បុរាណធម្មសង្វេគ
ឱ!អង្គអនិច្ចា ដូចព្រះធម៌ថា រីរូបទាំងឡាយ
ស្លាប់ទៅជាខ្មោច អសោចិ៍ក្នុងកាយ គេដើរចេញឆ្ងាយ
ថារូបចង្រៃ។
ឱ!អនិច្ចាកាយ ចាប់ផ្ដើមបែកធ្លាយ លុះស្លាប់បីថ្ងៃ
លោហិតលុះហើម ស្បែកផ្សើមពេកក្រៃ សាច់ម្រាមជើងដៃ
ក្រញែងក្រញង់។
មើលធ្មេញសស្គុស មើលរន្ធច្រមុះ ហើមទាំងសងខាង
ខំលៀនអណ្ដាត ពុំស្អាតរូបរាង្គ សក់រឹងច្រងាង
ក្រញឺតដេកដី។
រីសត្វសុនខា ចចកស្វានខ្លា នាំគ្នាមកឆី
ជញ្ជែងសាច់ខ្មោច ដាច់ដោចដោយដី ដែលនៅក្នុងព្រៃ
ស្មសានស្ថានស្ងាត់។
ឆ្អឹងសាច់សរសៃ រាត់រាយដោយដី ដែលនៅក្នុងព្រៃ
ដោយសត្វជញ្ជែង រមែងប្រាសព្រាត់ លុះដល់កំណត់
រលាយជាដី។
ដូច្នេះគួរគិត ខំរក្សាចិត្ត ទាំងប្រុសទាំងស្រី
កុំឲ្យលោភា ទោសាអប្រិយ ទាំងមោហាក្ដី
នេះជាឫសបាប។
ឲ្យខំធ្វើបុណ្យ អំពើជាគុណ ទុកមុនដរាប
ព្រោះរូបមិនទៀង កុំខំសាងបាប ឈឺដេកស្រប៉ាប
ទើបរកកុសល។
ទ្រព្យអម្បាលម៉ាន ញាតិសាច់សន្ដាន ដែលជួយខ្វយខ្វល់
ធ្វើបុណ្យឲ្យខ្មោច ហើយឧទ្ទិសផល មិនងាយនិងដល់
ដូចបំណងឡើយ។
ជនជាបណ្ឌិត រមែងចេះគិត ធ្វើទុក្ខឲ្យហើយ
ខ្លួនត្រូវពឹងខ្លួន កុំពឹងគេឡើយ ក្រែងគេកន្តើយ
ខ្លួនខកខានបាន។
មាសប្រាក់ធនធាន ដែលខ្លួនធ្លាប់មាន ទាំងអម្បាលម៉ាន
លុះខ្លួនស្លាប់ទៅ យកតាមមិនបាន សូម្បីគ្រោងប្រាណ
គ្មានយកទៅឡើយ។
បីសង្ឃឹមគេ និងភ្លាត់ទទេ នេះជាទឿងហើយ
ត្រូវធ្វើបុណ្យទៅ កុំនៅព្រងើយ ទានសីលជាត្រើយ
ពុំនិងអាត្មា។
ភាវនារំលឹក ឲ្យចិត្តចេះនឹក សមាធិបញ្ញា
មានសីលជាបាទ ទ្រចិត្តជ្រះថ្លា នឹងបានសុខា
ពិតប្រាកដហោង។
No comments
Post a Comment