Header Ads

Header ADS

ភាពខុសគ្នា ព្រះពុទ្ធសាសនា​មហាយាន និង ហីនយាន

កាលដើមឡើយ ព្រះពុទ្ធសាសនា គ្មានការបែងចែកនិកាយនោះទេ ប៉ុន្តែ ក្រោយពីព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាន បានប្រមាណជា ២០០ ឆ្នាំ ព្រះពុទ្ធសាសនាក៏បានបែកជាពីរនិកាយធំៗគឺ៖ មហាយាន (អាចរិយវាទ) ព្រោះបរិស័ទ ជឿតាមពាក្យប្រៀនប្រដៅរបស់គ្រូអាចារ្យ ហីនយាន (ថេរវាទ) ព្រោះបរិស័ទ ដើរតាមគន្លងព្រះពុទ្ធឱវាទ តាមរយៈព្រះត្រៃបិដក និងការអប់រំរបស់ព្រះថេរៈគ្រប់អង្គ។ មូលហេតុដ៏ចម្បងមួយនេះ កើតចេញពីការមិនចុះសម្រុងគ្នារវាងព្រះសង្ឃនិងព្រះសង្ឃ ជុំវិញការយល់ឃើញនូវព្រះពុទ្ធដីកា។ បន្ទាប់ពីព្រះពុទ្ធអង្គ ទ្រង់រលត់សង្ខារទៅ សាវ័កទាំងឡាយចាប់ផ្តើមប្រទាំងប្រទូសគ្នាអំពីព្រះពុទ្ធឱវាទ និងការប្រតិបត្តិ ជាបន្តបន្ទាប់។ ព្រះសង្ឃមួយចំនួនថា ព្រះធម៌នេះត្រឹមត្រូវ ព្រះធម៌នោះមិនត្រឹមត្រូវ ការប្រតិបត្តិបែបនេះទើបត្រឹមត្រូវ ការប្រតិបត្តិបែបនោះមិនត្រឹមត្រូវឡើយ។ ដោយសារតែ ការមិនឯកភាពគ្នាត្រង់ចំណុចនេះហើយ ទើបព្រះពុទ្ធសាសនាបានពុះបំបែកជាពីរនិកាយ ពោលគឺ និកាយមហាយាននិងនិកាយហីនយាន រហូតមកដល់បច្ចុប្បន្ន នេះឯង។ ភាពខុសគ្នា ព្រះពុទ្ធសាសនាមហាយាន និង ហីនយាន មហាយាន មានន័យថា យានធំឬរទេះធំ គឺសំដៅលើយានដែលអាចផ្ទុកសត្វលោកបានច្រើន ក្នុងការឆ្ពោះទៅកាន់បរមសុខ ពោលគឺព្រះនិព្វាន។ អ្នកកាន់ព្រះពុទ្ធសាសនាមហាយាន យល់ថា ព្រះធម៌វិន័យនៃព្រះសម្មាសម្ពុទ្ធ មានលក្ខណៈធូរលុង និងងាយស្រួលប្រណិប័តន៍ ដែលអាចធ្វើឲ្យពួកគេបានសម្រេចធម៌យ៉ាងឆាប់រហ័ស ប្រតិបត្តិតាមឱវាទរបស់គ្រូអាចារ្យ ដែលបានពោលទុកមកតៗគ្នា ដែលហៅថា លទ្ធិអាចរិយវាទ ហើយគេជឿថា មានព្រះពោធិសត្វធំៗ ឬមហាសត្វជាច្រើនអង្គ មិនទាន់ចូលនិព្វាន ហើយកំពុងស្ថិតនៅក្នុងលោកនេះ ចាំជួយសង្គ្រោះសត្វលោក ដូចជា ព្រះសិអារ្យមេត្រី ព្រះលោកេស្វរៈ ព្រះមញ្ឆុស្រី ជាដើម។ ព្រះសង្ឃខាងមហាយាន ស្លៀកខោនិងពាក់អាវ ហើយប្រទេសដែលកាន់ព្រះពុទ្ធសាសនាមហាយាន មានដូចជា ចិន វៀតណាម ជប៉ុន កូរ៉េ ម៉ុងហ្គោលី ជាដើម។ ហីនយាន បានន័យថា យានតូចឬរទេះតូច ពោលគឺចង់សំដៅលើយានដែលអាចផ្ទុកសត្វលោកបានតិច ក្នុងការឆ្ពោះទៅកាន់ព្រះនិព្វានជាស្ថានផុតទុក្ខទាំងពួង។ ហេតុផលដែលអាចនាំសត្វលោក ទៅកាន់ព្រះនិព្វានបានតិច ព្រោះមូលដ្ឋានគ្រឹះនៃលទ្ធិនេះ គឺដើរតាមគន្លងគម្ពីរព្រះត្រៃបិដក ដែលមានវិន័យតឹងរឹង ហើយការប្រតិបត្តិក៏តឹងតែង ដែលសត្វលោកមិនងាយធ្វើបាន។ ព្រះសង្ឃខាងហីនយាន ស្លៀកស្បង់និងគ្រងចីវរ ហើយប្រទេសដែលប្រកាន់យកលទ្ធិហីនយាន មានដូចជា កម្ពុជា ស្រីលង្កា មីយ៉ាន់ម៉ា ឡាវ ថៃ ជាដើម។ អ្នកកាន់ពុទ្ធសាសនាហីនយានប្រកាន់ភ្ជាប់ថា មានតែព្រះពុទ្ធបរមគ្រូទេ ដែលបានត្រាស់ដឹងនូវសម្មាសម្ពោធិញាណ ហើយពួកគេគោរពប្រតិបត្តិយ៉ាងខ្លាំងចំពោះព្រះអង្គ។ ព្រះពុទ្ធសាសនា មិនត្រឹមតែត្រូវបានបំបែកជាពីរនិកាយទេ តែត្រូវបានបែងចែកជានិកាយតូចៗ បន្តទៀត នៅពេលដែលហូរចូលប្រទេសផ្សេងៗក្នុងលោក ហើយក៏បានប្រែប្រួលទៅតាមវប្បធម៌ ប្រពៃណី នៃជាតិសាសន៍ ។ អ្នកប្រាជ្ញក្នុងព្រះពុទ្ធសាសនាតែងពោលថា ព្រះពុទ្ធសាសនា ប្រៀបដូចជាទឹក ព្រោះដល់ទីណា ក៏អាចបត់បែនបានដែរ ដោយអាស្រ័យតាមទីតាំង និងស្ថានភាព នៃកន្លែងនោះ និងមានគោលដៅតែមួយ គឺការរុញច្រានសត្វលោកទាំងពួង ឲ្យប្រាសចាកពីវាលវដ្តសង្សារ ហើយឈានទៅកាន់ស្ថានបរមសុខ គឺព្រះនិព្វាន៕

No comments

Powered by Blogger.