សង្គាយនាលើកទី ២
សង្គាយនា ឬសង្គីតិ
ប្រែអត្ថដើមថា ការសូធ្យ ឬសូត្រ ឬច្រៀងរួមគ្នា ។ សង្គាយនា តាមន័យទូទៅ
ប្រែថា ការប្រជុំនៃភិក្ខុសង្ឃដែលចងចាំស្ទាត់នូវធម្មទេសនាដែលព្រះពុទ្ធបានសម្តែង
ដើម្បីផ្ទៀងផ្ទាត់
និងប្រមូលចងធម៌ទាំងនោះឲ្យបានត្រឹមត្រូវតាមពុទ្ធវចនៈឡើងវិញ។
តាមការវិភាគអត្ថបទក្នុងគម្ពីរព្រះត្រៃបិដកផ្នែកសុត្តន្តបិដក
បានបង្ហាញឲ្យឃើញថា សាវ័ករបស់ព្រះពុទ្ធ
និងភិក្ខុសង្ឃសម័យដើមបានប្រើពាក្យព្រះធម៌វិន័យ
ដើម្បីពោលសំដៅទៅដល់ច្បាប់ និង ទ្រឹស្តីឬគោលលទ្ធិនានាសម្រាប់ភិក្ខុសង្ឃ
និងសាមញ្ញជនអនុវត្តតាម ។ មកដល់បច្ចុប្បន្ននេះ មានសង្គាយនាមានចំនួន ៦ លើក
ដែលបានធ្វើឡើងនៅក្នុងប្រទេសផ្សេងគ្នា។ សង្គាយនាលើកទី ២ ត្រូវប្រជុំឡើងបន្ទាប់ពីព្រះពុទ្ធបរិនិព្វាន
១០០ឆ្នាំ ដើម្បីដោះស្រាយជម្លោះខ្លាំងលើចំណុចការរំលោភ ១០ ប្រការរបស់ព្រះសង្ឃមួយចំនួនដែលទទួលការអនុញ្ញាតឲ្យ
៖
១-
ដាក់អំបិលទុកក្នុងបំពង់
២-
ឆាន់ចង្ហាន់ក្រោយថ្ងៃត្រង់
៣-
ឆាន់ចង្ហាន់ម្តង រួចចុះទៅបិណ្ឌបាត្រតាមភូមិទៀត
៤-
ធ្វើពិធីបុណ្យឧបោសថជាមួយសង្ឃ ដែលនៅកន្លែងជាមួយគ្នា
៥-
ធ្វើពិធីកម្មជាផ្លូវការ នៅពេលដែលក្រុមសង្ឃមិនគ្រប់លក្ខណៈ
៦-
ធ្វើតាមកិច្ចប្រតិបត្តិខ្លះ ព្រោះអ្នកបង្ហាត់ឬគ្រូបានធ្វើដូច្នោះ
៧-
ឆាន់ទឹកដោះជូរបន្ទាប់ពីឆាន់ចង្ហាន់ថ្ងៃត្រង់រួចហើយ
៨-
ឆាន់ភេសជ្ជៈខ្លាំងមុនគេយកទៅបន្ទំស្រា
៩-
ប្រើប្រាស់កំរាលដែលមានទំហ៊ំខុសខ្នាត
១០-
ប្រើមាសនិងប្រាក់
ជម្លោះរបស់ព្រះសង្ឃទាំងនេះក្លាយទៅជារឿងហើយបង្កើតជាការជំទាស់គ្នាធំ
ព្រោះគេគិតថាការរំលោភលើសិក្ខាបទនេះ ផ្ទុយស្រឡះអំពីច្បាប់ដើមដែលព្រះពុទ្ធបានបញ្ញត្តិមក។
ស្តេចព្រះនាមអសោក ដែលជាអ្នកឧបត្ថម្ភ សង្គាយនាលើកទី២នេះឡើង
ហើយអង្គប្រជុំធ្វើឡើងនៅវេសឡី ដែលរៀបចំឡើងមានរយៈពេល ៨ខែ
ព្រោះស្ថានការណ៍កើតឡើងដូចតទៅនេះ ។ ថ្ងៃមួយពេលដែលនិមន្ត ទៅកាន់ព្រៃមហាវ័ននៅវេសាលី
រៀមច្បងយសបានដឹងថាក្រុមភិក្ខុមួយក្រុមធំជាពួកវជ្ជី បានប្រព្រឹត្តកន្លងសិក្ខាបទ
ដែលហាមភិក្ខុមិនឲ្យទទួលយកមាសនិងប្រាក់ ដោយសុំដោយចំហរពីពួកគ្រហស្ថដែលមានសទ្ធា ។
រៀមច្បងយសបានពោលទិទានមួយរំពេចចំពោះអំពើរបស់ភិក្ខុទាំងនោះ
ហើយពួកភិក្ខុទាំងនោះក៏និយាយតបព្រះអង្គវិញថានឹងចែកមាសប្រាក់ដែលបានមកនោះដល់ព្រះអង្គដោយសង្ឃឹមថានឹងបានជោគជ័យ
។ ប៉ុន្តែរៀមច្បងយសមិនព្រម
ហើយដាក់កំហុសដល់អំពើរបស់ភិក្ខុវជ្ជីថាជាការប្រមាទដល់ព្រះអង្គ ។
ភិក្ខុវជ្ជីប្តឹងតវ៉ាសុំឲ្យស្រុះស្រួលគ្នា
ដោយចោទព្រះអង្គថាបានស្តីបន្ទោសដល់ពួកគ្រហស្ថ។
រៀមច្បងយសក៏សម្របសម្រួលព្រះអង្គជាមួយពួកគ្រហស្ថ
ហើយក្នុងពេលជាមួយគ្នានោះបានពន្យល់ពួកគ្រហស្ថឲ្យជឿតាមថាភិក្ខុវជ្ជីបានធ្វើខុស
ដោយលើកយកបន្ទូលហាមប្រាមរបស់ព្រះពុទ្ធមិនឲ្យភិក្ខុទទួលយកឬសុំមាសប្រាក់មកសូត្រឲ្យស្តាប់។
ពួកគ្រហស្ថទាំងនោះបានបញ្ចេញការគាំទ្រចំពោះរៀមច្បងយសមួយរំពេច
ហើយប្រកាសថាពួកភិក្ខុវជ្ជីជាអ្នកធ្វើខុសរៀមច្បងយសតែមួយអង្គប៉ុណ្ណោះ
ដែលជាព្រះសង្ឃពិតប្រាកដជាបុត្រសក្យ
អ្នកដទៃឯទៀតមិនមែនជាព្រះសង្ឃមិនមែនជាសក្យបុត្រឡើយ ។
ពេលនោះពួកសង្ឃវជ្ជីដ៏រឹងរុះនិងឥតអៀនខ្មាស់ក៏មិនទទួលស្គាល់ព្រះថេរយស
ដោយគ្មានការយល់ព្រមពីគណសង្ឃឯទៀត បន្ទាប់ពីដឹងអំពីលទ្ធផល នៃការដែលរៀមច្បង
យសជួបជាមួយនឹងគ្រហស្ថមក ។ រៀមច្បងយសចេញចាកអំពីការជំទាស់របស់ពួកភិក្ខុវជ្ជី
ហើយនិមន្តទៅកន្លែងផ្សេងដើម្បីស្វែងរក ការគាំទ្រពីសង្ឃដទៃទៀត
ដែលលើកតំកើនដល់គំនិតរក្សាទុកវិន័យបូរាណរបស់ព្រះអង្គ ។
ភិក្ខុក្នុងព្រៃបាវាចំនួន៦០អង្គ
និង៨០អង្គទៀតពីតំបន់ខាងត្បូងនៃអវន្តិដែលមានទស្សនៈស្របគ្នា
បានប្រកាសថានឹងគាំទ្រព្រះអង្គ ហើយនិងជួយពិនិត្យព្រះវិន័យកុំឲ្យមានការខូចខាត ។
ទាំងអស់គ្នាក៏សម្រេចចិត្តធ្វើដំណើរទៅកាន់ សោរេយ្យ ដើម្បីសាកសួរយោបល់ដល់ព្រះរេវត
ព្រោះថាព្រះអង្គជាព្រះសង្ឃដែលគេគោរពខ្លាំង និងមានចំណេះច្រើនខាងព្រះធម៌និងព្រះវិនយ
។ នៅពេលដែលបានដឹងរឿងនេះភ្លាម
ពួកសង្ឃវជ្ជីក៏ចូលទៅជួបនឹងព្រះរេវតដើម្បីរកសេចក្តីគាំទ្រដែរ
ដោយពោលថានឹងប្រគេនចតុប្បច្ច័យដល់ព្រះអង្គ ព្រះរេវតបានប្រកែកមិនយល់ព្រមភ្លាម។
ពួកសង្ឃវជ្ជីក៏ប្រើវិធីដដែលនេះ ចំពោះព្រះឧត្តរដែលជាជំនួយរបស់ព្រះរេវត។
ជាដំបូងព្រះឧត្តរក៏ប្រកែកមិនទទួលជំនូនដែរ ប៉ុន្តែបន្ទាប់ពីពួកសង្ឃវជ្ជី
និយាយបញ្ចុះបញ្ចូលថា កាលណាបច្ច័យសម្រាប់ព្រះពុទ្ធហើយព្រះពុទ្ធមិនទទួល
គេសួរព្រះអានន្ទ ហើយព្រះអានន្ទក៏ទទួលយកជាញឹកញយ ព្រះឧត្តរក៏ប្តូរគំនិតហើយទទួលយល់ព្រមជាមួយនឹងពួកសង្ឃវជ្ជី
។ ដោយពួកសង្ឃវជ្ជី បង្ខំព្រះឧត្តរៗក៏សុខចិត្តចូលទៅជួបព្រះរេវត
ដើម្បីនិយាយបញ្ចុះបញ្ចូលថា ពួកសង្ឃវជ្ជីនិយាយការពិតជាអ្នកទ្រទ្រង់ព្រះធម៌ ។
ព្រះរេវតឃើញនូវល្បិចកលនេះ ព្រះអង្គមិនគាំទ្រ ហើយបង្គាប់ឲ្យព្រះឧត្តរចេញទៅ ។
ដើម្បីបញ្ចប់រឿងនេះឲ្យចប់តែម្តង ព្រះរេវតប្រទានយោបល់ថា
ត្រូវប្រជុំសង្គាយនានៅវឡការាម ដោយមានព្រះអង្គជាអ្នកសួរសំនួរ
ចំពោះការប្រព្រឹត្តកន្លងច្បាប់១០ប្រការ
ដល់ថេរៈរៀមច្បងដែលមានវ័យចាស់ជាងគេគឺព្រះថេរសព្វកាមិ។ យោបល់របស់ព្រះអង្គ
នឹងត្រូវដាក់ជូនគណៈសង្ឃ៨អង្គ ហើយការបោះឆ្នោតរបស់គណៈសង្ឃ៨អង្គនេះ នឹងយកជាផ្លូវការបាន
។ ព្រះថេរៈ៨អង្គដែលហៅឲ្យធ្វើការវិនិច្ឆ័យ គឺពីខាងកើតមានព្រះថេរសព្វកាមិ សឡហ ឃុជ្ជសោភិតា
ហើយនិងវាសភគាមិ ខាងលិចមានព្រះថេរៈរេវត សម្ភូតសាណវាសី យស និងសុមន ។
ព្រះថេរទាំងនេះដេញដោលរឿងយ៉ាងល្អិតល្អន់ ដោយមានព្រះរេវតជាអ្នកសួរ
ហើយព្រះសព្វកាមិជាអ្នកឆ្លើយ ។ បន្ទាប់ពីបានឮការដេញដោលមកព្រះថេរ ៨អង្គ
សម្រេចជំទាស់នឹងពួកសង្ឃវជ្ជី
ហើយការសម្រេចសាលក្រមចំពោះកំហុសរបស់សង្ឃវជ្ជីក៏បានប្រកាសដល់អង្គប្រជុំ ។
បន្ទាប់មកទៀតព្រះសង្ឃ៧០០អង្គបានសូត្រព្រះធម៌ និងព្រះវិន័យ ហើយដោយការសូត្រព្រះធម៌
និងព្រះវិន័យនេះ មានព្រះសង្ឃ៧០០អង្គចូលរួម ការសូត្រនេះមានឈ្មោះថា សត្តសតិ ។
សង្គាយនានេះមានឈ្មោះយសត្ថេរសង្គីតិ ព្រោះរៀមច្បងយសមានមុខងារសំខាន់ផង
ហើយជាអ្នកប្រឹងប្រែងខំរក្សាការពារព្រះវិនយផង ។
ពួកសង្ឃវជ្ជីដាច់ខាតមិនទទួលស្គាល់ការសម្រេចរបស់សង្គាយនានេះទេ
ហើយហៅរកប្រជុំសង្គាយនា ផ្ទាល់ខ្លួនរបស់ពួកគេក្នុងការរឹងរុសដែលមានឈ្មោះថា
មហាសង្គិតិ។
No comments
Post a Comment