Header Ads

Header ADS

លក្ខខណ្ឌដើម្បីក្លាយជាពាណិជ្ជករ

ពាណិជ្ជកិច្ច គឺជសកម្មភាពទិញ លក់ឬ សេវាកម្ម ដែលត្រូវអនុវត្តន៏ជាប្រចាំក្នុងគោលបំណងធ្វើការដោះដូរដើម្បីស្វែងរកប្រាក់ចំណេញ។ លក្ខខណ្ឌដើម្បីក្លាយជាពាណិជ្ជករ៖
​       មាត្រា១ នៃច្បាប់ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ពាណិជ្ជករជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលធ្វើពាណិជ្ជកិច្ច ហើយដែលយកពាណិជ្ជកិច្ចនេះជាមុខរបរខ្លួនជាប្រចាំ។ ចំណែកពាណិជ្ជកិច្ចវិញ គឺសកម្មភាពទិញលក់ទំនិញ ឬសេវា ដែលត្រូវបានអនុវត្តជាប្រចាំ ក្នុងគោលដៅ ធ្វើការដោះដូរ និងស្វែងរកប្រាក់ចំណេញ។ ពាណិជ្ជករជារូបវន្តបុគ្គល និងនីតិបុគ្គល ត្រូវបំពេញនូវលក្ខណៈបួនយ៉ាងគឺត្រូវមានធ្វើពាណិជ្ជកិច្ច ក្នុងលក្ខណៈជាវិជ្ជាជីវៈជាប្រចាំ ដោយឯករាជ្យ និងមានសមត្តភាព។ 
១) ជាពាណិជ្ជករត្រូវធ្វើពាណិជ្ជកិច្ច តាមស្មារតីនៃមាត្រា ១ ខាងលើការអនុវត្តន៍ពាណិជ្ជកិច្ច ប្រភេទណាមួយក៍ដោយ នឹងបំពាក់ជូនអ្នកអនុវត្តនោះនូវលក្ខណៈសម្បត្តិជាពាណិជ្ជករជាដរាប។ តែតាមពិតមិនដូចច្នេះទេ ដោយហេតុថាការធ្វើពាណិជ្ជកិច្ចបន្ទាប់បន្សំ មិនបានផ្តល់អោយដល់អ្នក អនុវត្តនូវឋានៈជាពាណិជ្ជកករទេ។ ពាណិជ្ជកិច្ចដោយភាពបន្ទាប់បន្សំ មានធម្មជាតិវាជាកិច្ចរដ្ឋប្បវេណី ដែលប្រែក្លាយជាពាណិជ្ជកិច្ចបានអាស្រ័យដោយពាណិជ្ជករជាអ្នកអនុវត្តសកម្មភាពនោះ។ ដូច្នេះគេមិនអាចសំគាល់ថាបុគ្គលម្នាក់ជាពាណិជ្ជករបានព្រោះតែគេអនុវត្តនូវពាណិជ្ជកិច្ចដោយភាពបន្ទាប់បន្សំទេ ពីព្រោះថាច្បាប់ចាត់ទុកថាសកម្មភាពមួយជាពាណិជ្ជកិច្ចដោយភាពបន្ទាប់បន្សំ ដោយសារតែគេបាន ប្រែក្លាយសកម្មភាពនោះដែលតាមធម្មជាតិ ជាកិច្ចរដ្ឋប្បវេណីឱ្យទៅជាពាណិជ្ជកិច្ច។ បុគ្គលដែលបំពេញនូវពាណិជ្ជកិច្ចដោយធម្មជាតិដូចជាការទិញ ដើម្បីលក់វិញ ឬប្រតិបត្តិការនៃធនាគារ និងការប្តូររូបិយវត្ថុជាដើម ត្រូវចាត់ទុកជាពាណិជ្ជករ។ ប៉ុន្តែ ការបំពេញនូវពាណិជ្ជកិច្ចដោយទម្រង់ ឬដោយសត្យានុម័ត ដូចជាការចុះហត្ថលេខាងលើរូបិយាណត្តិ ជាទូទៅមិនអាច ផ្តល់នូវអ្នកធ្វើពាណិជ្ជកិច្ចនេះ នូវឋានៈជាពាណិជ្ជករបានទេ។ យ៉ាងច្រើនបំផុត គេគ្រាន់តែដឹងថា ការចុះ ហត្ថលេខាលើរូបិយាណត្តិ ដែលជារបៀបទូទាត់សងប្រាក់ផ្ទាល់របស់ពាណិជ្ជករ គឺជសញ្ញាណមួយ មានលក្ខណៈសម្បតិ្តជាពាណិជ្ជករតែប៉ុណ្ណោះ តែគេមិនអាចអះអាងតាមផ្លូវច្បាប់ថា បុគ្គលនោះជា ពាណិជ្ជករបានទេ។ 
២) ពាណិជ្ជករត្រូវប្រកបមុខរបរជាប្រចាំ ការបំពេញនូវពាណិជ្ជកិច្ច មិនទាន់គ្រប់គ្រាន់ទេដើម្បីក្លាយជាពាណិជ្ជកនៅឡើយ។ ចាំបាច់ត្រូវមាន លក្ខខណ្ឌបន្ថែមទៀតដែលតម្រូវអោយពាណិជ្ជកិច្ចនេះត្រូវធ្វើឡើងក្នុងលក្ខណៈវិជ្ជាជីវៈ។ ម្យ៉ាងទៀត ទម្លាប់ធ្វើពាណិជ្ជកិច្ចក៏ជាកត្តាដែលតម្រូវអោយមានដែរ តែក៍នៅមិនគ្រប់គ្រាន់នៅឡើយដែរ។ ពោលគឺត្រូវតែយក វិជ្ជាជីវៈនេះធ្វើជាទម្លាប់ទៀត។ ហេតុដូច្នេះហើយបានជា គេចុះហត្ថលេខាលើរូបិយា ណត្តិជាទម្លាប់ មិនអាចផ្តល់លក្ខណៈសម្បតិ្តជាពាណិជ្ជករបានពីព្រោះ ការចេញផលប័ត្រពាណិជ្ជកម្ម មិនមែនជាវិជ្ជាជីវៈទេ។ ដូច្នេះការបំពេញពាណិជ្ជកិច្ចក្នុងលក្ខណៈជាវិជ្ជាជីវៈជាទម្លាប់ទាមទារអោយអ្នកធ្វើពាណិជ្ជកិច្ច បំពេញកិច្ចនោះ ដើម្បីសម្រេចនូវផលចំណេញដែលផ្តល់ឱ្យគេនូវប្រាក់ចំណូលដ៏ចាំបាច់សម្រាប់ជីវិត។ ពោលគឺជាការប្រកបរបរវិជ្ជាជីវៈដោយហ្មត់ចត់តាមលក្ខណៈដែលត្រូវផ្តល់អោយគេនូវផលចំណេញ សម្រាប់ផ្គត់ផ្គង់សេចក្តីត្រូវការក្នុងជីវិត។ តែមិនចាំបាច់ឱ្យការធ្វើពាណិជ្ជកិច្ចនេះ ជាសកម្មភាព តែមួយគត់ ឬជាសកម្មភាពផ្តាច់មុខ ឬជាសកម្មភាពចំបងរបស់អ្នកធ្វើនោះដែរ។ បុគ្គលម្នាក់អាចមានសកម្ម ភាពវិជ្ជជីវៈចំបងមិនមែនពាណិជ្ជកម្ម និងសកម្មភាពបន្ទាប់បន្សំជាពាណិជ្ជកម្ម។ បុគ្គលនោះជាពាណិជ្ជករសំរាប់សកម្មភាពន្ទាប់បន្សំ នេះបាន កុំអោយតែ ពាណិជ្ជកិច្ចនេះជាសកម្មភាពបនំ្សនៃសកម្មភាពរដ្ឋប្បវេណី ឬ មានវិសមត្តភាព។ ជាក់ស្តែងជាងគំនូរ អាចមានសមត្តភាព ពាណិជ្ជកម្មដូចជាលក់សំលៀកបំពាក់ ជាប់ជាមួយនឹងសិប្បកម្មរបស់ខ្លួនបាន។ ការអនុវត្តវិជ្ជជីវៈនេះត្រូវតែជសកម្មភាពពិតប្រាកដ ។ ការប្រកាសខ្លួនថា ជាពាណិជ្ជករ និងការគោ រពកាតព្វកិច្ចទាំងឡាយរបស់ពាណិជ្ជករ មិនចាត់ទុកថាគ្រប់គ្រាន់ទេ។ ជាការពិតណាស់ ការចុះឈ្មោះក្នុង បញ្ជីពាណិជ្ជកម្មអាចសន្មតថាមានលក្ខណៈសម្បតិ្តជាពាណិជ្ជករបាន តែនេះគ្រាន់តែជាសច្ចធារណ៍សាមញ្ញ ប៉ុណ្ណោះ ដែលអាចជំទាស់បានដោយភស្តុតាងផ្ទុយ។ ជាញឺកញាប់ ការអនុវត្តវិជ្ជាជីវៈនាំភ្ជាប់មកជាមួយនូវការរៀបចំជាសហគ្រាស និងការធ្វើអាជីវកម្ម លើមូលនិធិពាណិជ្ជកម្ម តែនេះមិនមែនជាលក្ខខណ្ឌដែលខានមិនបាននោះទេដោយហេតុថា មានពាណិជ្ជ កិច្ចមួយចំនួន ដូចជា សេវាទីភ្នាក់ងារ សេវាអន្តរការដើម មិនចាំបាច់មានការតំឡើងសំភារៈផ្សេងៗសំរាប់ អនុវត្តសកម្មភាពពាណិជ្ជកម្មរបស់ខ្លួន។ 
៣) ប្រកបមុខរបរដោយឯករាជ្យ ដើម្បីក្លាយជាពាណិជ្ជករ ចំាបាច់ត្រូវប្រកបវិជ្ជាជីវៈក្នុងនាមផ្ទាល់ខ្លួន និងដើម្បីជាប្រយោជន៍របស់ ខ្លួន។ ពិសេសគឺត្រូវទទួលរងហានិភ័យសព្វបែបយ៉ាងដោយខ្លួនឯង ប្រកបដោយឯករាជ្យ ភាពយ៉ាងពេញលេញ។ ពាណិជ្ជករ ត្រូវទទួលទាំងសំណាងបានចំណេញ និងសំណាងបានខាត់ ។ ហើយដើម្បីធ្វើ ដូច្នេះ គេត្រូវតាំងខ្លួនជាម្ចាស់។ ដូច្នេះ បុគ្គលទាំងឡាយដែលទោះបីជាបានចូលរួមក្នុងសកម្មភាពពាណិជ្ជ កម្មយ៉ាងណាក៏ដោយ អោយតែមិនមានឯករាជ្យគ្រប់គ្រាន់ មិនអាចក្លាយជាពាណិជ្ជករទេ។ កម្មករនិយោជិតដែលចងភ្ជាប់ដោយចំណងនៃកិច្ចសន្យាការងារជាមួយនិយោជក មិនមែនជាពាណិជ្ជករទេ ទោះបីជាគេបានចូលរួមចំណែកធំបុណ្ណាក្នុងសកម្មភាពរបស់សហគ្រាយ៉ាងណាក៍ដោយ។ ដូចគ្នាដែរ ចំពោះអ្នកលក់នាយកបច្ចេកទេស ឬប្រធានសេវាផ្សេងៗ ដែលធ្វើការក្នុងសហគ្រាសនោះ។ អណត្តិគាហក ដែលជាប់ចំណងកិច្ចសន្យាអណត្តិក៏មិនមែនជាពាណិជ្ជករដែរ។ គឺអណត្តិទាយក ទៅវិញទេដែលជា ពាណិជ្ជករ ពីព្រោះថាបុគ្គលចុងក្រោយនេះ ជាអ្នកប្រគល់ពាណិជ្ជកិច្ចអោយបុគ្គលខាង ដើមអនុវត្តក្នុងនាមផ្ទាល់ និងដើម្បីជាប្រយោជន៍របស់ខ្លួនទៀត។ 
៤) ពាណិជ្ជករត្រូវជាបុគ្គលមានសមត្ថភាព ត្រូវចាត់ទុកថា គ្មានសមត្តភាពធ្វើពាណិជ្ជកម្ម គ្រប់បុគ្គលដែលនីតិរដ្ឋប្បវេណី ប្រកាសថាអសមត្តភាព។ មាត្រា ៧ នៃច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ចែងថា តាមន័យច្បាប់នេះ អនីតិជនមិនអាចជាពាណិជ្ជករបានទេ លើកលែងតែអនីតិជននោះរួចផុតពីអាណាព្យាបាល៕ 
       ពាណិជ្ជករដែលមានគ្រឹះស្ថានដើមនៅកម្ពុជាមុននឹងចាប់ផ្តើមធ្វើពាណិជ្ជកម្មរបស់ខ្លួនត្រូវធ្វើ បើយោងទៅតាមមាត្រាទី ១៤ថ្មី នៃច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និង បញ្ជីពាណិជ្ជកម្ម បានចែងថា មុនពេលចាប់ផ្តើមធ្វើពាណិជ្ជកម្មរបស់ខ្លួន យ៉ាងតិចបំផុតដប់ប្រាំថ្ងៃ (១៥ថ្ងៃ) ពាណិជ្ជករត្រូវចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម នាកន្លែងដែលខ្លួនធ្វើអាជីវកម្ម។ ទីកន្លែងទទួលពាក្យចុះបញ្ជីពាណិជ្ជកម្ម មាននៅតាមមន្ទីរពាណិជ្ជកម្ម ខេត្ត ក្រុង ឬ នៅទីកន្លែងផ្សេងៗទៀត តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ពាណិជ្ជករ ត្រូវប្រគល់ទៅទីកន្លែងទទួលពាក្យចុះបញ្ជីពាណិជ្ជកម្មនូវប្រតិវេទន៍មួយ ធ្វើជាពីរច្បាប់ មានចុះហត្ថលេខា ឬ ស្នាមមេដៃរបស់សាមីខ្លួន។ ប្រតិវេទន៍នេះ ត្រូវសរសេរលើលិខិតគំរូមួយ ដែលមន្រ្តីចុះបញ្ជីពាណិជ្ជកម្មបានផ្តល់ឲ្យ។ ប្រតិវេទន៍ត្រូវចែងអំពី៖
១. នាមត្រកូល និងនាមខ្លួន របស់ពាណិជ្ជករ និងលេខ នៃលិខិតអត្តសញ្ញាណរបស់ខ្លួន។ 
២.នាមប្រើប្រាស់ក្នុងពាណិជ្ជកម្ម ឬ រហស្សនាម។ 
៣. ថ្ងៃ ខែ ឆ្នាំ និងទីកន្លែងកំណើត ព្រមទាំងអាស័យដ្ឋានផ្ទាល់ខ្លួន។ ៤. សញ្ជាតិដើម ហើយក្នុងករណីដែលសាមីខ្លួនបានទទួលសញ្ជាតិមួយផ្សេងទៀត ត្រូវបញ្ជាក់អំពីបែបបទ និងថ្ងៃ ខែ ឆ្នាំ ដែលបានទទួលសញ្ជាតិនេះ។ 
៥. កម្មវត្ថុពាណិជ្ជកម្ម។ 
៦.ទីកន្លែងធ្វើអាជីវកម្ម និងអាស័យដ្ឋានគ្រឹះស្ថាន ឬសាខា នៃមូលនិធិពាណិជ្ជកម្ម ដែលមានទីតាំងនៅព្រះរាជាណាចក្រកម្ពុជា។ 
៧.ផ្លាសសញ្ញាពាណិជ្ជកម្ម នៃគ្រឹះស្ថាន និងហត្ថលេខាគំរូរបស់សាមីខ្លួន ព្រមទាំងស្នាមត្រាគំរូ។ 
៨. លិខិតអត្តសញ្ញាណរបស់អ្នកតំណាងពេញសិទ្ធិ ដែលទទួលរ៉ាបរងក្នុងការសុំចុះបញ្ជីពាណិជ្ជកម្ម។ 
៩. គ្រឹះស្ថានពាណិជ្ជកម្មដែលអ្នកស្នើសុំបានធ្វើអាជីវកម្មពីមុន ឬគ្រឹះស្ថានពាណិជ្ជកម្ម ដែលអ្នកស្នើសុំកំពុងធ្វើអាជីវកម្ម នៅក្នុងរង្វង់សមត្ថកិច្ចក្រសួងពាណិជ្ជកម្ម។ 
១០. សេចក្តីប្រកាសដោយសុទ្ធចិត្តរបស់អ្នកស្នើសុំថា គ្មានជាប់ទោសពៃរ៍ ក្នុងកិច្ចការពាណិជ្ជកម្ម 
១១. ក្នុងករណីចាំបាច់ លិខិតអនុញ្ញាតឲ្យប្រកបមុខរបរ ចំពោះមុខរបរណា ឬចំពោះកម្មវត្ថុពាណិជ្ជកម្មណា ដែលតម្រូវឲ្យមានសេចក្តីអនុញ្ញាត។ 
​      មន្រ្តីចុះបញ្ជីពាណិជ្ជកម្មត្រូវចម្លងសេចក្តី ក្នុងប្រតិវេទន៍ទាំងពីរចូលក្នុងបញ្ជីពាណិជ្ជកម្ម ដោយប្រគល់ប្រតិវេទន៍នេះមួយច្បាប់ ក្នុងចំណោមប្រតិវេទន៍ទាំងពីរច្បាប់ ជូនដល់អ្នកស្នើសុំចុះឈ្មោះ ដោយបញ្ជាក់នៅខាងក្រោមថា “បានចម្លងចូលបញ្ជីរួចហើយ”។

No comments

Powered by Blogger.