Header Ads

Header ADS

ទសពិធរាជធម៌


អ្នកមានញ្ញាណ
          ញ្ញាណ ប្រែថាការដឹងជ្រៅជ្រះ ប្រាជ្ញាចាក់ធ្លុះ ដឹងសព្វគ្រប់ ដឹងថារឿងហ្នឹងគឺជារឿអ្វី (What) កើតនៅទីណា (Where) កើតនៅពេលណា(When) អ្នកណាជាអ្នកជាអ្នកបង្កើត(Who) ហេតុអ្វីបានជារឿងហ្នឹងកើតឡើង(Why) និងសាច់រឿងហ្នឹងកើតឡើងដោយរបៀបណា(How) ។ ទាំង ៦ នេះជាលក្ខណៈដឹងរបស់ញាណ ។​ អ្នកដឹកនាំ បើនឹងដឹងរឿងអ្វីមួយ ឬចង់ដឹងរឿងអ្វីមួយ ឬនិងធ្វើកិច្ចការណាមួយត្រូវពិចារណាលើកត្តាទាំង ៦យ៉ាងនេះឲ្យបានសព្វគ្រប់មុននិងអនុវត្តការនោះ។ ញាណឬការដឹងច្បាស់មាន៣ ប្រការគឺ ដឹងអតីត ដឹងអនាគត់ និងដឹងបច្ចុប្បន្ន ។
          ១.អតីតំសញាណ គឺញាណដឺងពីអតីត ដឹងពីប្រវត្តិសាស្រ្ត ដឹងពីអតីតកាលរបស់រឿង កិច្ចការ ហេតុការណ៍ មួយដោយច្បាស់លាស់ ព្រោះវាជាមេរៀនសម្រាប់បច្ចុប្បន្ន  និងអនាគត់។
          ២.អនាគតំសញាណ គឺដឹងអំពីអនាគត កាត់ស្មាន ផលហេតុការណ៍ដែលនិងត្រូវកើតឡើងបានដោយត្រឹមត្រូវ ដោយភ្ជាប់ជាមួយនិងហេតុការណ៍បច្ចុប្បន្ន ។ ការដឹងពីអនាគត់បានគឺអាចឲ្យយើងរៀបចំយុទ្ធវិធី ដើម្បីសម្រេចជោកជ័យបានយ៉ាងមានប្រសិទ្ធិភាព ព្រមទាំងអាចការពារនូវលក្ខខណ្ឌអាក្រក់ទាំងឡាយ។ពាក្យបច្ចេកទេសថា ជាការប្រមើលមើលអនាគត ដែលជាបច្ច័យដ៍សំខាន់ក្នុងការរៀចំគំរោង ឬផែនការណាមួយ ដែលជារឿងត្រូវសិក្សាដោយយកចិត្តទុកដាក់ ព្រោះបើកាត់ស្មានខុសហើយ ផែនការនោះនិងដួលរលំជាមិនខាន ។
          ៣.បច្ចុប្បន្នំសញាណ គឺការដឹងពីបច្ចុប្បន្ន ដំណើរការដែលកំពុងប្រព្រឹត្តិ មានលក្ខណៈបែបណា មានហេតុបច្ច័យអ្វីខ្លះ មានលក្ខខណ្ឌអ្វីខ្លះ ។
          ការដឹងទាំង៣យ៉ាងខាងលើនេះមិនអាចញែកចេញពីគ្នាបានឡើយ គឺវាមា​នទំនាក់ទំនងគ្នាជាហេតុ និងផល ជាវដ្ដចក្រកាលវេលា ដែលវិលទៅវិលមកក្នុងឆាកជីវិតដោយមិនងាយដាច់រយះ ។
បដិសម្ភិទាជន
          បដិសម្ភិទា ឬការដែលមានបា្រជ្ញាយល់ច្បាស់ គឺជាប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយឥតទើសទាក់ អាចពិចារណាយល់ជាក់ប្រាកដភ្លាមៗនូវហេតុផលនៃកិច្ចការទាំងពួង ។
          អ្នកដឹកនាំ ជាអ្នកធ្វើកិច្ចការកម្រ កិច្ចការលំបាក កិច្ចការដែលមនុស្សភាគច្រើនមិនអាចធ្វើបាន ។ ហេតុនេះហើយជាការចាំបាច់ណាស់ដែលអ្នកដឹកនាំត្រូវតែជាមនុស្សមានប្រាជ្ញាខ្លាំង ច្រើន និងត្រឹមត្រូវ ដើម្បីដឹកនាំមនុស្សដទៃទៀត ។
          បដិសម្ភិទា ឬប្រាជ្ញាដឹងច្បាស់មាន៤ដែលអាចយកមកអនុវត្តក្នុងឋានៈជាអ្នកដឹកនាំ គឺ៖
          ១.អត្ថបដិសម្ភិទា ប្រាជ្ញាចាក់ធ្លុះធ្លាយក្នុងអត្ថគឺឃើញបញ្ហា សេចក្ដីត្រូវការ ឬរឿងហេតុអ្វីមួយរបស់អ្នកក្រោមការដឹកនាំរបស់ខ្លួន។
          ២.ធម្មបដិសម្ភិទា ប្រាជ្ញាយល់ច្បាស់ក្នុងធម៌ គឺដឹងនូវហេតុការណ៍ទាំងឡាយថារឿងហ្នឹងជារឿងអ្វី មានប្រភពមកពីអ្វីភ្លាម ឬឃើញផលពិបាកមួយកើតឡើង ក៏ដឹងថាផលពិបាកនោះកើតមកពីប្រភេពអ្វី ពីហេតុអ្វីយ៉ាងច្បាស់ប្រាកដ ។
          ៣.និរុត្តិបដិសម្ភិទា គឺការដែលមានប្រាជ្ញាឆ្លៀវឆ្លាតក្នុងភាសា ស្គាល់ស័ព្ទ និងចេះនិយាយភាសាផ្សេងៗក្រៅពីភាសាខ្លួនបានច្រើន ។ ម៉្យាងចេះនិយាយឲ្យគេស្ដាប់ថាពិរោះ ឲ្យគេស្ដាប់បាននិងឲ្យគេជឿបាន និយាយដោយសង្ខេប គឺជាអ្នកស្ទាត់ជំនាញក្នុងភាសា​ និងការនិយាយស្ដី ។
          ៤.បដិភាណបដិសម្ភិទា គឺបញ្ញាដែលគិតបានរហ័ស ដែលអាចយកទៅប្រើបានយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល សមរម្យទៅតាមករណី និងស្ថានការណ៍បាន ។      
          បដិសម្ភិទាទាំង៤យ៉ាងនេះជារបស់ដែលហ្វឹកហាត់អប់រំរៀនសូត្របាន។

អនុត្តរជន
          អ្នកដឹកនាំ គឺត្រូវតែជាជនប្រសើរ​ អច្ឆរិយៈ ឬខ្លាំងជាងមនុស្សដទៃ ទើបធ្វើឲ្យគេទុកចិត្តក្នុងការឲ្យធ្វើជាប្រមុខរបស់គេបាន ។ អ្នកដឹកនាំត្រូវអនុវត្តតាមអនុត្តរិយទាំង ៦ប្រការ គឺ៖
          ១.ទស្សនានុត្តរិយ គឺការឃើញដ៍ប្រសើរ បានដល់ការឃើញសេចក្ដីទុក្ខ​ បញ្ហាក្នុងសង្គម ឬការឱស្សាហ៍ចុះមើល សាកសួរសុខទុក្ខអ្នកក្រោមបង្គាប់របស់ខ្លួន ។
          ២.សវនានុត្តរិយ ការស្ដាប់ដ៍ប្រសើគឺជាអ្នកចេះស្ដាប់ ចូលចិត្តស្ដាប់ និងពូកែរស្ដាប់ ឬការស្ដាប់អាចឲ្យដឹងបញ្ហា ឬក៏ដឹងរឿពិតប្រាកដ ។ ម៉្យាងទៀតការស្ដាប់អាចឲ្យអ្នកនិយាយសប្បាយចិត្ត ពេញចិត្តនិងប្រាប់ថែមទៀត ។ ការស្ដាប់មិនចាំបាច់ជឿទេ ព្រោះអ្នកស្ដាប់អាចធ្វើការពិចារណារកហេតុផលបាន ។
          ៣.លាភានុត្តរិយ គឺការបានលាភដ៍ប្រសើរ ។ បញ្ហា សេចក្ដីត្រូវការ និងមធ្យោបាយសម្រាប់ដោះស្រាយផ្សេងៗ ដែលអ្នកដឹកនាំបានឃើញ បានដឹង បានស្គាល់ដំណឹងទាំងនេះ ត្រូវយកមកចាត់ចែងជាក្រុម ជាថ្នាក់ទៅតាមប្រភេទ តាមលំដាប់សំខាន់ ។ កន្លែងណាដែលព័ត៌មានមិនគ្រប់គ្រាន់ ក៏រកមកបំពេញបន្ថែម ។ កន្លែងដែលលើសហួសពីការពិត ក៏កាត់ចេញ ចម្រាញ់ទុកតែរបស់ណា ដែលមានប្រយោជន៍ពិតឲ្យសមនិងពាក្យថា បានទទូលលាភដែលជាការពិតជាទីបំផុត ។
          ៤.សិក្ខានុត្តរិយ គឺការសិក្សាដ៍ប្រសើរ​ ។-តើអ្វីជាបញ្ហាចម្បងៗ ? តើអ្វីជាប្រភេទនៃបញ្ហាទាំងនោះ ? តើអ្វីជាសេចក្ដីត្រូវការដែលអ្នកក្រោមបង្គប់ចង់បានពិតប្រាកដ ?
          ការសិក្សាទាំងនេះ ត្រូវប្រកបដោយហេតុផល គតិយុត្តិធម៌ ប្រកបដោយធម៌ និងឈរនៅលើសប្បុរិសធម៌ ៧ខាងលើ ដើម្បីអាចកំចាត់នូវបញ្ហាទាំងឡាយនិងបំពេញនូវសេចក្ដីត្រូវការរបស់បុគ្គលិក ឬរាស្រ្តបាន ។ កម្មវិធី ឬគម្រោងការណាដើម្បីដឹកនាំស្ថាប័ន ឬអង្គភាពមិនបានសិក្សាឲ្យបានច្បាស់លាស់ ប្រកបដោយគោលការណ៍វិទ្យាសាស្រ្ត គ្មានហេតុផល កម្មវិធី ឬគម្រោងការនោះគឺរឿងផ្សងព្រេងដែលផ្ទុយពីបែបពុទ្ធសាសនា និង គោលការណ៍វិទ្យាសាស្រ្ត នាពេលបច្ចុប្បន្ននេះ ។
          ៥.បារិចរិយានុត្តរិយ គឺការបម្រើដ៍ប្រសើរ ។ បន្ទាប់ពីបានសិក្សានូវបញ្ហា សេចក្ដីត្រូវការនិងវិធីសម្រាប់ដោះស្រាយហើយ គម្រោងការនោះត្រូវយកទៅអនុវត្តឲ្យទៅជាប្រយោជន៍ដល់ស្ថាប័ន អង្គភាព បុគ្គល ឬរាស្រ្ត ។
          ៦.អនុស្សតានុត្តរិយ គឺការរលឹកដ៍ប្រសើរ ។ កាលណាកិច្ចការចុះអនុវត្តហើយ អ្នកដឹកនាំត្រូវតាមដានមើលស្ដាប់ឲ្យបានជារឿយៗថាមានដំណើការដល់ណាហើយ មានបញ្ហាអ្វីមកជាឱបសគ្គថែមទៀតទេ ។ អនុស្សតានុត្តរិយ​គឺជាការត្រួតពិនិត្យការងារ(controlling)និងជាការវាស់ប្រមានផលក្នុងកំឡុងប្រតិបត្តិការ(During Work Evaluation)ដើម្បីជំរុញ ​និងកែខៃឲ្យការងារនោះទទូលបានជៅគជ័យ ។
          បើចែកជាលំដាប់ៗនៃវិធីកម្មវិញយើយអាចចែកជា ៦លំដាប់ដូចខាងក្រោម៖
          ១. ពិនិត្យមើលបញ្ហា និងសេចក្ដីត្រូវការ
          ២. ស្ដាប់ ប្រមូលបញ្ហា និងសេចក្ដីត្រូវការ
          ៣. វិភាគបញ្ហា និងសេចក្ដីត្រូវការ
          ៤. សិក្សាពីវិធីសម្រាប់ដោះស្រាយ
          ៥. អនុវត្តគម្រោងការ
          ៦. ត្រួតពិនិត្យ និងប្រមើលមើលគម្រោងការ
អ្នកមានទសពលញាណ
          ទសពលញាណ គឺការដឹងនូវហេតុ១០ប្រការ មានដូចជា៖
          ១. ឋានាឋានញាណ ការដឹង ការយល់ក្នុងន័យសេចក្ដី និងក្របខញ្ឌរបស់ច្បាស់ គោលការណ៍ផ្សេងៗដែលទាក់ទងដល់មុខនាទីខ្លួន ឬបុគ្គលិក។
          ២. កម្មវិបាកញាណ មានការយលើដឹងក្នុងព្រឹត្តិកម្មរបស់មនុស្សបានយ៉ាងល្អគឺដឹងថាព្រឹត្តិកម្មបែបនេះនឹងនាំទៅរកលទ្ធផលបែបណា លទ្ធផលបែបនេះចេញមកពឍីព្រឹត្តិកម្មបែបណា។
          ៣. សព្វត្ថគាមិនិបដិបទាញាណ ការដឹងក្នុងមធ្យោបាយយុទ្ធសាស្រ្ដផ្សេងៗសម្រាប់ដោះស្រាយបញ្ហា និងដើម្បីសម្រេចគោលដៅ។
          ៤. នានាធាតុញាណ ដឹងច្បាស់ក្នុងរឿងសង្គមវិទ្យា យ៉ាងហោចណាស់ ក៏ដឹងថាអ្វីជាអង្គប្រកបរបស់សង្គម មុខងារ និងការងារនៃអង្គប្រកបនីមួយៗក្នុងរចនាសម្ព័នសង្គម ហើយបើឱ្យរឹតតែប្រសើរថែមទៀតនោះ គួរមានចំណេះដឹងទូទៅឱ្យបានទូលំទូលាយដូចជា ចំណេះដឹងវិទ្យាសាស្រ្ដ ចិត្តវិទ្យា ប្រវត្ដិសាស្រ្ដ ភូមិសាស្ដ្រនយោបាយ​ ជាដើម។
          ៥.នានាធិមុត្តិកញាណ ចេះដឹង យល់ច្បាស់ពីភាពខុសគ្នានៃបុគ្គលម្នាក់ៗ បក្សនីមួយៗទាំងខាងអធ្យាស្រ័យ និនន្នាការ ការចូលរួមមនោគមវិជ្ជា និងការថ្លឹកពីធម្មជាតិ ។
          ៦.ឥន្ទ្រិយបរោបរិយ្តញាណ ដឹងយល់ពីភាពផ្សេងៗរវាងបុគ្គលខាងផ្នែកកម្រិតសតិបញ្ញា សមត្ថភាព វិវឌ្ឍនាការក្នុងផ្នែកផ្សេងៗ និងការត្រៀមខ្លួនដើម្បីធ្វើការអភិវឌ្ឍន៍។
          ៧.ឈានាទិសសង្គិតលេសាទិញាណ ដឹងនូវបច្ច័យផ្សេងៗដែលនឹងទៅជាឧបសគ្គ ឬជាជំនួយក្នុងការដឹកនាំ និងចេះប្រើបច្ចេកទេសផ្សេងៗដើ់ម្បីកែខៃបញ្ហានិងជួយឧបត្ថម្ភការដឹកនាំ ។
          ៨.បុព្វេនិវាសានុសតិញាណ គឺយល់ដឹងពីអតីតកាលពីប្រវត្តិសាស្រ្ត ប្រវត្តិរូប និងការពិសោធន៍នៃបុគ្គល ក្រុម សហគមន៍នីមួយៗរបស់អ្នកក្រោមការគ្រប់គ្រងយ៉ាងច្បាស់លាស់ ។
          ៩.ចុតូបបាតញាណ ប្រមើលមើលដឹងនូវផល ឬគោលបំណងអនាគត់របស់បុគ្គល និង សង្គមបានយ៉ាងប្រសើរថាបុគ្គលនេះ សង្គមនេះទៅអនាគត់មានលក្ខណៈយ៉ាងនេះយ៉ាងនោះ ។
          ១០.អាចវកខយញាណ ដឹងច្បាស់ និងប្រាកដក្នុងចិត្តថាផលសម្រេចដែលជាគោលបំណងនោះគឺអ្វី មានលក្ខណៈយ៉ាងណាហើយប្រាកដក្នុងចិត្តថាខ្លួនអាចធ្វើផលសម្រេចបាន ។
អ្នកមានទេពកុសល្យ
          ទេពកុសល គឺជាការប៉ិនប្រសប់ ការឈ្លាសវៃ និងការមានជំនាញ ។ អ្នកដឹកនាំ ក្រៅពីមានប្រាជ្ញាចាក់ធ្លុះក្នុងបដិសម្ភទាទាំងបួន៤ ហើ់យត្រូវជាមនុស្សប៉ិនប្រសប់ទៀតផង ។ សមដូចភាសិតខ្មែរបានពោលថា«ចេះដប់ មិនស្មើរប្រសប់មួយ» ។ ព្រះសម្ពុទ្ធ បានចែងថាទេពកុសល្យជា បីប្រការ តែលោកមិនហៅថាទេពកុសល្យទេគឺហៅត្រឹមតែថាកុសល្យប៉ុណ្ណោះ គឺ៖
          ១.អាយកោសល គឺឆ្លាស់ក្នុងការចម្រើន ដឹងថាអ្វីជាសេចក្ដីចម្រើន ការលូតលាស់ វឌ្ឍនៈភាព សេចក្ដីសុខ សេចក្ដីទុក្ខរបស់កិច្ចការ ហេតុការណ៍ ឬវត្ថុណាមួយ ថារបស់នេះមានការរីកចម្រើនដូចម្ដេច និងអ្វីជាប្រភពនៃសេចក្ដីចម្រើននោះ ។
          ២.អបាយកោសល គឺការឆ្លៀវឆ្លាសក្នុងសេចក្ដីវិនាស ការចុះអន់ថយ ការមានហាយនភាពរបស់កិច្ចការ ហេតុការណ៍ ឬវត្ថុណាមួយ ថាមានការអន់ថយទៅដូចម្ដេច និងអ្វីជាប្រភពដែលនឹងនាំឲ្យរបស់នោះមានហាយនភាព ។
          ៣.ឧបាយកោសល ការឆ្លៀវឆ្លាស់ប្រសប់ក្នុងឧបាយវិធី យុទ្ធវិធី មគ្គវិធីដើម្បីដោះស្រាយបញ្ហាទាំងឡាយ និងដើម្បីធ្វើឲ្យសម្រេចនូវកិច្ចការទាំងឡាយ ។ ឧបាយកោសលនេះប្រៀបធៀបនឹងអនុត្តរិយទាំង៦ ដែលបានអធិប្បាយខាងលើរួចហើយនោះ ។
អ្នកមានយុត្តិធម៌
          យុត្តិធម៌ គឺជាពាក្យសក្កិសិទ្ធ ព្រោះថាដោយហេតុតែពាក្យនេះឯងដែលធ្វើឲ្យមនុស្សទាំងឡាយហ៊ានស្លាប់ ហ៊ានងើបឡើងតស៊ូ ដើម្បីទាមទាយកដូចជា៖
          យុត្តិធម៌ក្នុងការកាត់សេចក្ដី យុត្តិធម៌ក្នុងការបែងចែក យុត្តិធម៌ក្នុងការប្រើប្រាស់ យុត្តិធម៌ក្នុងការរស់នៅ...។
          សក្តិសិទ្ធ ព្រោះថាដោយហេតុតែពាក្យនេះឯង ដែលធ្វើឲ្យអ្នកដែលគេប្រគល់នាទីសម្រាប់’’ ផ្ដលយុត្តិធម៌’’ ឲ្យគេត្រូវធ្លាក់ពីកៅអី អស់បុណ្យសក្តិ ធ្លាក់អំណាច រត់ចោលជួរ ស្លាប់ខ្លួន និងធ្លាក់នរក ។
          យុត្តិធម៌នៅត្រង់ណា! ជាទូទៅ កាលណានិយាយពីរឿងយុត្តិធម៌ គេតែងតែនឹកឃើញពីរឿងជញ្ជីង ជាពិសេសជញ្ជីងដែលស្ថិតនៅនិងហោជាងពីមុខសាលាកាត់ក្ដី ឬសាលាយុត្តិធម៌ ។ គេគូសជញ្ជីងពីរនេះ ជាតំណាងយុត្តិធម៌ដោយឲ្យថាសទាំងនេះបះស្មើរគ្នា បានន័យថាទ្រនិចកណ្ដាលចង្អុលចំលេខសូន្យ ។ ក្នុងការថ្លឹង បើទ្រនិចចង្អុលចំលេខសូន្យបានន័យថាថាសទាំងសងខាងមានទម្ងន់ស្មើរគ្នា តែជញ្ជីងយុត្តិធម៌ ឬមិនយុត្តិធម៌ មិនទាន់អាចថាបានទេ ព្រោះថាទាល់តែគេបានសន្មតយកកូន ជញ្ជីងណាមួយជាមាត្រដ្ឋានសម្រាប់ជាសកល (កូនជញ្ជីងធម៌) និងដងជញ្ជីងក៏ជាជញ្ជីងធម៌ដែរ ។ ដូចគ្នាដែរក្នុងការកាត់រកយុត្តិធម៌ឬផ្ដល់យុត្តិធម៌ដលល់ជនណាមួយគេត្រូវតែមានមាត្រដ្ឋានយុត្តិមួយជាគោល ជាទីអាង ។​ ក្នុងមាត្រដ្ឋានយុត្តិធម៌នេះ «មនុស្សអ្នកតែង» និង «មនុស្សអ្នកប្រើ» នូវមាត្រដ្ឋានយុត្តិធម៌នោះ ជាមនុស្សដែលមិនមានភាពលំអៀងនៅក្នុងចិត្តរបស់ខ្លួនជាមុនសិន ។ ដូចនេះ យុត្តិធម៌ ឬអយុត្តិធម៌សំខាន់នៅលើអ្នកតែងច្បាប់យុត្តិធម៌ និងអ្នកប្រើយុត្តិធម៌ដែលជា«មនុស្ស»នេះ ។
          ដើម្បីឲ្យមានយុត្តិធម៌អ្នកដឹកនាំត្រូវចៀសវាងនូវអគតិធម៌ ៤យ៉ាងគឺ៖
          ១.ឆន្ទាគតិ លំអៀងព្រោះស្រលាញ់ ការចូលចិត្ត ថានេះជាកូនចៅ ជាញាតិ ជាបក្សពួក របស់អញជាដើម ។
          ២.ទោសាគតិ លំអៀងព្រោះការក្រោធ ព្រោះការស្អប់ អ្នកហ្នឹងមិនមែនជាញាតិ ឬបក្សពួករបស់អញជាដើម ។
          ៣.ភយាគតិ លំអៀងព្រោះភ័យ ព្រោះខ្លាច ។ ព្រោះមានសេចក្ដីភ័យខ្លាចក្នុងចិត្តថា បើអញធ្វើត្រឹមត្រូវទៅ អ្នកនោះនិងបៀតបៀនដល់ខ្លួន​ បក្សពួក ឬដល់ញាតិខ្លួនជាដើម ។
          ៤.មោហគតិ លំអៀងព្រោះវង្វេងព្រោះមិនដឹងដល់សាច់រឿង ។ ជាការលំអៀងដែលបានប្រាសចាកការពិត គ្មានព័ត៌ាមានច្បាស់លាស់ពីរឿងដែលត្រូវផ្ដល់យុត្តិធម៌ ឬជាការវង្វេងព្រោះការបាននួវសំណូកផ្សេងៗជាដើម ។
អ្នកមានសេចក្ដីព្យាយាម
          អ្នកដឹកនាំដែលមានសមត្ថភាព ត្រូវតែមានលក្ខណៈជាប្រធាន គឺមានសេចក្ដីព្យាយាមនិងឧស្សាហ៍យកចិត្តទុកដាក់ខ្វល់ខ្វាយចំពោះកិច្ចការទាំងពួង មិនខ្ជិលច្រអូស ឬមិនធ្វើអ្វីៗនោះទេ ។
          ព្រះសម្ពុទ្ធ បានមានពុទ្ធដីការថា «វិរិយេន ទុក្ខមច្ចេតិ» មនុស្សយើងអាចឆ្លង ឬឈ្នះនូវសេចក្ដីទុក្ខ ឬបញ្ហាទាំងឡាយណាបានដោយសេចក្ដីព្យាយាម​ ។ សេចក្ដីព្យាយាមនោះគឺជាមគ្គមួយក្នុងអរិយមគ្គទាំង៨ ដែលព្រះសម្ពុទ្ធដែលទ្រង់បានអនុវត្តន៍រួចហើយ ។ បុគ្គលមានព្យាយាមជាអ្នកដែល មិនចេះអស់សង្ឃឹមក្នុងជីវិត និងគ្មានគំនិតទុទិដ្ឋិនិយមទេ គេជឿថាគ្មានរឿងអ្វីដែលថាដោះស្រាយមិនរួចនោះទេគ្រប់បញ្ហាសុទ្ធតែមានផ្លូវដែលអាចដោះស្រាយបាន ។
          សេចក្ដីព្យាយាមរបស់អ្នកដឹកនាំត្រូវប្រក​បដោយអង្គ៤ប្រការគឺ៖
          ១.ព្យាយាមការពារកុំឲ្យកើតមានបញ្ហា
          ២.ព្យាយាមកំចាត់បញ្ហាដែលមានហើយឲ្យអស់ទៅ
          ៣.ព្យាយាមសាងនូវសេចក្ដីសុខស្រួលឲ្យកើតមានច្រើនឡើង
          ៤.ព្យាយាមរក្សានូវសេចក្ដីសុខស្រួលនោះឲ្យបានគង់វង្សចម្រើនតទៅទៀត
          ដូចនេះអ្នកដឹកនាំត្រូវបំពេញនូវសេចក្ដីព្យាយាមនេះឲ្យទៀងទាត់ក្នុងការព្យាយាម ៤យ៉ាងគឺៈ ការពារវិបត្តិ កំចាត់បញ្ហា បង្កើតសុខា​ និង រក្សាការចម្រើន ។

គ.គុណសម្បត្តិទី៣គឺ៖ គុណធម៌
          សុខភាព ជាគុណសម្បត្តិទាក់ទងនិងខាងរាងកាយ ដែលអ្នកដឹកនាំត្រូវតែរក្សា ។
          សមត្ថភាព ជាគុណសម្បត្តិទាក់ទងនិងសតិបញ្ញា ដែលអ្នកដឹកនាំត្រូវបំពេញឡើង ។
          គុណធម៌ ជាគុណសម្បត្តិទាក់ទងនិងផ្លូវចិត្ត និងការប្រព្រឹត្តិដែលអ្នកដឹកនាំត្រូវថែរក្សានិងគោរពស្មើនិងអាយុជីវិតរបស់ខ្លួន ។
          បើប្រៀបនិងផ្ទះរបស់មនុស្សគុណសម្បត្តិទាំង ៣ប្រការនេះ មានមុខងារដូចតទៅ៖
          -សុខភាព ទុកដូចជាសសរផ្ទះ មាននាទីសម្រាប់ទ្រ
          -សមត្ថភាព ទុកដូចជាជញ្ជាំងផ្ទះ មាននាទីសម្រាប់បិទបាំង
          -គុណធម៌ ទុកដូចជាដំបូលផ្ទះ មាននាទីសម្រាប់ការពារ
          ភ្លៀងរមែងលិចចូលក្នុងផ្ទះដែលគេប្រកមុនជិតយ៉ាងណា រាគៈក៏រមែងលិចស្រោចចិត្តដែលគេមិនបានអប់រំក៏យ៉ាងនោះដែរ ។
          ធម្មតាផ្ទះតែងតែមានដំបូល ជាគ្រឿងការពារកុំឲ្យទឹកភ្លៀងទទឹកទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះ ។ ព្រោះបើលិចទឹកភ្លៀងហើយទ្រព្យសម្បត្តិទាំងអស់នោះក៏និងខូចខាតអាសារបង់ជាមុនខាន​។ ដូចគ្នាដែរ អ្នកដឹកនាំដែលមិនបានអប់រំចិត្តឲ្យស្ថិតនៅក្នុងគន្លងធម៌ រមែងតែងតែត្រូវរាគៈ គឺសេចក្ដីស្រើបស្រាល និងលោភៈ គឺសេចក្ដីប្រាថ្នាចង់បានហួសហេតុចូលមកគ្របដណ្ដប់ ។​ ឯការខឹងក្រោធ ការបៀតបៀន ក៏ចូលមកតាមជាលំដាប់ ហើយពេលនោះឯងដែលមោហៈ គឺការវង្វេងមិនដឹងខុសត្រូវចូលមកគ្របឲ្យងងឹតមើលអ្វីមិនឃើញ មានតែអគតិធម៌ម៉្យាងប៉ុណ្ណោះ ។ ដែលនាំកេរ្តិ៍ឈ្មោះ កិត្តិយស ទ្រព្យសម្បត្តិដែលខំរកបានមកដោយកម្លាំងសុខភាព និងសមត្ថភាពក៏នឹងត្រូវរលាយសាបសូន្យទៅវិញជាមិនខាន ។
          ព្រះសម្ពុទ្ធទ្រង់បានដាសតឿនថាៈ​​​ «មិនគប្បីធ្វីអាក្រក់ព្រោះតែប្រយោជន៍ខ្លួន ឬប្រយោជន៍អ្នកដទៃ មិនគប្បីប្រាថ្នាបុត្រ ប្រាថ្នាទ្រព្យ ប្រាថ្នារដ្ឋ​ ឬសេចក្ដីសម្រេចដល់ខ្លួន​ ដោយអធម៌ឡើយ គប្បីមានសីល  មានបញ្ញាតាំងខ្ជាប់នៅក្នុងធម៌ជានិច្ច។
គុណធម៌ចាំបាច់របស់អ្នកដឹកនាំ
          គុណធម៌សម្រាប់អ្នកដឹកនាំមានច្រើនណាស់ក្នុងទីនេះ គឺសូមលើកយកតែ២យ៉ាង មកអធិប្បាយតែប៉ុណ្ណោះ ព្រោះពីរយ៉ាងនេះគ្រប់ដណ្ដប់នូវគុណធម៌ដទៃទៀតសព្វគ្រប់ទាំងអស់ ។
          គុណធម៌ ២យ៉ាងនេះគឺៈ   ទសពិធរាជធម៌ និង ព្រហ្មវិហារធម៌
          គុណធម៌ទាំង ២ យ៉ាងនេះមានសេចក្ដីអធិប្បាយដូចតទៅ៖

ក.ទសពិធរាជធម៌
          ថ្វីត្បិតតែ ទសពិធរាជធម៌ ប្រែថាធម៌សម្រាប់ព្រះរាជា តាមកាលសម័យនៃរាជានិយមក្ដី តែរាជា សំដៅដល់អ្នកណាដែលជាប្រមុខគេ ដឹកនាំគេ ។ ដូច្នេះ គោលធម៌នេះ មិនត្រឹមតែព្រះរាជាមួយអង្គដែលគ្រងរាជនោះទេ គឺដល់អ្នកដែលមាននាទីទទូលខុសត្រូវក្នុងការដឹកនាំ ប្រធានគេ ឬជាប្រមុខគេគ្រប់ជាន់ថ្នាក់ទាំងអស់ ។
          ពាក្យ «រាជា ឬក្សត្រ»មានន័យក្នុងឋានៈជាអ្នកដែលមានមុខនាទីក្នុងការគ្រប់គ្រងប្រទេស​ ខេត្ត ជាទ័ពចម្បាំង​​ ជាមន្រ្តីរាជការ ។ បើនិយាយតាមភាសាបច្ចុប្បន្នបានដល់រាជរដ្ឋាភិបាល គណៈរដ្ឋមន្ត្រី និងមន្ត្រីរាជការទាំងពួង ។
ទសពិធរាជធម៌មាន១០ ប្រការគឺ៖
                    ១.ទាន ការឲ្យ                                           ៦.តបៈ ការដុតកិលេស
                    ២.សីល ការប្រព្រឹត្តិល្អ                                  ៧.អក្កោធៈ ការមិនគ្រោធ
                    ៣.បរិច្ចាក ការបរច្ចាក                                   ៨.អវិហឹង្សា ការមិនបៀតបៀន
                    ៤.អាជ្ជវៈ ការស្មោះត្រង់                                 ៩.ខន្តី ការអត់ធ្មត់
                    ៥.មទ្ទវៈ ការទន់ភ្លន់                                     ១០.អវិរោធនៈ ការមិនធ្វើខុស

No comments

Powered by Blogger.