សត្វនរក ៤
យើងជាពុទ្ធបរិស័ទ គួរតែមានសេចក្តីសង្វេគតក់ស្លុតក្នុងជីវិតរស់នៅក្នុងបច្ចុប្បន្ននេះ វាមិនមានអ្វីស្ថិតស្ថេរឡើយក្នុងលោកនេះ មានការកើតឡើងហើយមានការស្ថិតនៅ និងការបាត់ទៅវិញជាធម្មតា ។
សូមញាតិញោមពិចារណានូវរឿងក្នុងព្រះពុទ្ធសាសនា ដើម្បីជាបទពិចារណាក្នុងរឿងរ៉ាវជីវិតដែលរស់នៅក្នុងលោកនេះ វាមានទាំងវិបាក ទាំងល្អដោយអំណាចក្នុងការប្រព្រឹត្តរបស់មនុស្ស ។ កាលកន្លងទៅហើយ ព្រះដ៏មានព្រះភាគ ព្រះនាមកស្សបៈ ទ្រង់ឧប្បត្តិកឡើងក្នុងលោក ក្នុងកាលដែលមនុស្សទាំងឡាយមានអាយុកាល ២ ម៉ឺនអង្គ ។ ពួកអ្នកនគរពារាណសីឃ្មាតខ្មីបបួលគ្នីគ្នាធ្វើអាគន្តុកទាន ។ គ្រានោះមានសេដ្ឋីបុត្ត ៤ នាក់ជាសម្លាញ់នឹងគ្នាមានសម្បត្តិ ៤០ កោដិ ក្នុងនគរពារាណសី បានប្រឹក្សាគ្នាថា ទ្រព្យសម្បត្តិយើងមានច្រើនតើយើងនឹងប្រកបការងារដូចម្តេច ? កាលដែលព្រះសម្មាសម្ពុទ្ធ ស្តេចកំពុងយាងទៅកាន់ចារិកយ៉ាងនេះ ក៏សេដ្ឋីបុត្តទាំង ៤ នាក់នោះ ឥតមាននិយាយយ៉ាងនេះថា យើងទាំងឡាយនឹងឲ្យទាន នឹងបូជានឹងរក្សាសីលដូច្នេះសោះ បែរជានិយាយយ៉ាងនេះថាបើយើងទាំងឡាយផឹកស្រាឲ្យស្រវឹង ហើយស៊ីសាច់ដែលមានរស់ជាតិឆ្ងាញ់ពិសាទើបពេញជាការរស់នៅមានប្រយោជន៍ ។ ម្នាក់ទៀតនិយាយថា យើងគួរតែបរិភោគបាយអង្គរ ស្រូវសាលីដែលមានក្លិនក្រអូប និងវត្ថុផ្សេង ៗ ។ ម្នាក់ទៀតនិយាយថា យើងចំណាយប្រាក់ឲ្យពួកស្រី ៗ ទោះបីកូនប្រពន្ធគេក៏គង់តែស័្មគ្រចិត្តនឹងយើងមិនខាន ហើយពួកយើង នឹងធ្វើបតរទារកម្មឲ្យពេញបន្ទុក ។ សេដ្ឋីបុត្តទាំង ៤ នាក់នោះ យល់ព្រមព្រៀងគ្នាហើយចាប់ផ្តើមអំពីថ្ងៃនោះមក ក៏តែងតែបញ្ជូនទ្រព្យទៅឲ្យស្រី ៗ ទាំងឡាយដែលមានរូបល្អ ហើយធ្វើនូវបរទារកម្មអស់ ២ ម៉ឺនឆ្នាំ លុះធ្វើមរណកាលទៅបានទៅកើតក្នុងលោហកុម្ភីនរក ជម្រៅ ៦០ យោជន៍ លិចចុះទៅអស់ ៣ ម៉ឺនឆ្នាំ ទើបដល់បាតខ្ទះអណ្តែតឡើងអស់ ៣ ម៉ឺនឆ្នាំ ទើបដល់មាត់ខ្ទះ ហើយទើបចង់ពោលគាថាម្នាក់មួយ ៗ ប៉ុន្តែមិនអាចពោលទាន់ ក៏ពោលបានត្រឹមតែពាក្យថា ទុ. ស. ន. សោ ហើយក៏ត្រឡប់លិចចុះទៅក្នុងខ្ទះទង់ដែងវិញទៅ ។
😓សត្វនរកទី ១ បម្រុងនឹងពោលយ៉ាងនេះថា
ទុ. ទុជ្ជីវិតមជីវិម្ហា យេ សន្នោ ន ទទាមសេ
វិជ្ជមានេសុ ភោគេសុ ទីបំ នាកម្ហ អត្តនោ ។
យើងទាំងឡាយ មានជីវិតដ៏លាមក បានរស់នៅហើយកាលដែលភោគសម្បត្តិកំពុងមាន យើងទាំងឡាយមិនបានឲ្យទានសោះ យើងទាំងឡាយមិនបានធ្វើនូវទីពឹងដល់ខ្លួនឯងសោះឡើយ ។
😓សត្វនរកទី ២ បម្រុងនឹងពោលយ៉ាងនេះថា
ស. សដ្ឋីរស្សសហស្សានិ បរិបុណ្ណានិ សព្វសោ
និរយេ បច្ចមានានំ ភទា អន្តោ ភវិស្សតិ ។
យើងទាំងឡាយ ដែលបាបកម្មចម្អិននៅក្នុងនរកអស់ ៦ ម៉ឺនឆ្នាំពេញគ្រប់គ្រាន់មិនមានលើសខ្វះ ឱ! កាលណាហ្ន៎! នឹងមានទីបំផុតនៃសេចក្តីទុក្ខ ។
😓សត្វនរកទី ៣ បម្រុងនឹងពោលយ៉ាងនេះថា
ន. នត្ថិ អន្តោ ភុតោ អន្តោ បដិនិស្សតិ
តទា ហិ បភតំ បាបំ មម តុយ្ហញ្ច មារិស ។
ទីបំផុតនៃសេចក្តីទុក្ខរបស់យើងទាំងឡាយ មិនមានឡើយ មានទីបំផុតនៃសេចក្តីទុក្ខពីណា ទីបំផុតនៃសេចក្តីទុក្ខមិនប្រាកដទេ ម្នាលអ្នកដូចជាខ្ញុំ ដ្បិតពីកាលណោះ ខ្ញុំនិងអ្នកទាំងឡាយបានធ្វើបាបពេកបន្ទុកណាស់ ។
😓សត្វនរកទី ៤ បម្រុងនឹងពោលយ៉ាងនេះថា
សោ. សោហំ នូន ឥតោ គន្ត្វា យោនី លទ្ធាន
មានុសី វនញ្ញូ សីលសម្បន្នោ កាហាមិ កុសលំ ពហុំ ។
បើខ្ញុំបានរួចអំពីនេះទៅ ហើយបានកើតជាមនុស្ស នឹងជាអ្នកដឹងនូវពាក្យពេចន៍បរិបូណ៌ដោយសីល ខ្ញុំនឹងខំធ្វើតែបុណ្យកុសលយ៉ាងច្រើន ។
មនុស្សយើង កាលដែលមិនទាន់បានឃើញទោសកំហុសចំពោះខ្លួនឯងទេ រមែងចេះតែគ្រាន់បើលើខ្លួនឯងចេះតែមានអំនួត អួតអាងចំពោះអំណាចដែលខ្លួនមាន ទីបផុតក្នុងលោកនេះមិនមានអ្វីជាទីពឹងឡើយ។
🌻ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឈឹមអ្នកមានគុណ 🌻រៀបរៀងដោយៈ ភិក្ខុ ចិន្ត កវី ទូច ចន្ថា
🌻វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
No comments
Post a Comment