វិធីការក្នុងការគិតបណ្ដុះគុណធម៌ក្នុងគ្រួសារ តើត្រូវបដិបត្តិយ៉ាងណា?
ការគិតនឹងបណ្ដុះគុណធម៌ គឺការសម្លឹងនូវរបស់ផ្សេងៗក្នុងផ្លូវល្អឲ្យកើតផលល្អឬជា ប្រយោជន៍ ដែលជារឿងត្រូវតែមានក្នុងគ្រួសារ។ ដូចយ៉ាងក្នុងការសិក្សារបស់ក្មេង ដូចជាឪពុកម្ដាយ និង កូនៗ បើករថយន្តទៅឃើញក្មេងស្លៀកពាក់ដាច់ដោច ឬ កខ្វក់ ពេលនោះ កូនសម្លឹងមើលរបស់របរជុំវិញខ្លួនគេ មានចិត្ត និងអាកប្បកិរិយាសម្លឹងក្នុងជ្រុងណា មានការរលឹកដឹងក្នុងសភាពដែលកំពុងប្រាកដនោះយ៉ាងណា ឪពុកម្ដាយអាចណែនាំបានមិនថាក្នុងផ្លូវកុសលឬអកុសល។បើឪពុកម្ដាយប្រាប់ថា ក្មេងនេះគួរឲ្យខ្ពើម កខ្វក់ កុំទៅមើល យ៉ាងនេះជាអកុសល។
តែបើឪពុកម្ដាយ និយាយទៅក្នុងទំនងដែលថា គួរយល់ដល់ចិត្តគ្នាផង ព្រោះថាផ្ទះគ្នាក្រីក្រ ទើបជាយ៉ាងនេះ។ គេកើតមកគ្មានសំពត់អាវប្រើប្រាស់ បើយើងមានឱកាស គួរជួយគ្នាផងយកសំពត់អាវឲ្យគេប្រើខ្លះ គេនឹងបាននូវសេចក្ដីសុខ។ យ៉ាងនេះក៏ជាកុសល។ ឪពុកម្ដាយមាន ឥទ្ធិពលក្នុងរឿងនេះច្រើន ពេលនាំកូនទៅហាងលក់ទំនិញទិញរបស់ ត្រូវគិតថា និយាយយ៉ាងណាឲ្យកូនសម្លឹងមើលរបស់របរទាំងនោះក្នុងអាកប្បកិរិយា យ៉ាងណា។បើនាំកូនទៅកាន់ហាងទំនិញ ហើយមិនបានគិត ក៏មិនអាចបណ្ដុះនិសោមនសិការឲ្យកូនបាន មិនជាកល្យាណមិត្ត អាចនឹងក្លាយជាបាបមិត្ត គឺមិត្តមិនល្អ។
បើជាកល្យាណមិត្ត នឹងណែនាំនៅពេលដែលកូនប្រទះភ្នែកឃើញអ្វី ពណ៌ក្រហម ពណ៌ខៀវ ល្អស្អាត ក៏រត់ទៅរក ត្រង់នេះឪពុកម្ដាយមិនបានគិតឲ្យល្អ ក៏ប្រាប់ដល់កូនថា អាមួយនេះមិនស្អាតអាមួយនោះទើបស្អាតជាង យកមួយនេះល្អ យកមួយនោះមិនល្អកុំយកឡើយ។ តែបើមានយោនិសោមនសិការក៏ណែនាំកូនថារបស់នេះជាអ្វី? គួរនឹងប្រើក្នុងប្រយោជន៍អ្វី? ធ្វើអំពីអ្វី យកមកពីណា? ប្រើយ៉ាងណា ចំណែកល្អ និង មិនល្អយ៉ាងណា បើកូនជាអ្នកធ្វើ នឹងធ្វើការកែលំអយ៉ាងណា?។ នេះជាការឲ្យនូវចំណេះដឹង ឆន្ទះដល់ក្មេងៗក៏កើតការចង់ចេះចង់ដឹង និងចូលចិត្តក្នុងរបស់ផ្សេងៗ បើមិនច្រើន ក៏ក្មេងអាចនឹងធ្វើ និង មានគំនិតកែឆ្នៃ។ មិនមែននៅជាប់តែជាមួយនឹងការពេញចិត្ត មិនពេញចិត្ត ចេះឲ្យដល់ប្អូន ត្រូវសាងសភាពនៃចិត្ត ត្រៀមទុកឲ្យបានល្អជ្រាលជ្រៅជាមុន។ តួយ៉ាងដូចជា ពេលដែលលោកឪពុកនៅមានកម្លាំងធ្វើការរកស៊ីនៅរួមគ្នា។ ដល់ពេលជីដូចជីតាអស់អាយុជីវិតទៅ បងប្អូននាំគ្នាពិចារណារឿងទ្រព្យមរតក។ ពេលនោះលោកឪពុកក៏មានយោបល់ថា ពួកយើងជាមនុស្សប្រុស មានកម្លាំងអាចរកស៊ីបាន ពួកយើងគួរតែព្រមព្រៀងគ្នាទៅថា មិនយកទេ ដោយទុកឲ្យស្រីៗទៅចុះ។ ពេលនោះបងប្អូនទាំងអស់ក៏យល់ព្រម។ តែបើមិនមានការផ្ដួចផ្ដើមគំនិតយ៉ាងនេះទេ បញ្ហាកើតមានឡើងបាន គឺព្រោះតាំងពីចំណុចចាប់ផ្ដើមខុស ចេះតែនាំគ្នាគិតថា បែងចែកយ៉ាងណា? ធ្វើយ៉ាងណាទើបយុត្តិធម៌ ពេលនោះពិតជាពិបាក។ តែបើមានហេតុផលអ្វីកើតឡើងដោយប្រការណាមួយ យើងគប្បីបញ្ចេញនូវគុណធម៌ ទើបអាចកែខៃបញ្ហាទៅបាន ដូចជា បងព្រមលះបង់ខ្លះដើម្បីសេចក្ដីសុខដល់ប្អូន ឬថា អ្នកណាទន់ខ្សោយ ខ្វះខាត ឬមិនមានឱកាស ឬមានឱកាសតិចតួច ឲ្យគេបានច្រើនបន្តិច ឬមានហេតុផលផ្សេងយ៉ាងណានីមួយ ដូចជា មនុស្សប្រុសខ្លាំងក្លាគួរធ្វើការរកស៊ីដោយខ្លួនឯង។ ទ្រព្យដែលឪពុកម្ដាយរកទុក គួរឲ្យទៅពួកស្រីៗ តែបើនៅតែមិនបានទទួលផល ក៏គួរតែប្រើគោលការណ៍បែងចែកជាកណ្ដាលៗ ។ល។ គិតរកផ្លូវចេញសម្លឹងផ្លូវដែលត្រូវជ្រើសរើស មានច្រើនណាស់។ ការរលឹកដឹងថា បងប្អូនខ្ញុំ ជាគុណធម៌សំខាន់ដែលធ្វើឲ្យគ្រប់យ៉ាងដំណើរការទៅក្នុងផ្លូវល្អ តាំងតែពីដើមមក នៅក្នុងសង្គមយើង កាលបានជួបនរណាម្នាក់ដែលមានអាយុចាស់បន្តិចក៏ហៅថាលោកអ៊ំ បើអាយុតិចជាងបន្តិច ហៅថាលោកមាអ្នកមីង បើអាយុមិនចាស់ មិនក្មេងជាងគ្នាទេ ហៅថាបង ឬប្អូន។ នេះគឺវប្បធម៌ដែលបណ្ដុះមកឲ្យសាងសភាពថា ជាបងប្អូនខ្ញុំ ប៉ុន្តែគួរឲ្យស្ដាយ សង្គមឥឡូវមានការបែងចែកពីពាក្យ ព្រះពុទ្ធសាសនា បើមិនប្រយ័ត្ន សម្ពន្ធភាពរវាងបងប្អូន នឹងក្លាយទៅជាសម្ពន្ធភាពដែលគិតតែពីផលប្រយោជន៍។
-ការហ្វឹកហាត់អប់រំកូនៗឲ្យមានគុណសម្បត្តិ ដែលជាទុននៅក្នុងខ្លួន ដែលជាហេតុបច្ច័យធ្វើឲ្យដល់ព្រមនូវការឈានទៅក្នុងការសិក្សា អភិវឌ្ឍជីវិតរបស់ខ្លួន តើគួរធ្វើយ៉ាងណាខ្លះ?
ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា កូនៗគឺក្មេងទាំងឡាយ ដែលជាអ្នកស្នងមនុស្សជាតិ។ ដូច្នេះកូនក្នុងគ្រួសារ ឬក្មេងក្នុងសង្គម គួរតែបានទទួលនូវការបណ្ដុះបណ្ដាលនូវគុណសម្បត្តិដែលហៅថា រស្មី ពណ៌មាស ពណ៌ប្រាក់ របស់ជីវិតដ៏ល្អស្អាត ឬពន្លឺនៃការសិក្សា ៧ ប្រការគឺ៖
១- ស្វែងរកភូមិឋានបញ្ញា និង សុជីវធម៌
២- មានវិន័យជាមូលដ្ឋានអភិវឌ្ឍ
៣- មានការចង់ចេះចង់ដឹង និង គំនិតអភិវឌ្ឍ
៤- មានគោលការណ៍ហ្វឹកហាត់ខ្លួនឲ្យពេញលេញក្នុងភាវៈជាមនុស្ស
៥- ប្រកាន់ខ្ជាប់នូវគោលការណ៍ហេតុបច្ច័យ សម្លឹងអ្វីៗតាមហេតុផល
៦- តាំងខ្លួននៅក្នុងសេចក្ដីមិនប្រមាទ
៧- ឆ្លាត គិតគូរល្អិតល្អន់ ឲ្យបានប្រយោជន៍ និង ការពិត។
(ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម)
No comments
Post a Comment