Header Ads

Header ADS

គុណសម្បត្តិរបស់អ្នកដឹកនាំ


ក្នុងភាសាខ្មែរយើង​ ពាក្យថាអ្នកដឹកនាំសំដៅលើអ្នកទទួលខុសត្រូវក្នុងកិច្ចការអ្វីមួយដែលមានគេ ឯងចាំទទួលបញ្ជា ចាំធ្វើដើម្បីឆ្ពស់ទៅរកគោលដៅណាមួយ ឬដើម្បីសម្រេចកិច្ចការណាមួយឲ្យបានជោគជ័យ។ ម៉្យាងទៀតអ្នកដឹកនាំ តាមបរិបទនៃពាក្យបានដល់ងអ្នកដែលមានតួនាទីដឹកនាំអ្នកដែលមិនដឹងគោលដៅ និងនាំអ្នកមិនស្គាល់ផ្លូវឲ្យទៅដល់គោលដៅមួយដែលគេប្រាថ្នាទៅដល់ដោយសុវត្តិភាព។
          ២.គុណសម្បតិ្តរបស់អ្នកដឹកនាំ
ពាក្យខ្មែរយើងតែងតែនិយាយថា «ឃ្វាលគោ១០០ក្បាលមិនលំបាកស្មើរនិងមើលមនុស្ស១០នាក់ទេ»។ ពាក្យនេះពិតណាស់ ព្រោះមនុស្សមានព្រឹត្តកម្មប្លែកៗពីគ្នា មានធម្មសញ្ញា មិនមែនដូចសត្វដែលមានតែមនោសញ្ចេតនាញ្ញាណនោះទេ។ ដូច្នេះទម្រាំនិងដឹកនាំមនុស្សបានមួយរយ មួយពាន់ មួយលាន ឬ១០លាននាក់នោះរឹតតែពិបាក និងស្មុកស្មាញកាន់តែខ្លាំងឡើងជាមិនខាន។ ការណ៍នេះ គឺទាមទារតម្រូវឲ្យអ្នកដឹកនាំណាដែលមានគុណសម្បត្តិគ្រប់គា្រន់តែប៉ុណ្ណោះ ទើបអាចដឹកនាំទៅរកភាពជោគជ័យបាន។
គុណសម្បត្តិល្អរបស់មេដឹកនាំតាមទស្សនៈណព្រះពុទ្ធសាសនា គឺដឹកនាំណាដែលមានលក្ខណៈសម្បតិ្ត ៣យ៉ាងគឺ៖ សុខភាព សមត្ថភាព និងគុណធម៌។
ក.គុណសម្បត្តិទិ១ គឺ៖ សុខភាព
អ្នកដឹកនាំ មិនគួរគប្បីមើលរំលងនូវសុខភាពរបស់ខ្លួនឲ្យសោះ ក៏ដូចជាប្រជារាស្រ្តដែលមិនគួររើសមនុស្សដែលមានរោគ ឬសុខភាពមិនល្អយកមកដឹកនាំខ្លួនឡើយ។
លក្ខណៈរបស់ការមានសុខភាពល្អដូចជា
v  ជាបុរស ឬ ស្រ្តីពេញលក្ខណៈ
v  រាងកាយមិនពិកលពិការ មិនដាច់ដៃមិនដាច់ជើង វិញ្ញាណទាំងប្រាំគឺ ភ្នែក ត្រចៀក ច្រមុះ មាត់ រាងកាយ ប្រើការបានល្អ
v  ជាមនុស្សមិនជរាពេក
v  ជាមនុស្សមិនវិកលចរឹត មិនខូចសរសៃរប្រសាទ
v  ធននិងជម្ងឺ គឺមិនងាយឈឺផ្ដេសផ្ដាស
v  មិនមានរោគធ្ងន់ធ្ងរ ឬសាហាវណាមួយបៀតបៀន
v  ជាមនុស្សមានអនាម័យ មិនស្មោកគ្រោក ចំអេះចំអះ។
ប្រសិនបើមានជម្ងឺមកបៀតបៀនត្រូវប្រញាប់ព្យាបាលខ្លួនឲ្យបានឆាប់រួសរាន់ ព្រោះថាការដែលបណ្ដែតបណ្ដោយជម្ងឺតិចតួចថ្ងៃនេះ​ អាចនិងឲ្យឈឺធ្ងន់នៅថ្ងៃស្អែកដែលរឹតឲ្យខូចការកាន់តែច្រើន ។ នៅសហរដ្ឋអាមេរិកកាលពីប្រធានាធិបតី រ៉ូណាល់រេហ្គិន មានជម្ងឺធ្ងន់ ឃើញថាលុយដុល្លារដែលជារូបីយ៍ប័ណ្ណគោលនៃសេដ្ឋកិច្ចពិភពលោក ចុះថោកភ្លាមៗមួយរំពេច ឬក៏ដូចជាករណីប្រទេសថៃកាលណាព្រះមហាក្សត្រទ្រង់ប្រឈួន ប្រជាជនថៃមានការព្រួយបារម្មណ៏យ៉ាងខ្លាំងព្រោះខ្លាចកើតមានភាពវឹកវនៅក្នុងប្រទេសជាដើម ។
សុខភាពរបស់មនុស្សមានពីរយ៉ាងគឺ៖ សុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្ត ។ សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តនេះមានទំនាក់ទំនងគ្នា និងមានផល់ប៉ះទង្គិចដល់គ្នានិងគ្នាណាស់ ។ កាលណាកាយមានជម្ងឺក៏និងធ្វើ​     ឲ្យចិត្តតប់ប្រម៉ល់ឈឺទៅផងដែរ ហើយបើចិត្តតប់ប្រម៉ល់យូរពេកក៏នឹងនាំឲ្យរាងកាយឈឺទៅជាមួយផងដែរ ។ អ្នកដឹកនាំត្រូវប្រុងប្រយ័ត្នពីរឿងសុខភាពឲ្យបានល្អជានិច្ច ។ ពាក្យចាស់ពោលថា«ក្រៗចុះកុំឲ្យតែឈឺ» ព្រោះថាកាលបើមិនឈឺយើងអាចធ្វើការរកលុយបាន ថ្ងសណាមួយនឹងឈប់ក្រមិនខាន តែកាលណាបើឈឺ យើងនឹងមិនអាចទៅធ្វើការនឲបានឡើយ ។
សមដូចពុទ្ធភាសិតមួយរបស់ព្រះបរមគ្រូនៃយើង ដែលទ្រង់បានសម្ដែងសរសើរអំពីការមានសុខភាពល្អ ឬការមិនមានរោគថា«អារោក្យា បរមា លាភា ប្រែរថា ការមិនមានរោគគឺជាលាភដ៏ប្រសើរ ឬធំបំផុត»។
វិធីថែរក្សាសុខភាព ឬថ្នាំអាយុវឌ្ឍនៈ៧យ៉ាង
អាយុវឌ្ឍនធម៌ គឺជាវិធីចម្រើនអាយុឲ្យវែង ថែរក្សាសុខភាពឲ្យបានមាំមួនដែលព្រះសម្មាសម្ពុទ្ធ លោកប្រើដើម្បីរក្សាសុខភាពព្រះអង្គសម្រាប់ព្រះភារកិច្ចដ៏ធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ អស់រយៈពេល ៤៥ព្រះវស្សា ។ ដោយសារអាយុវឌ្ឍនធម៌នេះឯង ទើបព្រះអង្គអាចតម្រង់ព្រះជន្មបានរហូតដល់ ៨០ព្រះវស្សា ទើបចូលបរិនិព្វាន ។​
១. សប្បាយការី ចេះធ្វើសេចក្ដីសប្បាយឲ្យមានដល់ខ្លួនឯង គឺអនុវត្តទៅតាមគ្បួនអានាម័យ និងគ្បួនសុខភាព ។ ដូចជាឥរិយាបទទាំង៤គឺ ដេក ដើរ ឈរ អង្គុយ ត្រូវប្លាស់ប្ដូរឲ្យបានសមរម្យមានការហាត់ប្រាណបញ្ចេញកម្លាំង សំអាតខ្លួនប្រាណជាដើម​។
២.សប្បាយេ មតញ្ញូ មានប្រមាណ​ ស្គាល់ល្មម ស្គាល់ប្រមាណនៅក្នុងរបស់សប្បាយទាំងឡាយ ដូចជាមិនបរិភោគរហូតដល់ទៅហល់ មើលសម្លឹងទូរទស្សន៍រហូតដល់ទៅព្រឹលភ្នែកហៀរទឹកភ្នែក ។ ម៉្យាងទៀត គឺចេះជ្រើសរើសរបស់ណាដែលមិនហុចទោសយកមកបម្រើការសប្បាយរបស់ខ្លួនដូចជាស្រា បារី កញ្ឆា ជាដើមនេះ សុទ្ធតែជារបស់ដែលនាំទោសមកឲ្យខ្លួន ។
៣.បរិណតភោជី បរិភោគតែអាហារណាដែលរលាយងាយក្រពះស្រួលកិន   មិននាំឲ្យខូចក្រពះ   និងទំពាឲ្យបានម៉ដ្ឋល្អ។
៤.កាលការី ស្គាល់ពេលវេលាឲ្យបានច្បាស់ថាត្រូវធ្វើការប៉ុន្មានម៉ោង សម្រាក់ប៉ុន្មានម៉ោង​ រៀន​សូត្រប៉ុន្មានម៉ោង ជាដើម ។
៥.ព្រហ្មចារី ប្រព្រិត្តព្រហ្មចរិយធម៌ អ្នកជាគ្រហ្ថត្រូវចេះកំណត់កាមារម្មណ៍របស់ខ្លូន ព្រោះថាអ្នកល្មោភក្នុងកាមគុណពេកនិងនាំឲ្យខ្លួនបាក់កម្លាំង។
៦.សីលវា មានសីល ប្រព្រិត្តល្អ មិនធ្វើអ្វីដែលខុស។
៧.កល្យាណមិត្ត មានមិត្តល្អ មិត្តដែលមិនបបួលទៅរកអបាយមុខទាំង៤គឺ៖ ស្រី ស្រា ល្បែង និងអំពើពាលា ។
ក្រៅពីអាយុវឌ្ឍនធម៌នេះ ត្រូវប្រើថ្នាំផ្សេងៗតាមបែបវិទ្យាសាស្រ្តក្នុងគោលបំណងគឺដើម្បីឲ្យមានសុខភាពល្អតែប៉ុណ្ណោះ ។
ខ.គុណសម្បត្តិទី២គីសុខភាព
សមត្ថភាព គីភាពដែលអាចបំពេញកិច្ចការណាមួយឲ្យសម្រេចទៅបានដោយការប្រើមធ្យោបាយគ្រប់បែបយ៉ាងទាំងផ្លូវកាយ ផ្លូវចិត្ត​ និងផ្លូវបញ្ញា ។​ សមត្ថភាពរបស់បុគ្គលម្នាក់ជារបស់បុគ្គលនោះដោយផ្ទាល់ ។ សមត្ថភាពជារបស់ដែលអាចបណ្ដុះបានបើគេធ្វើការហ្វឹកហាត់អប់រំឲ្យបានត្រឹមត្រូវ ។ ជាទូទៅសមត្ថភាពអាចកើតមានពី៖
      អំណាចធម្មជាតិ គីពីកំណើត
      ការរៀនសូត្រ ត្រិះរិះ សាក់សូរ ចងចាំច្រើន
      ការហ្វឹកហាត់អប់រំ
      ការពីសោធន៏ក្នុងកិច្ចការ
      កម្លាំងចិត្ត
      កល្យាណមិត្ត
      នៅក្នុងបរិយាកាសដែលអំណោយផលល្អ ។
ក្នុងចំណោមប្រភពទាំង៧នេះ មានតែសមត្ថភាពដែលកើតពីធម្មជាតិផ្ដល់ឲ្យទេ ដែលលំបាកក្នុងការស្វែងរក ក្រៅពីនេះសុទ្ឌតែជារឿងដែលអាចហ្វឹកហាត់ និងរកបានទាំងអស់ ។
គ្រឹះសមត្ថភាព
សប្បុរសធម៌មាន៧យ៉ាងគឺ៖         
          ស្ថាបត្យកម្មទាំងឡាយ ដែលនឹងអាចឈរនៅតាំងមាំបាន ព្រោះអាស្រ័យគ្រឹះជាមូលដ្ឋានទ្រយ៉ាងណា អ្នកដឹកនាំត្រូវចាក់គ្រឹះសមត្ថភាពជាតួទ្រទ្រង់សម្រាប់បំពេញភារកិច្ចនាទីខ្លួនដូចគ្នាដែរ ។ ជាពិសេសការងារកាន់តែធំនិងលំបាក់គ្រឹះសមត្ថភាពក៍រឹតតែត្រូវមាំទាំថែមទៀតដែរ។
               
          គ្រឹះសមត្ថភាពរបស់អ្នកដឹកនាំហៅថា «សប្បុរសធម៌» មាន៧យ៉ងគឺ៖
          ១.ធម្មញ្ញុតា គឺការស្គាល់ ការដឹងហេតុការណ៍ ស្គាល់វិធីដែលនិងនាំឲ្យទៅដល់គោលដៅថាមានអ្វីខ្លះ និងមានលក្ខណៈដូចម្ដេច? បើតាមគោលអរិយសច្ចៈបានដល់ការដឹងហេតុដែលនាំឲ្យកើតទុក្ខ បញ្ហា និងវិបត្តិផ្សេងៗ និងដឹងហេតុវិធីដែលសម្រាប់ដោះស្រាយវា ។
          ២.អត្ថញ្ញុតា គឺការដឹងផល ដឹងគោលបំណង ស្គាល់ប្រយោជន៍ ដែលចង់បានថាមានលក្ខណៈយ៉ាងណា ផលហ្នឹង គោលបំណងហ្នឹងកើតឡើងបាន ព្រោះអាស្រ័យគោលការណ៍យ៉ាងដូច្នេះ ដូច្នោះជាដើម។
          ៣.អត្តញ្ញុតា គឺការស្គាល់ខ្លួនឯងថា​ មានឋានៈ ភេទ កម្លាំងចំណេះដឹង សមត្ថភាព ការស្ទាត់ជំនាញជាដើម។ ថាតើវាមានប៉ុណ្ណា គ្រប់គា្រន់ និងសមរម្យសម្រាប់ក្នុងការដឹកនាំហើយឬនៅ ។ ដោយមិនត្រូវគិតតែពីប្រយោជន៍ផ្ទាល់ខ្លួ​ន ឬខ្លាចគេថាខ្លួនមិនមានសមត្ថភាពនោះទេ ។
          ៤.មត្តញ្ញុតា ភាពជាអ្នកស្គាល់ប្រមាណក្នុងការស្វែងរក គ្រឿងចិញ្ចឹមជីវិតដោយផ្លូវប្រពៃ ព្រទាំងការស្គាល់ប្រមាណក្នុងការបិភោគជាដើម។
          ៥.កាលញ្ញុតា គឺស្គាល់កាលវេលា បានដល់ការស្គាល់ឱកាសឲ្យសមរម្យនិងស្ថានភាព ។
          ៦.បរិសញ្ញុតា គឺស្គាល់ពីមនុស្សម្នាក់ៗថាមានអធ្យាស្រ័យ សមត្ថភាព ជំនាញ គុណធម៌ និងចំណេះដឹងប៉ុណ្ណោះ ដើម្បីដាក់ការងារឲ្យសមស្រ​បនឹងបុគ្គលនោះ ។ ក្នុងព្រះពុទ្ធសាសនាបានចែកមនុស្សជា៦ប្រភេទ ក្នុងការស្គាល់ទៅតាមចរិតរបស់បុគ្គលម្នាក់ៗគឺ៖
          ១.រាគចរិត ចរិតស្រលាញ់ស្អាតល្អ
          ២.ទោសចរិត ចរិតប្រញាប់ប្រញាល់ ក្ដៅក្រហាយ
          ៣.មោហចរិត ចរិតទើកមើក ល្ងង់ល្ងីល្ងើ
          ៤.សទ្ធាចរិត ចរិតដែលចូលចិត្តជឿ រហ័សជឿ
          ៥.វិតក្កចរិត ចរិតចូលចិត្តខ្វល់ខ្វាយ
          ៦.ពុទ្ធិចរិត្ត ចរិត្តចូលចិត្តត្រិះរិះច្រើន និងឆ្លាត ។
អ្នកជឿមានហេតុផល
          «ធ្វើមេគេហើយនៅតែត្រចៀកស្រាលទៀត» នេះជាពាក្យដែលខ្មែរយើងតែងតែចំណាំ និយាយរិះគន់ចំពោះមេដឹកនាំណា ដែលនិយាយអ្វីបន្តិចក៏ជឿ អ្វីបន្តិចក៏ខឹង ព្រោះដាក់ចិត្តថារឿងនឹងជារឿងពិត​ ដោយប្រកាន់ថា​ «អ្នកណាទៅដល់មុន អ្នកហ្នឹងឈ្នះហើយ»ដោយមិនបានទាំងពីចារណាឲ្យបានច្បាស់លាស់ផងនោះ ។
នៅក្នុងកាលាមសូត្រដែលព្រះសម្ពុទ្ធបានសម្ដែងអំពីវិធីបដិបត្តិក្នុងការដែលគួរឲ្យសង្ស័យ ឬគោលការណ៍នៃការជឿចំនួន១០យ៉ាងសម្រាប់ជាការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិចារណា  ពិសោធន៍មុននឹងជឿរឿងនោះថាពិតឬមិនពិត ។ មានដូចខាងក្រោមនេះ៖
          ១.មា​ អនុស្សវេន កុំទាន់ជឿព្រោះគ្រាន់តែជាការបានស្ដាប់តៗគ្នាមក។
២.មា រម្បរាយ កុំដាក់ចិត្តជឿ ព្រោះដោយការកាន់តៗគ្នាជាប្រពៃណីពីបុរាណមក។
          ៣.មា ឥតិករាយ កុំដាក់ចិត្តជឿ ព្រោះដោយការនិទានតៗគ្នាមក។
          ៤.មា បិដកសម្បទានេន កុំដាក់ចិត្តជឿ ព្រោះដោយអាងតម្រា ឬគម្ពីរ។
          ៥.មា តក្កហេតុ កុំដាក់ចិត្តជឿ ព្រោះដោយការគិតបែបតក្កវិទ្យា។
          ៦.មា នយហេតុ កុំដាក់ចិត្តជឿ ព្រោះដោយការអនុមាន។
          ៧.មា​ អាការបរិវិតក្កេន កុំដាក់ចិត្តជឿ​ ដោយការគិតពិចារណាតាមបែបហេតុផល។
          ៨.មា​ ទិ៦ដ្ឋិជ្ឈានក្ខន្តិយា កុំដាក់ចិត្តជឿ ព្រោះត្រូវនឹងទ្រឹស្ដីដែលពិនិត្យហើយ។
៩.មា ភព្វរូបកាយ កុំដាក់ចិត្តជឿ ព្រោះមើលទៅលើរូបលក្ខណៈហាក់ដូចជាអញ្ចឹងមែន។
          ១០.មា​ សមណោ កុំដាក់ចិត្តជឿ ព្រោះលោករ​បនេះជាគ្រូរបស់យើង។
          បើដូច្នេះតើយើងគូរជឿដូចម្ដេច? ព្រះបរមគ្រូបានត្រាស់ថា លុះត្រាតែកាលណាដឹងច្បាស់ដោយចិត្តរបស់ខ្លួនថាធម៌ទាំងអស់នោះជាអកុសល ជាកុសលជាដើមហើយទើបគួរជឿ។    ដូច្នេះអ្នកដឹកនាំ មុននិងជឿត្រូវពីជារណាលើគោលការណ៍ ទាំង១០នេះជាមុនសិនដុចជាសុភាសិតខ្មែរថា «ស្ដាប់មិនទាន់ជាក់ កុំអាលញាក់ចិញ្ចើម»។ ព្រោះថាអ្នកដឹកនាំ គឺជាអ្នកទទូលខុសត្រូវលើវាសនារបស់អ្នកដទៃទៀតជាច្រើន នាក់។

No comments

Powered by Blogger.