ​​​បស្ចិមប្រទេស ។ សព្វថ្ងៃ អ្នកកាន់ពុទ្ធសាសនា​និកាយ​ថេរវាទី ជុំវិញពិភពលោកមានចំនួនជាង ១២៤ លាននាក់ ហើយក្នុងសតវត្ស៍ថ្មីនេះ ថេរវាទីបានចាក់ឫសក្នុងលោក​ខាងលិច និង រីក​ដុះដាលឡើងវិញនៅក្នុងប្រទេសឥណ្ឌា ។ ទ្រឹស្តី​សំខាន់បំផុត​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទី គឺ ទស្សនវិជ្ជា ​នៃ​ការ​​វិភាគ ឥតឈប់ឈរ នៃដំណើរជីវិត ពោល​គឺ​មិន​មែន​ជា​ការ​គោរព​ត្រឹម​តែ​​ច្បាប់សីលធម៌ ឬ ពិធីបុណ្យ​ខាង​សាសនា​នោះ​ទេ ។ ទ្រឹស្តីចម្បង​បំផុត នៃពុទ្ធសាសនា​និកាយ​ថេរវាទី គឺ​ អរិយសច្ចៈ​ ៤ (ចតុរារិយសច្ច) ។ អរិយសច្ច គឺ​ ការពិត​ដ៏​ប្រពៃ​បំផុត ​ឥត​ក្លែង​បន្លំ​កើត ពោល​គឺ ទុក្ខ, ទុក្ខសមុទយ, ទុក្ខនិរោធ, និង ទុក្ខនិរោធគាមិនីបដិបទា ។ បើ​និយាយ​តាម​ភាសា​សាមញ្ញ អរិយសច្ចៈ ៤ គឺ ការ​ស្គាល់​​​បញ្ហា, ការ​រក​​មូល​ហេតុ​នៃ​បញ្ហា, ការ​ដឹង​ថា​បញ្ហា​អាច​ដោះ​ស្រាយ​បាន, និង ការ​រក​​​វិធី​ដោះស្រាយបញ្ហា និង ការ​អនុវត្តន៍​​តាម​វិធី​នោះ(ប្រតិបត្តិ)​ ដោយ​ខ្លួន​ឯង​ លុះ​ត្រា​តែ​​ដោះ​ស្រាយ​បញ្ហា​រួច ។ ចំណុច​សំខាន់​បំផុត​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទី គឺ ​ម្ចាស់​បញ្ហា ​ជា​ អ្នក​ដោះ​ស្រាយ​បញ្ហា ដោយ​ខ្លួន​ឯង ពោល​គឺ ​មិន​ទំលាក់​កំហុស​​ឲ្យ​អ្នក​ដទៃ​ដោះ​ស្រាយ ឬ​ ពឹង​អាទិទេព (God) ឬ ព្រះ​ពោធិសត្វ ណា​មួយ ឲ្យ​​ជួយ​ដោះស្រាយទេ ។ ដូច​ជា​ពុទ្ធភាសិត​ នៅ​ក្នុង​ គាថា​ធម្មបទ ថា "អត្តា ហិ អត្តនោ នាថោ កោ ហិ នាថោ បរោ សិយា ។ អត្តនា ហិ សុទន្តេនា នាថំ លភតិ ទុល្លភំ" "ខ្លួន​ជា​ទីពឹង​របស់​ខ្លួន អ្នក​ដទៃ​ជា​ទីពឹង​ដូច​ម្តេច​បាន ព្រោះ​បុគ្គល​អ្នក​មាន​ខ្លួន​ហ្វឹកហ្វឺន​ល្អ​ហើយ រមែង​បាន​នូវ​ទីពឹង ដែល​គេ​បាន​ដោយ​កម្រ" ។

No comments

Powered by Blogger.