សង្គាយនាលើកទី ៣
សង្គាយនា ឬសង្គីតិ
ប្រែអត្ថដើមថា ការសូធ្យ ឬសូត្រ ឬច្រៀងរួមគ្នា ។ សង្គាយនា តាមន័យទូទៅ
ប្រែថា ការប្រជុំនៃភិក្ខុសង្ឃដែលចងចាំស្ទាត់នូវធម្មទេសនាដែលព្រះពុទ្ធបានសម្តែង
ដើម្បីផ្ទៀងផ្ទាត់
និងប្រមូលចងធម៌ទាំងនោះឲ្យបានត្រឹមត្រូវតាមពុទ្ធវចនៈឡើងវិញ។
តាមការវិភាគអត្ថបទក្នុងគម្ពីរព្រះត្រៃបិដកផ្នែកសុត្តន្តបិដក
បានបង្ហាញឲ្យឃើញថា សាវ័ករបស់ព្រះពុទ្ធ
និងភិក្ខុសង្ឃសម័យដើមបានប្រើពាក្យព្រះធម៌វិន័យ
ដើម្បីពោលសំដៅទៅដល់ច្បាប់ និង ទ្រឹស្តីឬគោលលទ្ធិនានាសម្រាប់ភិក្ខុសង្ឃ
និងសាមញ្ញជនអនុវត្តតាម ។ មកដល់បច្ចុប្បន្ននេះ មានសង្គាយនាមានចំនួន ៦ លើក
ដែលបានធ្វើឡើងនៅក្នុងប្រទេសផ្សេងគ្នា។ សង្គាយនាលើកទី ៣
ត្រូវបានធ្វើឡើងនៅខ្ទង់ឆ្នាំ ២៤៧ មុនគ្រិស្តសករាជ ។
បើប្រៀបធៀបសង្គាយនាលើកទី ២ និងលើកទី ៣ អ្នកសិក្សាបានរកឃើញថា
សង្គាយនាលើកទី ៣ មានចំណុចជាច្រើនខុសប្លែកពីសង្គាយនាលើកទី ២ ។
សង្គាយនាលើកទី ២ មានឯកភាពនៃអត្ថបទរៀបរាប់រឿងរ៉ាវទាំងឡាយ
ចំណែកឯសង្គាយនាលើកទី ៣
គ្មានឯកភាពនៃអត្ថបទរៀបរាប់រឿងរ៉ាវដែលបានកើតឡើងនោះទេ ។
អត្ថបទខុសៗគ្នាទាំងឡាយនោះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតនិកាយឬក្រុមនៃពុទ្ធសាសនិកជាច្រើនក្រុម
។
យោងតាមអដ្ឋកថា
និង កាល្បវត្តិទាំងឡាយរបស់ពុទ្ធសាសនានៃនិកាយថេរវាទ សង្គាយនាលើកទី ៣
ត្រូវបានចាត់ចែងធ្វើឡើងដោយស្តេចអសោកនៃរាជវង្ស មោរ្យា នៅឯទីក្រុងបាដលីបុត្រ
ឬសព្វថ្ងៃហៅថាក្រុង ប៉័តណា នៃរដ្ឋ ប៊ីហារនៃប្រទេសឥណ្ឌា ។ ភិក្ខុ
មោគ្គលិបុត្តតិស្ស គឺជាអ្នកដឹកនាំភិក្ខុដទៃទៀតដើម្បីធ្វើសង្គាយនាលើកទី
៣ នេះ ។ គោលដៅនៃសង្គាយនានៅលើកទី ៣
នេះគឺធ្វើឲ្យបរិសុទ្ធនៃចលនាពុទ្ធនិយម
ជាពិសេសគឺការបោសសំអាតក្រុមភិក្ខុមួយចំនួនដែលឆ្លៀតឱកាសកេងយកប្រយោជន៍ពីការគាំទ្រនិងគាំពារដោយពួកត្រកូលក្សត្រិយ៍។
ស្តេចអសោក បានសាកសួរភិក្ខុសង្ឃដ៏គួរឲ្យសង្ស័យទាំងអស់នោះថា
តើព្រះពុទ្ធបានបង្រៀនអ្វីខ្លះ
ពេលនោះពួកភិក្ខុទ្រុស្តសីលទាំងនោះបានទូលអះអាងថា
ព្រះពុទ្ធបានបង្រៀនអំពីអនន្តភាព ឬការយល់ឃើញថាអ្វីៗទាំងអស់មានវត្តមានរហូត
គ្មានទីបំផុត
ដែលព្រះពុទ្ធបានស្តីបន្ទោសយ៉ាងខ្លាំងលើចំណុចនៅក្នុងគម្ពីរព្រហ្មជាលសូត្រ។
បន្ទាប់មកស្តេចអសោកក៏សាកសួរក្រុមភិក្ខុប្រកបដោយសីលឲ្យឆ្លើយចំពោះសំណួរដដែល
ពេលនោះភិក្ខុប្រកបដោយសីលទាំងនោះបានទូលតបថា ព្រះពុទ្ធគឺជា
"សាស្តាចារ្យនៃការវិភាគ" ឬ វិភជ្ជវាទិន ហើយភិក្ខុ
មោគ្គលិបុត្រតិស្ស ក៏បានទូលអះអាងបញ្ជាក់ថាចម្លើយនោះគឺត្រឹមត្រូវពិត ។
សង្គាយនាបានធ្វើបន្តទៅទៀតដោយការសូធ្យរំលឹកខគម្ពីរទាំងឡាយជាថ្មីម្តងទៀត
ដោយបានដាក់បញ្ចូលបន្ថែមទៅក្នុងគម្ពីរព្រះត្រៃបិដកនូវគម្ពីរមួយដែលបានតាក់តែងឡើងដោយភិក្ខុមោគ្គលិបុត្តតិស្សផ្ទាល់
ពោលគឺគម្ពីរកថាវត្ថុ ដែលជាការពិភាក្សាអំពីទស្សនៈខុសប្លែកពីគ្នារបស់ភិក្ខុទាំងឡាយ
ហើយឥឡូវនេះគម្ពីរនោះត្រូវបានដាក់តម្រៀបក្នុងផ្នែកអភិធម្មបិដកនៃពុទ្ធសាសនានិកាយថេរវាទ។
នៅក្នុងឱកាសជាមួយគ្នានោះ
សាសនទូតជាច្រើនរូបក៏ត្រូវបានបញ្ជូនឲ្យទៅផ្សព្វផ្សាយទ្រឹស្តីពុទ្ធសាសនានៅក្នុងប្រទេសផ្សេងៗ
ដូចជារាជាណាចក្រទាំងឡាយនៃចក្រភពក្រិចនៅភាគខាងលិច (ជាពិសេសគឺរាជាណាចក្រទាំងឡាយនៅក្បែររាជាណាចក្រក្រិចបាក់ទ្រា
ហើយប្រហែលពួកគេបានទៅដល់ប្រទេសនៅតំបន់ឆ្ងាយហួសពីប្រទេសក្រិចផងក៏អាចថាបាន
នេះបើយោងតាមសិលាចារិកនៅលើសរសរស្តម្ភរបស់ព្រះបាទអសោក ។
យោងតាមការសិក្សាស្រាវជ្រាវរបស់លោក ហ្វ្រៅវ៉័ល្លន័រ 1956)
សាសនទូតទាំងនោះមានភារៈបង្កើតនិកាយផ្សេងៗនៅតាមតំបន់ជាច្រើននៃប្រទេសឥណ្ឌា
ដូចជាភិក្ខុមជ្ឈន្តិកៈ គឺជាអ្នកបង្កើតនិកាយ សវ៌ាស្តិវាទនៅដែនដី កស្មិរ ភិក្ខុ
ធម្មរក្ខិតៈ ប្រហែលជាអ្នកបង្កើតនិកាយ ធម៌គុប្តកៈ ភិក្ខុមហាទេវៈ ត្រូវបានបញ្ជូនឲ្យនិមន្តទៅប្រទេសមហិស
ប្រហែលជាអ្នកបង្កើតនិកាយ មហិសសកៈ
ហើយក៏មានគ្រូជាច្រើនរូបបានធ្វើដំណើរទៅកាន់ជួរភ្នំហិមាល័យ
ដែលនៅទីនោះពួកគេបានបង្កើតនិកាយ ហៃមវាដ រាប់បញ្ចូលទាំងនិកាយ កស្សបគោត្តៈ
ដែលប្រហែលមានជាប់ទាក់ទងនឹងនិកាយ កស្យបិយៈ។
អដ្ឋិធាតុមួយចំនួនរបស់ភិក្ខុទាំងឡាយនៃនិកាយហៃមវាដៈ
ត្រូវបានជីករកឃើញនៅក្រុងវេទិសៈ នៅតំបន់កណ្តាលនៃប្រទេសឥណ្ឌា ។[2]
សាសនទូតដែលមានឈ្មោះល្បីល្បាញជាងគេនៅក្នុងប្រវត្តិសាស្ត្រនៃពុទ្ធសាសនានិកាយថេរវាទ
គឺភិក្ខុ មហិន្ទ (Mahinda)
ដែលបានធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កា
ដែលនៅទីនោះលោកបានបង្កើតនិកាយថ្មីមួយដែលយើងបានស្គាល់រួចហើយនោះគឺ
ថេរវាទ ។
សូម្បីនៅក្នុងកំណត់ត្រាផ្ទាល់របស់ពុទ្ធសាសនានិកាយថេរវាទ
គឺគម្ពីរទីបវង្ស ក៏មានការកត់ត្រារឿងរ៉ាវខុសប្លែកមួយទៀតនៃសង្គាយនានៅគ្រានេះ
ដែលមានឈ្មោះថា "មហាសង្គីតិ" ដែលអត្ថបទនោះបានអះអាងថា
សង្គាយនានេះត្រូវបានដឹកនាំធ្វើឡើងដោយក្រុមភិក្ខុដែលដើរតាមនិកាយ
វជ្ជិបុត្តកៈ ដែលជានិកាយកែប្រែថ្មីមួយទៀត បន្ទាប់ពីក្រុមភិក្ខុទាំងនេះទទួលបរាជ័យនៅក្នុងសង្គាយនាលើកទី
២ នៅឯក្រុងវេសាលី ។ ឯកសារ ទីបវង្ស
បានរិះគន់ភិក្ខុនៅក្នុងនិកាយមហាសង្គីតិកៈ
ដែលជាក្រុមតែមួយជាមួយនឹងនិកាយមហាសង្ឃិកៈ ដោយសារភិក្ខុទាំងឡាយនៅក្នុងនិកាយនេះបានបដិសេធអត្ថបទមួយចំនួនថាមិនមែនជាផ្នែកនៃគម្ពីរព្រះត្រៃបិដកពោលគឺ
គម្ពីរបរិវារនៃវិន័យបិដក គម្ពីរចំនួន ៦ ក្បាលនៅក្នុងផ្នែកអភិធម្មបិដក គម្ពីរបដិសម្ភិទា
គម្ពីរនិទេស ផ្នែកខ្លះនៃជាតក និងខគម្ពីរមួយចំនួនទៀត ។
ចំណែកភិក្ខុទាំងឡាយនៅក្នុងនិកាយ
មហាសង្ឃិកៈវិញ ពួកភិក្ខុទាំងនោះចងចាំរឿងរ៉ាវទាក់ទងនឹងសង្គាយនាលើកទី ៣
នេះនៅក្នុងលំនាំខុសប្លែកពីនិកាយទាំងឡាយ
ពោលគឺពួកភិក្ខុទាំងនោះបានចោទថា នៅក្នុងគម្ពីរសារីបុត្របរិប្រិច្ឆៈ
បានរៀបរាប់ថា មានភិក្ខុខ្លះបានព្យាយាមពង្រីកវិន័យចាស់ៗបន្ថែមឲ្យមានចំនួនច្រើនហួសហេតុ
។ ចំណែកឯកសារស្តីអំពីវិន័យរបស់និកាយ មហាសង្ឃិកៈវិញ
ក៏បានរៀបរាប់រឿងរ៉ាវនៃសង្គាយនាលើកទី ៣ នេះដូចគ្នានឹងនិកាយដទៃទៀតដែរ ។
ក៏ប៉ុន្តែយើងក៏ឃើញមានអត្ថបទរបស់និកាយ មហាសង្ឃិកៈ មួយទៀត
ពោលគឺស្នាដៃរបស់ក្រុម សវ៌ាស្តិវាទ
ដែលនិយាយរៀបរាប់រឿងរ៉ាវខុសផ្សេងទាំងស្រុង ។ វសុមិត្រ
និយាយរៀបរាប់អំពីវិវាទមួយនៅក្រុងបាដលិបុត្រ នៅសម័យរាជស្តេចអសោក
ដែលភិក្ខុទាំងឡាយជជែកមិនដាច់ស្រេចលើចំណុចដែលមិនស្របនឹងនិយាមនៃគម្ពីរព្រះត្រៃបិដក
ពោលគឺ ៖
១.
ព្រះអរហន្តមួយរូបអាចមានរស្មីផ្សាយចេញពីរាងកាយនៅពេលរាត្រី
២.
ព្រះអរហន្តអាចនៅសល់ការសង្ស័យខ្លះ
៣.
ព្រះអរហន្តមួយរូបអាចទទួលការបង្រៀនពីព្រះអរហន្តមួយរូបទៀត
៤.
ព្រះអរហន្តមួយរូបអាចខ្វះខាងបញ្ញា
៥.មគ្គឆ្ពោះទៅកាន់និព្វានអាចត្រូវបំផុសឲ្យកើតឡើងដោយគ្រាន់តែស្រែកថា
"ឱសេចក្តីទុក្ខអើយ!"
ចំណុចទាំងអស់នេះត្រូវបានលើកយកទៅពិភាក្សានិងទទួលការស្តីបន្ទោសយ៉ាងខ្លាំងពីសំណាក់ភិក្ខុមោគ្គលិបុត្តតិស្ស
ដូចមានចែងក្នុងគម្ពីរកថាវត្ថុ
ប៉ុន្តែក្នុងគម្ពីរនេះគ្មាននិយាយបន្តិចសោះអំពីសង្គាយនាលើកទី ៣
របស់និកាយថេរវាទ ។ គម្ពីរមហាវិភាស នៃអភិធម្មបិដក
បានពង្រីកសាច់រឿងនេះឲ្យក្លាយទៅជាយុទ្ធនាការបង្ខូចឈ្មោះស្ថាបនិកនៃនិកាយ
មហាសង្ឃិក ដែលត្រូវបានគេស្គាល់ឈ្មោះថា "មហាទេវ" ។
ឯកសារក្រោយនេះនិយាយបញ្ជាក់ជាសំខាន់ទៅលើការធ្វើឲ្យមានភាពបរិសុទ្ធនៃពុទ្ធសាសនិកនៃនិកាយ
សវ៌ាស្តិវាទ នៃដែន កស្មិរ
ដែលត្រូវបានលើកបង្ហាញថាជាក្រុមភិក្ខុដែលបន្តវង្សមកពីក្រុមព្រះអរហន្តទាំងឡាយ
ដែលបានរត់គេចពីការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ
ដោយសារជាប់ឈ្មោះជាមួយនឹងភិក្ខុ មហាទេវ ។
ការសម្រេចផលមួយដ៏សំខាន់ក្នុងចំណោមជោគជ័យ
នៃការប្រជុំនេះដែលឲ្យផ្លែផ្កាជាច្រើនសតវត្សរ៍តមកទៀត
គឺព្រះចៅអធិរាជអសោកបានបញ្ជូនព្រះសង្ឃ ដែលស្ទាត់ជំនាញខាងធម៌វិន័យរបស់ព្រះពុទ្ធ
ហើយចាំស្ទាត់អាចសូត្រចេញទាំងអស់បានពីក្នុងចិត្ត
ដើម្បីបង្រៀនធម៌វិន័យទាំងអស់នោះក្នុងប្រទេស ៩ ដូចរាយនាមខាងក្រោម ៖
ព្រះថេរមជ្ឈន្តិក
និមន្តទៅកាន់ កស្មិរ និង គន្ធារ ។
ព្រះថេរមហាទេវ
ទៅកាន់មហិន្សកមន្ទល ។
ព្រះថេររក្ខិត
និមន្តទៅ វនវាសី (កនរខាងជើងក្នុងឥណ្ឌាខាងត្បូង) ។
ព្រះថេរយោនកធម្មរក្ខិត
ទៅ អបរន្តកខាងលើ ។
ព្រះថេរមហារក្ខិត
និមន្តទៅ យោនកលោក ។
ព្រះថេរមជ្ឈិម
និមន្តទៅ ហិមវន្ត (កន្លែងជាប់គ្នានឹង Himalayas) ។
ព្រះថេរសោណ
និង ព្រះថេរឧត្តរ ទៅកាន់ សុវណ្ណភូមិ (ភូមាសព្វថ្ងៃ) ។
ព្រះថេរមហិន្ទ, ព្រះថេរឥត្តិយ
ព្រះថេរឧត្តិយ ព្រះថេរសម្ពល និង ព្រះថេរភទ្ទសាល ទៅ តម្ពបន្និ (ស្រីលង្កា) ។
ការផ្សាយព្រះធម៌របស់ព្រះថេរៈទាំងនោះ
បានប្រកបដោយនូវជោគជ័យ មានផ្លែផ្កាជាបន្តបន្ទាប់មក
ធ្វើឲ្យអ្នករស់នៅក្នុងទឹកដីទាំងនោះ បានខ្ពង់ខ្ពស់ យូរអង្វែងដោយសារអំណោយនៃព្រះធម៌
និងលើកតំកើងអារ្យធម៌ និងវប្បធម៌របស់ជនជាតិទាំងនោះ ។ ដោយសារការផ្សាយនូវព្រះធម៌
តាមរយៈ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ អាណាចក្រ ឥណ្ឌា តាមពេលមកដល់ មានឈ្មោះថា
វិស្វគូរូ ឬ គ្រូពិភពលោក ។
No comments
Post a Comment