ដូចម្ដេចដែលហៅថា បណ្តឹង?
ដូចម្ដេចដែលហៅថា បណ្តឹង? គឺជាអំនាចមួយដែលច្បាប់ទទួលស្គាល់សំរាប់បុគ្គល ឬនីតិបុគ្គលដែលប្តឹងទៅតុលាការដើម្បីទាមទារអោយមានការគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គេ។ ចំពោះបណ្តឹងរដ្ឋប្បវេណី យោងទៅតាមសិទ្ធិដែលមានលើចលនវត្ថុ ឬអចលនវត្ថុ ឬលើរូបបុគ្គល ដូចជាសិទ្ធិកាន់កាប់ ដី ផ្ទះ កង់ ឡាន ម៉ូតូ ឬប្តឹងសុំអោយអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យា ជាដើម។ បុគ្គលអ្នកប្តឹង ត្រូវធ្វើបណ្តឹងដាក់ជូនទៅប្រធានតុលាការរដ្ឋប្បវេណី អោយបានទាន់ពេលវេលា។ កាលបើធ្វើឡើងក្រោយរយៈពេលច្បាប់កំនត់ បណ្តឹងនោះមិនអាចទទួលបានឡើយ។ ចំពោះបណ្តឹងព្រហ្មទណ្ឌ យោងទៅតាមហេតុការណ៍ និងអន្តរាយដែលកើតមានឡើង ហើយដែលប៉ះពាល់ដលអាយុជីវិត រូបរាងកាយ ទ្រព្យសម្បត្តិ សេចក្តីថ្លៃថ្នូរ ឬសណ្តាប់ធ្នាប់សាធារណៈ។អ្នកប្តឹងត្រូវប្តឹងអោយចំជនល្មើសអាចសុំអោយមានការផ្តន្ទាទោសជនល្មើស និងសុំអោយជននោះបង់ប្រាក់សងការខូចខាត ឬអាចទាមទារប្រាក់ជំងឺចិត្តបាន។
ដូចម្ដេចដែលហៅថា បណ្តឹងទាស់? គឺជាបណ្ដឹងដែលធ្វើឡើងដើម្បីឲ្យតុលាការដែលបានសម្រេចសេចក្ដីរួចហើយ មកជម្រះសេចក្ដីសាឡើងវិញម្ដងទៀត។ មូលហេតុដែលមានបណ្ដឹងទាស់ទៅលើសាលក្រមឬ សាលដីការបស់សាលាឧទ្ធរណ៍ព្រោះពេលជំនុំជម្រះ គឺជនជាប់ចោទ ដើមបណ្ដឹងរដ្ឋប្បវេណី ឬតំណាងស្របច្បាប់ អវត្តមានឬមិនបានដឹងពីការជំនុំជម្រះលើរឿងក្ដីនេះ (មាត្រា ៣៦២, ៤០៩ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។ បណ្ដឹងទាស់ អាចធ្វើឡើងបានក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីបានទទួលសាលក្រម សាលដីកា ឬបានដឹងយ៉ាងពិតប្រាកដ (មាត្រា ៣៦៥, ៣៦៨, ៤០៩, ៤១២ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។ ហើតយបណ្ដឹងអាចធ្វើឡើងបានដោយដាក់ពាក្យបណ្ដឹងសរសេរជាលាយលក្ខណ៍អក្សរ ដាក់នៅការិយាល័យក្រឡាបញ្ជីនៃតុលាការដែលបានប្រកាសសាលក្រម ឬសាលដីកា, នៅចំពោះមុខព្រះរាជអាជ្ញា, អង្គភាពនគរបាលឬកងរាជអាវុធហត្ថ ឬនៅចំពោះមុខប្រធានពន្ធនាគារឬមណ្ឌលឃុំខ្លួន (មាត្រា ៣៦៦,៤១០ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។ បញ្ជាក់ៈ ចំពោះតុលាការកំពូលពុំមានបណ្ដឹងទាស់ទេ ព្រោះសាលដីកាដែលប្រកាសរួចត្រូវចូលជាធរមានភ្លាម។
អ្នកដែលមានសិទ្ធិប្ដឹងទាស់ឬប្ដឹងជំនួសពិរុទ្ធជនបាន (បកស្រាយតាមន័យច្បាប់)គឺថា៖
១- ពិរុទ្ធជនជានីតិជន (មានអាយុចាប់ពី ១៨ ឆ្នាំឡើង) អាចប្ដឹងបានដោយខ្លួនឯងឬពឹងអ្នកតំណាងឲ្យប្ដឹងជំនួស (អ្នកតំណាងស្របច្បាប់គឺមេធាវី) ព្រោះថាច្បាប់នៅក្នុងប្រទេសកម្ពុជា បានកំណត់វ័យនីតិភាពពោលគឺអាយុ ១៨ ឆ្នាំឡើងព្រោះថា អាយុនេះអាចមានការគិតពិចារណាបានត្រឹមត្រូវទៅលើសកម្មភាពរបស់ខ្លួន។ (មាត្រា ៩៦ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។ ប៉ុន្តែ ពិរុទ្ធជនជាអនីតិជនមិនអាចប្ដឹងដោយខ្លួនឯងបាន ព្រោះគាត់ពុំទាន់មានសមត្ថភាពតាមផ្លូវច្បាប់នៅឡើយ។
២- ពិរុទ្ធជនជាអនីតិជន (មានអាយុ ១៤ឆ្នាំ ឡើងដល់ ១៨ឆ្នាំ) អ្នកដែលអាចប្ដឹងទាស់បានមាន ឪពុកម្ដាយ អាណាព្យាបាលឬមេធាវីដែលមានការផ្ទេរសិទ្ធិពីឪពុកម្ដាយ អាណាព្យាបាល។មូលហេតុដែលច្បាប់ចែងឲ្យមានការប្ដឹងជំទាស់ឬប្ដឹងជំនួស ព្រោះថា ច្បាប់ត្រូវបានធានារក្សាសិទ្ធិដល់ជនជាប់ចោទនិងផលប្រយោជន៍ស្របច្បាប់នៅចំពោះមុខយុត្តាធិការតុលាការកាលណាបណ្ដឹងជំទាស់ត្រូវបានធ្វើឡើងនោះ សាលក្រមឬសាលដីកា ដែលបានសម្រេចត្រូវចាត់ទុកជាអត់បានការ ហើយតុលាការដដែលនោះនឹងបើកសវនាការជំនុំជម្រះសាជាថ្មីឡើងវិញ។
ដូចម្ដេចដែលហៅថា បណ្ដឹងឧទ្ធរណ៍? បណ្ដឹងឧទ្ធរណ៍ធ្វើឡើងនៅពេលដែលព្រះរាជអាជ្ញា ជនជាប់ចោទ ដើមបណ្ដឹងរដ្ឋប្បវេណីឬតំណាងស្របច្បាប់មិនសុខចិត្ដចំពោះសាលក្រមដែលបានសម្រេចសេចក្ដី (មាត្រា ៣៧៣ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។ រយៈពេលប្ដឹងឧទ្ធរណ៍មួយខែ (មាត្រា ៣៨១, ៣៨២ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។
ដូចម្ដេចដែលហៅថា បណ្ដឹងសារទុក្ខ? បណ្ដឹងសារទុក្ខធ្វើឡើងនៅពេលដែលអគ្គព្រះរាជអាជ្ញា ជនជាប់ចោទ ដើមបណ្ដឹងរដ្ឋប្បវេណី ឬតំណាងស្របច្បាប់មិនសុខចិត្ដចំពោះសាលដីការបស់សាលាឧទ្ធរណ៍ (មាត្រា ៤១៧ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។ រយៈពេលធ្វើបណ្ដឹងសារទុក្ខមួយខែ (មាត្រា ៤២០ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។
ដូចម្ដេចដែលហៅថា បណ្ដឹងសើរើ? គឺជាបណ្ដឹងតវ៉ាមួយប្រឆាំងទៅនឹងសាលក្រមឬសាលដីកាដែលបានចូលជាស្ថាពរ (មាត្រា ៤៤៣ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧)។ អ្នកដែលធ្វើបណ្ដឹងសើរើបានគឺរដ្ឋមន្រ្តីក្រសួងយុត្ដិធម៌ ទណ្ឌិតឬអ្នកតំណាងស្របច្បាប់សហព័ទ្ធ ឪពុកម្ដាយកូន និងជាទូទៅជនណាដែលមានប្រយោជន៍ខាងសម្ភារឬខាងផ្លូវចិត្ដក្នុងការលុបបំបាត់ទណ្ឌកម្មនេះ។ បណ្ដឹងសើរើអាចធ្វើបាននៅតុលាការកំពូល។ បណ្ដឹងទាស់ បណ្ដឹងឧទ្ធរណ៍ បណ្ដឹងសារទុក្ខ បណ្ដឹងសើរើ ធ្វើឡើងដើម្បីផលប្រយោជន៍ស្របច្បាប់។ ព្រះរាជអាជ្ញាអាចប្ដឹងទៅសាលាឧទ្ធរណ៍ដោយមិនសុខចិត្ដ លើសាលក្រមសាលាដំបូងខេត្ត-ក្រុងបាន។ ចំណែកអគ្គព្រះរាជអាជ្ញាអាចប្ដឹងសារទុក្ខទៅតុលាការកំពូលចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍។ ជាឧទាហរណ៍៖
១- ជនជាប់ចោទត្រូវមានទោសក្នុងបទឧក្រិដ្ឋដែលច្បាប់បានកំណត់ទោសពី ៣ ឆ្នាំទៅ ១០ ឆ្នាំហើយតុលាការនៃសាលាដំបូងផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ តែព្រះរាជអាជ្ញាសាលាដំបូងមិនសុខចិត្ដប្ដឹងទៅសាលាឧទ្ធរណ៍។ សាលាឧទ្ធរណ៍តម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការទាំងមូល។
២- ជនជាប់ចោទត្រូវមានទោសក្នុងបទឧក្រិដ្ឋ ដែលច្បាប់បានកំណត់ទោសដាក់ពន្ធនាគារពីបីឆ្នាំទៅដប់ឆ្នាំ តែត្រូវសាលាដំបូងផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ៩ឆ្នាំ តែត្រូវជនជាប់ចោទប្ដឹងឧទ្ធរណ៍។ ពេលជម្រះសាលាឧទ្ធរណ៍បានសម្រេចកែប្រែទណ្ឌកម្មទោសពីដាក់ពន្ធនាគារ ៩ឆ្នាំ មក ៤ ឆ្នាំវិញក្នុងករណីនេះ៖
ក- អគ្គព្រះរាជអាជ្ញាមិនសុខចិត្ដនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍បានប្ដឹងសារទុក្ខទៅតុលាការកំពូល។
ខ- ពិរុទ្ធជនឬតំណាងស្របច្បាប់ មិនសុខចិត្ដនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍បានប្ដឹងសារទុក្ខទៅតុលាការកំពូល។ តែដោយសំណុំរឿងមានច្រើន តុលាការកំពូលមិនទាន់បានបើកសវនាការជំនុំជម្រះរឿងក្ដីនេះរយៈពេលបួនឆ្នាំ បានមកដល់។
ដោយយោងតាមសាលដីកា របស់សាលាឧទ្ធរណ៍ដែលបានដល់ថ្ងៃកំណត់ផុតទោស។ ក្នុងករណីនេះ៖
- អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍មានសិទ្ធិប្ដឹងសារទុក្ខទៅតុលាការកំពូលបាន។
ក- ចំពោះបណ្ដឹងសារទុក្ខរបស់អគ្គព្រះរាជអាជ្ញាៈ មន្រ្ដីពន្ធនាគារមិនអាចដោះលែងពិរុទ្ធជនបានទេ ទាល់តែមានសេចក្ដីសម្រេចរបស់តុលាការកំពូលឬដល់កំណត់ទោសរបស់សាលាដំបូងទើបអាចដោះលែងពិរុទ្ធជននោះបាន។
ខ- ចំពោះបណ្ដឹងសារទុក្ខរបស់ពិរុទ្ធជនឬអ្នកតំណាងស្របច្បាប់ៈ មន្រ្ដីពន្ធនាគារដោះលែងពិរុទ្ធជននោះបាន។ បញ្ជាក់ៈ
– បណ្ដឹងធ្វើឡើងដោយព្រះរាជអាជ្ញាឬអគ្គព្រះរាជអាជ្ញា ទណ្ឌកម្មអាចត្រូវបានតុលាការសម្រេចបន្ថែមឬបន្ថយទណ្ឌកម្មទោស។
– បណ្ដឹងធ្វើឡើងដោយពិរុទ្ធជនឬអ្នកតំណាងស្របច្បាប់តុលាការសម្រេចទណ្ឌកម្មនៅដដែល ឬបន្ថយ (មិនសម្រេចដំឡើងទណ្ឌកម្មឡើយ)៕
លោកមេធាវីអ្វីទៅបណ្តឹងរដ្ឋប្បវេណី? គឺជាការអនុវត្តសិទ្ធិទាមទារតាមផ្លូវតុលាការចំពោះវិវាទទាំងឡាយណា ដែលពាក់ព័ន្ធនឹងទំនាក់ទំនងញាតិ និងទំនាក់ទំនងទ្រព្យសម្បត្តិ ដូចជាបណ្តឹងលែងលះ បណ្តឹងទាមទារដី ឬ ប្រាក់ជាអាទិ៍។ បណ្តឹងរដ្ឋប្បវេណីត្រូវដាក់ទៅតុលាការរដ្ឋប្បវេណី នៃការិយាល័យទទួលពាក្យបណ្តឹងនិងរដ្ឋបាលរបស់សាលាដំបូងរាជធានី‑ខេត្ត ដោយភាគីនៃសំណុំរឿងហៅថា ដើមចោទ (អ្នកប្តឹងគេ) និងចុងចម្លើយ (អ្នកដែលត្រូវគេប្តឹង)។ នៅពេលដាក់ពាក្យបណ្តឹងត្រូវបង់ពន្ធ (ពន្ធដាក់ពាក្យសុំ) ដោយសមាមាត្រទៅតាមតម្លៃកម្មវត្ថុនៃបណ្តឹង ហើយតុលាការនឹងបោះត្រាបញ្ជាក់។
ពេលដែលតុលាការទទួលបានពាក្យបណ្តឹង តើនីតិវិធីបន្តត្រូវធ្វើដូចម្តេច? រដ្ឋបាលតុលាការនឹងបញ្ជូនពាក្យបណ្តឹងនេះទៅចៅក្រមទទួលបន្ទុក ដើម្បីចាត់ការជាសមត្ថកិច្ចដោយពិនិត្យទៅលើទម្រង់នៃពាក្យបណ្តឹងឬការបង់ពន្ធជាអាទិ៍ បន្ទាប់មកនឹងចាត់បញ្ជូនពាក្យបណ្តឹងនេះទៅចុងចម្លើយ។ ចំណាត់ការបន្តទៀតតុលាការនឹងកំណត់កាលបរិច្ឆេទនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ក្នុងអំឡុងពេលដែលច្បាប់កំណត់និងសមរម្យ ដែលអាចឲ្យភាគីចូលរួមក្នុងនីតិវិធីត្រៀមដែលជាការអះអាងរបស់ភាគីក្នុងការឆ្លើយគាំទ្រការទាមទារ ឬបដិសេធការទាមទារ ជាអាទិ៍ ដែលជាមូលដ្ឋាននៃការសម្រេចសេចក្តីសម្រាប់នីតិវិធីទាញហេតុផលដោយផ្ទាល់មាត់។
ជាបន្តតើតុលាការនឹងបើកសវនាការនៅពេលណា ហើយប្រើសិទ្ធិសម្រេចដូចម្តេចចំពោះពាក្យបណ្តឹងនោះ? នៅពេលនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលត្រូវបានបញ្ចប់ តុលាការនឹងបន្តចំណាត់ការដោយកំណត់កាលបរិច្ឆេទទាញហេតុផលដោយផ្ទាល់មាត់ (សវនាការ) ដើម្បីសម្រេចសេចក្តីចំពោះពាក្យបណ្តឹងថា តើច្រានចោល ឬសម្រេចតាមការទាមទារ។ ប្រសិនបើពាក្យបណ្តឹងនោះគ្មានមូលដ្ឋានឬគ្មានភ័ស្តុតាងគាំទ្រការទាមទារ តុលាការនឹងចេញសាលក្រមច្រានចោលការទាមទារ ផ្ទុយទៅវិញបើពាក្យបណ្តឹងនោះមានមូលដ្ឋាននិងភ័ស្តុតាងគ្រប់គ្រាន់ តុលាការនឹងចេញសាលក្រមសម្រេចតាមការទាមទារ។
ចុះបើមានភាគីណាមួយមិនសុខចិត្តនឹងសាលក្រមរបស់តុលាការ តើច្បាប់ផ្តល់សិទ្ធិអី្វខ្លះឲ្យទៅភាគីនោះ? ការសម្រេចសេចក្តីរបស់តុលាការចំពោះពាក្យបណ្តឹងត្រូវធ្វើឡើងតាមរយៈសាលក្រម ដែលជាសេចក្តីសម្រេចរបស់សាលាដំបូងរាជធានី‑ខេត្ត (តុលាការជាន់ ទី១)។ ប្រសិនបើភាគីដែលចាញ់ក្តី មិនសុខចិត្ត ភាគីចាញ់ក្តីអាចប្តឹងឧទ្ធរណ៍នឹងសេចក្តីសម្រេចនោះទៅសាលាឧទ្ធរណ៍ (តុលាការជាន់ ទី២) ដោយការប្តឹងឧទ្ធរណ៍ត្រូវធ្វើឡើងតាមរយៈពាក្យបណ្តឹងឧទ្ធរណ៍នៅការិយាល័យក្រឡាបញ្ជីនៃសាលាដំបូងដែលបានចេញសាលក្រមដោយត្រូវបង់ពន្ធស្មើនឹង ១,៥ ដង (មួយដងកន្លះ) នៃពន្ធដាក់ពាក្យសុំ។ បន្ទាប់ពីទទួលពាក្យបណ្តឹងឧទ្ធរណ៍ និងបានបង់ពន្ធគ្រប់ចំនួន សាលាដំបូងរាជធានី‑ខេត្ត នឹងបញ្ជូនបណ្តឹងនោះទៅសាលាឧទ្ធរណ៍ក្នុងពេលសមរម្យដែលអាចគោរពបាននូវគោលការណ៍ស្តីពីតុលាការត្រូវរ៉ាប់រងបណ្តឹងឲ្យឆាប់រហ័សនិងយុត្តិធម៌។
នៅពេលពាក្យបណ្តឹងឧទ្ធរណ៍ទៅដល់សាលាឧទ្ធរណ៍ តើសាលាឧទ្ធរណ៍ត្រូវចាត់ការដូចម្តេច? សាលាឧទ្ធរណ៍នឹងពិនិត្យពាក្យបណ្តឹងនោះថា តើធ្វើឡើងក្នុងអំឡុងពេលដែលច្បាប់កំណត់ឬយ៉ាងណា? បង់ពន្ធគ្រប់ចំនួនហើយឬនៅ? ជាអាទិ៍។ បន្ទាប់មកទៀត សាលាឧទ្ធរណ៍នឹងកំណត់កាលបរិចេ្ឆទទាញហេតុផលដោយផ្ទាល់មាត់ដើម្បីត្រួតពិនិត្យឡើងវិញនូវចំណាត់ការរបស់សាលាដំបូងនិងភាពស្របច្បាប់នៃសេចក្តីសម្រេចទុកជាមូលដ្ឋាននៃការសម្រេចបន្តថា តើច្រានចោលពាក្យបណ្តឹងឧទ្ធរណ៍ឬលុបចោលសាលក្រមសាលាដំបូងរាជធានី‑ខេត្ត ឬបញ្ជូនត្រឡប់មកសាលាដំបូងរាជធានី‑ខេត្ត ចាត់ការបន្តឲ្យបានសមស្របតាមផ្លូវច្បាប់ឡើងវិញ។
ចុះបើភាគីណាមួយមិនសុខចិត្តនឹងសាលដីការបស់សាលាឧទ្ធរណ៍ តើអាចប្តឹងទៅណា ឬត្រូវធ្វើដូចម្តេចទៀត? ភាគីអាចប្តឹងសារទុក្ខនឹងសាលដីការបស់សាលាឧទ្ធរណ៍ទៅតុលាការកំពូល (តុលាការជាន់ចុងក្រោយ) ដោយការប្តឹងសារទុក្ខត្រូវធ្វើឡើងតាមរយៈពាក្យបណ្តឹងសារទុក្ខនៅការិយាល័យក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ ដែលបានចេញសាលដីកា ដោយត្រូវបង់ពន្ធនៃបណ្តឹងសារទុក្ខស្មើនឹង ២ ដងនៃពន្ធដាក់ពាក្យសុំ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងសារទុក្ខនិងបានបង់ពន្ធគ្រប់ចំនួន សាលាឧទ្ធរណ៍នឹងបញ្ជូនពាក្យបណ្តឹងសារទុក្ខទៅតុលាការកំពូលក្នុងអំឡុងពេលសមរម្យដែលអាចគោរពបាននូវគោលការណ៍ស្តីពីតុលាការត្រូវរ៉ាប់រងបណ្តឹងឲ្យឆាប់រហ័ស និងយុត្តិធម៌។
នៅពេលពាក្យបណ្តឹងសារទុក្ខទៅដល់ តើតុលាការកំពូលនឹងចាត់ការដូចម្តេច? នៅពេល មកដល់ តុលាការកំពូលនឹងពិនិត្យពាក្យបណ្តឹងសារទុក្ខនោះថា តើធ្វើឡើងក្នុងអំឡុងពេលដែលច្បាប់កំណត់ឬយ៉ាងណា បង់ពន្ធគ្រប់ចំនួនហើយឬនៅ? ជាអាទិ៍។ តមកតុលាការកំពូលនឹងចេញដីកាសម្រេចឲ្យដើមបណ្តឹងសារទុក្ខដាក់លិខិត បញ្ជាក់មូលហេតុនៃបណ្តឹងសារទុក្ខក្នុងអំឡុងពេលដែលច្បាប់កំណត់ (៣០ថ្ងៃ) គិតចាប់ពីថ្ងៃបានទទួលដីកាសម្រេច។ ប្រសិនបើមិនដាក់ក្នុងអំឡុងពេលច្បាប់កំណត់នោះទេ តុលាការកំពូលនឹងលើកបណ្តឹងចោលដោយដីកាសម្រេច។ ប្រសិនបើដើមបណ្តឹងសារទុក្ខបានដាក់លិខិតបញ្ជាក់មូលហេតុនៃបណ្តឹងសារទុក្ខ ក្នុងអំឡុងពេលដែលច្បាប់កំណត់ តុលាការកំពូលនឹងចាត់បញ្ជូនលិខិតនេះទៅចុងបណ្តឹងសារទុក្ខដើម្បីឲ្យឆ្លើយតបតាមរយៈឯកសារត្រៀម (សារណាតប) ក្នុងការឆ្លើយដោះបន្ទុកចំពោះការលើកឡើងរបស់ដើមបណ្តឹងសារទុក្ខ។ សាលដីការបស់តុលាការកំពូលជាសេចក្តីសម្រេចបិទផ្លូវតវ៉ា (សាលដីកាអធិបតេយ្យ) ហើយការប្តឹងត្រូវបញ្ចប់ត្រឹមតុលាការកំពូល លើកលែងតែភាគីចាញ់ក្តីអះអាងអំពីមូលហេតុនៃការជំនុំជម្រះសាជាថ្មីហើយមានហេតុផលតាមការកំណត់របស់ច្បាប់ ភាគីនោះអាចដាក់ពាក្យបណ្តឹងទាមទារឲ្យជំនុំជម្រះសាជាថ្មី៕
No comments
Post a Comment