មេម៉ាយយំស្ដាយប្ដី
ពិសាខភ្លៀងធ្លាក់ ស្រណោះខ្មោចអ្នក ភ្ញាក់ឡើងស្រែកយំ
ផ្គរផ្គាន់ឆ្លើយគ្នា ឮសូររងំ អូនកើតទុក្ខធំ
យំនឹកខ្មោចអ្នក។
រំពឹងតែប្ដី បែរណាកូនខ្ចី រងាត្រជាក់
ប្ដីស្លាប់ចោលទៅ ប្រុសថ្លៃវរលក្ខ័ណ៍ កំព្រាពីរនាក់
តែកូននិងមា្ដយ។
រំពឹងមាតា មិនដូចបិតា បង្កើតរូបកាយ
ជីតាស្លាប់ទៅ ដូននៅមេម៉ាយ កំព្រារាងអាយ
ម្ដាយហើយនិងកូន។
អធ្រាត្រយប់ជ្រៅ ប្រះខ្លួនដេកទៅ កំព្រាសោះសូន្យ
ប្ដីស្លាប់ចូលទៅ ខ្លួននៅនិងកូន ឥតមានបងប្អូន
ខ្លួននៅក្មេងខ្ចី។
មេម៉ាយយំយប់ យំសោករៀបរាប់ យំយប់យាមបី
ស្ដាយសោកសង្រេង អាល័យខ្មោចប្ដី ទឹកភ្នែកអូនស្រី
នឹកឡើងស្រណោះ។
បែរមកសព្វថ្ងៃ ខ្លួនក៏មេម៉ាយ នឹកសែនអាឡោះ
ទាំងទុក្ខវេទនា លំបាកគ្មានសល់ កូនមួយក្នុងពោះ
ប្ដីស្លាប់ចោលខ្ញុំ។
ឱះឱ!កម្មអ្វី បានជារូបស្រី មករងទុក្ខធំ
នៅនាលោកីយ៍ ក្នុងព្រៃជិតជុំ តក់ស្លុតខ្លួនខ្ញុំ
ចិត្តសែនវេទនា។
លុះដល់ប្រសូត្រ ខ្ញុំខំដើរស្រូត ដល់ផ្ទះគុហា
ចុកតឹងដើមទ្រូង បាតជើងសង្កៀរ និងដូនជរា
ក្នុងខ្ទមកំសត់។
លុះប្រាំបួនថ្ងៃ ដំណឹងនោះនៃ ថារូបប្ដីស្លាប់
មិនឃើញខ្មោចអ្នក អូនឈឺចុកចាប់ លំបាកចិត្តជាប់
ស្ទើរស្លាប់តាមប្ដី។
No comments
Post a Comment