Header Ads

Header ADS

សញ្ញាណទូទៅនៃកាតព្វកិច្ច


ផ្នែកទី១            កាតព្វកិច្ច

១. សញ្ញាណទូទៅនៃកាតព្វកិច្ច

១.១ និយមន័យនៃកាតព្វកិច្ច

កាតព្វកិច្ច គឺជាករណីយកិច្ច ដែលបុគ្គលម្នាក់ មានចំពោះបុគ្គលម្នាក់ទៀត ។       តាមសទ្ទានុក្រម នៃច្បាប់ភូមិបាល ឆ្នាំ ២០០១ កាតព្វកិច្ច គឺជាចំណងនៃសិទ្ធិ ដែលបង្ខំជនម្នាក់ ឲ្យផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិណាមួយ ឲ្យបំពេញនូវកិច្ចការណាមួយ ឬ ឲ្យឈប់បំពេញ នូវកិច្ចការណាមួយ ដល់ជនម្នាក់ទៀត ។      ចំណែកឯតាមមាត្រា ៣០៨ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ បានផ្តល់និយមន័យថា កាតព្វកិច្ច គឺជាទំនាក់ទំនងគតិយុត្ត ដែលចងបុគ្គលពីរនាក់ ដោយឲ្យបុគ្គលម្នាក់ ដែលបានកំណត់ មានករណីយកិច្ចមួយចំនួន ចំពោះបុគ្គលដែលបានកំណត់ម្នាក់ទៀត ។     បុគ្គលដែលមានករណីយកិច្ចហៅថា កូនបំណុល រីឯបុគ្គលដែលទទួលផលប្រយោជន៍ ពីករណីយកិច្ចនោះ ហៅថា ម្ចាស់បំណុល។ ម្ចាស់បំណុលមានសិទ្ធិត្រូវគ្នាទៅនឹងករណីយកិច្ច របស់កូនបំណុល ។
២. ប្រភពនៃកាតព្វកិច្ច
តាមមាត្រា ៣០៩ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ បានចែងថា កាតព្វកិច្ចកើតមានឡើង ដោយកិច្ចសន្យា ដោយសកម្មភាពឯកតោភាគី ដោយការគ្រប់គ្រងដោយឈឺឆ្អាល ដោយសេចក្តីចម្រើនដោយឥតហេតុ ដោយអំពើអនីត្យានុកូល និងដោយបញ្ញត្តិនៃច្បាប់ ។
២.១. កាតព្វកិច្ចកើតឡើងដោយឆន្ទៈរបស់ភាគី
កាតព្វកិច្ចដែលកើតឡើងដោយឆន្ទៈរបស់ភាគី គឺ៖
ក. កិច្ចសន្យា
កិច្ចសន្យា គឺជាកិរិយា ដែលបុគ្គលពីរនាក់ ឬ ច្រើននាក់មានឆន្ទៈត្រូវគ្នា ព្រមបង្កើត កែប្រែ ឬ រំលត់ នូវកាតព្វកិច្ច ។ ឧទាហរណ៍៖ នៅក្នុងកិច្ចសន្យាលក់ទិញ(ជាឆន្ទៈរបស់បុគ្គលពីរនាក់) ដែលអ្នកលក់      មានកាតព្វកិច្ច ផ្ទេរកម្មសិទ្ធិលើវត្ថុ ដែលជាកម្មវត្ថុនៃការទិញ រីឯអ្នកទិញមានកាតព្វកិច្ចបង់ថ្លៃលក់ ។
ខ. សកម្មភាពឯកតោភាគី
សកម្មភាពឯកតោភាគី គឺជាសកម្មភាព ដែលបង្កើត កែប្រែ ឬ រំលត់ នូវកាតព្វកិច្ច ដោយបង្ហាញឆន្ទៈ នៃការចាត់ចែងទ្រព្យ ដោយភាគីម្ខាង ឬដោយអនុវត្តសិទ្ធិ ដែលបានទទួលតាមកិច្ចសន្យា ឬ តាមបញ្ញត្តិនៃច្បាប់ តាមមាត្រា ៣១២ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧។ ក្នុងករណីនៃកិច្ចសន្យា កិច្ចសន្យាជាដំបូង ត្រូវបានបង្កើតឡើង ផ្អែកតាមការព្រមព្រៀង ជាមួយភាគីម្ខាងទៀត។ សិទ្ធិនៃការលុបចោលកិ្ចសន្យា ត្រូបានអនុវត្ត ផ្ងែកលើការបង្ហាញឆន្ទៈឯកតោភាគី ដែលមានសិទ្ធិ ដោយគ្មានកាព្រមរព្រៀងពីភាគីម្ខាងទៀត ហើយបន្ទាប់មក ការលុបចោលកិច្ចនោះមានសុពលភាព ។  ឧទាហរណ៍ នៃសកម្មភាពឯកតោភាគី រួមមានការលើកលែងកាតព្វកិច្ច( មាត្រា ៤៧៣ ) អច្ចទាន ( មាត្រា ១១៩៩) ការរំលាយដែលបានកំណត់ក្នុងកិច្ច( ៤១៤ កតថាទី ១ )និងការបញ្ហាឆន្ទៈទូទាត់( ម្រាត្រា ៤៦៤ )កថាខណ្ឌទី១ ។

ផ្នែកទី២  សកម្មភាពឯកតោភាគី

យោងតាមមាត្រា ៣១២ នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ បានបញ្ញត្តិថា សកម្មភាពឯកតោភាគី គឺជាសកម្មភាព ដែលបង្កើត កែប្រែ ឬ រំលត់ នូវកាតព្វកិច្ច ដោយបង្ហាញឆន្ទៈនៃការចាត់ចែងទ្រព្យដោយភាគីម្ខាង ឬ ដោយអនុវត្តសិទ្ធិដែលបានទទួលតាមកិច្ចសន្យា ឬ តាមបញ្ញត្តិនៃច្បាប់។ ក្នុងករណីនៃក្នុងកិច្ចសន្យា កិច្ចសន្យាជាដំបូង ត្រូវបានបង្កើតឡើង ផ្អែកតាមការព្រមព្រៀង ជាមួយភាគីម្នាក់ទៀតទេ។ សិទ្ធិនៃការលុបចោលកិច្ចសន្យា ត្រូវបានអនុវត្ត ផ្អែកលើការបង្ហាញឆន្ទៈឯកតោភាគីដោយភាគី ដែលមានសិទ្ធិ ដោយគ្មានការព្រមព្រៀងពីភាគីម្ខាងទៀត ហើយបន្ទាប់មក ការលុបចោលកិច្ចសន្យានោះ មានសុពលភាព។ ឧទាហរណ៍៖ នៃសកម្មភាពឯកតោភាគី រួមមានការលើកលែងកាតព្វកិច្ច (មាត្រា ៤៧៣) អច័្ចយទាន (មាត្រា ១១៩៩) ការរំលាយដែលបានកំណត់ក្នុងកិច្ចសន្យា (មាត្រា៤១៤ កថាខណ្ឌ១) និងការបង្ហាញឆន្ទៈទូទាត់ (មាត្រា៤៦៥ កថាខណ្ឌ១)។
ក. ការលើកលែងកាតព្វកិច្ច
យោងតាមមាត្រា ៤៧៣ នៃក្រមរដ្ឋប្បវេណីបានចែងថា ក្នុងករណីដែលម្ចាស់បំណុលបង្ហាញឆន្ទៈលើកលែងកាតព្វកិច្ចចំពោះកូនបំណុលកាតព្វចិក្ចនោះត្រូវរលត់។ ឧទាហរណ៍៖ ផ្អែកលើកិច្ចសន្យាខ្ចីបរិភោគ ដែលកូនបំណុលបានខ្ចីប្រាក់ពីម្ចាស់បំណុលចំនួន ១០០០ ដុល្លារ ក្នុងករណីនេះម្ចាស់បំណុលអាចលើកលែងកាតព្វកិច្ច ៣០០ ដុល្លារពីកាតព្វកិច្ច ១០០០ ដុល្លារ ឬ ម្ចាស់បំណុលអាចបង្ហាញឆន្ទៈលើកលែងកាតព្វកិច្ចបង់ការប្រាក់។
ខ.អច្ច័យទាន
យោងតាមសន្ទានុក្រមនៃច្បាប់ភូមិបាល ឆ្នាំ២០០១ បានផ្ដល់និយមន័យថា អច្ច័យទាន គឺជាសំបុត្របណ្ដាំ ដែលផ្ដាំឲ្យចែកទ្រព្យមត៌កណាមួយឲ្យទៅជនណាម្នាក់ ឬច្រើននាក់។
អច្ច័យទាន គឺជាប្រទានកម្មដែលម្ចាស់បណ្ដាំធ្វើទៅឲ្យមនុស្សម្នាក់ ឬច្រើននាក់នូវទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈ មតកសាសន៍ ។ មានន័យថា ម្ចាស់បណ្ដាំឲ្យទ្រព្យសម្បត្តិតាមរយៈ មតកសាសន៍ ដោយមិនចាំបាច់មានការយល់ព្រមរបស់ អច្ច័យលាភី ។ ឧទាហរណ៍៖ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ជាមួយនឹងសក្ខិណា បាន៣ឆ្នាំកន្លងផុតទៅម្ដាយមីងរបស់ សុខ ជំនោរ បានស្លាប់បាត់បង់ជីវិតហើយគាតបានបន្សល់ទុកនូវបណ្ដាំ មតកសាសន៍ មួយច្បាប់ដែលមានខ្លឹមសារថាប្រគល់ផ្ទះ និងដីចម្ការទំហំ ៥ ហិកតា ឲ្យទៅសុខ ជំនោរ ។ ក្នុងករណីនេះផ្ទះ និងដីចម្ការទំហំ ៥ ហិកតានេះ គឺជាអច្ច័យទាន មានកំណត់ដែលម្ដាយមីង (ម្ចាស់បណ្ដាំ) បានប្រគល់ឲ្យសុខ ជំនោរ ហៅថា អច្ច័យលាភី ។
គ.ការរំលាយដែលបានកំណត់នៅក្នុងកិច្ចសន្យា
សិទ្ធិរំលាយដែលបានកំណត់នូវក្នុងកិច្ចសន្យា គឺជាសិទ្ធិរំលាយដែលត្រូវបានផ្ដល់ឲ្យទៅ ភាគីនៃកិច្ច-សន្យា ក្នុងការរំលាយកិច្ចសន្យា ក្នុងករណីដែលបានកំណត់មួយចំនួនទោះបីជាមិនមានការមិនអនុវត្តកាតព្វកិច្ចក៏ដោយ។ សិទ្ធិរំលាយដែលបានកំណត់នៅក្នុងកិច្ចសន្យានេះ ត្រូវបានអនុវត្តតាមការបង្ហាញឆន្ទៈឯកតោភាគី របស់អ្នកដែលមានសិទ្ធិរំលាយ។ គឺជាការផ្ដល់ឲ្យភាគីម្ខាង ឬភាគីទាំងសងខាងនូវសិទ្ធិរំលាយក្នុងករណីជាក់លាក់មួយដោយផ្អែកលើកិច្ចសន្យា (ទោះបីជាគ្មានការមិនអនុវត្តកាតព្វកិច្ចក៏ដោយ) ។ ឧទាហរណ៍៖ គូភាគីទាំងសងខាងអាចរំលាយកិច្ចសន្យាបានភ្លាម នូវពេលភាគីម្ខាងទៀតទទួលការចាត់ចែងអំពីពន្ធតឹងទារ។
ឃ.ការបង្ហាញឆន្ទៈទូទាត់
យោងតាមមាត្រា ៤៦៥ កថាខណ្ឌទី ១ នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ បានបញ្ញត្តិថា ការទូ
ទាត់ ត្រូវធ្វើឡើងដោយការបង្ហាញឆន្ទៈទូទាត់ ពីភាគីម្ខាងទៅភាគីម្ខាងទៀត។ មានន័យថា គឺជាការទូទាត់ដោយភាគីម្ខាង ដែលបានបង្ហាញឆន្ទៈធ្វើការទូទាត់ ទៅដល់ភាគីម្ខាងទៀត។  ឧទាហរណ៍៖ ពូសុខ និង យាយនៅ បានសន្យាគ្នាថា ពូសុខត្រូវលក់រថយន្តទៅឲ្យ យាយនៅ ក្នុងតម្លៃ២០០០ដុល្លារ ដោយគ្មានធ្វើកិច្ចសន្យាពិសេសណាមួយ អំពីពេលវេលានៃការសងនោះទេ។ ក្រៅពីនោះ ពូសុខបានខ្ចីប្រាក់ចំនួន ២០០០ដុល្លារ ពីយាយនៅ។
   កាតព្វកិច្ចរបស់ ពូសុខ ត្រូវសងប្រាក់ចំនួន ២០០០ដុល្លារ។
   កាតព្វកិច្ចរបស់ យាយនៅ ត្រូវបង់ប្រាក់ចំនួន ២០០០ដុល្លារ។
   កាតព្វកិច្ចរបស់ ពូសុខ ត្រូវប្រគល់រថយន្ត។
ចំណែកឯក្រមរដ្ឋប្បវេណីបារាំង ប្រសិនបើសិទ្ធិលើបំណុល ចំពោះគ្នាទៅវិញទៅមក ស្ថិតនៅក្នុងស្ថានភាពសមស្របនឹងការទូទាត់ ការទូទាត់ត្រូវមានអនុភាពដោយស្វ័យប្រវត្តិ ទោះបីជាគ្មានការបង្ហាញឆន្ទៈអំពីការទូទាត់ដោយភាគីក៏ដោយ។

ផ្នែកទី៣   ការគ្រប់គ្រងដោយឈឺឆ្អាល

ក្រមរដ្ឋប្បវេណី បានកំណត់អំពីកាតព្វកិច្ចចំនួន បីយ៉ាងគឺ ការគ្រប់គ្រងដោយឈឺឆ្អាល (ការគ្រប់គ្រងកិច្ចការ) សេចក្ដីចម្រើនដោយឥតហេតុ អំពើនីត្យានុកូល ដែលតម្រូវឲ្យមានការទទួលខុសត្រូវដែលមិនមែនកើតឡើងពីកិច្ចសន្យា ។ ជាទូទៅ បុគ្គលមានសេរីភាពខាងឆន្ទៈ (មាត្រា ៣ នៃក្រមរដ្ឋប្បវេណី) កាលណាគ្មានឆន្ទៈ គឺគ្មានកាតព្វកិច្ច ហេតុនេះគ្មាននរណាម្នាក់អាចចាប់បង្ខំបុគ្គលណាមួយឲ្យមានកាតព្វកិច្ចចំពោះអំពើមួយបានឡើយ បើគេគ្មានឆន្ទៈ នេះយោងទៅតាមទ្រឹស្ដីនៃស្វ័យភាពបុគ្គល​។            ប្រសិនបើបុគ្គណាម្នាក់បានធ្វើអ្វីមួយក្នុងនាមអ្នកដទៃ ហើយមានឆន្ទៈក្នុងការបំពេញក្នុងន័យការពារ ឬ​ ធ្វើឲ្យមានប្រយោជន៍ដល់បុគ្គលម្នាក់ទៀត នោះបុគ្គលដែលត្រូវបានគេគ្រប់ដោយឈឺឆ្អាល ត្រូវមានកាតព្វកិច្ចចំពោះបុគ្គលនោះវិញ តាមការកំណត់របស់ច្បាប់ដែលត្រូវបានគេហៅថា​ ការគ្រប់គ្រងដោយឈឺឆ្អាល ។
ឧទាហរណ៍៖ ក). បុគ្គលម្នាក់បានដឹងថា  បង្អួចរបស់អ្នកជិតខាងម្នាក់ទទួលរងនូវការខូចខាត  ដោយសារខ្យល់ព្យុះ ខណៈពេលដែលអ្នកជិតខាងនោះមិននៅផ្ទះ។ បុគ្គលនោះមិនបានធ្វើអ្វីទេ ហើយនៅខាងក្នុងផ្ទះរបស់អ្នកជិតខាងនោះបានលិចទឹក។ អ្នកជិតខាងនោះបានត្រឡប់មកផ្ទះវិញ ហើយបានស្ដីបន្តោសឲ្យបុគ្គលនោះ ។
ខ).   បុគ្គលម្នាក់បានដឹងថា  បង្អូចរបស់អ្នកជិតខាងម្នាក់ទទួលរងនូវការខូចខាត  ដោយសារខ្យល់ព្យុះខណៈពេលដែលអ្នកជិតខាងនោះមិននៅផ្ទះ។ បុគ្គលនោះបានជួសជុលបង្អួដចដែលខូចខាតនោះ ដើម្បីការពារផ្ទះនោះកុំឲ្យលិចទឹកដោយចំណាយទៅលើកញ្ចក់ និង កម្លាំងពលកម្មរបស់គាត់      បុគ្គលនោះបានរបួសម្រាមដៃខណៈពេលដែលគាត់ជួសជុលបង្អួចនោះ ។ តើបុគ្គលនោះអាចទាមទារអ្វីពីអ្នកជិតខាងនោះ?
ដូចជាក្នុងឧទាហរណ៍ខាងលើ ( ចំណុច ក​) គឺគ្មាននរណាម្នាក់ ត្រូវបានគេចាប់បង្ខំឲ្យបំពេញការងារនោះទេ ដូច្នេះបុគ្គលនោះមិនត្រូវបានគេបន្តោសទេ តាមទស្សនៈវិស័យច្បាប់នោះទេ ( បញ្ហាខាងសីលធម៌នឹងមាន ប៉ុន្តែនេះគឺជាបញ្ហាមួយផ្សេងទៀត ) ។ ប៉ុន្តែករណី (ខ) កាលណាបុគ្គលណាម្នាក់ដែលបានគ្រប់គ្រងដោយឈឺឆ្អាលនោះ ទោះបីគ្មានកិច្ចសន្យា ឬ ការព្រមព្រៀមណាមួយក៏ដោយ បុគ្គលដែលបានទទួលផលប្រយោជន៍ដ ត្រូវមានកាតាព្វកិច្ចធ្វើតាមកម្រឹតមួយជាក់លាក់ ដែលជាករណីលើកលែងចំពោះគោលការណ៍ស្វ័យភាពនៃបុគ្គលឯកជន ។ នេះគឺជាកាតាព្វកិច្ចដែលកំណត់ដោយច្បាប់ ។
២. លក្ខខណ្ឌនៃការគ្រប់គ្រងដោយឈឺឆ្អាល
២.១.      គ្មានសិទ្ធិអំណាច
ប្រសិនបើមានសិទ្ធិអំណាចក្នុងការគ្រប់គ្រង ដូចជា កិច្ចសន្យាអាណត្តិជាដើម នោះការគ្រប់គ្រងដោយឈឺឆ្អាលមិនត្រូវបានអនុវត្តទេ គឺភាគីត្រូវអនុវត្តដោយអនុលោមតាមសិទ្ធិអំណាចនៃការគ្រប់គ្រងនោះ ហើយនោះមិនមែនជាបញ្ហានៃការគ្រប់គ្រងដោយឈឺឆ្អាលនោះទេ ។ ឧទាហរណ៍  : អ្នកមានអំណាចមេបា ឬ អ្នកស្ថិតក្រោមអាណាព្យាបាលទូទៅ ។ ល ។
២.២. ដើម្បីបុគ្គលដទៃ
ការគ្រប់គ្រង ត្រូវបានធ្វើឡើងដើម្បីបុគ្គលដទៃ ។ ឧទាហរណ៍ : ដីជាកម្មសិទ្ធិរបស់ ក ដែលបានទុកចោល ។ ខ​ បានយកដីនោះធ្វើជាកន្លែងផ្ញើរកង់ម៉ូតូ ក្នុងនាមខ្លួន ដូច្នេះ នៅករណីនេះ ខ មិនអាចអនុវត្តការគ្រប់គ្រងដោយឈឺឆ្អាលបានទេ ពីព្រោះ ខ ​​​​​​​​​​​​​​​​​​​​​​​​​មានបំណងយកជាប្រយោជន៍ខ្លួនឯង ។ នេះប្រហែលជាបញ្ហាខាងច្បាប់ស្ដីអំពីអំពើអនីត្យានុកូល ។
២.៣. អ្នកគ្រប់គ្រងចាប់ផ្ដើមគ្រប់គ្រង
ការចាប់ផ្ដើមសកម្មភាពគតិយុត្ត និងសកម្មភាពដទៃផ្សេងទៀត
   -សកម្មភាពគតិយុត្ត សម្ដៅទៅលើកិច្ចសន្យា ឬ សកម្មភាពឯកតោភាគី (មាត្រា ៣៥៦) ។
   - សកម្មភាពដទៃទៀត ជាសកម្មភាពដែលបុគ្គលម្នាក់ចាប់ផ្ដើមជួសជុល ឬ ពំពេញជាដើម ។
   ចំពោះករណីបង្អួចខូច ប្រសិនបើភាគីបង្កើតកិច្ចសន្យាជាមួយអ្នកជួសជុលថា អ្នកជួសជុលត្រូវជួសជុលបង្អួចនោះវាអាចជាការគ្រប់គ្រងសកម្មភាពគតិយុត្ត ។ ប្រសិនបើគាត់ជួសជុលបង្អួចដោយខ្លួនគាត់ផ្ទាល់ វាមិនមែនជាសកម្មភាពគតិយុត្តនោះទេ ប៉ុន្តែវានៅតែជាការគ្រប់គ្រងដដែល ។
២.៤. ការគ្រប់គ្រងដោយធ្វើឡើងតាមវិធីដែលសមរម្យជាងគេ និង ដោយផ្អែកតាមឆន្ទៈ
លក្ខខណ្ឌនេះ គឺការពារដល់សាមីខ្លួនក្នុងការបង់សោហ៊ុយច្រើនះហួសហេតុ ដោយការគ្រប់គ្រងដោយឈឺឆ្អាលនោះ ឬ ក៍ជាការធ្វើឲ្យបានត្រឹមត្រូវ និង យុត្តិធម៌ក្នុងនាមជាអ្នកជួយគ្រប់គ្រងដោយភាពសុចរិត និង ឆ្លើយតបទៅនិងអំពើមនុស្សធម៌ ប្រកបដោយសីលធម៌ និង សមធម៌រវាងបុគ្គលឯកជន ។ ជារួម អ្នកគ្រប់គ្រងធ្វើការគ្រប់គ្រងឲ្យសមស្របទៅតាមលក្ខណៈនៃការគ្រប់គ្រង ។ ចំពោះវិធីដែលសមរម្យជាងគេ ប្រសិនបើអ្នកគ្រប់គ្រងបានដឹង ឬ  អាចដឺងអំពីឆន្ទៈរបស់សាមីខ្លួន អ្នកគ្រប់គ្រងនោះត្រូវគ្រប់គ្រងដោយផ្អែកតាមឆន្ទៈនោះ យោងតាមមាត្រា ៧ថ២៩ កថាខណ្ឌទី ៣ ។ ប៉ុន្តែ ប្រសិនបើអ្នកគ្រប់គ្រងមិនអាចដឹងអំពីឆន្ទៈពិតប្រាកដទេ អ្វីដែលសមស្របជាងគេនោះ គឺត្រូវកំណត់ដោយសត្យានុម័ត ។
ឧទាហរណ៍ : នៅពេល ក បានជួយសង្គ្រោះជនលង់ទឹក ខ  ដែលបានធ្វើអត្តឃាតដោយមិននបានដឹងអំពីឆន្ទៈរបស់ ខ ការជួយសង្គ្រោះបែបនេះ គឺត្រូវបានចាត់ទុកថាជាវិធីដែលសមស្របជាងគេ ពីព្រោះការជួយសង្គ្រោះបុគ្គលណាម្នាក់ដែលលង់ទឹក គឺស្របទៅតាមវិធីដែលដែលសមរម្យជាងគេតាមការជាក់ស្ដែង ។ ប៉ុន្តែ ក៏មានករណីលើកលែងផងដែរ មាត្រា ៧៣០ ។
ឧទាហរណ៍១ : ក្នុងករណីបន្ទាន់ ទោះបីជាការគ្រប់គ្រងនោះ បណ្ដាលឲ្យមានការខូចខាតក៏ដោយ ក៏នៅតែជាការគ្រប់គ្រងដោយឈឺឆ្អាលដែរ ។ ​ ឧទាហរណ៏២ :  ក សន្លប់ ហើយ ខ បានបញ្ជូន ក ទៅមន្ទីរពេទ្យដែលនៅជិត តែមន្ទីរពេទ្យនោះគ្មានគ្រូពេទ្យជំនាញ ដូច្នេះក៏ធ្វើឲ្យ​ ក មានជម្ងឺកាន់តែធ្ងន់ធ្ងរ​ ។ ចំពោះការគោរពតាមឆន្ទៈ ប្រសិនបើអ្នកគ្រប់គ្រងបានដឹង ​ឬ អាចដឹងពីឆន្ទៈរបស់សាមីខ្លួន អ្នកគ្រប់គ្រងត្រូវធ្វើការគ្រប់គ្រង ដោយផ្អែកតាមឆន្ទៈរបស់សាមីខ្លួនចង់នោះ មាត្រា​ ៧២៩ កថាខណ្ឌទី ៣​ ។ ប៉ុន្តែក៏នៅតែមានករណីលើកលែងផងដែរ ។​ ​ក្នុងករណីដែលសាមីខ្លួនចង់ធ្វើអត្តឃាត ដោយលោតទឹកហើយដោយបានដឹងថាសាមីខ្លួនធ្វើអត្តឃាត អ្នកគ្រប់គ្រងបានជួយសង្គ្រោះដោយយកគាត់ទៅព្យាបាលនៅឯមន្ទីរពេទ្យ និង​ មិនបានបង់សោហ៊ុយព្យាបាលទេ ដោយអះអាងថាការជួយសង្គ្រោះគាត់ គឺផ្ទុយនិងឆន្ទៈរបស់គាត់ ។ បើយើងគោរពតាមឆន្ទៈរបស់សាមីខ្លួននោះ សាមីខ្លួននឹងស្លាប់ ប៉ុន្តែបើយើងមិនគោរពតាមឆន្ទៈរបស់សាមីខ្លួនទេ គឺយើងបកស្រាយបានថាសាមីខ្លួនត្រូវសងតម្លៃឲ្យអ្នកគ្រប់គ្រងដែលផ្ទុយនឹងឆន្ទៈរបស់គាត់ដែលបង្ហាញ ។ នេះគឺជាបញ្ហាខាងសីលធម៌ ។ ការបកស្រាយមួយដែលអាចមាន គឺអ្នកគ្រប់គ្រងមិនអាចទាមទារសំណងទេ ដោយសារតែការជួយសង្គ្រោះនេះគឺផ្ទុយនឹងឆន្ទៈរបស់សាមីខ្លួន ឬអ្នកគ្រប់គ្រងមិនត្រូវធ្វើតាមឆន្ទៈធ្វើអត្តឃាតនោះទេ ពីព្រោះវាផ្ទុយនឹងសីលធម៌ដ៍ល្អ (មាត្រា ៣៥៤) ។
៣. ករណីយកិច្ច
៣.១. ករណីកិច្ចគ្រប់គ្រងតាមវិធីដែលសមរម្យជាងគេដើម្បីជាប្រយោជន៍
និង អនុវត្តតាមឆន្ទៈរបស់សាមីខ្លួន
   ដូចដែលបានពន្យល់ក្នុងមាត្រា ៧២៩ និង មាត្រា ៧៣០ រួចហើយ ជាទូទៅ គឺត្រូវគ្រប់គ្រងដោយប្រុងប្រយ័ត្នក្នុងនាមអ្នកគ្រប់គ្រងដោយសុចរិត ។
៣.២. ករណីកិច្ចជូនដំណឹង
   អ្នកគ្រប់គ្រងត្រូវជូនដំណឹងទៅសាមីខ្លួន ដោយហេតុថាការគ្រប់នេះគ្មានការព្រមព្រៀម និង មិនអាចដឹងពីឆន្ទៈរបស់សាមីខ្លួន ។ ហេតុនេះហើយ អ្នកគ្រប់គ្រងត្រូវមានករណីយកិច្ចជូនដំណឹងទៅសាមីខ្លួនឲ្យដឹងពីការគ្រប់គ្រងរបស់ខ្លួន ( មាត្រា ៧៣១ ) ក៏ដូចជាដើម្បីឲ្យបានដឹងពីឆន្ទៈរបស់សាមីខ្លួនផង និង បង្ហាញពីភាពសុចរិត និង​ ការគ្រប់គ្រងរបស់ខ្លួនផង ។
៣.៣.      ករណីយកិច្ចបន្តការគ្រប់គ្រង
   ប្រសិនបើអ្នកគ្រប់គ្រងបានធ្វើការគ្រប់គ្រងហើយ តែសាមីខ្លួនមិនទាន់ត្រឡប់មកវិញ​ ឬ ក៏មិនទាន់អាចគ្រប់គ្រងបានទេ នោះអ្នកគ្រប់គ្រងដោយឈឺឆ្អាល ត្រូវបន្តការគ្រប់គ្រងនោះតទៅទៀតក្នុងន័យការពារ និង  ធ្វើឲ្យបានប្រយោជន៏ដល់សាមីខ្លួនដដែល រហូតដល់ពេលដែលសាមីខ្លួនអាចធ្វើការគ្រប់គ្រងបានវិញបាន ។ ប៉ុន្តែក៏មានករណីលើកលែងផងដែរ ប្រសិនបើការបន្តការគ្រប់គ្រងផ្ទុយនិងឆន្ទៈរបស់សាមីខ្លួន ឬ ធ្វើឲ្យបានប្រយោជន៏ចំពោះសាមីខ្លួន ។ មាត្រាដែលពាក់ព័ន្ធគឺ​ មាត្រា ៧៣២ ។
៣.៤. ករណីយកិច្ចធ្ចើសេចក្ដីរាយការណ៏
   ការគ្រប់គ្រងដោយឈឺឆ្អាលមានលក្ខណៈស្រដៀងគ្នានឹងអាណត្តិដែរ  ហើយមានកាតាព្វិច្ចដូចគ្នាត្រូវធ្វើដើម្បីជាប្រយោជ៏របស់សាមីខ្លួន និង រាយការណ៍អពីដំណើរការនៃកិច្ចសន្យាផ្សេងៗដែលខ្លួនគ្រប់គ្រង ។
៣.៥. ករណីយកិច្ចទាមទារសំណងចំពោះប្រាក់ដែលចំណាយ
   ករណីយកិច្ចនេះ ត្រូវបានដាក់បន្ទុកដោយផ្អែកលើការត្រិះរិះពិចារណាមើល ដូចគ្នានិងករណីកិច្ចធ្វើសេចក្ដីរាយការណ៍ផងដែរ ។
៤. អានុភាព
៤.១. សិទ្ធិទាមទារឲ្យសងសោហ៊ុយ ជាអាទិ៍
  អ្នកគ្រប់គ្រងអាចទាមទារឲ្យសងមកវិញ​ បាននូវសោហ៊ុយចាំបាច់ដែលបានចំណាយសម្រាប់ការគ្រប់គ្រង ( មាត្រា ៧៣៤ កថាខណ្ឌទី ១ ) ។​ អ្នកគ្រប់គ្រងក៏អាចទាមទារពីសាមីខ្លួនឲ្យផុតពីកាតព្វកិច្ច ឬ ឲ្យផ្ដល់ប្រាតិភោគដែលសមរម្យបាន          ( មាត្រា ៧៣៤ កថាខណ្ឌទី​ ២ ) ។
 ប្រសិនបើអ្នកគ្រប់គ្រងបានធ្វើការគ្រប់គ្រងផ្ទុយពីឆន្ទៈរបស់សាមីខ្លួន ចំនួននៃសំណងគឹត្រូវបានកម្រិតត្រឹមតែផលប្រយោជន៍ដែលសាមីខ្លួនបានទទួលជាក់ស្ដែងប៉ុណ្ណោះ ( មាត្រា ៧៣៤ កថាខណ្ឌទី ៣ ) ។ ថាតើសំណងនៃការខូចខាតដែលទទួលរងក្នុងអំឡុងពេលគ្រប់គ្រង ត្រូវបានរួមបញ្ជូលទៅក្នុងសោហ៊ុយចាំបាច់ ឬ ក៏អត់នោះ គឺមិនត្រូវបានបង្ហាញច្បាស់លាស់នោះទេ នៅក្នុងពាក្យពេចន៍ ដូច្នេះវាគឺជាបញ្ហាលំបាកមួយ ។ ឧទាហរណ៍ៈ នៅពេលអ្នកគ្រប់គ្រងជួសជុលការគ្រប់គ្រងនេះដោយប្រើកញ្ចក់ ហើយបណ្ដាលឲ្យមុតដៃរបស់គាត់ ករណីនេះចាត់ទុកថាតម្លៃព្យាបាលរបួស ១០០ ដុល្លារ គឺការខូចខាត ។ ចំពោះតម្លៃកញ្ចក់ ១.០០០ ដុល្លារអ្នកគ្រប់គ្រងអាចទាមទារ ១.០០០ ដុល្លារ នេះដែលជាសោហ៊ុយចាំបាច់នៃការគ្រប់គ្រង ។ ថាតើថ្លៃព្យាបាលរបួសចំនួន ១០០ ដុល្លារ អាចបូកបញ្ជូល ឬ អត់ គឺអាធ្យាស្រ័យលើការបកស្រាយ ។
-  មូលហេតុមិនបូកញ្ជូលៈ វាមិនត្រូវបានរាប់បញ្ជូលទៅក្នុងសោហ៊ុយចាំបាច់នោះទេ ។ជាងនេះទៅទៀតគឺចាំបាច់ត្រូវដកវាចេញដើម្បីរារាំងកុំឲ្យសាមីខ្លួនទទួលបន្ទុកច្រើនជាងគេគាត់រំពឹងទុក ( សាមីខ្លួន អាចត្រៀមរៀបចំសងសោហ៊ុយកញ្ចក់ ប៉ុន្តែមិនមែនសម្រាប់សោហ៊ុយព្យាបាលនោះទេ) ។ ការខូចខាតនេះមិនត្រូវបានគេទាមទារឡើយ ។
-  មូលហេតុបញ្ជូលគ្នាៈ ការគ្រប់គ្រងនេះ គឺស្របនិងឆន្ទៈរបស់សាមីខ្លួន ហើយក្នុងពេលគ្រប់គ្រងនោះមានការខូចខាតដែលមិនអាចជៀសវាងបាន ដូច្នេះតម្លៃនេះក៏អាចបញ្ជូលក្នុងការទាមទារនូវសោហ៊ុយចាំបាច់ដែរ (នេះ គឺជាការបកស្រាយ )។ ដោយផ្អែកលើគំនិតនេះ ប្រសិនបើការខូចខាតអាចជៀសវាងបាន នោះអ្នកគ្រប់គ្រងមិនអាចធ្វើការទាមទារសំណងនៃការខូចខាតនេះជាសោហ៊ុយចាំបាច់នៃការគ្រប់គ្រងបានទេ ។
៤.២ សិទ្ធិទាមទារកម្រៃ
ជាទូទៅ កម្រៃមិនអាចទាមទារបានទេ ដោយសារការគ្រប់គ្រងដោយឈឺឆ្អាលត្រូវចាប់ផ្ដើមឡើងដោយគ្មានការយល់ព្រម (ដែលជាមូលហេតុចម្បងសម្រាប់លើកឡើងនូវកាតព្វកិច្ចដើម្បីសងកម្រៃ ) របស់សាមីខ្លួន ។ ប៉ុន្តែ នៅក្នុងករណីដែលការគ្រប់គ្រងត្រូវបានបញ្ជូលទៅក្នុងវិជ្ជាជីវៈ ឬ អាជីវកម្មរបស់អ្នកគ្រប់គ្រងសាមីខ្លួននឹងដឹងអំពីបញ្ហានេះ ហើយមិនបានបដិសេធទេ នោះវាហាក់ដូចជាអយុត្តិធម៌ដែលសាមីខ្លួនត្រូវអនុវត្តកាតព្វកិច្ច ប្រសិនបើគាត់ដឹងថាការគ្រប់គ្រងរបស់អ្នកគ្រប់គ្រងត្រូវបានដាក់បញ្ជូលទៅក្នុងវិជ្ជាជីវៈ ឬ អាជីវកម្មរបស់អ្នកគ្របគ្រង ។
 ផ្នែកទី ៤ សេចក្ដីចម្រើនឥតហតុ
១. និយមន័យនៃសេចក្ដីចម្រើនឥតហេតុ
យោងតាមសន្ទានុក្រមពាក្យច្បាប់រដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី ឆ្នាំ​ ២០០៥​បានផ្ដល់និយមន័យ សេចក្ដីចម្រើនឥតហេតុ គឺជាការទទួលផលប្រយោជន៍ ដោយសារទ្រព្យសម្បត្តិ ឬ ពលកម្មរបស់អ្នកដទៃ ដោយគ្មានមូលហេតុតាមផ្លូវច្បាប់ ហើយធ្វើឲ្យកើតមានការបាត់បង់ផលប្រយោជន៍របស់អ្នកដទៃ ដោយសារ ការទទួលផលនោះ ។
មាត្រា ៧០៣ នៃក្រមរដ្ឋប្បវេណីជប៉ុន បានចែងថា សេចក្ដីចម្រើនឥតហេតុ គឺសំដៅទៅលើ ការដែលបុគ្គល ដែលបានទទួលផលប្រយោជន៍ ពីទ្រព្យសម្បត្តិ ឬ ពីពលកម្មរបស់អ្នកដទៃ បើទោះជា គ្មានមូលហេតុលើផ្លូវច្បាប់ ក៏ដោយ ការទទួលផលប្រយោជន៍នោះ បានធ្វើឲ្យអ្នកដទៃ បាត់បង់នូវផលប្រយោជន៍ ។ បុគ្គលដែលបានទទួលផលប្រយោជន៍នោះបានហៅថា អ្នកទទួលផលប្រយោជន៍ រីឯបុគ្គលដែលទទួលរង នូវការបាត់បង់ ហៅថា អ្នកបាត់បង់ផលប្រយោជន៍ ។ ក្នុងករណីនេះ អ្នកទទួលផលប្រយោជន៍ត្រូវសងផ្លប្រយោជន៍នោះ ទៅអ្នកបាត់បង់ផលប្រយោជន៍វិញ​។
ឧទាហរណ៍ៈ លោក បូរ៉ា ជំពាក់ប្រាក់ កញ្ញា មួយហៀង ២០០០០ ដុល្លាអាមេរិក ។ កញ្ញា មួយហៀង និង កញ្ញា លីគៀង គឺជាបងប្អូនភ្លោះ ។ លោក បូរ៉ា បានសងលុយអោយ កញ្ញា លីគៀង ដោយស្មានថា កញ្ញា លីគៀង គឺជា កញ្ញា មួយហៀង​។ សេចក្ដីចម្រើនឥតហេតុ ត្រូវបានយកមកអនុវត្ត នៅក្នុងករណីនេះ ពីព្រោះ លោក បូរ៉ា ទទួលរង នូវការបាត់បង់ផលប្រយោជន៍ ខណៈពេលដែល កញ្ញា លីគៀង មិនមានមូលហេតុ ដើម្បីរក្សាទុកផលប្រយោជន៍នោះ ។
២. លក្ខខណ្ឌនៃសេចក្ដីចម្រើនឥតហេតុ
២.១ ផលប្រយោជន៍
ភាគីម្ខាងដែលទទួលបានផលប្រយោជន៍ គឺបានមកពីភាគីម្ខាងទៀត ដែលបាត់នូលផលប្រយោជន៍ ដែលទទួលបាន ក៏ដូចជា ផលប្រយោជន៍ដែលបាត់បង់អាចជផលប្រយោជន៍រូបី និង ផលប្រយោជន៍អរូបី ។ ផលប្រយោជន៍រូបី នៅក្នុងករណីនៃសេចក្ដីចម្រើនឥតមូលហេតុ គឺធម្មតាជាប្រាក់ ឬ ទំនិញ ។ ប៉ុន្ដែ ទ្រព្យសម្បត្តិ ដែលមិនអាចមើលឃើញ​ ដូចជាផលប្រយោជន៍ក្នុងការប្រើប្រាស់ ឬ ការចាត់ចែង គឺត្រូវបានរាប់បញ្ចូលនៅក្នុងផលប្រយោជន៍អរូបីផងដែរ ។
២.២ការបាត់បង់ផលប្រយោជន៍
ទំហំផលប្រយោជន៍ ត្រូវសសមាមាត្រាទៅនឹង ទំហំផលប្រយោជន៍ ដែលទទួលបាន ។ នេះជាគោលការណ៍នៃការសងត្រឡប់កមវិញ នូវផលប្រយោជន៍ ដែលបានទទួលត្រឹមកម្រិត នៅក្នុងទំហំនៃការបាត់បង់ផលប្រយោជន៍ ។ ជាទូទៅ ការបាត់បង់ នូវផលប្រយោជន៍ គឺឆ្លើយតបទៅនឹងទស្សនៈ នៃផលប្រយោជន៍ នៅក្នុងករណី ភាគច្រើនបំផុត ។
២.៣ ទំនាក់ទំនងហេតុ និង ផល
លក្ខខណ្ឌ​ មិនខុសគ្នាទៅនិងលក្ខណ្ឌមួយ ក្នុងចំណោមលក្ខណ្ឌដើម្បី អាចទាមទារសំណង ការខូចខាត ដោយសារអំពើអនីត្យានុកូល គឺទំនាក់ទំនង ហេតុ និង ផលរវាងព្យសនកម្ម និង អំពើបំពានដោយខុសច្បាប់ នូវសិទ្ធិ និង ផលប្រយោជន៍ ។            ចំពោះសេចក្ដីចម្រើនដោយឥតហេតុ ដើម្បីទទួលស្គាល់នូវសិទ្ធិក្នុងការទាមទារ យកមកវិញនូវផលប្រយោជន៍ ដែលបានបាត់បង់បញ្ហាស្ថិតនៅត្រង់ថាតើ មានអ្នកទទួលបាននូវផលប្រយោជន៍ កើតមានឡើងដែរ ឬ ទេ? តើមានអ្នកដែលបានទទួលបានផលប្រយោជន៍ដោយបុគ្គល ដែលបានទទួលបានផលប្រយោជន៍នោះ​ដែរ ឬ យ៉ាងណា?
ជាទូទៅ ទំនាក់ទំនងហេតុ និង ផល ត្រូវទទួលស្គាល់ ករណីប្រសិនបើ បានបង្ហាញថា មានអ្នកទទួលបាននូវផលប្រយោជន៍ ដោយសារ ការបាត់បង់ផលប្រយោជន៍ ពីអ្នកបាត់បង់ផលប្រយោជន៍ ដោយគ្មានផលប្រយោជន៍ ។ ទំនាក់ទំនង ហេតុ និង ផល នៅក្នុងសេចក្ដីចម្រើនដោយឲតហេតុ ករណីភាគច្រើន មិនសូវចោទជាចបញ្ហាធំដុំនោះទេ ដោយសារតែការបាត់បង់ នៅក្នុងករណី ភាគច្រើនត្រូវបានតភ្ជាប់ ជាមួយនិងការទទួលស្គាល់បានផលប្រយោជន៍ ស្ទើរតែមិនអាចជៀសរួច។
២.៤ ការទទួលផលប្រយោជន៍ដោយគ្មានមូលហេតុលើផ្លូវច្បាប់
គ្មានផ្លូវច្បាប់ មានន័យថា គ្មានមូលហេតុត្រឹមត្រូវសម្រាប់រក្សាផលប្រយោជន៍។ វាជារឿងមិនសមហេតុផលដែលអនុញាតឲ្យបុគ្គលដែលមិនមានមូលហេតុគតិយុត្ត ក្នុងការទទួលបាននូវផលប្រយោជន៍អាចរក្សាទុកនូវផលប្រយោជន៍ដែលបានទទួលពីភាគីម្ខាងទៀតដែលបាត់បង់ផលប្រយោជន៍ដោយមិនត្រឹមត្រូវ។
៣. ករណីយកិច្ចសងរបស់អ្នកទទួលផលប្រយោជន៍ ដោយគំនិតទុច្ចរិក
   ក្នុងករណីដែលបុគ្គលទទួលបានផលប្រយោជន៍ បានដឹងថាគ្មានមូលហេតុលើផ្លូវច្បាប់ ឬថាកិច្ចនោះពុំមានអានុភាព បុគ្គលដែលទទួលផលប្រយោជន៍នោះ មានករណីយកិច្ចត្រូវសងផលប្រយោជន៍ដែលមាននៅពេលបានដឹង និងការប្រាក់គិតចាប់ពីពេលបានរហូតដល់ពេលសង។ ជាទូទៅមានការពិតនៅទំហំករណីយកិច្ចសង គឺដើម្បីការពារបុគ្គលដែលបានទទួលផលប្រយោជន៍ដែលមិនបានដឹង។ តែចំពោះបុគ្គលដែលបានទទួលផលប្រយោជន៍បានដឹងថា ផលប្រយោជន៍នោះជារបស់អ្នកដទៃ គឺមិនមានភាពចាំបាច់ដើម្បីការពារនោះទេ។ បុគ្គលដែលបានទទួលផលប្រយោជន៍មានចេតនា ឬកំហុសចំពោះអានុភាពនៃកិច្ចសន្យាដែលត្រូវបាត់បង់ បុគ្គលដែលបានទទួលផលប្រយោជន៍នោះមានករណីយកិច្ចត្រូវសងផលប្រយោជន៍នោះដោយភ្ជាប់មកជាមួយនឹងការប្រាក់។
ឧទាហរណ៍៖ ក ឆបោក ខ ក្នុងការធ្វើកិច្ចសន្យាណាមួយ។ ខ សុំរំលាយកិច្ចសន្យាធ្វើឲ្យកិច្ចសន្យានោះបាត់បង់អានុភាព ហេតុនេះ ក ត្រូវទទួលខុសត្រូវ ចំពោះមោឃភាពនៃកិច្ចសន្យានោះគឺ ក ត្រូវសងផលប្រយោជន៍ដែលខ្លួនបានទាំងអស់។
៤. ការសង
៤.១ ការសងដោយគ្មានកាតព្វកិច្ច
ប្រសិនបើ បុគ្គលណាម្នាក់ដែលគ្មានកាតព្វកិច្ចបានសងកាតព្វកិច្ចនោះ បុគ្គលនោះអាចត្រូវបានចាត់ទុកថា បានរងនូវការបាត់បង់ផលប្រយោជន៍ ផ្ទុយទៅវិញ ប្រសិនបើ បុគ្គលណាម្នាក់ដែលគ្មានសិទ្ធិលើបំណុលបានទទួលការសងចំពោះសិទ្ធិលើបំណុលនោះ បុគ្គលនោះអាចត្រូវបានចាត់ទុកថា បានទទួលផលប្រយោជន៍ដោយគ្មានមូលហេតុគតិយុត្ត។ ប៉ុន្តែ បើបុគ្គលម្នាក់សងកាតព្វកិច្ចដោយដឹងអំពីនត្ថិភាព នៃកាតព្វកិច្ចនោះសកម្មភាពរបស់បុគ្គលនោះ គឺសកម្មភាពមិនសមហេតុផល ក្នុងន័យសេដ្ឋកិច្ចទីផ្សារហើយមិនចាំបាច់ត្រូវបានការពារដោយច្បាប់ទេ ហេតុដូច្នេះ តុលាការ នឹងមិនគាំទ្រការទាមទារ ឲ្យសងដោយបុគ្គល ដែលបានសង ដោយដឹងថា ខ្លួនមិនមានកាតព្វកិច្ច ។
ម្យ៉ាងទៀត ចំពោះករណី ដែលការសងដោយតតិយជន ( ដែលតតិយជន ដែលគ្មានកាតព្វកិច្ច សង កាតព្វកិច្ច សងកាតព្វ របស់កូនបំណុល ) ត្រូវបានធ្វើដោយ មានសុពលភាព ។ក្នុងករណីនេះ ម្ចាស់បំណុល មានសិទ្ធិលើបំណុល ដូច្នេះ ការទទួលការសង ពីតតិយជនដោយម្ចាស់បំណុល មិនអាចចាត់ទុកថា ម្ចាស់បំណុល បានទទួលផលប្រយោជន៍ដោយគ្មានមូលហេតុគតិយុត្តនោះទេ ។
៤.២ ការសងនៅមុនកំណត់ពេល
ទោះបីជា កូនបំណុល មិនចាំបាច់សងកាតព្វកិច្ច រហូតដល់ពេលកំណត់ត្រូវសងក៏ដោយ ក៏កូនបំណុល អាចសងកាតព្វកិច្ច ​ដោយបោះបង់ផលប្រយោជន៍ នៃការកំណត់ពេលបានដែរ ។ ហេតុដូច្នេះ ជាគោលការណ៍ បើទោះបីជា កូនបំណុល សងកាតព្វកិច្ចមុនពេលកំណត់ក៏ដោយ ក៏កូនបំណុល មិនត្រូវអនុញ្ញាត អោយទាមទារការសងតាវកាលិកឡើយ ។ ប៉ុន្តែ ក្នុងករណីយកិច្ចដែលកូនបំណុលសងកាតព្វកិច្ច ដោយមិនបានដឹងថាពេលកំណត់ មិនទាន់មកដល់ឡើយ នោះកូនបំណុល ទទួលផលប្រយោជន៍ ទៅតាមការបោះបង់ផលប្រយោជន៍ នៃការកំណត់ពេលនោះ ។          ហេតុដូច្នេះ ក្នុងករណីដែលកូនបំណុលបានសងកាតព្វកិច្ចដោយមិនបានដឹងថាកាតព្វកិច្ច មិនទាន់ដល់ពេលកំណត់សងឡើយ កូនបំណុលអាចទាមទារ ឲ្យសងផលប្រយោជន៍ដែលម្ចាស់បំណុល អាចប្រើប្រាស់តាវកាលិក ដែលខ្លួនបានទទួលមុនពេលកំណត់សង រហូតដល់ពេលកំណត់សង ( ផលប្រយោជន៍ក្នុងចន្លោះពេលពីម្ចាស់បំណុលបាន។ លើសពីនេះទៅទៀត ចំពោះការចាត់ចែងចំពោះការប្រាក់​ ដែលបង្គររហូតដល់ពេលកំណត់ត្រូវសង ត្រូវបានជាផលប្រយោជន៍របស់កូនបំណុល ។
            ៤.៣ ការសងកាតព្វកិច្ចរបស់អ្នកដទៃ         
   មាត្រា ៧៤០ នៃក្រមរដ្ឋប្បវេណី បានកំណត់ថា ក្នុងករណីដែល បុគ្គលក្រៅពីកូនបំណុល បានផ្ដល់ តាវលិកនៃការសង ដោយភាន់ច្រឡំអំពីកាតព្វកិច្ចរបស់អ្នកដទៃថាជាកាតព្វកិច្ចរបស់ខ្លួន អាចទាមទារឲ្យ    សងតាវលិកនោះមកវិញបាន។ ប៉ុន្តែ ក្នុងករណីដែលម្ចាស់បំណុលពុំបានដឹងថា ការផ្ដល់តាវលិកនោះ បណ្ដាលមកពី ការភាន់ច្រឡំរបស់បុគ្គល ដែលបានផ្ដល់តាវលិកនៃការសងនោះទេ ហើយបានបំផ្លាញលិខិតលាយលក្ខណ៍អក្សរ ដែលបានបញ្ជាក់អំពីអត្ថិភាពនៃសិទ្ធិលើបំណុល ឬ បានបោះបង់ប្រាតិភោគ (គឺជាការធានា ដល់ម្ចាស់បំណុល ក្នុងការប្រមូលឥណទេយ្យ​ របស់ខ្លួនមកវិញ ឬ ជាមធ្យោបាយមួយ ដើម្បីធានាការសង ដែលមានសុពលបុគ្គល ដែលបានផ្ដល់តាវលិកនោះ មិនអាចទាមទារឲ្យសងតាវលិកនោះមកវិញបានឡើយ ។
   ក្នុងករណីដែល បុគ្គលដែលបានសងដោយភាន់ច្រលំ មិនអាចទាមទារ ឲ្យសងនូវតាវកាលិក នៃការសងនោះ ពីម្ចាស់បំណុលទេ ម្ចាស់បំណុល អាចក្ដាប់ទុក​នូវតាវកាលិកនោះបាន ហើយករណីនេះ ត្រូវបានចាត់ចែង ដូចគ្នានិងករណីដែល មានការសងដោយមានសពលភាព។ មានន័យថា ករណីនោះ​ ត្រូវបានចាត់ចែង ដូចគ្នា នឹងករណីដែល បុគ្គលបានសងកាតព្វកិច្ច របស់អ្នកដទៃ ក្នុងនាមជាតតិយជន (មាត្រា ៤៣៤​កថាខណ្ឌទី ១) ។ ហេតុដូច្នេះ វាជាការពិតណាស់ ហើយដែលអ្នកសង​ អាចអនុវត្តសិទ្ធិទាមទារសំណង ចំពោះកូនបំណុលដែលបានរួចផុតពីកាតព្វកិច្ចនោះ ។

ផ្នែកទី ៥       អំពើអនីត្យានុកូល
១. និយមន័យ
អំពើអនីត្យានុកូល គឺជារបបឱ្យសងនូវសំណងនៃការខូចខាន ក្នុងករណីដែលបានបំពានទៅលើសិទ្ធិ ឬ ផលប្រយោជន៍របស់អ្នកដទៃ ដោយខុសច្បាប់ ដោយកំហុសចេតនា ឬ ដោយកំហុសអចេតនា ។ ដូចនេះ បុគ្គលដែលសិទ្ធិ ឬ ផលប្រយោជន៍របស់ខ្លួនត្រូវបានគេបំពានមានសិទ្ធិទាមទារនូវសំណងនៃការខូចខាតចំពោះចារី។          នៅពេលដែល អំពើអនីត្យានុកូលកើតឡើង ជនរងគ្រោះ អាចទាមទារ សំណងការខូចខាត ដែលខ្លួនបានទទួលរងពីចារី បានន័យថា ជនរងគ្រោះ ដោយអំពើអនីត្យានុកូល ធ្វើលទ្ធកម្មនូវសិទ្ធិលើបំណុល នៃសំណងការខូចខាត ចំពោះចារី។ បើមើលពីទស្សន:ម្ខាងទៀត ចារី ត្រូវសងសំណងការខូចខាត ដែលកើតឡើងនោះទៅជនរងគ្រោះ។ មានន័យថា ចារី មានកាតព្វកិច្ច សងការខូចខាត ចំពោះជនរងគ្រោះ។ ក្នុងករណីបែបនេះ គឺជាការកើតឡើង នូវទំនាក់ទំនងនៃសិទ្ធិលើបំណុល និង កាតព្វកិច្ចដោយសារអំពើអនីត្យានុកូល។   តាមសន្ទានុក្រមពាក្យច្បាប់រដ្ឋប្បវេណី  និង នីតិវិធីរដ្ឋប្បវេណី  ឆ្នាំ ២០០៧ បានផ្ដល់និយមន័យថា អំពើអនីត្យានុកូល គឺជាអំពើ ដែលបំពាន ដោយខុសច្បាប់លើសិទ្ធិ ឬ ផលប្រយោជន៍ អ្នកដទៃ ដោយកំហុសចេតនា ឬ អចេតនា។ កំហុសដោយចេតនា ឬ អចេតនា សំដៅលើអំពើដែលនឹងត្រូវចំណុចដូចខាងក្រោមនេះ៖
- ធ្វើអំពើបំពានដោយព្យាករទុកជាមុន អំពីការកើតឡើងនៃលទ្ធផល ហើយដោយទទួលយកការកើតឡើងនៃលទ្ធផលនោះ។ ឧទាហរណ៍: និង មានជម្លោះជាមួយគ្នា។ បានចាក់សម្លាប់ ចំដើមទ្រូងដោយច្រឡោតខឹងដោយកំហុសចេតនា។
- ធ្វើអំពើដែលបើតាមប្រក្រតី បុគ្គល ដែលមានឋាន:នៃការងារ ឬ បទពិសោធន៍ស្មើគ្នានឹងអ្នកធ្វើអំពើនោះ អាចព្យាករទុក ជាមុនអំពើការកើតឡើង នៃលទ្ធផលក៏ដោយក៏អ្នកធ្វើអំពើនោះ នៅតែពុំបានព្យាករទុកជាមុន អំពីការកើតឡើង នៃលទ្ធផលនោះដោយសារ ការធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ហើយទោះជាមានករណីយកិច្ច ជៀសវាងនូវលទ្ធផលនោះក៏ដោយក៏នៅតែប្រព្រឹត្តផ្ទុយនឹងករណីយកិច្ចនោះ។
ឧទាហរណ៍: ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍៖ លោក ស្រស់ បើកឡានទៅបុកផ្ទះ លោកស្អាត បណ្ដាលឱ្យបាក់ទ្វារផ្ទះ។ ដូចនេះ អំពើរបស់ លោក ស្រស់ ដែលបុកផ្ទះ លោក ស្អាត បណ្ដាលឱ្យមានការខូចខាតនោះ គឺជាអំពើអនីត្យានុកូល ដូចនេះ លោក ស្អាត មានសិទ្ធិទាមទារសំណងនៃការខូចខាតពី លោក ស្រស់ វិញបាន។លក្ខខណ្ឌនៃអំពើអនីត្យានុកូល(Condition of torts) យោងតាម អំពើអនីត្យានុកូល ដើម្បីឱ្យអ្នករងគ្រោះ ទាមទារសំណងនៃការខូចខាតពីអ្នកប្រព្រឹត្ត អំពើបំពានចាំបាច់ត្រូវបំពេញ នូវលក្ខខណ្ឌដូចតទៅ ( មាត្រា ៧៤៣ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ ) ដើម្បីអាចឱ្យបុគ្គលណាម្នាក់ ទទួលខុសត្រូវចំពោះសំណងនៃការខូចខាតដោយផ្អែកលើអំពើអនីត្យានុកូលណ លុះត្រាតែបំពេញលក្ខខណ្ឌ ៤ ដែលច្បាប់បានកំណត់ដូចខាងក្រោមនេះ៖
១.កំហុស (Fault )
កំហុស គឺជាអាកប្បកិរិយារបស់បុគ្គលម្នាក់ដោសារតែ ការខ្ជីខ្ជា ការធ្វេសប្រហែស ការមិនយកចិត្តទុកដាក់របស់ខ្លួន ក៏មិនគោរពកិច្ចសន្យា«កំហុសក្នុងកិច្ចសន្យា» ឬ មិនបំពេញករណីយកិច្ចរបស់ខ្លួន ដែលមិនត្រូវបង្កឱ្យមានការខូចខាតដល់អ្នកដទៃ«កំហុសរដ្ឋប្បវេណី»ឬហៅម្យ៉ាងទៀតថា «កំហុសទោសកម្ម ឬ ឧបទោសកម្ម »។ ចំណាំ: កំហុសទោសកម្ម គឺផ្ទុយពីកំហុសក្នុងកិច្ចសន្យាកំហុសទោសកម្មនេះ ជាកំហុសដែលស្ថិតនៅក្រៅរង្វង់នៃកិច្ចសន្យា។ ផ្ទុយពីកំហុសឧបទោសកម្ម កំហុសឧបទោសកម្មនេះជាអំពើខុសច្បាប់ ខុសពីសីលធម៌ ប្រព្រឹត្តឡើង
ក្នុងគំនិត ចង់បង្កឱ្យមានការអន្តរាយដល់អ្នកដទៃ។
ក. កំហុសដោយចេតនា
កំហុសដោយចេតនា គឺជាប្រភេទកំហុសដែលបង្កើតឡើងពីឆន្ទៈ:របស់ចារីហើយចង់បង្កអោយមានព្យសនកម្មដល់ជនរងគ្រោះ។ កំហុសនេះអាចជាទង្វើបង្កជាបទល្មើសព្រហ្មទណ្ឌ ឬ ជាទង្វើដែលមិនត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌដែរ។ មាត្រា ៧៤២ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ បានចែងថា អំពើដោយមានកំហុសចេតនាសំដៅលើ អំពើដែលជាអំពើបំពានដោយព្យាករទុកជាមុន អំពើការកើតឡើងនៃលទ្ធផលហើយដោយទទួលយកការកើតឡើងនៃលទ្ធផលនោះ។
ខ. កំហុសដោយអចេតនា
កំហុសដោយអចេតនា គឺជាកំហុសដែលកើតឡើងដោយសារ ការធ្វេសប្រហែស ការខ្ជីខ្ជា ឬ ការខ្វះការប្រុងប្រយ័ត្នរបស់ចារីនៃការខូចខាត ដូចជាកំហុសរបស់អ្នកបើកបររថយន្តដែលបាបើកលឿនហួសកំណត់ហើយបានបុកអ្នកដំណើរឱ្យមានរបួស ឬស្លាប់ អ្នកបើកបរលឿនហួសដោយខុសច្បាប់ពិតមែន ប៉ុន្តែគាត់គ្មានបំណងចង់បុកអ្នកដំណើរឱ្យមានរបួស ឬស្លាប់ទេ។
២. ភាពខុសច្បាប់
ផ្អែកតាមមាត្រា ៧៤៣ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណីបានចែងថា៖ បុគ្គលដែលបំពានដោយខុសច្បាប់នូវសិទ្ធិ ឬ ផលប្រយោជន៍របស់ជនដទៃដោយកំហុសចេតនា ឬដោយកំហុសអចេតនាត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដោយអំពើនោះ។ ការបំពានដោយខុសច្បាប់នៅក្នុងទីនេះមានន័យថាមិនត្រឹមតែការបំពានច្បាប់ព្រហ្មទណ្ឌតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើមួយដែលផ្ទុយទៅនឹងវិន័យសង្គម។ ដូច្នេះករណីយកិច្ចដែលត្រូវជៀសវាងគឺស្ទើរតែជាន់គ្នាជាមួយនឹងភាពខុសច្បាប់ពីព្រោះថាមូលហេតុដែលករណីយកិច្ចដែលត្រូវជៀសវាងនោះត្រូវបានដាក់បន្ទុកពីព្រោះថាវាផ្ទុយទៅនឹងវិន័យសង្គម។
៣ ការខូចខាត ឬ ព្យសនកម្ម (damages)
តាមសន្ទានុក្រមបារាំង-ខ្មែរនៃពាក្យច្បាប់ ព្យសនកម្មគឺជាការខូចខាតសម្ភារ:(ដូចជាការបាត់បង់នូវទ្រព្យសម្បត្តិនូវស្ថានភាពវិជ្ជាជីវ:)ឬ ការខូចខាតខាងផ្លូវចិត្ត(ដូចជា ការឈឺចាប់ ការប៉ះពាល់ដល់ការរាប់អានដល់ការគោរពនូវជីវភាពឯកជន) ដែលបុគ្គលណាម្នាក់បានទទួលរងបណ្ដាលមកពីអំពើរបស់អ្នកដទៃ។ មាត្រា ១៣កថាខណ្ឌទី៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ ២០០៧ បានបញ្ញត្តថាព្យសនកម្មអាចជាព្យសនកម្មខាងសម្ភារ: ខាងរូបកាយ ឬ ខាងផ្លូវ។ ដោយឡែកក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ មិនបានប្រើពាក្យព្យសនកម្មទេដោយប្រើប្រាស់ពាក្យថា ការខូចខាត ជំនួសវិញជាពិសេស ការខូចខាតដោយបំពានលើរូបរាងកាយ(មាត្រា ៧៦០ មាត្រា ៧៦១ ) និង ការខូចខាតសតិអារម្មណ៍( មាត្រា ៧៦២)។
៤ ទំនាក់ទំនងហេតុ និង ផល
ទំនាក់ទំនងនៃហេតុផល មានន័យថាជាទំនាក់ទំនងនៃហេតុផលនៃការកើតឡើងនូវការខូចខាតចំពោះជនរងគ្រោះ និង ចេតនា ឬ កំហុសរបស់ចារី។ វាជារឿងធម្មតាទេ ដែលចាំបាច់ត្រូវមានអត្ថិភាពនៃទំនាក់ទំនងហេតុផលដើម្បីកំណត់ថា ចារីបានបង្កឱ្យមានការខូចខាតដល់ជនរងគ្រោះ។ ឧទាហរណ៍១: អ្នកបើកបររថយន្តមិនបានមើលភ្លើងសញ្ញាចរាចរណ៍ក៏បានជ្រុលទៅបុកអ្នកថ្មើរជើងដែលកំពុងដើរឆ្លងកាត់គំនូសផ្លូវថ្នល់និង បានបង្កឱ្យមានរបួស ករណីបែបនេះ ទំនាក់ទំនងហេតុផលរវាងរបួសរបស់អ្នកថ្មើរជើង និង ការធ្វេសប្រហែសរបស់អ្នកបើកបរគឺមានភាពច្បាស់លាស់ដោយមិនមានចម្ងល់អ្វីឡើយ។ ដើម្បីឱ្យជនណាម្នាក់ទទួលខុសត្រូវសងសំណងការខូចខាតលុះត្រាតែមានទំនាក់ទំនងហេតុផលរវាងអំពើ និង ការខូចខាតដែលបញ្ជាក់ថា ការខូចខាតនោះពិតជាកើតចេញពីអំពើអនីត្យានុកូលយ៉ាងពិតប្រាកដហើយដែលអ្នកទាមទារការខួចខាតមានករណីយកិច្ចបញ្ជាក់អំពីភស្តុតាងនេះ។ ឧទាហរណ៍២: ឈ្មោះ ក បានប្ដឹងទាមទារសំណងការខូចខាតដោយខ្លួនត្រូវរបួសពីឈ្មោះ ខ។ ក្នុងករណីនេះ ឈ្មោះ ក ត្រូវធ្វើការបង្ហាញថា ឈ្មោះ ខ ជាអ្នកបានធ្វើឱ្យខ្លួនរងរបួស ហើយបណ្ដាលឱ្យមានការខូចខាត។ និយាយម្យ៉ាងទៀតការខូចខាតនឹងត្រូវបានសងក្នុងករណីដែលការខូចខាតនោះមិនបានកើតឡើងទេ ប៉ុន្តែការខូចខាតនោះកើតឡើងដោយសារអំពើអនីត្យានុកូល។
២.ប្រភេទនៃការទទួលខុសត្រូវ(អំពើអនីត្យានុកូល)
យោងតាមក្រឹត្យច្បាប់លេខ ៣៨ ការទទួលខុសត្រូវដោយអំពើអនីត្យានុកូល បានចែកជាបីប្រភេទធំៗ ៖      ១. ការទទួលខុសត្រូវចំពោះអំពើខ្លួនឯង
បុគ្គលដែលបំពានដោយខុសច្បាប់នូវសិទ្ធិ ឬ ផលប្រយោជន៍ របស់ជនដទៃដោយកំហុសចេតនា ឬ ដោយកំហុសអចេតនាត្រូវទទួលខុសត្រូវក្នុងការសងខូតខាតដែលកើតឡើងដោយអំពើនោះ។ ជនដែលមានអាយុក្រោម ១៤(ដប់បួន)ឆ្នាំ និង បុគ្គលដែលស្ថិតក្នុងស្ថានភាពដែលមិនអាចយល់ដឹង ឬ ដោយសារមានវិបត្តិស្មារតី ឬ មូលហេតុផ្សេងៗ មិនត្រូវទទួលខុសត្រូវចំពោះអំពើអនីត្យានុកូលឡើយ (មាត្រា ៧៤៥)។
២. ការទទួលខុសត្រូវចំពោះអំពើរបស់អ្នកដ៏ទៃ
ការទទួលខុសត្រូវចំពោះអំពើអ្នកដ៏ទៃ គឺជាការទទួលខុសត្រូវ ចំពោះការខូចខាតដែលបង្កឡើងដោយអ្នកដ៏ទៃដោយផ្អែកលើទំនាក់ទំនងគតិយុត្ត ហើយយើងជាអ្នកទទួលខុសត្រូវជំនួស។ ប្រភេទនៃការទទួលខុសត្រូវចំពោះអំពើរបស់អ្នកដ៏ទៃ មានដូចជា៖
ក. ការទទួលខុសត្រូវចំពោះអ្នកមានករណីកិច្ចត្រួតពិនិត្យ
អ្នកដែលមានករណីកិច្ចត្រួតពិនិត្យ គឺសំដៅទៅលើ ឪពុកម្តាយ អាណាព្យាបាល ឬ ហិតូបត្ថម្ភ ( ហិតូបត្ថម្ភ គឺការគ្រប់គ្រងលើជនដែលមានសមត្ថភាពតិចតួចពេកក្នុងការយល់ដឹង និង វិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី ) បុគ្គលដែលមានករណីកិច្ចដែលច្បាប់បានកំណត់ក្នុងការត្រួតពិនិត្យ អនីតិជនដែលមានអាយុក្រោម ១៤ឆ្នាំ ឬ មានវិបត្តិខាងស្មារតី ឬ មូលហេតុផ្សេងៗទៀត ត្រូវសងនូវការខូចខាតរបស់អ្នកដ៏ទៃ ដោយអំពើបំពានរបស់អ្នកនៅក្រោមការត្រួតពិនិត្យរបស់ខ្លួននោះ (មាត្រា ៧៤៦ ក្រមរដ្ឋប្បវេណីថ្មី )។
ខ. ការទទួលខុសត្រូវរបស់និយោជក
បុគ្គលដែលប្រើនិយោជិតឲ្យអនុវត្តកិច្ចការ ដែលយើងហៅថានិយោជក ត្រូវទទួលខុសត្រូវសងនូវសំណងនៃការខូចខាតទាំងអស់ ដែលនិយោជិតបានបង្កឡើងដល់អ្នកដ៏ទៃដោយខុសច្បាប់ ដោយកំហុសចេតនា ឬកំហុសអចេតនា។ ប៉ុន្តែបុគ្គលដែលស្ថិតក្នុងឋានៈត្រូវត្រួតពិនិត្យនិយោជិតជំនួសនិយោជក ត្រូវទទួលខុសត្រូវដូចគ្នានឹងនិយោជកដែរ។ ប៉ុន្តែក្នុងករណីដែលបុគ្គលនោះបានត្រួតពិនិត្យបានត្រឹមត្រូវហើយ គឺមិនត្រូវបានទទួលខុសត្រូវទេ។ និយោជក ឬ អ្នកត្រួតពិនិត្យជំនួស មានសិទ្ធិទាមទារសំណងពីនិយោជិតបាន ដោយយោងទៅតាមកម្រិតនៃទោសរបស់និយោជិតនោះ( មាត្រា ៧៤៧ ក្រមរដ្ឋប្បវេណីថ្មី )។ លក្ខខណ្ឌ៖
- ត្រូវស្ថិតក្នុងម៉ោងការងារ
- ការខូចខាតត្រូវកើតឡើងក្នុងពេលអនុវត្តកិច្ចការនោះ
- ស្ថិតក្រោមអត្ថាធិនភាព និង ប្រាក់កំរៃ ។

គ. អំពីអនីត្យានុកូលរបស់នីតិបុគ្គល

នីតិបុគ្គលត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលសមាជិកគណៈកម្មការនាយក ឬអ្នកតំណាងឯទៀត បានបង្កដល់អ្នកដ៏ទៃ ដោយខុសច្បាប់ ដោយកំហុសចេតនា ឬ កំហុសអចេតនា ក្នុងការអនុវត្តកិច្ចការនោះ ។ នីតិបុគ្គលអាចទាមទារសំណងពីអ្នកតំណាង ដែលបានប្រព្រឹត្តអំពើបង្កការខូចខាតនោះ ( មាត្រា ៧៤៩ ក្រមរដ្ឋប្បវេណីថ្មី )។

ឃ. អំពីអនីត្យានុកូលរបស់មន្រ្តីរាជការ

មន្រ្តីរាជការដែលទទួលបាននូវអំណាចសាធារណៈរបស់រដ្ឋ ឬ ស្ថាប័នសាធារណៈ បានបង្កការខូចខាតដល់អ្នកដ៏ទៃដោយខុសច្បាប់ ដោយកំហុសចេតនា ឬ កំហុសអចេតនា ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួននោះ រដ្ឋ ឬ ស្ថាប័នសាធារណៈត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតនោះ។ ក្នុងករណី បើកម្រិតនៃការបំពានករណីកិច្ចរបស់មន្រី្តរាជការ ក្នុងការជៀសវាងនូវលទ្ធផល មានភាពធ្ងន់ធ្ងរ រដ្ឋឬស្ថាប័នសាធារណៈអាចទាមទារសំណងពីមន្រ្តីរាជការនោះបាន (មាត្រា ៧៤៩ )។ អ្នករាជការសាធារណៈ គឺបុគ្គលដែលបម្រើការក្នុងស្ថាប័ននីតិប្បញ្ញតិ្ត ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នតុលាការ ដែលត្រូវបានតែងតាំងដោយលិខិតបទដ្ឋានគតិយុត្ត ទោះជាអចិន្ត្រៃយ៍ ឬជាបណ្តោះអាសន្នក្តី ទោះជាទទួលឬមិនទទួលប្រាក់ឈ្នួលក្តី ដោយមិនគិតពី ឋានៈ អាយុ របស់បុគ្គលនោះឡើយ។
៣. ការទទួលខុសត្រូវចំពោះអំពើរបស់សត្វ និង វត្ថុ
ក. ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ
បុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់អ្នកដ៏ទៃ ដោយសត្វដែលខ្លួនកាន់កាប់ ( មាត្រា ៧៥០ ក្រមរដ្ឋប្បវេណីថ្មី )។
ខ. ការទទួលខុសត្រូវចំពោះផលិតផលរបស់អ្នកផលិតវត្ថុ
ផលិតករនៃចលនវត្ថុ ត្រូវទទួលខុសត្រូវសងការខូចខាត ដោយសារចលនវត្ថុរបស់ខ្លួន បណ្តាលឲ្យមានការខូចខាតដល់អ្នកដ៏ទៃដែលមានវិការៈនាំឲ្យមានគ្រោះថ្នាក់ដោយមិនសមហេតុផល ។ អ្នកដែលផលិតចលនវត្ថុដែលផ្សំដោយគ្រឿង ឬវត្ថុធាតុដើមដែលមានវិការៈ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ក្នុងនាមផលិតករផងដែរ។ ចំពោះអ្នកនាំចូលចលនវត្ថុនោះ ត្រូវចាត់ទុកជាផលិតករដែរ ។ ហើយបុគ្គលដែលបានដាក់សញ្ញាណនៃនាមករណ៍របស់ខ្លួន ជាផលិតករ ឬអ្នកលក់ លើចលនវត្ថុ ត្រូវចាត់ទុកជាផលិតករនៃចលនវត្ថុនោះ ( មាត្រា ៧៥២ ក្រមរដ្ឋប្បវេណីថ្មី )។
៣.​ អំពើអនីត្យានុកូលរួម
ប្រសិនបើការខូចខាតបានកើតឡើង ដោយសារអំពើរបស់បុគ្គលច្រើននាក់រួមគ្នា អ្នកប្រព្រឹត្តអំពើនីមួយៗត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដោយសាមគ្គីភាព។ ចំពោះទំហំនៃសំណងនៃការខូចខាតវិញ បើសិនជាអំពើរួមគ្នាពាក់ព័ន្ធជិតស្និទ្ធ ដូចជាករណីនៃការសមគំនិតគ្នា ជាដើម ចារីម្នាក់ៗត្រូវទទួលខុសត្រូវដោយសាមគ្គីភាពនូវសំណងនៃការខូចខាតទាំងអស់ ក៏ប៉ុន្តែ ក្នុងករណីដែលទំនាក់ទំនងមិនសូវស្និទ្ធទេ អ្នកប្រព្រឹត្តអំពើបំពានអាចទទួលខុសត្រូវក្នុងការសងការខូចខាតតាមសមាមាត្រនៃភាគដែលខ្លួនបានបង្ក យោងតាមបញ្ញត្តិមាត្រា ៧៥៤ នៃក្រមរដ្ឋប្បវេណី។ សូមកត់សម្គាល់ថា  សូម្បីតែនៅក្នុងករណីដែលគ្មានទំនាក់ទំនងគ្នាជិតស្និទ្ធិ ប៉ុន្តែ អ្នកប្រព្រឹត្តអំពើបំពានមិនអាចបញ្ជាក់អំពីភាគនៃអំពើដែលខ្លួនបានបង្កឱ្យមានការខូចខាតទេ ជននោះមិនអាចរួចផុតពីការទទួលខុសត្រូវក្នុងការសងការខូចខាតទាំងអស់បានទេ។
ឧទាហរណ៍: រោងចក្រ ក បានបញ្ចេញសារធាតុ ក១ ហើយរាងចក្រ ខ បានបញ្ចេញសារធាតុ ខ១។ ទាំងសារធាតុ ក១ និង ខ១ មិនបង្កឱ្យមានការខូចខាត ឬ ប៉ះពាល់ដល់អ្នកដទៃរៀងៗខ្លួននោះទេ ប៉ុន្តែ សារធាតុទាំងនោះបានក្លាយទៅជាសារធាតុពុលដោយសារប្រតិកម្មគីមី ហើយសារធាតុនេះបានបង្កផលប៉ះពាល់ដល់អ្នកដែលរស់ជិតរោងចក្រនោះ។ រោងចក្រនីមួយៗបានអះអាងថា ពួកគេមិនទទួលខុសត្រូវចំពោះការខូចខាតដែលបានកើតឡើងនោះទេ ពីព្រោះរោងចក្រនីមួយៗគ្រាន់តែបញ្ចេញនូវសារធាតុដែលបង្កឱ្យមានគ្រោះថ្នាក់នោះទេ។ សន្និដ្ឋាន: រោងចក្រ ក ដែលបានបញ្ចេញសារធាតុ ក១ ហើយរោងចក្រ ខ ដែលបញ្ចេញសារធាតុ ខ១ ទទួលខុសត្រូវរួមគ្នា ក្នុងការសងសំណងនៃការខូចខាតដល់ជនរងគ្រោះ តាមបញ្ញត្តិមាត្រា ៧៥៤ នៃក្រមរដ្ឋប្បវេណី ព្រោះអំពើបំពានដែលបង្កឱ្យមានការខូចខាតដល់អ្នករស់នៅក្បែររោងចក្រ បណ្ដាលមកពីអំពើរួមគ្នារបស់រោងចក្រទាំងពីរ។ នៅក្នុងករណីនេះ អ្នកប្រព្រឹត្តអំពើបំពានទាំងនោះ មិនបានឃុបឃិតគ្នានោះទេប៉ុន្តែវាមុខជាមិនអាចទៅរួចទេ សម្រាប់រោងចក្រ ក និង រោងចក្រ ខ ក្នុងការបញ្ជាក់ អំពីភាគនៃអំពើរបស់ខ្លួននីមួយៗ ដែលខ្លួនបានបង្កឱ្យមានការខូចខាត ហើយប្រសិនបើដូច្នោះមែន រោងចក្រទាំងពីរត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដោយសាមគ្គីភាព។
៤. អាជ្ញាយុកាលនៃការរំលត់
សិទ្ធិទាមទារសំណងនៃការខូចខាតដោយអំពើអនីត្យានុកូលត្រូវរលត់បើផុតក្នុងអំឡុងពេលដូចខាងក្រោម៖
ក. អំឡុងពេល ៣ ឆ្នាំ បានកន្លងហួស បន្ទាប់ពីពេលដែលជនរងគ្រោះបានដឹងថាអាចទាមទារសំណងការខូចខាត ចំពោះអ្នកប្រព្រឹត្តអំពើបំពាន ឬ
ខ. បើអំឡុងពេល ១០ឆ្នាំ បានកន្លងហួស បន្ទាប់ពីអំពើអនីត្យានុកូលនោះត្រូវបានប្រព្រឹត្តឡើងបញ្ញត្តិនេះត្រូវបញ្ញត្តិឡើង ដើម្បីជាប្រយោជន៍នៃស្ថិរភាពគតិយុត្ត។យោងតាមមាត្រា ៧៦៥ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧។

No comments

Powered by Blogger.