Header Ads

Header ADS

ប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញខ្មែរ

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ រាល់ច្បាប់និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅ តាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំងនោះនឹងអធម្មនុញ្ញភាព។ 
១.រដ្ឋធម្មនុញប្រទេសកម្ពុជា (១៩៤៧-១៩៧០) 
២.រដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) 
៣.រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) 
៤.រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩) 
៥.រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា (១៩៨៩-១៩៩៣) 
៦.រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (១៩៩៣-បច្ចុប្បន្ន) 
      រដ្ឋធម្មនុញ្ញកម្ពុជាត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៤៧មកម្លេះហើយ បើគិតមកដល់ពេលបច្ចុប្បន្ននេះកម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញដល់ទៅ៦ដងរួចមកហើយ។ 
      រដ្ឋធម្មនុញ្ញលើកទី១ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី១ ដែលមាន ១២ជំពូក និង ១២២មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧នេះ ជារដ្ឋធម្មនុញ្ញអាស្រ័យធម្មនុញ្ញតែរដ្ឋធម្មនុញ្ញនេះមិនមានផ្លាស់បប្តូរទម្រង់នៃការដឹកនាំនោះទេ គឺគ្រាន់តែមានការប្រែប្រួលខ្លះៗ យើងទៅតាមសភាពការណ៍ជាក់ស្តែងតែប៉ុណ្ណោះ។ -
    រដ្ឋធម្មនុញ្ញលើកទី២ គឺជារដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរ ដែលមាន១១ ជំពូក និង១២១ មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី ១០ ខែឧសភា ១៩៧២ ។ រដ្ឋធម្មនុញ្ញនេះ ធ្វើឲ្យមាន ការផ្លាសប្តូររបបនយោបាយពីរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មកជារបបសាធារណរដ្ឋ បែប សហរដ្ឋអាមេរិកវិញ។ 
 រដ្ឋធម្មនុញ្ញលើកទី៣ គឺជារដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យ ដែលមាន ២១មាត្រា ចែកចេញជា១៦ជំពូក ហើយត្រូវបានអនុម័តនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យនេះ ដែលធ្វើឲ្យមានការផ្លាសស់ប្តូររបបគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសខ្មែរ ពីរបបសារធារណរដ្ឋ ប្រែទៅជារបសកុម្មុនីសផ្តាច់ការ សម្លាប់រង្គាលលើប្រជាជនខ្លួនឯង ក្នុង កំឡុងពេលបីឆ្នាំ ៨ខែ និង ២០ថ្ងៃ ។ 
     រដ្ឋធម្មនុញ្ញលើកទី ៤ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជាធិបតេយ្យ មាន៩៣ មាត្រា និង១០ ជំពូក ហើយត្រូវបានប្រកាសឲ្យប្រើតាមក្រឹត្យ លេខ ០១ក្រ ចុះថ្ងៃទី ២៥ ខែមថុនា ឆ្នាំ ១៩៨១។ 
   រដ្ឋធម្មនុញ្ញលើកទី៥ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៨៩ រដ្ឋសភានៃរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ដោយកែឈ្មោះប្រទេសកម្ពុជាពី សាធា រណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញ នៅក្នុងមាត្រា៤ នៃរដ្ឋធម្មនុញ្ញនេះ ចែងថា រដ្ឋកម្ពុជាអនុវត្តិរបបនយោបាយពហុបក្ស។ រដ្ឋធម្មនុញនេះ មាន៩៣ មាត្រា និង១០ ជំពូក។ 
    រដ្ឋធម្មនុញ្ញលើកទី៦ គឺជារដ្ឋធម្មនុញ្ញដែលប្រសូត្រចេញក្រោយពីកិច្ចព្រមព្រៀងសន្តិ ភាពទីក្រុងបារីស ថ្ងៃទី ២៣ តុលាឆ្នាំ១៩៩១។ នៅថ្ងៃទី ២៣ ដល់ថ្ងៃទី ២៨ ខែឧសភាឆ្នាំ១៩៩៣ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសបាននាំគ្នាទៅបោះឆ្នោតទៅជ្រើសរើសសភាធម្មនុញ្ញចំនួន១២០រូបតំណាងឲ្យទូទាំងប្រទេសដោយតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ ដែលនាពេលនោះមានគណបក្សចំនួន២០ចូលរួមក្នុងការដណ្តើមសន្លឹកឆ្នោត។ ជាលទ្ធផល ចុងក្រោយគឺ គណបក្សហ្វ៊ុន ស៊ិនប៉ិច ទទួលបានចំនួន៥៨អាសនៈ គណបក្សប្រជាជនទទួលបានចំនួន ៥១អាសនៈ គណបក្សសេរីនិយមព្រះពុទ្ធសាសនាទទួលបាន១០អាសនៈ និង គណបក្សមូលីណាការទទួលបាន០១ អាសនៈ។ បន្ទាប់ពីបោះឆ្នោតរួចសភាធម្មនុញ្ញបានដំណើរការយ៉ាងសកម្ម រហូតដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣ បានអនុម័តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដោយសំឡេង ៩៧%គាំទ្រ ហើយត្រូវបានព្រះមហាក្សត្រនៃប្រទេសកម្ពុជាព្រះបាទនរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ 

     នៅពេលនោះរដ្ឋធម្មធម្មនុញ្ញនេះមាន១៣៩មាត្រា ចែកចេញជា១៤ជំពូក និងឧបសម្ព័ន្ធចំនួន៦។ គិតមកដល់ត្រឹមថ្ងៃនេះរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងមានអាយុ១៩ឆ្នាំហើយ។ បច្ចុប្បន្នរដ្ឋធម្មនុញ្ញនេះមាន ១៥៨មាត្រា និង ១៦ជំពូក។  
ជំពូកទី ១ ចែងអំពីអធិបតេយ្យ មាន៦ មាត្រា ពីមាត្រា ១ ដល់មាត្រា ៦។ 
ជំពូកទី ២ ចែងអំពីព្រះមហាក្សត្រមាន២៤ មាត្រា ពីមាត្រា ៧ ដល់មាត្រា ៣០។ 
ជំពូកទី ៣ ចែងអំពីសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ មាន២០ មាត្រាពី មាត្រា៣១ ដល់មាត្រា ៥០។ ជពូកទី៤ ចែងអំពីរបបនយោបាយមាន៥ មាត្រា ពីមាត្រា ៥១ ដល់មាត្រា៥៥។ 
ជំពូកទី៥ ចែងអំពីសេដ្ឋកិច្ចមាន៩មាត្រាពីមាត្រា ៥៦ ដល់មាត្រា ៦៤ ។ 
ជំពូកទី ៦ ចែងអំពីអប់រំ វប្បធម៌និងសង្គមកិច្ចមាន ១១ មាត្រា ពីមាត្រា៦៤ដល់មាត្រា ៧៥
ជំពូកទី ៧ ចែងអំពីរដ្ឋសភាមាន២៣ មាត្រា ពីមាត្រា ៧៦ ដល់ មាត្រា៩៨។
ជំពូកទី ៨ ចែងអំពីព្រឹទ្ធសភាមាន១៧មាត្រា ពីមាត្រា ៩៩ថ្មី ដល់មាត្រា ១១៥ថ្មី។
ជំពូកទី ៩ ចែងអំពីសមាជរដ្ឋសភានិងព្រឹទ្ធសភាមាន ២ មាត្រា ពីមាត្រា ១១៦ថ្មីដល់មាត្រា ១១៧ ថ្មី។
ជំពូកទី ១០ ចែងអំពីរាជរដ្ឋាភិបាលមាន១០ មាត្រា ពីមាត្រា ១១៨ថ្មី ដល់មាត្រា ១២៧ថ្មី។
ជំពូកទី ១១ ចែងអំពីអំណាចតុលាការមាន ៨ មាត្រាពីមាត្រា ១២៨ថ្មី ដល់មាត្រា ១៣៥ថ្មី
ជំពូកទី ១២ថ្មី ចែងអំពីក្រុមប្រឹក្សាធម្មនុញ្ញ មាន៩ មាត្រាពីមាត្រា ១៣៦ថ្មី ដល់មាត្រា ១៤៤ថ្មី។ 
ជំពូកទី ១៣ថ្មី ចែងអំពីការគ្រប់គ្រងរដ្ឋបាល មាន២មាត្រា ពីមាត្រា ១៤៥ ថ្មី ដល់មាត្រា ១៤៦។
ជំពូកទី ១៤ថ្មី ចែងអំពីសមាជជាតិមាន៣ មាត្រា ពីមាត្រា ១៤៧ថ្មី ដល់មាត្រា១៤៩ថ្មី។
ជំពូកទី ១៥ថ្មី ចែងអំពីអនុភាពនៃការសើររើនិងវិសោធនកម្មរដ្ឋធម្មនុញ្ញ មាន៤ មាត្រា ពីមាត្រា ១៥០ ថ្មី ដល់មាត្រា ១៥៣ថ្មី។
ជំពូកទី ១៦ថ្មី ចែងអំពីអន្តរបញ្ញត្តិមាន៥មាត្រា ពីមាត្រា ១៥៤ថ្មី ដល់មាត្រា ១៥៨ថ្មី។ 
      គួរកត់សម្គាល់ផងដែរថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ គិតមកដល់បច្ចុប្បន្ននេះ មានវិសោធនកម្ម ០៦ លើក។ 
លើកទី ១ នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៩៤ ៖ ការផ្ទេរសិទ្ធិរបស់ព្រះមហាក្សត្រពេលទ្រង់អវត្តមាន • លើកទី ២ នៅថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ១៩៩៩ ៖ បង្កើតស្ថាប័នព្រឹទ្ធសភា 
លើកទី ៣ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០០១ ៖ ព្រះមហាក្សត្រទ្រង់បង្កើត និងប្រទានគ្រឿងឥស្សរិយយសជាតិ 
លើកទី៤ នៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០០៥ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័តរបស់រដ្ឋសភា ព្រឹទ្ធសភា 
លើកទី ៥ នៅថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០០៦ ៖ កែប្រែកូរ៉ុមប្រជុំ និងសម្លេងអនុម័តរបស់រដ្ឋសភា ព្រឹទ្ធសភា លើកទី ៦ នៅថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៨ ៖ ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរដ្ឋបាល។
         ដោយឡែក ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃ ស្ថាប័នជាតិ ត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/ រកម/០៧០៤/០០១ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៤ ហើយបានធ្វើវិសោធនកម្មចំនួនមួយមាត្រា គឺមាត្រា ៦៕ (អត្ថបទដោយ ជា ធីរិទ្ធ)

No comments

Powered by Blogger.