Header Ads

Header ADS

មង្គលសូត្រ ៣៨ ប្រការ

១. អសេវានា ច ពាលានំ កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ ។ ព្រះសម្មាសម្ពុទ្ធ បានបង្រៀនថា បុគ្គលពាលមាន៣ជំពូកគឺ៖
  ក. បុគ្គលល្ងង់ខ្លៅ គ្មានកំនិត ប្រាជ្ញា ហើយមិនគិតកសាងសមត្ថភាពនិងគំនិតប្រាជ្ញា ជាបុគ្គលរីររាយក្នុងភាពល្ងង់ខ្លៅ មិនស្ដាប់ដំបូន្មានលោកអ្នកប្រជ្ញ ឬចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជាបុគ្គលពាលចំពូកមួយ ដោយហេតុ ធ្វើខ្លួនឲ្យជាបុគ្គលមិនមានប្រយោជន៍ ឬធ្វើខ្លួនឲ្យបាត់បង់ឪកាសក្នុងការសាងគុណតម្លៃក្នុងពេលដែល ខ្លួនមានឪកាសកើតជាមនុស្ស ។ 
  ខ. បុគ្គលស្វែងរកក្ដីសុខ ឬប្រយោជន៍ខ្លួនឯងដោយការធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ខូចក្ដីសុខអ្នកដទៃ ឬស្វែងរកក្ដីសុខឲ្យខ្លួនឯងដោយការបៀតបៀនក្ដីសុខអ្នកដទៃ ។ 
 គ. បុគ្គលធ្វើឲ្យខូចប្រយោជន៍អ្នកដទៃផង ខ្លួនឯងផង ។ ព្រះពុទ្ធបង្រៀនថា ដើម្បីញ៉ាំជីវលោកឲ្យបានប្រសើរ បុគ្គលគ្រប់រូបត្រូវតែមានទំនាក់ទំនងល្អជាមួយមនុស្សផងគ្នា ប៉ុន្ដែការសេពគប់ត្រូវតែធ្វើឡើងដោយបញ្ញា ត្បិតថា បើសេពគប់ជាមួយមនុស្សប្រភេទណា យើងនិងក្លាយជាមនុស្សប្រភេទនោះដែរ ។ បុគ្គលពាលទាំង៣ជំពូកនេះ ជាប្រភេទមនុស្សគួរឲ្យខ្លាចជាងអ្វីៗទាំងអស់ ហើយមិនគប្បីសេពគប់ជាដាច់ខាត ព្រោះការសេពគប់ជាមួយបុគ្គលប្រភេទនេះ ក្រៅពីធ្វើឲ្យវិនាសប្រយោជន៍ អសោចកេរ្តិ៍ឈ្មោះអស់ទ្រព្យសម្បត្តិ ខាតពេលវេលា គំនិតប្រាជ្ញាទៅ ថែមទាំងនាំឲ្យយើងក្លាយជាបុគ្គលពាលជាមួយគេផងទៀត ។ ព្រះពុទ្ធបានបង្រៀនថា ប្រសិនបើកក្នុងលោកនេះ មានតែមននុស្សពីរនាក់ គឺម្នាក់ជារូបអ្នក ហើយម្នាក់ទៀតជាបុគ្គលពាលក្ដី ក៏មិនគប្បីទៅសេពគប់ជាមួយបុគ្គលនោះឡើយ ហើយគប្បីនៅតែម្នាក់ឯងដោយរឹងមាំចុះ ។ ការចេះប្រុងប្រយ័ត្ន ហើយចៀសវាងបាននូវការសេពគប់បុគ្គលពាលយ៉ាងណានេះ ជាមង្គលដ៏ឧត្តម ។ 
២. បណ្ឌិតានញ្ច សេវនា កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ ។ បណ្ឌិត គឺលោក អ្នកដែលមានចំណេះវិជ្ជាជ្រាលជ្រៅ ហើយមានគុណធម៌ខ្ពង់ខ្ពស់ និងសីលធម៌ថ្លៃថ្នូរ មិនបំផ្លាញក្ដីប្រយោជន៍និងនិងក្ដីសុខបស់ខ្លួននិងមិនធ្វើឲ្យអ្នក ដទៃខូចប្រយោជន៍ ឬខូចក្ដីសុខ មិនធ្វើឲ្យគេឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ។ បុគ្គលដែលជាបណ្ឌិតតែងប្រកបដោយគុណធម៌ពីរយ៉ាងគឺ៖ ជាបុគ្គលខ្មាស់អៀនមិនហ៊ានធ្វើនូវអំពើអាក្រក់ ហិរិ និងខ្លាចក្ដីអាក្រក់មិនហ៊ានធ្វើអំពើអាក្រក់ទាំងឡាយទាំងក្នុងទីកំបាំងនិងទីចំហរ ឱត្តប្បៈ ។ ព្រះពុទ្ធ បង្រៀនថា ដើម្បីបានក្ដីចម្រើនទាំងគំនិត ប្រាជ្ញា ទាំងក្នុងសេដ្ឋកិច្ច ជីវភាព និងដើម្បីបានជាប្រយោជន៍ទាំងឡាយ ពួកបុគ្គលគប្បីខ្នះខ្នែងស្វែងរកការសេពជាមួយបុគ្គលជាបណ្ឌិត ។ ដូច្នេះ កិរិយាសេពគប់នូវបុគ្គលដែលមានគតិបណ្ឌិត ជាមង្គលដ៏ឧត្តម ។ 
៣. បូជា ច បូចនីយានំ កិរិយាបូជាដល់បុគ្គលដែលគួរបូជា ។ បូជាគឺការឲ្យឬការគោរពប្រតិបត្តិមានពីរយ៉ាងគឺ៖ ក.បូជាដោយការឱ្យសម្ភារៈផ្សេងៗ (អាមិសបូជា) ។ ខ. បូជាដោយការគោរពត្រង់ត្រាប់ ស្ដាប់គំនិត យោបល់ និង អនុវត្តតាម (បដិបត្តិបូជា) ។ ការបូជា ជាការប្រសើ ប៉ុន្តែបើបូជាដល់បុគ្គលគ្មានគុណធម៌ គ្មានសីលធម៌ ក្រៅពីមមិនបានផលល្អដល់ខ្លួនឯងនិងសង្គមទៅ ក៏រមែងបាវននូវក្ដីអន្តរាយ ក្ដៅក្រហាយដោយសារបុគ្គលពាលនោះថែមទៀតផង ជាពិសេសនឹងក្លាយជាអ្នកលើកតម្កើងសភាវៈអាក្រក់ ។ ហេតុនេះ ការបូជាត្រូវតែធ្វើឡើងដោយបញ្ញា គឺធ្វើចំពោះបុគ្គលដែលគួរគោរពបូជា គឺជាបុគ្គលដែលមានគុណធមម៌ខ្ពស់ មានសីលធម៌ដ៏ប្រពៃ តែងធ្វើនូវសេចក្ដីសុខចម្រើន ដល់សង្គមមនុស្សជានិច្ច ។ បូជនីយបុគ្គលទាំងនេះមានជាអាទិ៍ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាតាបិតា គ្រូអាចារ្យ និងអ្នកដែលមានគុណូបឧបក្ការៈចំពោះខ្លួន ឬសង្គមជាតិជាដើម ។ ដូច្នេះការគោរពបូជាដល់បូជនី បុគ្គលទាំនេះជាមង្គលដ៏ឧត្តម ។ 
៤.បដិរូបទេស វាសោច ករិយារស់នៅក្នុងប្រទេសដ៏សមគួរ ។ ប្រទេសដ៏សមគួរ គឺប្រទេស ដែលមានសុខសន្តិភាព គ្មានសង្គ្រាមកាប់សម្លាប់គ្នា និងបរិបូណ៌ដោយធម៌វិន័យ ច្បាប់ទម្លាប់ល្អប្រពៃ និងសម្បូរដោយអ្នកប្រាជ្ញរាជបណ្ឌិត អ្នកមានគុណធម៌ និងសីលធម៌ថ្លៃថ្នូរ ប្រព្រឹត្តប្រតិបត្តិច្បាប់រដ្ឋនិងធម៌វិន័យត្រឹមត្រូវ ជាប្រទេសដែលមានអ្នកដឹកនាំ និងមន្ត្រីប្រកបដោយធម៌ ដឹកនាំសង្គមជាតិដោយការគោរពច្បាប់ ដោយយុត្តិធម៌ និងជាហេតុនាំឥ្យមានក្ដីចម្រើនរុងរឿង។ ការរស់ក្នុងប្រទេសបែបនេះជាការប្រពៃរ ព្រោះជាគ្រឹះក្នុងការអភិវឌ្ឍគំនិតប្រាជ្ញាជាដើម។ កិរិយារស់នៅក្នុងប្រទេសដ៏សមគួរបែបនេះ ជាមង្គលដ៏ឧត្តម។ 
៥. បុព្វេ កតបុញ្ញតា ភាវៈនៃអ្នកបានធ្វើបុណ្យទុកហើយក្នុងកាលមុន។ ធម្មតាអ្នកដែលបានយល់ច្បាស់នូវផលល្អ និងផលអាក្រក់នៃអំពើសុចរិក តែងប្រញាប់ប្រញាល់វៀរចាកអំពើរអាក្រក់គ្រប់យ៉ាង ហើយរួតរះធ្វើបុណ្យរាល់ៗជាតិ ព្រោះអំពើល្អតែងតែផ្ដល់ផលជាសុខ។ បានដល់ការកសាង ឬការខិតខំប្រឹងប្រែងកសាងសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់យ៉ាងដូចជាការត្រៀមធនធានទុកជាមុន លុះពេលត្រូវការក៏អាចយកសមត្ថភាព លក្ខណៈសម្បត្តិ និងធនធាននោះប្រើការបានប្រកបដោយប្រសិទ្ធិភាព។ ការខិតខំលះបង់បាននូវអំពើអាក្រក់ ហើយព្យាយាមធ្វើឲ្យបាននូវអំពើល្អក្នុងកាលមុន ជាមង្គលដ៏ឧត្តម។ 
៦. អត្តសម្មាបណីធិ ច កិរិយាតម្កល់ខ្លួនទុកដោយប្រពៃ ។ តម្កល់ខ្លួន មានន័យថា ការធ្វើខ្លួននៅក្នុងប្រភេទណាមួយ ។ ប្រការនេះ បានដល់កិរិយាចេះពិចារណាឲ្យយល់ច្បាស់ថា អពើល្អពិតជាផដល់ផលល្អ ឯអំពើអាក្រក់ពិតជាផ្ដល់ផលអាក្រក់ ហើយក៏កើតមានសទ្ធាជឿកម្មផលយ៉ាងមុតមាំ ព្រមទាំង ញាំងខ្លួនឲ្យព្យាយាម ធ្វើតែអំពើល្អមានធ្វើទាននិងរក្សាសីលជាដើម ។ កិរិយាយល់ច្បាស់អំពីវិបាកនៃកម្ម ហើយប្រញាប់តម្កល់ខ្លួនក្នុងទានសីល ភាវនា សមាធិ ឲ្យនៅតែក្នុងសេចក្ដីព្យាយាម មិនខ្ចិលច្រអូស តាំងខ្លួនឲ្យនៅសតិ ឲ្យនៅឆ្ងាយ ពីការធ្វើសប្រហែស ឬមិនយកខ្លួនទៅជាប់ពាក់ព័ន្ធនឹងអំពើអាក្រក់ណាមួយ យ៉ាងនេះ ជាមង្គលដ៏ឧត្តម ។ 
៧. ពាហុសច្ច ភាវៈជាបុគ្គលបានស្ដាប់បានរៀនសូត្រចេះដឹងច្រើន ។ ប្រការនេះបានដល់ការស្ដាប់ ការអាននិងសិក្សារៀនសូត្រចំណេះវិជ្ជាទាំងផ្លូវលោកនិងផ្លូវធម៌ ស្ដាប់ឱវាទរបស់បណ្ឌិតទាំងឡាយនិងដំបូន្មានរបស់ព្រឹទ្ធាចារ្យ មាតា បិតា គ្រូ និងរៀមច្បងជាដើម ដើម្បីក្លាយជាបុគ្គលមានចំណេះវិជ្ជាខ្ពងខ្ពស់មានសមត្ថភាពនិងមានគំនិតប្រាជ្ញាភ្លឺត្រចះត្រចង់ ដែលជាហេតុញុំាងប្រយោជន៍និងសេចក្ដីសុខចម្រើនដល់ខ្លួនឯងនិងអ្នកដទៃយ៉ាងពិតប្រាកដ ។ ការខិតខំស្ដាប់ អាន និងសិក្សារៀនសូត្រឲ្យបានចេះដឹងជ្រៅជ្រះ យ៉ាងនេះ ជាមង្គលដ៏ឧត្តម ។ 
៨. សិប្បៈ សេចក្ដីឆ្លៀវឆ្លាប៉ិនប្រសប់ក្នុងសិល្បៈទាំងពួង ។ ប្រការនេះបានដល់ការចេះដឹងនិងការប៉ិនប្រសប់ស្ទាត់ជំនាញក្នុងសិប្បកម្ម បច្ចេក ទេសទាំងឡាយ យ៉ាងហោចណាស់ឲ្យស្ទាត់ជំនាញនូវមុខវិជ្ជាណាដែលខ្លួនបានសិក្សា (ឬនៅក្នុងមុខតំណែងដែលខ្លួនប្រកបធ្វើ) ដែលនាំមកនូវប្រយោជន៍និងសេចក្ដីសុខចម្រើនដល់ខ្លួនឯងនិងអ្នកដទៃ ។ ដូច្នេះ កិរិយាឆ្លៀវឆ្លា ឆ្លាសវៃ ប៉ិនប្រសប់ក្នុងសិប្បកម្ម ហត្ថកម្មទាំងពួង ជាមង្គលដ៏ឧត្តម ។ 
៩. វិនយោ ច សុសិក្ខតោ វិន័យដែលបុគ្គលបានសិក្សាហើយដោយប្រពៃ ។ វិន័យ គឺជាច្បាប់ទម្លាប់របស់ប្រទេសនិងរបស់ព្រះពុទ្ធសាសនា ។ សម្រាប់គ្រហស្ថបានដល់សីល៥ សីល៨ និងច្បាប់របស់រដ្ឋជាដើម ។ បុគ្គលដែលមានចំណេះវិជ្ជា មានទ្រព្យ សម្បត្តិ យសសក្ដិ មានត្រកូលខ្ពង់ខ្ពស់យ៉ាង ណាក៏ដោយ ប្រសិនបើគេជាបុគ្គលអនាចារ គ្មានវិន័យ គ្មានសីលធម៌ រស់នៅដោយការបំពាន លើច្បាប់នោះ គេនឹងមិនទទួលបានការគោរពកោតសរសើរឡើយ ប្រសិនបើទទួលបានវិញ គឺបានតែពួកមនុស្សអែបអប រណេបរណបប៉ុណ្ណោះ ហើយមិនយូរប៉ុន្មានគេនឹងទទួលបាននូវក្ដី វិនាសជាមិនខាន ។ ហេតុនេះកិរិយារៀនវិន័យនិងច្បាប់រដ្ឋនិងព្យាយាម ប្រព្រឹត្តប្រតិបត្តិឱ្យបានត្រឹមត្រូវជាមង្គលដ៏ឧត្ដម ។ 
១០. សុភាសិតា ច យា វាចា វាចាដែលបុគ្គលពោលដោយប្រពៃ ។ មនុស្សតែងប្រើការនិយាយជាមធ្យោបាយទំនាក់ទំនងនិងផ្ដល់ព័ត៌មានដល់គ្នា នឹងគ្នា ប៉ុន្តែ ព្រះពុទ្ធបានបង្រៀនឱ្យយើងចេះជ្រើសរើស ពាក្យសម្ដីសម្រាប់និយាយស្ដីឱ្យដូចជាកសិករជ្រើសរើសគ្រាប់ពូជសម្រាប់ ដាំដុះ សាបព្រោះយ៉ាងនោះដែរ ហើយព្រះអង្គតែងបានបង្រៀនយើងកុំឱ្យពោលពាក្យណាដែលធ្វើឱ្យអ្នកដទៃឈឺចាប់ ខូចប្រយោជន៍បែកបាក់សាមគ្គី ឬពាក្យរោយរាយឥតប្រយោជន៍ ។ ពាក្យល្អពីរោះមានប្រយោជន៍ សម្បីតែមួយឃ្លា មួយប្រយោគក៏ប្រសើរជាងពាក្យរោយរាយឥតប្រយោជន៍រាប់ពាន់ប្រយោគដែរ ។ ពាក្យដ៏ប្រពៃសំដៅដល់កថាវត្ថុ គឺពាក្យដែលបុគ្គលគប្បីពោល១០យ៉ាង គឺពោលអំពីការមិនលោភលន់១ អំពីសីល១ អំពីសមាធិ១ អំពីបញ្ញា១ អំពីបរិនិព្វាន ១ និងអំពីធម៌រំលត់ទុក្ខ១ ។ កិរិយាពោលនូវពាក្យដ៏ប្រពៃយ៉ាងនេះ ជាមង្គលដ៏ឧត្ដម ។ ១១-១២. មាតាបិតុ ឧបដ្ឋានំ កិរិយាបម្រើ ឬទំនុកបម្រុងមាតានិងបិតា ។ កូនប្រុស-ស្រីមានកាតព្វកិច្ចត្រូវចិញ្ចឹមមាតាបិតា ធ្វើការងារជំនួសគាត់ រក្សាវង្សត្រកូលឱ្យគង់វង្សនិងខ្ពង់ខ្ពស់ ធ្វើខ្លួនឱ្យសមរម្យជា អ្នកទទួលមរតកពីគាត់ ធ្វើបុណ្យជូនគាត់ជាដើម ។ ព្រោះថា កូនដែលដឹងគុណមាតាបិតា ហើយប្រព្រឹត្ដិ ប្រតិបត្តិ គោរពមាតាបិតាដូចពោលមកនេះ រមែងមិនច្យុតឡើយ ។ ដូច្នេះ កិរិយាបម្រើ ទំនុកបម្រុងមាតាបិតា ជាមង្គលដ៏ឧត្ដម ។ 
១៣. បុត្តទារស្ស សង្គហោ កិរិយាសង្គ្រោះបុត្រនិងភរិយា ។ មាតបិតាដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះកូន គឺមហាឃាត់កូនកុំឱ្យប្រព្រត្តិអំពើអាក្រក់១ ណែនាំកូនឱ្យធ្វើតែអំពីល្អ (ទាំងការគិត ទាំងសកម្មភាព និងពាក្យសម្ដី ) ជាអំពើមានតែប្រយោជន៍ មិននាំផលក្ដៅក្រយាយ១ ទំនុកបម្រុងកូនឱ្យរៀនសូត្រ ឱ្យមានចំណេះដឹងមានសមត្ថភាពអាចរស់នៅដោយថ្លៃថ្នូរ១ ទុកដាក់កូនឱ្យមានគូរស្រករត្រឹមត្រូវ១និងចែកទ្រព្យសម្បត្តិឱ្យកូនបានសមរម្យ១ ឈ្មោះថា ជាមាតា បិតាសង្គ្រោះបុត្រយ៉ាងល្អ ។ ឯស្វាមីដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះភរិយាគឺ និយាយពាក្យផ្អែមល្ហែមនឹងភរិយា១ មិនមើលងាយភរិយា១ មិនក្បត់ភរិយា១ ផ្គត់ផ្គង់ភរិយា១ និងផ្ដល់សិទ្ធិក្នុងផ្ទះឱ្យភរិយា១ ឈ្មោះថាស្វាមីសង្គ្រោះភរិយា ។ បុរសដែលបានធ្វើកិច្ចនេះដោយពេញលេញនិងទៀងទាត់ឈ្មោះថាជាអ្នកបានកសាងគ្រិះសុភមង្គលទាំងក្នងគ្រួសារនិងសម្រាប់សង្គមជាតិ ។ដូច្នេះ កិរិយាព្យាយាមប្រព្រត្តិឱ្យបានល្អក្នុងការសង្គ្រោះបុត្រនិងភរិយា ជាមង្គលដ៏ឧត្តម ។ 
១៤. អនាកុលា ច កម្មន្តា ការងារទាំងឡាយដែលមិនច្របូកច្របល់ ។ នេះបានដល់ការចេះបែងចែកប្រភេទការងារឱ្យដាច់ដោយឡែកពីគ្នានិងបំពេញស្រេចរួចរាល់មិនទុកចោលកណ្ដាលទី ។ អ្នកដែលធ្វើការមិនច្របូកច្របល់គឺជាអ្នកដែលមានសេចក្ដីព្យាយាម ម៉ឺងម៉ាត់ដែលអាចឱ្យសម្រេចបានរាល់ការងារបានយ៉ាងល្អ ។ ធ្វើបានយ៉ាងនេះពិតជានាំមកសេចក្ដីចម្រើនជាលំដាប់ ។ ដូច្នេះ ការងារទាំងឡាយដែលមិនច្របូច្របល់ ជាមង្គលដ៏ឧត្តម ។ 
១៥.ទានំ កិរិយាបរិច្ចាគទាន ។ ទាន គឺការឱ្យហើយគោលដៅនិងបំណងនៃការឱ្យនេះ គឺមិនមែនក្នុងបំណងដើម្បីទទួលបានការតបពីគេមកវិញឡើយ ។ បុគ្គលដែលបានឱ្យរបស់អ្វីម្យ៉ាងទៅបុគ្គលណា ហើយរំពឹងចង់បានការតបស្នងដោយប្រការណាមួយ បុគ្គលនោះមិនមែនជាអ្នកធ្វើទានទេ គឺជាអ្នកធ្វើវិនិយោគ ។ ការធ្វើទាន គឺដើម្បីកាត់បន្ថយនូវគម្លាតគ្នារវាងអ្នកមាននិងអ្នកក្រ និងជាការលើកស្ទួយវប្បធម៌ចែករំលែក ក៏ជាវិធីដើម្បីកុំឲ្យមនុស្សគិតតែពីការបាន ដែលជាហេតុបង្កឲ្យមានទំនាស់ផ្សេងៗដោយសារដណ្ដើមផលប្រយោជន៍ ។ ធ្វើទានបានដល់ការធ្វើអំណោយពីយ៉ាងគឺ គារឲ្យសម្ភារៈសម្រាប់ទ្រទ្រង់ជីវិតដូចជា សម្លៀកបំពាក់ ចំណីអាហារ ផ្ទះសំបេង និងថ្នាំព្យាបាលរោគជាដើមហៅថា អាមិសទាន គឺការឲ្យវត្ថុ សម្ភារៈ១ និងការឲ្យចំណេះ វិជ្ជាគំនិតយោបល់ល្អ ដើម្បីគេបានស្គាល់ខុសត្រូវ ស្គាល់ផ្លូវ ទៅរកប្រយោជន៍និងភាពជោគជ័យល្អអាក្រក់ បុណ្យបាបជាដើមហៅថា ធម្មទាន គឺការឲ្យទានចំណេះវិជ្ជាក គំនិតប្រាជ្ញា ១ ។ កិរិយាដែលបានធ្វើនូវទានទាំងប្រាំពីរប្រការនេះ ជាមង្គលដ៏ឧត្តម ។ 
១៦. ធម្មចរិយា កិរិយាប្រព្រឹត្តធម៌ដ៏ប្រសរ ។ បានដល់ធម៌១០យ៉ាងគឺ កិរិយាមិនសម្លាប់១ កិរិយាមិនលួចប្លន់១ កិរិយាមិនប្រព្រឹត្តល្មើសក្នុងកាមតណ្ហា១ កិរិយាមិនកុហកឆបោកកេងប្រវញ្ច១ កិរិយាមិនពោលពាក្យញុះញង់ អុជអាល បំបែកបំបាក់១ កិរិយាមិនគុំគួនព្យាបាទអ្នកដទៃ១ និងកិរិយាយល់ត្រឹមត្រូវ គឺយល់ថាធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ និងយល់តាមសភាវៈពិតនៃធម្មជាតិ និងលោកិយ១ ។ កិរិយាដែលចេះពិចារណាឲ្យបានច្បាស់លាស់ ហើយប្រព្រឹត្តឲ្យបានត្រឹមត្រូវតាមធម៌ទាំង១០ប្រការនេះ ជាមង្គលដ៏ឧត្តម ។ ១៧. ញាតកានញ្ច សង្គហោ កិរិយាសង្រ្គោះញាតិទាំងឡាយ ។ ដែលហៅថាញាតិបានដល់បងប្អួនជាញាតិសន្ដានទាំងពីរខាង គឺតាំងពីដូនតាជំនាន់ទី៧ខាងមាតាចុះមកនិងតាំងពីដូនតាខាងបិតាចុះមក (ដែលហៅថា ញាតិប្រាំពីរសន្ដាន) ។ មនុស្សល្អតែងស្រឡាញ់រាប់អាននិងសង្គ្រោះ យឹតយោង លើកស្ទួយ ផ្ចុងផ្ដើមឲ្យញាតិសន្ដានរបស់ខ្លួនឲ្យបានសិក្សាអប់រំ មានមុខរបរការងារសុចរិតនិងជួយ ដាស់តឿនដឹកនាំឲ្យពួកគេដើរលើផ្លូវល្អ ផ្លូវត្រឹមត្រូវយ៉ាងប្រពៃ ចូរប្រយតន ប្រយែងក្រែងក្លាយជាជនអគតិគឺលម្អៀង ប្រព្រឹត្តប្រាសចាកច្បាប់ និងគុណធម៌ (ដោយដារតែការយោគយល់ថា ជាសាច់ញាតិ) ។ ដូច្នេះការចេះស្រឡាញ់រាប់អាននិងសង្រ្គោះញាតិសន្ដានរបស់ខ្លួនដោយប្រពៃ ជាមង្គគលដ៏ឧត្តម ។ ១៨. អនវិជ្ជានិ កម្មានិ កិរិយាប្រកបការងារទាំងឡាយដែលមិនមានទោស ។ ការងារទាំងឡាយដែលផ្ទុយនឹងអំពើអាក្រក់ ទុច្ចរិត អយុត្តិធម៌ទាំងឡាយលោកហៅថា ការងារបរិសុទ្ធ ឬសម្មាអាជីវៈ ។ ការងារដែលមិនមានទោសដូចជា ការចិញ្ចឹមមាតា បិតា គ្រូអាចារ្យ ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ អ្នកកម្សត់ទុគ៌ត ការកសាងសម្បត្តិសាធារណៈមាន ស្ពាន ថ្នល់ សាលារៀនជាដើម និងការចែកចាយសៀវភៅធម៌អាថ៌ ក្បួនច្បាប់ ឬពន្យល់ផ្សព្វផ្សាយនូវចំណេះវិជ្ជាដ៏ល្អនូវធម៌ដ៏ប្រពៃដល់អ្នកដទៃដើម្បីឲ្យគេបានយល់ស្គាល់ខុសត្រូវ ល្អអាក្រក់ ហើយព្យាយាមប្រព្រឹត្តតែអំពើល្អជាដើម ។ ទាំងនេះ គឺជាការងារមិនមានទោស ។ ការប្រព្រឹត្តតែការងារមិនមានទោស ជាមង្គលដ៏ឧត្តម ។ 
១៩. អារតី វិរតីបាបា កិរិយាមិត្រេកអរក្នុងបាបនិងកិរិយាវៀរចាកបាប ។ ការមិនត្រេកអរក្នុងបាប បានដល់ចិត្តដែលមិនត្រេកអរនៅពេលដឹងឮ ឬឃើញ គេគិត ឬកំពុងធ្វើអំពើអាក្រក់អំពើបាបទាំងឡាយ មានការប្រព្រឹត្តខុសក្នុងកាម ការកុហកកេងប្រវញ្ច ឆបោក និងធ្វើអំពើទាំងឡាយជាអបាយមុខ ឬមានការកាប់សម្លាប់ជីវិត ធ្វើទុក្ខបុកម្នេញ បៀតបៀនក្ដីសុខដល់គ្នានឹងគ្នាជាដើមផង ថែមទាំងមានក្ដីសង្វេគតក់ស្លុត ចំពោះអំពើទាំងនោះទៀតផង ។ ឯការវៀរចាកបាបបានដល់ការចៀសវាងមិនប្រព្រឹត្តធ្វើនូវអំពើបាបទាំងឡាយដូចដែលបានពោលមកហើយជាដើមព្រោះមានសទ្ធាជឿជាក់ថា ធ្វើល្អពិតជាបានល្អ ធ្វើអាក្រក់ពិតជាបានអាក្រក់ ។ ដូច្នេះ កិរិយាដែលមិនត្រេកអរក្នុងបាបនិងកិរិយា វៀរចាកបាបយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។ 
២០. មជ្ជបានា ច សញ្ញាមោ សេចក្ដីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង ។ នេះបានដល់ការតមសុរា និង មេរ័យគ្រប់ប្រភេទ ព្រោះបានយល់ច្បាស់នូវផលអាក្រក់នៃការផឹកទឹកស្រវឹងនេះដូចជាអស់ប្រាក់កាស ខាតពេលវេលា ខូចសុខភាព ធ្វើឲ្យផ្សោយគំនិតប្រាជ្ញា និងជួនកាល បណ្ដាលឲ្យមានកិរិយាថោកទាបនិងឈ្លោះទាស់ទែងគ្នាទៀតផង ។ ដូច្នេះការពិចារណាឲ្យឃើញច្បាស់នូវទោសនៃសុរា ហើយតាំងចិត្តព្យាយាមចៀសវាងឲ្យបាននូវ ការផឹកទឹកស្រវឹងគ្រប់ប្រភេទ ជាមង្គលដ៏ឧត្តម ។ 
២១. អប្បមាទោ ច ធម្មេសុ ការមិនប្រមាថក្នុងធម៌ទាំងឡាយ ។ នេះបានដល់ការមិនធ្វេសប្រហែស ភ្លេចខ្លួន ព្រោះថាការបណ្ដោយខ្លួនឲ្យលង់លក់ទៅក្នុងអំពើអកុសលនិងអបាយមុខានស្រី ស្រា និងល្បែងស៊ីសងជាដើមគឺជាមូលហេតុនៃសេចក្ដីវិនាសអន្ដរាយគ្រប់យ៉ាង ។ បុគ្គលមិនប្រមាថរមែងមិនភ្លេចខ្លួន ហើយតែភ្ញាក់រឭក យល់ត្រូវជានិច្ចដែលជាកត្តានាំមកនូវសេចក្ដីចម្រើនដល់ខ្លួនឯងនិងស្គមសមដូចពុទ្ធភាសិតថា អប្បមាទោ អមតំបទំ ការមិនប្រមាថ ជាផ្លូវនៃកីមិនស្លាប់ ។ ដូច្នេះ ការមិនប្រមាថ ហើយភ្ញាក់រឭកព្យាយាមធ្វើតែអំពើ ល្អ សុចរិត យុត្តធម៌ ជាមង្គលដ៏ឧត្តម ។ 
២២. គារវោ ច កិរិយាគោរពចំពោះបុគ្គលដែលគួរគោរព ។ គោរពត្រូវប្រកបដោយអង្គបី គឺដោយកាយ គឺឱនលំទោនលើកដៃសំពះ១ ដោយវាចាគឺពោលពាក្យទន់ភ្លន់សុភាពរាបសា១ និងដោយចិត្ត គឺមិនប្រមាថ១។ ឯបុគ្គលដ៏ជាទីគោរពនោះ គឺបានដល់បុគ្គលដែលមានគុណធម៌ខ្ពង់ខ្ពស់ទាំងឡាយមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាតា បិតា គ្រូអាចារ្យជាដើម១ បុគ្គលដែលមានជាតិត្រកូលនិងគុណធម៌ខ្ពង់ខ្ពស់ដូចជាលោកជាអ្នកប្រាជ្ញនិងអ្នកដឹកនាំរដ្ឋ មានមន្ដ្រី រាជការ ដែលមានភាពសុចរិត ទៀងត្រង់ តាំងនៅក្នុងច្បាប់ជាដើម១ និងបុគ្គលដែលមានអាយុច្រើនដូចជារៀមច្បងនិងចាស់ព្រឹទ្ធាចារ្យ ជាដើម១ ។ ការធ្វើនូវសេចក្ដីគោរពចំពោះ គារវបុគ្គលទាំងនេះ ជាមង្គលដ៏ឧត្តម ។ 
២៣. និវាតោ ច កិរិយាប្រព្រឹត្តបន្ទាវខ្លួន ។ នេះបានដល់ការខិតខំជម្រុះនូវគំនិតដែលសម្គាល់ខ្លួនឯង ជាតិសាសន៍ខ្លួន ជាតិត្រកូលខ្លួន ពូជអម្បូរខ្លួនថាប្រសើរជាគេ ។ ព្រោះថាគំនិតនេះ នឹងនាំឲ្យកើតអស្មិមានៈក្នុងខ្លួនហើយមើលងាយអ្នកដទៃ ដែលជាមូលហេតុឲ្យមានការប្រជែងវាសនានិងជាហេតុនៃសេចក្ដីវិនាស អន្ដរាយគ្រប់យ៉ាង ។ បុគ្គលទោះមានឋានៈ យសសក្ដិ ទ្រព្យសម្បត្តិ ចំណេះវិជ្ជាយ៉ាងណាក្ដី បើជាបុគ្គលក្រអឺតក្រទម មិនសង្រួមទេនោះនឹងមិនទទួលបានការគោរពរាប់អាននិងកោតសរសើរឡើយ ប៉ុន្ដែបើបែរជាបានវិញ គឺបានតែពីសម្នាក់ពួកជនប្លមប្រចុមប្រចែង និងជនពាលតែប៉ុណ្ណោះ ។ ដរាបណាគំនិតប្រកាន់ពូជសាសន៍ ជាតិ ត្រកូល និងអស្មិមានៈបានត្រូវលះបង់អស់ហើយ ហើយប្រព្រឹត្តតែអំពើល្អ ព្រោះក្ដីមិនប្រមាថ ដរាបនោះសេចក្ដីសុខចម្រើននឹងកើតមានជាមិនខាន ។ ដូច្នេះការប្រព្រឹត្តបន្ទាបខ្លួន ជាមង្គលដ៏ឧត្តម ។ ២៤. សន្ដុដ្ឋី ច សេចក្ដីសន្ដោសត្រេកអរចំពោះរបស់ដែលមាន ។ នេះបានដល់សភាពនៃចិត្តដែលត្រេកអរ ទៅតាមមានតាមបាន គឺទៅតាមសមត្ថភាពនិងលទ្ធភាពរបស់ខ្លួនដែលមាន ។ ព្រះពុទ្ធបានបង្រៀនមនុស្សឲ្យចេះខិតខំប្រឹងប្រែងព្យាយាមបំពេញការងារឲ្យយ៉ាងអស់ពីសមត្ថភាពនិងសក្ដានុពល របស់ខ្លួន ប៉ុន្ដែ ការដែលបានសម្រេចសមតាមបំណងប៉ុណ្ណា ក៏តោងចេះឱ្យតម្លៃនិងពេញ ចិត្តរបស់ទាំងនោះ ព្រោះថាលោកនេះ ប្រសិនបើមនុស្សប្រាថ្នាអ្វីបានហ្នឹងនោះពិភពលោកមុខជាមិនបានគង់វង្សមកដល់ថ្ងៃនេះទេ។ ម្យ៉ាងសោតរឿងពិតក្នុងលោកតែងតែមានការមិនសមបំណងជារឿយៗ ហេតុនេះ ដើម្បីរស់នៅដោយចុះសម្រុងនិងមានសេចក្ដីសុខនោះ គឺត្រូវចេះទទួលស្គាល់ការពិតនិងស្កប់ស្កល់ចំពោះអ្វីដែលខ្លួនបានមកពីការខិតខំរបស់ខ្លួន។ បុគ្លលដែលមានសន្ដានចិត្តសន្ដោស រមែងមិនភ្លើតភ្លើនលោភសន់ ភ្លេចខ្លួន រហូតមើលងាយ ឬច្រណែននឹងអ្នកដទៃ នៅពេលដែលខ្លួនមានលាភ យសសក្ដិ ទ្រព្យ៦សម្បត្តិក្ដី ឬធ្លាក់ខ្លួនក្រខ្សត់បាត់យសសក្ដិក្ដី។ ដូច្នេះ ការ ព្យាយាមអប់រំចិត្តខ្លួនឱ្យបានជាចិត្តសន្ដោសយ៉ាងនេះ ជាមង្គលដ៏ឧត្តម ។ 
២៥. កតញ្ញូតា ភាពជាអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើហើយដល់ខ្លួន។ បុគ្គលបែបនេះឈ្មោះថា កតញ្ញូបុគ្គល ។ បុគ្គលកតញ្ញូដែលបានតបស្នងសងឧបការគុណគេវិញឈ្មោះថា កតញ្ញូកតវេទីបុគ្គល ។ ឯបុគ្គលដែលបានធ្វើឧបការគុណ គឺសេចក្ដីល្អគ្រប់យ៉ាងដល់អ្នកដទៃឈ្លោះថា បុព្វការី ។ មាតាបិតា ជាបុព្វការីរបស់កូន ព្រោះលោកបានបង្កើត ព្រោះលោកបានបង្ហាត់បង្រៀនបុត្រ។ ព្រះសម្មាសម្ពុទ្ធ ជាបុព្វការីរបស់ពុទ្ធបរិស័ទនិងមនុស្ស សត្វទាំងឡាយ ព្រោះព្រះអង្គបានព្យាយាមរកឃើញនូវមាគ៌ារំដោះទុក្ខ គឺអដ្ឋង្គិកមគ្គ ដើម្បីមនុស្ស សត្វ ទេព្ដាទាំងអស់។ បើមិនមានបុព្វការីជនមាតាបិតាជាដើមទេនោះ សង្គមមនុស្សក៏មិនអាចស្ថិតស្ថេររីករាយចម្រើនបានឡើយ បើមិនមានបុព្វការីជនមានមាតាបិតាជាដើមទេនោះ សង្គមមនុស្សក៏មិនអាចស្ថិតស្ថេររីកចម្រើនបានឡើយតោងប្រយ័ត្នបុគ្គលខ្លះដឹងថាយើងជាមនុស្សមិនបំភ្លេចគុណនិងតែងតបស្នងគុណគេវិញជាប្រក្រតីនោះ ក៏បានឆ្លៀតឱកាសបង្កហេតុ ហើយព ធ្វើជាមកជួយយកអាសាយើង ដើម្បីឲ្យយើងជំពាក់គុណគេ (ទើបគេឲ្យយើង ធ្វើអ្វីម្យ៉ាងដែលនាំមកនូវផលអាក្រក់ណាមួយ)។ ដូច្នេះ ការខិតខំកសាងខ្លួនឲ្យបានជា កតញ្ញូកតវេទីបុគ្គលផង ទាំងបុព្វការីបុគ្គលផង ជាមង្គលដ៏ឧត្តម ។ 
២៦. កាលេន ធម្មស្សវនំ កិរិយាស្ដាប់នូវធម៌តាមកាល។ ធម៌ ជាផែនទីសម្រាប់ស្វែងរកកំណប់ គឺផលប្រយោជន៍និងសេចក្ដីសុខក្នុងជីវិត។ ប្រការនេះបានដល់ការខិតខំឆ្លៀតពេលដ៏មមាញឹកនៃជីវិតប្រចាថ្ងៃ ទៅទប់ស្កាត់ព្រះធម៌យ៉ាងហោចណាស់មួយអាទិត្យបានម្ដង ព្រោះថាធម៌គឺជាគុណជាតិបំភ្លឺបង្ហាញប្រាប់ឲ្យស្គាល់ខុស ស្គាល់ត្រូវ គុណទោស ល្អអាក្រក់ បុណ្យបាបយ៉ាងសត្យានុម័ត ដែលអាចយកទៅប្រព្រឹត្តបានសេចក្ដីសុខខ្លួនឯងនិងសង្គមជាតិ (ចំពោះទស្សនៈដែលថា ចាំដល់ចាស់ ឬពេលចូលនិវត្តន៍ពីការងារ សឹមស្កាត់ធម៌នោះ ជាទស្សនៈមិនត្រឹមត្រូវឡើយ)។ ជាដរាបណាមានអ្នកប្រព្រឹត្តប្រតិបត្តិធម៌ គឺសេចក្ដីល្អកាន់តែច្រើន ដរាបនោះសង្គមជាតិនិពិភពលោកកាន់តែរីកចម្រើននិងសុខសាន្ដ។ ដូច្នេះ ការព្រយាយាមស្ដាប់ធម៌តាមកាល ជាមង្គលដ៏ឧត្តម ។ 
២៧. ខន្ដិ ច សេចក្ដីអត់ធ្មត់ ។ ខន្ដី គឺសភាពនៃចិត្តស្ងៀមស្ងាត់ស្ងប់រម្ងាប់នឹងនរ ទោះត្រូវរងនូវអំពើអាក្រក់បែបណាមួយដូចជារងការប្រមាថ ឬភាពអយុត្តិធម៌ជាដើម។ តាមធម្មតាក្នុងស្ថានភាពបែបនេះ អ្នកដែលគ្មានខន្ដី រមែងមានសេចក្ដីក្រោធខឹងក្ដៅក្រហាយជាប្រាកដ ហើយតែងតបទៅវិញដោយអំពើហិង្សា ឬពាក្យទ្រគោះដោយប្រការណាមួយមិនខាន ដែលជាហេតុនាំមកនូវជម្លោះគ្រប់ប្រភេទ។ ចំណែកឯអ្នកមានខន្ដីធម៌វិញ ពេលរងនូវអំពើអាក្រក់បែបណា រមែងមិនក្រោធខឹង មិនក្ដៅក្រហាយផ្ដេសផ្ដាសឡើយ ហើយតែងមានប្រតិកម្មទៅវិញដោយអហិង្សាប្រកបដោយវិចារណញ្ញាណយ៉ាងថ្លៃថ្នូរបំផុត ដែលជាហេតុនាំមកនូវសុខសន្ដិភាពយ៉ាងប្រពៃ ប្រការនេះគួរតែមិនមែនមានន័យថា ទោះជាត្រូវរងគ្រោះអយុត្តិធម៌យ៉ាងណា ក៏មិនអើពើឡើយ។ តាមពិត បើឃើញថាគួរតែឆ្លើយតបនោះគឺ តែងតែឆ្លើយតប ប៉ុន្ដែធ្វើដោយចិត្តស្ងប់មិនមែនធ្វើតាមកំហឹង។ ដូច្នេះ ការព្យាយាមមកកសាងអប់រំខ្លួន ឲ្យមានសន្ដានចិត្តប្រកបដោយចិត្តប្រកបដោយខន្ដី គឺសេចក្ដីអត់ធន់ដ៏ប្រពៃ ហើយជាមង្គលដ៏ឧត្តម ។ 
២៨. សោវចស្សតា ភាវៈនៃបុគ្គលដែលទូន្មានប្រៀនប្រដៅបានដោយងាយ។ មនុស្សប្រដៅដោយងាយ គឺជាអ្នកដែលឆាប់ទទួលយកនូវដំបូន្មានឪពុកម្ដាយ គ្រូ អាចារ្យ ចាស់ព្រឹទ្ធាចារ្យ និងមតិយោបល់របស់បណ្ឌិតទាំងឡាយព្រោះភាពខ្លួនជាអ្នកឈ្លាសវៃមានការចេះដឹងច្រើន ឆាប់ពិចារណាឃើញនូវហេតុផលច្បាស់លាស់ថែមទាំងជាបុគ្គលមានចិត្តបើទូលាយ បន្ទាបខ្លួនមិនប្រកាន់មានៈ តែទោះជាយ៉ាងណាតោងតែងធ្វើជាបញ្ញា ប្រយ័ត្នត្រូវជនពាលបញ្ចុះបញ្ចូលអូសទាញឲ្យលុះក្នុងគំនិតគិតខុស។ ឯអ្នកដែលមិល ។ តាមដំបូន្មានមាតាបិតាបណ្ឌិតជាដើម ក៏ព្រោះតែភាពនៃខ្លួនជា អ្នកមិនឆ្លៀវវៃ មិនមានការចេះដឹង ម្លោះហើយក៏មានការងងឹតងងល់ក្នុងអស្មិមានៈយ៉ាងធ្ងន់ធ្ងរ។ មានតែការខិតខំរៀនសូត្រនិងស្ដាប់ធម៌ទេសនាជាដើមទេ ទោះបអាធ្វើខ្លួនឲ្យទៅជាបុគ្គលងាយប្រដៅបាន។ ដូច្នេះការខិតខំកសាងខ្លួនឲ្យបានក្លាយជាបុគ្គល ដេលគេងាយប្រដៅ ជាមង្គលដ៏ឧត្តម ។ 
២៩. សមណានញ្ច ទស្សនំ កិរិយាបានឃើញ បានជួបនូវសាមណៈទាំងឡាយដែលមានឥន្ទ្រីយ៍ស្ងប់រម្ងាប់ហើយ។ សមណៈ គឺជាបព្វជិតដែលលះបង់ផ្ទះទៅបួស ហើយខិតខំប្រព្រឹត្តប្រតិបត្តិធម៌ធ្វើកាយ វាចា ចិត្តឲ្យស្ងប់ស្ងាត់ ចាកកិលេស គឺលោភៈ ទោសៈ មោហៈ មានឥរិយាបទស្ងប់ស្ងាត់ស្រគត់ស្រគំគួរជាទីជ្រះថ្លានៃជនទាំងពួង។ លើសពីនេះទៅទៀត សមណៈទាំងឡាយ លោកតែងឲ្យដល់អ្នកដែលបានមកជួបនូវដំបូន្មានដ៏ប្រពៃជាមាគ៌ាសម្រាប់ប្រព្រឹត្តប្រតិបត្តិឲ្យបានសុខចម្រើនក្នុងជាតិនេះនិងជាតិមុខ។ ដូចច្នេះ ការបានជួបនឹងសាមណៈទាំងឡាយ ជាមង្គលដ៏ឧត្តម ។ 
៣០. កាលេន ធម្មសាកច្ឆា កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល។ នេះបានដល់ការបែងចែកពេលវេលាឲ្យមានឱកាសសម្រាប់ជួបជុំគ្នាញឹកញាប់ ដើម្បីពិក្សាផ្លាស់ប្ដូរយោបល់គ្នា អំពីធម៌វិន័យក្រោមអធិបតីភាពនៃលោកអ្នកចេះដឹងជ្រៅជ្រះដែលជាអ្នកមានគុណធម៌ និងសីលធម៌ខ្ពង់ខ្ពស់ ដើម្បីអាចបំបាត់នូវចម្ងល់គ្រប់យ៉ាងបាន។ មួយសោត ដើម្បីពិភាក្សាដោះស្រាយនួវបញ្ហានានានិងស្វែងរកនូវការចុះសម្រុងគ្នា។ ទង្វើបែបនេះ ក៏ជាការសាបព្រោះនូវវប្បធម៌អហិង្សានិងសន្ដិភាពផងដែរ ។ ធ្វើយ៉ាងនេះ គឺពិតជាបានបង្កើតនូវការចេះដឹងរបស់ខ្លួនឲ្យមានទូលំទូលាយជាបន្ដបន្ទាប់ ដែលអាចយកទៅប្រព្រឹត្តប្រតិបត្តិបានត្រឹមត្រូវនិងកើតផលប្រយោជន៍ដល់ខ្លួនឯងនិងសង្គមជាតិពិតប្រាកដ។ ដូច្នេះ កិរិយាចូលរួមក្នុងការសន្ទនាសាកសួរធម៌តាមកាលជាមង្គលដ៏ឧត្តម ។ 
៣១. តបោ ច សេចក្ដីព្យាយាមដុតនូវបាបធម៌។ បាបធម៌ បានដល់លោភៈ គឺការជាប់ចិត្តលោភលន់ហួសហេតុទៅលើសម្ភារៈគ្រប់យ៉ាង១ ទោសៈ គឺចិត្តប្រទូសរ៉ាយ ស្អប់ ក្រោធខឹងគ្រប់យ៉ាង១ និង មោហៈ គឺក្ដីងងឹតងងល់ វង្វេង មានកាប់សម្លាប់ លួចប្លន់ និងកុហកឆបោក កេងប្រវញ្ចជាដើម ។ រីឯ តបៈធម៌បានដល់ការព្យាយាមដុតបំផ្លាញនូវកិលេសទាំងបីខាងលើផង និងព្យាយាមកសាងនូវអំពើល្អគ្រប់យ៉ាងមានទាន សីល ភាវនា សាងផ្លូវថ្នល់សាលារៀនជាដើមផង ដែលសុទ្ធតែមានប្រយោជន៍ដល់ខ្លួនឯងនិងសង្គមជាតិយ៉ាងពិតប្រាកដ ។ ដូច្នេះ សេចក្ដីព្យាយាមដុតនូវបាបធម៌ ជាមង្គលដ៏ឧត្តម ។ 
៣២. ព្រហ្មចរិយញ្ច កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ។ នេះបានកិរិយាព្យាយាមប្រព្រឹត្តសីលធម៌ដ៏ប្រសើរទាំង ៨ យ៉ាងគឺ៖ មិនសម្លាប់ជិវិតសត្វ១ មិនលួចប្លន់១ មិនប្រព្រឹត្តស្នេហា១ មិនភូតកុហក១ មិនផឹកទឹកស្រវឹង១ មិនបរិភោគពេលរសៀលនិងពេលយប់១ មិនរាំច្រៀង លេងភ្លេង និងមិនតុបតែងកាយដោយគញរឿងអលង្ការ១ មិនប្រើប្រាស់សម្ភារៈអង្គុយនិងដេកក្នុងទីប្រសើរពេក១។ នេះគឺជាការប្រព្រឹត្តសង្រួមកាយ វាចា ចិត្តយ៉ាងប្រពៃ ដែលមានប្រយោជន៍ដល់ខ្លួនឯង ព្រោះបានធ្វើចិត្តឲ្យបានស្ងប់ស្ងាត់និងមានប្រយោជន៍ដកើសង្គមជាតិ ព្រោះមិនបានរំខាននិងបៀតបៀនសង្គមជាតិ។ ដូច្នេះ កិរយាប្រព្រឹត្តនូវព្រហ្មចរិយាធម៌ជាមង្គលដ៏ឧត្តម ។ ៣៣. បរិយសច្ចាន ទស្សនំ កិរិយាឃើញនូវអរិយសច្ចធម៌ទាំងឡាយ។ អរិយសច្ចៈ ធម៌បានដល់ធម៌ពិតដ៏ខ្ពង់ខ្ពស់ ៤យ៉ាងគឺ (ទុក្ខសច្ចៈ=សេចក្ដីទុក១) (សមុទយសច្ចៈ=ហេតុនៃសេចក្ដីទុក្ខ១) (និរោធសច្ចៈ=ទីដែលក្ដីទុក្ខត្រូវបានរំលត់១) និង(មគ្គសច្ចៈ=វិធីរំលត់ទុក្ខ១)។ សេចក្ដីពិតនៃមនុស្ស សត្វ ទេព្ដា ក្នុងត្រៃភព គឺពោរពេញទៅដោយសេចក្ដីទុក្ខប្រែប្រួលឥតខ្លឹមសារទាំងអស់។ មូលហេតុនៃសេចក្ដីទុក្ខនេះ គឺបណ្ដាលមកពីជីវិត ដែលពោពេញដោយកិលេសតណ្ហាគ្រប់បែបយ៉ាង។ ដរាបណា កិលេសតណ្ហាត្រូវបនរំលត់អស់ហើយព្យាយាប្រព្រឹត្ត ប្រតិបត្តិតាមមគ្គសច្ចដែលជាមាគ៌ា ដើម្បីរំលត់ទុក្ខប្រកបដោយអង្គ៨ គឺ អដ្ឋង្គិកមគ្គទើបបានរំលត់កិលេសតណ្ហា ឆ្លងផុតពីសេចក្ដីទុក្ខគ្រប់យ៉ាង។ ដូច្នេះកិរិយាឃើញនូវអរិយសច្ចធម៌ជា មង្គលដ៏ឧត្តម។ 
៣៤. និព្វាន សច្ឆិរិយា ច កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វានដោយបញ្ញាដ៏ខ្ពង់ខ្ពស់។ នេះបានដល់ការប្រព្រឹត្តប្រតិបត្តិនូវវីធីក្បួនច្បាប់ សីល សមាធិ បញ្ញា ឲ្យចេញជាលទ្ធផលច្បាស់លាស់។ ព្រះនិព្វាន គឺជាលទ្ធផលនៃការប្រព្រឹត្តប្រតិបត្តិសីល សមាធិ បញ្ញា តាមអរិយមគ្គប្រកបដោយអង្គ៨គឺ សម្មាទិដ្ឋិ គឺការយល់ឃើញត្រឹមត្រូវពិតប្រាកដ១ សម្មាសង្គប្បៈ គឺការត្រិះរិះត្រឹមត្រូវ គិតនិងរំលត់តណ្ហា១ សម្មាវាចា គឺការពោលតែពាក្យត្រឹមត្រូវ១ សម្មាកម្មន្តៈ គឺការប្រព្រឹត្តធ្វើការងារត្រឹមត្រូវតាមធម៌ និងច្បាប់រដ្ឋ១ សម្មាអាជីវៈ ការប្រកបមុខរបរត្រឹមត្រូវដោយជៀសវាងនូវអំពើបាប៥យ៉ាង មានការលក់មនុស្សជាដើម១ សម្មាវាយាមៈ ការព្យាយាមត្រឹមត្រូវ លះបង់អំពើអាក្រក់ដែលធ្លាប់ធ្វើឲអស់ និងព្យាយាមជៀសវាមិនធ្វើអំពើអាក្រកជាថ្មីៗទៀត ព្យាយាមរក្សាគុណធម៌និងសេចក្ដីដែលមានស្រាប់ ឲមានតាំងនៅនិងកាន់តែចម្រើនឡើង ព្យាយាមសាងគុណធម៌ និងក្ដីល្អដែលមិនទាន់មាន ឲមានជាប្រកដ១ សម្មាសតិ ការរឮក ដ៏ត្រឹមត្រូវ មានការរលឹកនូវវេទនាខាងក្នុង និងក្រៅជាដើម១ និងសមាសមាធិ ការតម្កល់ចិត្តឲច្បាស់នូវព្រះនិព្វាន ដែលជាគោលដៅចុងក្រោយនៃជីវិតក្នុងលោក ជាមង្គលដ៏ឧត្តម។ 
៣៥. ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ ចិត្តនៃបុគ្គលដែលមិនញាប់ញ័រដោយលោកធម៌។ លោកធម៌ ជាធម្មជាតិ ជាទីប្រាថ្នា និងជាទីស្អប់របស់មនុស្ស និងជាធម៌ដែលតែងកើតមាននៅក្នុងលោក ដល់មនុស្សគ្រប់រូប មិនថាបុគ្គលនោះជាអ្នកចេះធម៌ ឬមិនចេះឡើយ ហើយក៏មិនរើសមុខ ថាជាពុទ្ធសាសនិក ឬជាសាសនិករបស់សាសនាណាមួយឡើយ ។ លោកធម៌មាន៨ប្រាករគឺ មានលាភ១ ឥតលាភ១ មានយស១ ឥតយស១ សរសើរ១ និន្ទា១ សុខ១ ទុក្ខ១ ។ អរិយបុគ្គលទាំងឡាយមានព្រះពុទ្ធជាប្រធានរមែងមិនញាប់ញ័រ គឺមិនសប្បាយភ្លើតភ្លើនទាំងមិនទោមនស្សដោយលោកធម៌ទាំង៨នេះឡើយ ទើបពួកលោករមែងរស់នៅជាក្សមក្សាន្ដជានិច្ច ។ ដូច្នេះ ការព្យាយាមអប់រំចិត្តឱ្យបានទៅជាចិត្តដែលមិនញាប់ញ័រដោយលោកធម៌ទាំង៨នេះ ជាមង្គលដ៏ឧត្ដម ។ ៣៦. អសោកំ ចិត្តនៃបុគ្គលមិនសោយសោកចំពោះអារម្មណ៍ ។ មនុស្សគ្រប់រូបតែងតែជួបនូវអារម្មណ៍ គឺហេតុការណ៍គ្រប់យ៉ាងរាល់នាទីនៃជីវិតរបស់ខ្លួន ។ ជាការពិតណាស់តាំងពីភ្ញាក់ពដំណេកដឹងខ្លយនឡើងត្រចៀកជួបនិងសំឡេង ភ្នែកជួបនឹងរូប ច្រមុះជួបនឹងក្លិន អណ្ដាតជួបនឹងរសជាតិ កាយប៉ះនឹងវត្ថុគ្រប់យ៉ាង ។ អារម្មណ៍ទាំងនេះ ខ្លះជាទីពេញចិត្តនាំឱ្យសប្បាយ ខ្លះជាំទីស្អប់ខ្ពើមនាំឱ្យខឹងមូរម៉ៅក្ដៅក្រហាយ ។ ប៉ុន្ដែ ព្រះអរិយបុគ្គលដែលជាមនុស្សដ៏ប្រសើរមានចិត្តស្អាតបរិសុទ្ធ ចាកកិលេសតណ្ហា លោភៈ ទោសៈ មោហៈហើយនោះ លោកមិនសោយសោកក្ដៅក្រហាយនឹងអារម្មណ៍ទាំងឡាយនោះហើយ។ ដូច្នេះការព្យាយាមអប់រំចិត្តរហូតបានជាចិត្តមិនសោកសៅ ជាមង្គលដ៏ឧត្ដម ។ 
៣៧. វីរជំ ចិត្តដ៏បរិសុទ្ធ ស្អាតចាកកិលេស។ នេះបានដល់ប្រភេទនៃចិត្តជាន់ខ្ពស់ដែលមិនបានប្រឡាក់ដោយកិលេសទាំងបី គឺលោភៈចិត្ត ស្អប់ជាប់នឹងសម្ភារៈនិងអសម្ភារៈគ្រប់យ៉ាង ដែលនាំឱ្យមានសេចក្ដីលោភលន់គ្មាន ទីបំផុត១ ទោសៈចិត្ត ថ្នាំងថ្នាក់ស្អប់ខ្ពើម ក្រោធខឹង ទោមនស្ស ប្រទូស្តនឹងសម្ភារៈគ្រប់យ៉ងដែលនាំឱ្យកើតជាអំពើហិង្សាជាដើម១ មោហៈចិត្ត វង្វេងក្នុងអារម្មណ៍ប្រកបដោយសេចក្ដីសង្ស័យនិងរាយមាយឥតខ្មាសឥតខ្លាចអំពើទុច្ចរិត១។ ដូច្នេះ កិរិយាអប់រំចិត្តឱ្យបានទៅជាចិត្តបរិសុទ្ធស្អាតចាកកិលេស ជាមង្គលដ៏ឧត្តម ។ 
៣៨. ខេមំ ចិត្តក្សេមក្សាន្ដ ។ នេះបានដល់សន្ដានចិត្តរបស់ព្រះអរិយបុគ្គលទាំងឡាយដែលមានព្រះពុទ្ធ ជាប្រធាន ដែលបានផ្លងផុតពីអន្លុងទាំង៤គឺ៖ អន្លង់គឺកាមតណ្ហា១ អន្លង់គឺភពទាំងបី១ អន្លង់គឺទិដ្ឋិយល់ខុស១ និងអន្លង់គឺអវិជ្ជាការមិនយល់ដឹងនូវសច្ចធម៌១។ ចិត្តដែលបានឆ្លងផុតអន្លង់ទាំង៤ហើយ គឺចិត្តស្អាតបរិសុទ្ធនិងស្ងប់ក្សេមក្សាន្ដក្រៃលែង។ ដូច្នេះ កិរិយាខំកសាងខ្លួនគឺអប់រំចិត្តឱ្យបានទៅជាចិត្តក្សេមក្សាន្ដយ៉ាងនេះ ជាមង្គលដ៏ឧត្ដម។ បុគ្គលទាំងឡាយណាបានខិតខំកសាងខ្លួនដោយខិតខំប្រព្រឹត្តិប្រតិបត្តិនុវមង្គលទាំង៣៨ប្រការនេះឱ្យបរិបូណ៌ហើយ រមែងមិនចាលចាញ់ក្នុងទីទាំងពួង រហូតសម្រេចមគ្គផលនិព្វានជាទីអវសាន៕

No comments

Powered by Blogger.