Header Ads

Header ADS

បឋមសង្គាយនា


សង្គាយនា ឬ​សង្គីតិ ប្រែ​អត្ថ​ដើម​ថា ការ​សូធ្យ ឬ សូត្រ ឬ​ច្រៀង​រួម​គ្នា។ បើតាម​ន័យ​ទូទៅ​ ប្រែថា​ ការ​ប្រជុំ​​នៃ​​ភិក្ខុសង្ឃ​​ដែល​​ចង​ចាំ​​ស្ទាត់​នូវ​ធម្មទេសនា​ដែលព្រះពុទ្ធ​បាន​សម្តែង ដើម្បី​​ផ្ទៀងផ្ទាត់ និង​ ប្រមូល​ចង​ធម៌​ទាំង​នោះ​​​ឲ្យបានត្រឹមត្រូវតាមពុទ្ធ​វចនៈឡើងវិញ ។ តាម​ការ​វិភាគ​អត្ថបទ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក​ផ្នែក​សុត្តន្តបិដកបាន​បង្ហាញ​ឲ្យ​ឃើញ​ថា សាវ័ក​របស់​ព្រះពុទ្ធ និងភិក្ខុសង្ឃ​សម័យ​ដើម​​បាន​ប្រើ​ពាក្យ​​ព្រះធម៌វិន័យដើម្បី​ពោល​សំដៅ​ទៅ​ដល់​​ច្បាប់ និងទ្រឹស្តី​ ឬ​គោលលទ្ធិ​នានា​​សម្រាប់​ភិក្ខុសង្ឃ និង ​សាមញ្ញជន​អនុវត្តតាម។ ពាក្យ​ថា អភិធម្ម មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​និង​យក​ទៅ​បញ្ចូល​ក្នុង​គម្ពីរ​ព្រះត្រៃបិដក​ជំនាន់​ដំបូងៗ​នោះ​ទេ។ សង្គាយនា​លើក​ក្រោយៗ​មក​ទៀត​ សេចក្តី​បង្រៀន​ក្នុង​គម្ពីរ​អភិធម្ម​ ក៏​ត្រូវ​បាន​នាំ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​ក្រុម​ជាមួយ​គ្នា រួច​ក៏​កើត​បាន​ជា​ពាក្យ​ថា ត្រៃបិដក (៣ ល្អី ឬ​កន្ត្រក) ​ដែល​មាន​ ផ្នែក​ច្បាប់​គ្រប់គ្រង​ភិក្ខុសង្ឃ​ ហៅថា វិនយបិដក ផ្នែក​​ក្រមសីលធម៌​សំរាប់​សាមញ្ញជន​អនុវត្ត​តាម​ ហៅ​ថា សុត្តន្តបិដក និង ផ្នែក​វិភាគ​ចិត្តសាស្ត្រ​មនុស្ស​ ហៅថា អភិធម្មបិដក ។ មក​ដល់​បច្ចុប្បន្ន​នេះ មាន​សង្គាយនា​ចំនួន​ ៦ លើក ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សម័យកាល និង ប្រទេស​ផ្សេង​គ្នា ។ សង្គាយនា​​លើក​ទី ៥ និង ទី ៦ បាន​ធ្វើ​ឡើង​នៅ​​សតវត្សរ៍ទី ១៩ និង ទី ២០ នៅ​ប្រទេស​​ភូមា (មីយ៉ាន់ម៉ា​សព្វថ្ងៃ) ។
ព្រះបាទអជាតសត្តុ នៃនគរមគ្គធៈបានឧបត្ថម្ភឲ្យធ្វើសង្គាយនា​លើក​ទី ១ ​នៅ​​គុហារ​សត្តបន្និ ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ក្រុង​រាជគ្រឹហៈ (សព្វថ្ងៃ​ហៅ​ថា រ៉ាជគ័រ ) ៣​ ខែបន្ទាប់ពីព្រះពុទ្ធបរិនិព្វាន (៥៤៤ មុន​គ្រិស្ត​សករាជ)។ ប្រវត្តិពិស្តារ​អំពីការប្រជុំនេះ អាច​រក​ឃើញ​នៅ​ក្នុង​គម្ពីរ​ចុល្ល​វគ្គ ក្នុងព្រះវិនយបិដក។ តាមសេចក្តីកត់ត្រាអំពីហេតុដែលកើតឡើង ដែលជម្រុញឲ្យសាវ័កច្បងមហាកស្សបៈបើក​ការប្រជុំ គឺ​មក​ពី​ព្រះអង្គ​បាន​ឮ​ពាក្យ​បន្តុះ​បង្អាប់​​ដល់ព្រះវិន័យតឹងរឹងដែលគ្រប់គ្រងជីវភាពភិក្ខុ​សង្ឃ។ មាន​រឿង​និទាន​មួយ​ថា​ ភិក្ខុ​ចំណាស់​មួយ​អង្គនាមសុភទ្ទ ជាអតីតជាងកាត់សក់ បានមកបួស​កាល​​វ័យចាស់​ទៅ​ហើយ។ នៅ​ពេល​បាន​ដឹង​ថាព្រះពុទ្ធទ្រង់ចូលបរិនិព្វាន ភិក្ខុ​រូប​នោះ​ក៏​បាន​ពោលពាក្យ​ជំទាស់ទៅ​លើការគោរពច្បាប់វិន័យដែលព្រះសាស្តា​ទ្រង់បញ្ញត្តិចំពោះ​គ្រប់​ភិក្ខុ។ ព្រះសង្ឃ​ជាច្រើន​អង្គ​​កំពុង​តែ​សោក​សង្រេងចំពោះបរិនិព្វានរបស់ព្រះពុទ្ធ នៅ​ពេល​នោះ​ព្រះអរិយសាវ័កមហាកស្សបៈ ក៏​បាន​​ឮ​ភិក្ខុ​សុភទ្ទពោលថា ៖ "ប៉ុណ្ណេះបានហើយ! សូមព្រះករុណា​ទាំងអស់​​ឈប់យំសោកទៅ យើងបានរួចខ្លួនពីព្រះមហាសមណៈ (ព្រះពុទ្ធ) ហើយតើ! យើងតែងតែត្រូវបង្ខិតបង្ខំ នៅពេលដែលព្រះអង្គមានពុទ្ធប្បញ្ញត្តិថា ធ្វើនេះ​បាន, ​ធ្វើ​នោះ​មិន​បាន ។ ប៉ុន្តែ​ឥឡូវនេះ​យើងអាចធ្វើអ្វី​ៗ​ដែលយើងចូលចិត្តធ្វើ និង មិនចាំបាច់​ធ្វើអ្វីដែលយើងមិនចូលចិត្តធ្វើទៀតទេ ។" ព្រះមហាកស្សបៈ​ភ្ញាក់ផ្អើលនឹងពាក្យទាំងនេះណាស់ ហើយ​ព្រះអង្គ​បារម្ភ​​ខ្លាច​ក្រែង​​ព្រះធម៌​ និង ​ព្រះវិន័យ​ត្រូវខូចបង់ មិនអាចស្ថិតស្ថេរតាមសភាពដើម ប្រសិនបើព្រះសង្ឃឯទៀត​មានកិរិយាដូចជា​ភិក្ខុ​សុភទ្ទនេះ ហើយ​​បក​ស្រាយ​ព្រះធម៌ ​និង ​ព្រះវិន័យខុស តាម​តែ​ការពេញចិត្តរបស់ខ្លួន ។ ដើម្បីកុំ​ឲ្យមានការបកស្រាយព្រះធម៌ និងព្រះវិន័យ​ ខុសពីការពិត ព្រះមហាកស្សបៈសម្រេច​ព្រះទ័យថា ព្រះធម៌​ត្រូវតែរក្សាទុកនិងការពារឲ្យបានគង់វង់ ។ បន្ទាប់​ពីបានទទួលសេចក្តីយល់ព្រះអំពីគណៈសង្ឃ ព្រះ​កស្សបៈ​​បាន​កោះ​ប្រជុំសង្គាយនាព្រះអរហត្ត ៥០០អង្គ ។ ព្រះ​អានន្ទ នឹង​ត្រូវ​រាប់​បញ្ចូល​ក្នុងគណៈសង្គាយនានេះ ប៉ុន្តែ​ព្រះអានន្ទ​ត្រូវតែ​សម្រេច​ជា​ព្រះ​អរហត្ត​​សិន ។ ដោយមានព្រះមហាកស្សបៈជាប្រធានព្រះអរហត្ត ៥០០អង្ គក៏ប្រជុំសង្គាយនាក្នុងរដូវវស្សា​បន្ទាប់​ពេល​បរិនិព្វាន​របស់​ព្រះ​ពុទ្ធ ។ វត្ថុ​ទី ១ ​ដែល​ព្រះមហាកស្សបៈលើកយកមកសួរ​​ភិក្ខុ​​ដែល​មានចំណេះខ្ពស់បំផុតខាងព្រះវិន័យ​ គឺ​មហាថេរឧបាលិ គឺអំពីវិន័យសង្ឃ ។ ព្រះ​ឧបាលិ​​មាន​គុណសម្បត្តិ​ប្រសើរ​ណាស់​ក្នុង​រឿង​នេះ​ដោយ​ព្រះពុទ្ធ​បាន​បង្រៀន​ព្រះវិន័យ​ទាំងមូល​ដល់ព្រះ​ឧបាលិ​។ ជាដំបូង​ព្រះមហាកស្សបៈសួរមហាថេរឧបាលិ ដោយជាក់លាក់​អំពី​ការជំរះក្តី​ចំពោះ​បរាជិក សង្ឃាទិសេស អនិយត និស្សគ្គិយបាចិត្តិយ សុទ្ធិកបាចិត្តិយ បាដិទេសនិយ សេក្ខិយវត្ត និង អធិករណសមថ ។ ព្រះឧបាលិ​បាន​ប្រគេនចម្លើយសព្វគ្រប់ប្រកបដោយ​ភាព​វ័យ​ឆ្លាត និង​ បានទទួលសេចក្តីយល់ព្រមជាឱឡារិក​ពីសង្ឃគណៈ ។ ដូច្នេះព្រះវិន័យបានត្រូវអង្គប្រជុំអនុម័តយល់ព្រមជាផ្លូវការ ។
បន្ទាប់មកព្រះមហាកស្សបៈក៏​សួរ​​ព្រះអានន្ទ ដែលមានទេពកោសលខ្ពង់ខ្ពស់ខាងការចងចាំ​ព្រះធម៌ ។ ព្រះអានន្ទបានចូលរួមក្នុងសង្គាយនា ដោយ​ព្រះអានន្ទ​បាន​សម្រេច​អរហត្តផល​ជាស្ថាពរ​មុនពិធី​សង្គាយនាចាប់ផ្តើម ។ ព្រះមហាកស្សបៈ​សាកសួរព្រះអានន្ទ នូវសំណួរ​យ៉ាងវែង ​ដោយសេចក្តីជឿជាក់ និងទុកព្រះទ័យអំពីព្រះធម៌ទាំងឡាយរបស់ព្រះពុទ្ធ ដែលទ្រង់​បាន​សម្តែង​ហើយក្នុងព្រះធម្មទេសនា។ សំណួរ​របស់ព្រះ​កស្សបៈ​​បាន​បញ្ជាក់​អំពីទីកន្លែងនៃធម្មទេសនា និង ក្រុម​មនុស្ស​​ដែលព្រះពុទ្ធបាន​ប្រទានធម្មទេសនាចំពោះ ។ ដោយ​ការ​ចងចាំ​ឥតខ្ចោះ​​នូវ​សេចក្តី​បង្រៀន​ទាំង​ឡាយ​របស់​ព្រះ​ពុទ្ធ ព្រះអានន្ទ​​បាន​ឆ្លើយ​តប​នឹងសំណួរ​ទាំងអស់​យ៉ាងត្រឹមត្រូវ ។ ដូច្នេះហើយព្រះធម្មទេសនាទាំងនោះ ក៏​ត្រូវ​បាន​អង្គ​ប្រជុំ​អនុម័ត​យល់​ព្រម​ជា​ឯកឆន្ទ ។ អង្គប្រជុំបាន​យល់ព្រមជាផ្លូវការ ដើម្បីបិទមាតិការ លើច្បាប់តូចស្រាល និងយល់ព្រមដល់ការអនុវត្តន៍ ។ ព្រះសង្ឃបានសូត្រព្រះវិន័យនិងព្រះធម៌ទាំងមូល អស់​ពេល​ ៧ ខែ ដើម្បីឲ្យព្រះសង្ឃដែលមានទេពកោសលខ្ពស់​ខាងការចងចាំ ស្តាប់ហើយចងចាំ បានទាំងអស់ ។ សង្គាយនាលើកទី ១ ជាប្រវត្តិសាស្ត្រនេះ មាននាមថា បញ្ចសតិក ព្រោះព្រះសង្ឃ ៥០០ អង្គដែលចូលរួម សុទ្ធសឹងតែជាព្រះអរហត្ត ដែលត្រាស់ដឹងពេញបរិបូណ៌ទាំងអស់ ។

No comments

Powered by Blogger.