Header Ads

Header ADS

ទាន គឺការឲ្យ


          កំណើតរបស់មនុស្សយើងសព្វថ្ងៃនេះ​ គឺទានរបស់មាតាបិតាយើងដែលលោកបានផ្ដល់ឲ្យ ។ ពាក្យថា ទាន ​ប្រើចំពោះបរិបទ ២ យ៉ាងគឺ៖
          ក.ទាន ការឲ្យដើម្បីជម្រះកិលេសដែលមាននៅក្នុងចិត្តរបស់អ្នកឲ្យ
          ខ.ទាន ការឲ្យដើម្បីជួយសង្គ្រោះអ្នកទទួលទាន ។
ទានទាំងពីរនេះ មានរបៀបឲ្យខុសប្លែកពីគ្នាខ្លះដូចតារាងខាងក្រោម៖
ទានដើម្បីកំចាត់កិលេស
ទាន ដើម្បីសង្គ្រោះ​
-អ្នកឲ្យត្រូវមានសីល
-រឹតតែឲ្យច្រើនរឹតតែល្អ
-ចេតនាដើម្បីយកបុណ្យ​ និងលះសេចក្ដីណាញ់ក្នុងខ្លួន
-ឲ្យដោយការគោរព -ល- ។
-មានសីល ឬគ្មានមិនសំខាន់
-ឲ្យដល់អ្នកដែលយើងចង់ឲ្យគេស្រលាញ់យើងវិញ
-ឲ្យរបស់ដេលអ្នកត្រូវចិត្តទទួល
-ត្រឹមតែសម្ដែងចិត្តស្មោះដល់អ្នកទទួល -ល- ។

តាមការប្រៀបធៀបនេះយើងឃើញមានលក្ខណៈខុសគ្នាគឺ
          ក.ការឲ្យដើម្បីជំរះកិលេស មានគោលបំណងដើម្បីបដិបត្តិខាងផ្នែកផ្លូវចិត្តរបស់ខ្លួន ។
          ខ.ការឲ្យដើម្បីសង្គ្រោះ មានគោលបំណងដើម្បីប្រណិប័តន៍យកចិត្តអ្នកទទួល ។
          ការឲ្យទានដើម្បីកំចាត់សេចក្ដីលោភនេះ ចំពោះអ្នកដឹកនាំ គឺជាការសាងបារមីឲ្យកើតមានដល់ខ្លួនឲ្យមហាជនទុកចិត្តលើភាពស្មោះត្រង់ចំពោះនាទីដឹកនាំរបស់អ្នកដឹកនាំបាន​។ ទានប្រភេទនេះអាចកំចាត់នូវពាក្យស្លោកខ្មែរថា«មាន់នៅលើស្រូវ​ លែងអីនឹងស៊ីស្រូវ»។
          ការឲ្យទានដើម្បីសង្គ្រោះ គឺបានផលមកវិញ២យ៉ាងគឺ ការទទួលបានសេចក្ដីស្រលាញ់ពីអ្នកទទួល និងបានទទួលអាមិសតបត្រឡប់មកវិញ ដូចជាទ្រព្យរបស់ កិតិ្តយស និងកេរ្តិ៍ឈ្មោះ ។
          ប្រភេទរបស់ទានមាន ៣ ប្រភេទគឺ
          ១.វត្ថុទាន ការឲ្យវត្ថុ មានបច្ច័យ៤ជាដើម​ ។ ការឲ្យនេះលោកប្រើពាក្យថា ការបែកចែកគឺមិនមែនរហូតដល់ទៅអស់ពីដៃនោះទេ ។​
          ២.ធម្មទាន​ គឺការឲ្យធម៌ បានដល់ការឲ្យចំណេះដឹង និងឲ្យសមត្ថភាពដែលអាចឲ្យអ្នកទទួល ​ យកទៅជួយខ្លួនគេបាន។​  ឲ្យធម៌ ឲ្យការប្រៀនប្រដៅ ដូចជា ជួយដាស់តឿន ណែនាំឲ្យស្គាល់ពីការប្រព្រឹត្តិល្អ​ ការតស៊ូរប្រឹងប្រែងជាដើម ។
          ៣.អភ័យទាន គឺការឲ្យអភ័យទោស​ចំពោះមហាជនមានមេត្តា ករុណាមិនមែនជាមនុស្ស ចងពៀរ ចងអាឃាត ព្យាបាទ ។ ការអត់ទោសឲ្យ គឺការផ្ដាច់ពៀរ ផ្ដាច់ការសងសឹក ។
សីលគឺប្រក្រតីភាព
          អ្នកដឹកនាំដែលល្អ គឺជាអ្នកដឹកនាំដែលគោរពច្បាប់ មានវិន័យ និងរក្សាសីលឲ្យបានល្អ ។ ប្រភេទសីលមាន៤យ៉ាងដែលអ្នកដឹកនាំត្រូវអនុវត្ត គឺចតុប្បារិសុទ្ធិសីល គឺ៖
          ១.ឥន្រ្តិយសំវរសីល ការប្រុងប្រយ័ត្ន សង្រួម នឹងធឹង រវាងនូវឥន្រ្តីយ៍ទាំង៦គឺ ភ្នែក...។
          ២. បាដិមោក្ខសំវរសីល ការគោរពច្បាប់ ដែលជារដ្ឋធម្មនុញ្ញ ។ ត្រូវសិក្សា ​និងអនុវត្តតាមជាប់ជានិច្ចសម្រាប់គ្រប់គ្រងដឹកនាំប្រទេសជាតិ។
          ការរក្សាសីលខទី២​ នេះ គឺការគោរពច្បាប់ មានពីរ យ៉ាងគឺ៖
          -រក្សាច្បាប់ខាងសាសនា គឺការក្សាសីល ៥ ជាដើម។
          -រក្សាច្បាប់ខាងអាណាចក្រ គឺការគោរពច្បាប់ ធ្វើតាមច្បាប់ មិនរំលោភច្បាប់ ដែលមានច្បាប់នីតិបញ្ញត្តិជាដើម។
          ៣. អាជីវបារិសុទ្ធិសីល គឺការមានអាជីវកម្មបរិសុទ្ធ មិនរកស៊ីខុសច្បាប់ ឬត្រូវបង់ពន្ធ...។
          ៤.បច្ចយសន្និស្សិតសីល គឺសង្រួមប្រយ័ត្នក្នុងការពិចារណាលើការប្រើប្រាសបច្ច័យព្រោះថាបច្ច័យទាំងនោះជារបស់បានពីរាស្រ្ត។ដូចនេះត្រូវដោយប្រុងប្រយ័ត្នមិនខ្ជះខ្ជាយ មិនបំផ្លាញ។
          ផលរបស់សីលមាន ៣គឺ បើអ្នកដឹកនាំមានសីលជាគំរូឲ្យប្រជារាស្រ្តធ្វើតាម
          -នាំមកនូវស្ថានសួគ៌នាបច្ចុប្បន្នឲ្យកើតឡើង។
          -ប្រទេសនឹងទៅជាសង្គមដែលមានការអភិវឌ្ឍន៍ក្លាយទៅជាអារ្យប្រទេស ។
          -សីលនាំមកឲ្យសង្គមបាននូវសេចក្ដីត្រជាក់ត្រជំ គ្មានភ្លើងសង្រ្គាម ។
បរិច្ចាគៈ គឺាការលៈបង់
          បានដល់ការលះបង់សេចក្ដីសុខរបស់ខ្លួន ឬទ្រព្យសម្បត្តិខ្លួន ដើម្បីប្រយោជន៍ មិនចំពោះអ្នក ឬក្រុមណាមួយឡើយ ដូចជា៖
          -បរិច្ចាគកម្លាំង ដើម្បីកសាងផ្លូវ
          -បរិច្ចាគដី ដើម្បីកសាងមន្ទីរពេទ្យ
          -បរិច្ចាគឈាម ដើម្បីព្យាបាលជម្ងឺ
          -បរិច្ចាគទ្រព្យ ដើម្បីកសាងវត្តអារាម
          -បរិច្ចាគសេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីសេចក្ដីសុខមហាជន...។
          បរិច្ចាគ មាន៤ប្រការគឺ៖
          ក.ទ្រព្យ​ បា​នការឲ្យរបស់មាន ពីរយ៉ាងគឺ៖ រូបទ្រព្យ និងនាមទ្រព្យ ។
          -រូបទ្រព្យ បានដល់ដីធ្លី ផ្ទះសម្បែង យានជំនិះ មាស ប្រាក់ សត្វពាហនៈជាដើម ។
          -នាមទ្រព្យ  បានដល់អំណាច កេរ្តិ៍ឈ្មោះ  តំណែង  ការឃើញតែប្រយោជន៏ខ្លួន  សេចក្ដីសុខស្រួល  សេចក្ដីស្នេហា...។
          ខ.អវយវ បានដល់រាងកាយ ដូចជាភ្នែក ត្រចៀក ច្រមុះ មាត់ ដៃ ជើង -ល-។
          គ.ជីវិត បានដល់ជីវិតដែលមានដង្ហើមចេញចូល។
          ឃ.ធម៌ បានដល់គុណធម៌ ដូចជាសន្តិធម៌ ការត្រឹមត្រូវ និងយុត្តិធម៌....។
                   ការលះបង់ទាំង៤ នេះបើប្រៀបធៀបមនុស្ស និងដើមឈើយើងឃើញថា៖
                   ក្រមរឈើ          =        ទ្រព្យ
                   សំបកឈើ         =         អវយវ
                   ស្រាយ             =          ជីវិត
                   ខ្លឹម                 =          ធម៌
អាជ្ជវៈ គឺការត្រង់
          អ្នកដឹកនាំដែលជាប្រមុខគេនោះត្រូវតែជាមនុស្សត្រង់ ព្រោះថាបើប្រធានមិនស្មោះត្រង់ ហើយអ្នកនៅក្រោមនោះក៏មិនស្មោះត្រង់តាមជាបន្តបន្ទាប់ជាមិនខាន។ ឯការដែលមិនត្រង់នោះយើងដឹងគ្រប់គ្នាហើយថាគឺកោង វៀចវេរ ក្រង៉ិកក្រងក់នេះ​ឯង។ លក្ខណៈរបស់ត្រង់បើយើងចង់ដឹងថារបស់ណាមួយត្រង់ ឬមនិត្រង់នោះលោកឲ្យមើល ៣ចំណុចគឺ ដើម កណ្ដាល និងចុង។
          -ដើម ការគិត គឺជាចេតនារបស់អ្នកធ្វើដេលនឹងធ្វើឲ្យអ្នផងយល់យ៉ាងណាៗ។
          -កណ្ដាល គឺសម្តី ឬពាក្យនិយាយ ជាបដិញ្ញាកម្មធ្វើឲ្យអ្នកដ៏ទៃបានឮ ឬបានឃើញ។
          -ចុង គឺទង្វើ ជាព្រឹត្តិកម្មដែលបានសម្តែងមក។ ប្រភេទរបស់ត្រង់ មាន ៥ប្រភេទ គឺ៖
          ក.ត្រង់ចំពោះនាទី បានដល់ការទទួលស្គាល់ថានាទីជារឿងសំខាន់មានពីរប្រភេទ គឺ៖
ត្រង់ចំពោះនាទីខ្លួន និងត្រង់ចំពោះនាទីរបស់អ្នកតូច ។
          ខ. ត្រង់ចំពោះការងារ បានដល់ការធ្វើការងារគ្រប់បែបយ៉ាងឲ្យបានល្អ និងដល់កម្រិតនៃការងារនោះ ។
          គ. ត្រង់ចំពោះវាចា ការផ្ដល់សំខាន់ទៅលើពាក្យនិយាយរបស់ខ្លួន ។
          ឃ.ត្រង់ចំពោះសេចក្ដីល្អជា កំពូលនៃសេចក្ដីត្រង់គឺជាអ្នកមានយុត្តិធម៌ត្រឹមត្រូវតាមធម៌ និង ប្រកបដោយធម៌ជាដើម។
មទ្ទវៈ គឺការទន់ភ្លន់
          អ្នកដឹកនាំត្រូវមានកិរិយាសុភាព ទន់ភ្លន់ មានរបៀបរៀបរយ និងជាអ្នកមិនក្រញេងក្រញាង មិនរឹងរូសចំពោះមហាជនដែលខ្លួនដឹកនាំឡើយ​ ។
          ជាលក្ខណៈទន់ភ្លន់ដែលអ្នកដឹកនាំគួរមានដូចជា៖
          -មុខញញឹមញញែម មិនស្អុយ មិនស្រពោន មិនក្រញូវ
          -រាក់ទាក់ចំពោះអ្នកតូច
          -សម្ដែងសេចក្ដីគោរពចំពោះបូជណីយបុគ្គល និងបូជណីយស្ថាន ទោះបីខ្លួនមិនគោរព បូជាក៏ដោយ។
          -ទទួលនូវសេចក្ដីគោរពពីគេ និងមិននិយាយអួតអាង ក្អេងក្អាងជាដើម។
តបៈគីជាការកំចាត់អំពើអាក្រក់
          តបៈមានពីរគឺ៖ តបៈព្រះរាជា និងតបៈព្រះ​ឫសី។
          ក.តបៈព្រះរាជា គឺចាតបៈដែលដុតកម្ដៅជនពាល ជនអាក្រក់ មានដូចជា៖
          -ប្រកាសយ៉ាងបើកចំហ និងដាច់ខាតមិនចូលដៃជើងនឹងមនុស្សអាក្រក់
          -មិនជួយសង្រ្គោះជនអាក្រក់ដោយខុសច្បាប់
          -ដាក់ទោសដល់ជនអាក្រក់
          -មិនផ្ដល់កិត្តិយស ឬបុណ្យសក្ដិអំណាចដល់ជនអាក្រក់
          -មិត្តត្រេកអរចំពោះលាភសក្ការៈដែលជនអាក្រក់នាំមកឲ្យខ្លួន....។
          ខ.តបៈព្រះឫសី បានដល់ការបដិបត្តិ ដើម្បីដុតកម្ដៅនូវអំពើអាក្រក់ដែលមាននៅក្នុងខ្លួនឲ្យអស់ទៅ ដូចជា៖ ឈប់គិតព្យាបាទគេ ឈប់ប្រទូស្ដសរាយគេ ឈប់ចងគំនុំគេ.....។
អក្កោធៈ គឺការមិនក្រេវក្រោធ
          អ្នកដឹកនាំណាដែលមិនមានក្រោធនឹងនាំមកនូវសេចក្ដីសុខដល់មហាជន ។ សេចក្ដីក្រោធជាអាការៈរបស់ចិត្តដែលក្ដៅឆួលឆេះ ក្រវល់ក្រវាយ ពុះកញ្រ្ជោល កើតមកពីហេតុ៤ គឺ៖
          -ព្យាបាទ គឺការចងគំនុំសងសឹក
          -ទោស គឺការគិតប្រទូស្ដរាយ
          -បដិឃៈ គឺការទាស់ចិត្ត
          -អរតិ គឺការមិនពេញចិត្ត
          ហេតុទាំង ៤នេះហើយដែលនាំឲ្យកើតមានកោធៈ គឺការក្ដៅពុះកញ្រ្ជោលឡើង។
ខន្តី គឺការអត់ធន់
          ហើយការអត់ធន់នេះ មានពីរស័ព្ទគឺ អត់ និងធន់ ។
          -អត់ គឺការទប់ ការអត់ធ្មត់ បានដល់ការហាមចិត្តរបស់ខ្លួនមិនឲ្យធ្វើតាមតែចិត្តចង់។
          -ធន់ គឺការទ្រាំចំពោះអារម្មណ៍ ដែលខ្លួនមិនចូលចិត្តដែលខ្លួនស្អប់ ។
          ការអត់ធ្មន់ និងការអត់ទ្រាំ ទាំងពីនេះរួចូលគ្នាទៅជាអត់ធន់ ឬខន្តី ។
          អ្នកដឹកនាំត្រូវអត់ធន់ចំពោះហេតុដូចជា៖
          -អត់ធន់ចំពោះកិលេសខ្លួនឯង
          -អត់ធន់ចំពោះអ្នកតូ​ច
          -អត់ធន់ចំពោះការងាររបស់ខ្លួន
          -អត់ធន់ចំពោះ ពាក្យណែនាំ ពាក្យប្រឹក្សា
          -អត់ធន់ចំពោះមនុស្សល្ងង់
          -អត់ធន់ចំពោះកូនក្មេង (សកម្មភាពស្មុគ្រស្មាញ)
          -អត់ធន់ចំពោះមនុស្សប្រឆាំង
          -អត់ធន់ចំពោះពាក្យត្មះតិះដៀល
          -អត់ធន់ចំពោះសង្គម
          -អត់ធន់ចំពោះពេលវេលា
          -អត់ធន់ចំពោះការប្រែប្រួលនៃធម្មជាតិជាដើម​។
          ការអត់ធន់នេះ បើយើងរៀចទៅមានច្រើនតទៅទៀតណាស់ តែបើសំខាន់ជាងគេមានចំនួន ៤ គឺ
          -អត់ធន់ចំពោះសេចក្ដីលំបាក មានការងារ ការនឿយហត់ ស្រេកឃ្លាន ក្ដៅត្រជាក់...។
          -អត់ធន់ចំពោះទុក្ខវេទនា ការឈឺចាប់ ជម្ងឺតម្កាត់ សោកសៅ ​ព្រាត់ប្រាស់ របួស...។
          -អត់ធន់ចំពោះការឈឺចាប់ ការអយុត្តិធម៌ ត្រូវគេដើរនិន្ទា មើលថោកមើលងាយ...។
          -អត់ធន់ចំពោះអំណាចកិលេស អត់ធន់ចំពោះការបញ្ជោរ អួតលើកជើង ការចង់បាននូវអំណាចមិនត្រឹមត្រូវតាមធម៌ ។ ឬួមគឺការអត់ធន់ចំពោះចិត្តដែលចង់ធ្វើអ្វីស្រេចតែចិត្ត ។
អវិហឹង្សា គឺការមិនបៀតបៀន
          គឺការមិនធ្វើឲ្យគេក្ដៅក្រហាយ រងទុក្ខ ព្រោះតែប្រយោជន៍ដើម្បីខ្លួន សេចក្ដីត្រូវការរបស់ខ្លួន ឬបក្សពួករបស់ខ្លួន ។
          អ្នកដឹកនាំត្រូវបៀតបៀននូវហេតុ ១០ ដែលហៅថា អកុសលកម្មបទ ១០ គឺ៖
          ១.បាណាតិបាត បៀតបៀនជីវិត បានដល់ការសម្លាប់ ការធ្វើបាបរាងកាយ
          ២.អទិន្នាទាន បៀតបៀនទ្រព្យ បានដល់ការលួច កេងប្រវ័ញ្ច ឆបោក ស៊ីសំណូក ពុករលួយ គាបសង្គត់ឲ្យគេខូចទ្រព្យសម្បត្តិ​...។
          ៣.កាមេសុមិច្ឆាចរ បៀតបៀនក្រុមគ្រួសារ បានដល់ការទៅសាហាយស្មន្ធ​ ជាមួយប្រពន្ធឬប្ដីគេ ធ្វើឲ្យគេឈ្លោះប្រកែកគ្នា លែងមានសេចក្ដីសុខក្នុងគ្រួសារ...។
          ៤.មុសាវាទ បៀតបៀនខាងផ្លូវចិត្ត​ បានដល់ការកុហកបញ្ឆោត ឲ្យគេរងគ្រោះព្រោះសម្ដីមិនពិតរបស់ខ្លួន...។
          ៥.ផរុសវាទ បៀតបៀនសេចក្ដីស្ងប់ចិត្ត បានដល់ការជេរប្រទេចនូវពាក្យអាក្រក់​ អាសអាភាស​ ថោកទាប-ល- ដែលធ្វើឲ្យគេខូចសេចក្ដីស្ងប់ក្នុងចិត្ត ខ្មាស់គេ​ ខូចកេរ្ដិ៍ឈ្មោះ កិត្តិយស...។
          ៦.បិសុណាវាទ បៀតបៀនការសាមគ្គី ភាពសុខដុមរម្យនារបស់គេ ដោយការទៅនិយាយញុះញង់ ចាក់ចុច ឆ្កឹះឆ្កៀល ធ្វើឲ្យគេខូចមិត្តភាព ខូចសាមគ្គី បែកបាក់ ឈ្លោះប្រកែកគ្នា​ មើលមុខគ្នាមិនត្រង់...។
          ៧.សម្ផប្បលាប បៀតបៀនសេចក្ដីចម្រើន​ គឺធ្វើឲ្យគេខូចកិត្តិយស កេរ្តិ៍ឈ្មោះ ដោយការដើរនិយាយនិន្ទា មូលបង្កាច់ យកការពិតមិនបានធ្វើឲ្យគេខាតប្រយោជន៍ជាដើម ។
          ៨.អភិជ្ឈា បៀតបៀនផលប្រយោជន៍ គឺការស្ដែងចិត្តឲ្យឃើញថាជាមនុស្សល្មោភជាដើម ។
          ៩.ព្យាបាទ បៀតបៀនសន្តិសុខដោយការចងអាឃាតព្យាបាទគេជាដើម ។
          ១០.មិច្ឆាទិដ្ឋិ​ បៀតបៀនសទ្ធា ដោយសទ្ធាជំនឿរបស់ខ្លួនដោយគ្មានខ្លាចក្រែងចិត្ត ។
អវិរោធនៈ គឺការធ្វើអ្វីមិនឲ្យខុស
          ការធ្វើអ្វីមិនឲ្យខុសមានដូចជា៖ យល់មិនឲ្យខុស គិតមិនឲ្យខុស និយាយមិនឲ្យខុស ធ្វើមិនឲ្យខុស ចិញ្ចឹមជីវិតមិនឲ្យខុស ព្យាយាមមិនឲ្យខុស រំលឹកមិនឲ្យខុស និងតម្គាល់ចិត្តមិនឲ្យខុសជាដើម ។
ខ.ព្រហ្មវិហារធម៌
ព្រហ្មវិហាធម៌ ឬធម៌សម្រាប់អ្នកធំ មនា ៤ យ៉ាងគឺ
          ១.មេត្តា គឺការស្រលាញ់​ការមានសេចក្ដីអាណិតបា្រថ្នាល្អចង់ឲ្យគេបានសុខ ព្រោះមេត្តាគឺជាពាក្យផ្ទុយនឹងវិហឹង្សា គឺការបៀតបៀន ឬហឹង្សាការឃោរឃៅ ។ ប្រសិនបើអ្នកដឹកនាំមានសណ្ដានចិត្តជាមនុស្សឃោរឃៅ គិតតែចង់ព្យាបាទ បៀតបៀនអ្នកក្រោមបង្គាប់ខ្លួនឯងទៅហើយ តើមានសេចក្ដីសុខ សន្តិភាព និងការរីកចម្រើនលូតលាស់នឹងមានមកពីណា?យើងដឹងហើយថាគោលបំណងរបស់ការគ្រប់គ្រងគឺ«ការមានសេចក្ដីសុខ គឺជារបស់ដ៏មហាឧត្តម»។ មេត្តាមាន ៣ យ៉ាងគឺ៖ -មេត្តាមនោកម្ម គឺតាមផ្លូវចិត្ត តាមការគិត គឺគិតតែអំពីអំពើល្អគ្រប់បែបយ៉ាង ។
          -មេត្តាវចីកម្ម គឺតាមផ្លូវសម្ដី តាមវាចា គឺបានដល់ការនិយាយតែពាក្យមានប្រយោជន៍។
          -មេត្តាកាយកម្ម គឺតាមទង្វើដែលខ្លួនប្រព្រឹត្តិដោយកាយ បានដល់ការធ្វើតែអំពើល្អ ។
          ២.ករុណា ការអាណិត ជួយឲ្យគេរួចពីសេចក្ដីទុក្ខ  ។ គឺបង្ហាញនូវមេត្តាចិត្តដែលខ្លួនមានឲ្យបា្រកដច្បាស់ដោយការចូលទៅជួយយកជាធុរៈក្នុងការកំចាត់នូវបញ្ហា វិបត្តិ សេចក្ដីទុក្ខទាំងឡាយ​ ដែលអ្នកក្រោមបង្គាប់កំពុងមាន និងដែលបំរុងកើតមាន ។
          ៣.មុទិតា ការត្រេកអពេលដែលគេបានសេចក្ដីសុខ ។ គឺការត្រេកអរ​សប្បាយរីករាយពេលដែលគេមាន ឬបានសេចក្ដីសុខ ជាព្រវិហាធម៌ទី៣ ដែលអ្នកដឹកណាគប្បីបណ្ដុះនៅក្នុងសន្ដានចិត្តខ្លួន ។​ មេត្តា គឺការប្រាថ្នាឲ្យគេបានសុខករុណា ពេលគេមានទុក្ខក៏ជួយដោះនូវទុក្ខគេ ឯមុទិតាវិញ ពេលដែលជួយគេហើយ ក៏សប្បាយចិត្តមិនមានចិត្តគិតនិងទាមទារអ្វីពីជនរងគ្រោះ​។ មុទិតា បើនិយាយឲ្យចំ គឺការមិនចេះច្រណែន មិនចេះនិន្ទាឈ្នានីស មិនព្យាបាទនិងមិនផ្ដន់ទា ចំពោះសេចក្ដីសុខរបស់ជនណាទេ គឺមានតែត្រេកអរ និងជួយអនុមោទនា សាធុ! សាធុ!សាធុ! នៅពេលបានឃើញ ឮដឹងថាអ្នកណាមួយ​មានសេចក្ដីសុខ ។
          ៤.ឧបេក្ខា ការធ្វើចិត្តជាកណ្ដាល មានចិត្តទៀងត្រង់ ។ គឺជាក្រុមបញ្ញា ដែលមានតួនាទីឃុំគ្រង ត្រួតពិនិត្យនូវគោលធម៌ និងសកម្មភាពផ្សេងៗ ដែលកើតចេញពី មេត្តា ករុណា មុទិតា ។
 ឧទាហរណ៍ថា យើងដើរទៅជួបមនុស្សម្នាក់កំពុងលងទឹក ។ យើងមានចិត្តមេត្តាចំពោះជនរងគ្រោះនោះណាស់ ក៏កើតករុណាទៅជួយដើម្បីឲ្យគ្នារួចផុតពីសេចក្ដីស្លាប់ ។ ពេលនោះឯងជាពេលដែលយើងត្រួវប្រើឧបេក្ខា ។ បើយើងមានតែមេត្តា និងករុណាដ៏លើសលប់ ហើយក៏លោតប្រូងចុះទៅក្នុងទឹកដោយពុំមានគិតថាខ្លួនឯងមិនចេះហែលទឹកទេ តើផលដែលកើតឡើងនឹងទៅជាយ៉ាងណា ? គឺអ្នកនោះក៏ស្លាប់ យើងក៏ស្លាប់ដោយឥតប្រយោជន៍ ។ បើមានឧបេក្ខាយើងនឹងពិចារណារកហេតុផលបន្តិចសិន បើថាយើងមិនចេះទេ យើយក៏ស្រែកហៅគេឲ្យជួយ ។ បើគ្មានអ្នកជួយទេ យើងក៏ហុចឈើឲ្យគេតោង  ឬបោះកំណាត់ឈើឲ្យគេតោង ។ បើគ្មានមនុស្សជួយ យើងមិនចេះហែលទឹក គ្មានឈើ ។ ឧបេក្ខា គឺតម្រូវឲ្យយើងពិចារណាទៅតាមច្បាប់កម្មរបស់សត្វថា «ធ្វើម្ដេចនេះជាវិបាកកម្មរបស់សត្វ គឺប្រហែជាបាបកម្មពីមុនមកហើយ» ។

No comments

Powered by Blogger.