Header Ads

Header ADS

ប្រភពនៃនីតិព្រហ្មទណ្ឌ

    នីតិព្រហ្មទណ្ឌ គឺជានីតិដែលមានសារៈសំខាន់ខ្លាំងណាស់​សម្រាប់មនុស្សនៅក្នុងសង្គម។ នីតិនេះ ត្រូវបានគេ​បង្កើតឡើង​ដើម្បីការពារសង្គម ប្រឆាំងនឹងអំពើ ទាំងឡាយណាដែល​ប៉ះពាល់ដល់​ ការរស់នៅរបស់សមាជិកសង្គមគ្រប់រូប និង​សន្តិសុខសាធារណៈ ហើយដាក់ទោសយ៉ាងធ្ងន់ធ្ងរ ទៅលើជនទាំងឡាយណាដែលប្រព្រឹត្តផ្ទុយនឹងវិធានច្បាប់​ដែលបានចែង។
នីតព្រហ្មទណ្ឌក៏ជា នីតិដែលមានមុខងារសំខាន់ផងដែរក្នុងការ បង្ក្រាប បង្ការ និងអបរំ ឬទប់ស្កាត់ នូវរាល់អំពើដែលផ្ទុយនឹងច្បាប់។ ត្រង់ចំណុចនេះមានន័យថា នីតិព្រហ្មទណ្ឌមានតួនាទីជា អ្នកបង្ក្រាប នូវរាលបទល្មើសព្រហ្មទណ្ឌកុំអោយកើតមានក្នុងសង្គម ហើយក៏ធ្វើការបង្ការផងដែរ ចំពោះជនល្មើសទាំងឡាយ​ណាដែលមានគំនិតចង់ប្រព្រឹត្តបទល្មើសអោយចេះភ័យខ្លាច នឹងទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលច្បាប់ព្រហ្មទណ្ឌ​បានផ្តន្ទាទោស។ ជាចុងក្រោយគឺ នីតិព្រហ្មទណ្ឌ​ត្រូវដើរតួរជាអ្នកអបរំអោយទណ្ឌិតកែប្រែឥរិយាបថ ហើយងាកមកប្រព្រឹត្តអំពើល្អក្នុងសង្គម​ឡើងវិញ។

១. នីតិព្រហ្មទណ្ឌមានប្រភពមកពីរដ្ឋធម្មនុញ្ញ

តាមមាត្រា ១៥០ ( ថ្មី ) នៃនីតិរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញថា “រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលនៃ​ព្រះរាជាណាចក្រកម្ពុជា” ហេតុនេះរដ្ឋធម្មនុញ្ញត្រូវស្ថិតនៅឋានានុក្រមលើគេបង្អស់នៃច្បាប់ ដែលអាចបញ្ចាក់ថា ច្បាប់ទាំងឡាយ​ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ អាស្រ័យហេតុនេះ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃ​ព្រះរាជា​ណាចក្រកម្ពុជា​ឆ្នាំ ១៩៩៣ បានបញ្ជាក់ផងដែរពីគោលការណ៏មួយចំនួនដែលទាក់ទង នឹងនីតិព្រហ្មទណ្ឌដូចជា​គោលការណ៏សច្ចធារណ៍នៃនិរទោស និងការហាមប្រាមមិនអោយប្រើប្រាស់អំពើហិង្សាដើម្បីសួរចម្លើយនៃពិរុទ្ធភាព ដូចមានចែងក្នុងមាត្រា ៣៨ ថា (ការបង្ខិតបង្ខំធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធធនាគា ត្រូវហាមឃាត់មិនឲ្យធ្វើឡើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត​ និងអ្នកសមគំនិត ត្រូវទទួលទោស​តាមច្បាប់។ ការទទួលសារភាពដែលកើតឡើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុកជាភស្តុតាងនៃពិរុទ្ធភាពទេ។)
២. នីតិព្រហ្មទណ្ឌមានប្រភពមកពីសន្ធិសញ្ញាអន្តរជាតិ
សន្ធិសញ្ញាដែលមានទំនាក់ទំនងនឹងនីតិព្រហ្មទណ្ឌមានដូចជា
– អនុសញ្ញាស្តីពីការបង្ការ និងផ្តន្ទាទោសចំពោះបទឧក្រិដ្ឋប្រល័យពូជសាសន៍ ចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ១៩៤៨
– សេចក្តីប្រកាសជាសកលស្តីពីសិទ្ធមនុស្ស ចុះថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៤៨
– អនុសញ្ញាទីក្រុងវ្យែនស្តីពីទំនាក់ទំនងការទូត ចុះថ្ងៃទី ១៨ ខែមេសា ឆ្នាំ១៩៦១
– អនុសញ្ញាស្តីពីទំនាក់ទំនងកុងស៊ុល ចុះថ្ងៃទី ២៤ មេសា ឆ្នាំ១៩៦៣
-កតិកាសសញ្ញាអន្តរជាតិស្តីពី សិទ្ធពលរដ្ឋ និងសិទ្ធនយោបាយ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៦៦
– សន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៩៩
– សន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ចុះថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០០០ និងសន្ធិសញ្ញាអន្តរជាតិផ្សេងៗជាច្រើនទៀត។

No comments

Powered by Blogger.