គតិបណ្ឌិត
គតិបណ្ឌិត បា.(ន.) គតិរបស់បណ្ឌិត អធ្យាស្រ័យ ឬ ប្រាជ្ញាញាណរបស់អ្នកប្រាជ្ញ។ អធ្យាស្រ័យល្អ ឬ សុភវិនិច្ឆ័យរបស់មនុស្សដើលកើតចេញពីសមត្ថភាពនៃការប្រើប្រាស់បញ្ញាញាណ បទពិសោធ និង ពុទ្ធិផ្ទាល់ខ្លួន ដើម្បីធ្វើការសម្រេចចិត្ត និងការវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។
គតិបណ្ឌិត គឺជាការយកបញ្ញាមនុស្សទៅវិនិច្ឆ័យឲ្យបានត្រឹមត្រូវទៅលើបញ្ហាទាំងឡាយ មានបញ្ហមនុស្សជាដើម ប៉ុន្តែត្រូវមានលក្ខណៈប្រកបទៅដោយវិចារណញាណនៃអាកប្បកិរិយា ដោយចេះប្រមាណនូវកម្លាំងចំណង់របស់ខ្លួនជាមួយអំណាចត្រួតត្រាលើខ្លួនឯង។
តាមនិយមន័យ គឺចង់សំដៅថា បុគ្គលណាមានគតិបណ្ឌិត គឺបុគ្គលនោះមានដំណើរជីវិតប្រព្រឹត្តទៅដូចអ្នកប្រាជ្ញ ឬតាមលម្អាននៃអ្នកប្រាជ្ញ។ តែអ្វីដែលសំខាន់ជាងនេះគឺថា តើអ្វីខ្លះដែលជាអាថ៌កំបាំងនៅពីក្រោយនិយមន័យនៃពាក្យ គតិបណ្ឌិត?អ្វីជាធាតុផ្សំនៃគតិបណ្ឌិត?
គតិបណ្ឌិតមានបង្កប់នូវធាតុផ្សំបួនយ៉ាង ដើម្បីទ្រទ្រង់ដល់បុគ្គលណាម្នាក់ឲ្យមានឈ្មោះថាជនមានគតិបណ្ឌិតពេញលក្ខណៈ។ ជនដែលមានគតិបណ្ឌិត ជាបុគ្គលដែលមានធាតុទាំងបួនក្នុងខ្លួន៖
ក. លក្ខណៈធម្មជាតិៈ ជនប្រកបដោយគតិបណ្ឌិត គឹមានលក្ខណៈ និងឧបនិស្ស័យដូចអំពៅ ទោះបីទៅដល់ទីណាក៏ដោយ ក៏មិនប្រែប្រួលសារជាតិរបស់ខ្លួនជាដាច់ខាត។
ខ. បញ្ញត្តិៈ វាជាប្រត្យក្សទៅហើយ ដែលថាជនមានគតិបណ្ឌិត គឺត្រូវតែជាជនមានចំណេះដឹងខ្ពង់ខ្ពស់មានបញ្ញាជ្រៅជ្រះ មានការគិតពិចារណាប្រកបដោយហេតុផល។ ម្យ៉ាងទៀត ជនមានគតិបណ្ឌិត ក៏ជាជនដែលមានមេត្តាករុណា មានចិត្តសន្ដោសប្រោសប្រណីអធ្យាស្រ័យដល់អ្នកផងមានសន្តានចិត្តជួយសង្គ្រោះ និងជួយជ្រោមជ្រែងអ្នកដទៃ ឲ្យរួចចាកទុក្ខលំបាក។
គ. ដំណើរជីវិតៈ ការប្រព្រឹត្តទៅនៃជីវិតរបស់បុគ្គលប្រកបដោយគតិបណ្ឌិតគ្រប់ពេល តែងតែសាងនូវអំពើល្អជានិច្ច តែងញ៉ាំងខ្លួនឲ្យស្អាតបរិសុទ្ធទាំងកាយវាចាចិត្ត ហើយក៏ដឹកនាំអ្នកដទៃឲ្យសាងអំពើជាកុសល និងធ្វើខ្លួនឲ្យបរិសុទ្ធដូចខ្លួនដែរ។ ក្នុងការរស់នៅជននេះតែងតែធ្វើជាគំរូក្នុងការសាងអំពើល្អដល់មនុស្សគ្រប់រូប។
ឃ. សកម្មភាពនិងការងារ៖ ក្នុងមួយជីវិតរបស់ជនមានគតិបណ្ឌិត គឺយើងតែងសម្គាល់ឃើញ
ថាពួកគេតែងធ្វើសកម្មភាព និងបំពេញកិច្ចការងារទាំងឡាយណាដែលអាចញ៉ាំងប្រយោជន៍ និងសេចក្តីចម្រើនដល់ គ្រួសារ បងប្អូនសាច់ញាតិ សង្គមមនុស្សជាតិទាំងពួង។ ពួកគេតែងតែសន្សល់ទុកនូវស្នាដៃដ៏មានតម្លៃផ្សេងៗក្នុងពេលគេមានជីវិត និងពេលដែលគេលាចាកលោកទៅ។
Ø រស់នៅគេស្រឡាញ់ ចាកចេញគេស្រណោះ ! នេះហើយ ជាបណ្ឌិត !
១. ត្បូងមួយដុំមិនអាចមានតម្លៃបានឡើយ បើគ្មានការឆាបកកិត ដូចគ្នាដែរបុគ្គលល្អឥតខ្ចោះម្នាក់ ក៏មិនមែនជាមនុស្សដែលគ្មានការឆ្លងកាត់បទពិសោធន៍នោះឡើយ។ ខុង ជឺ (៥៥១-៤៧៩ មុនគ.ស)
២.បុគ្គលទាំងឡាយដែលបានសម្រេចរឿងធំៗ គឺជាបុគ្គលដែលហ៊ានប៉ុនប៉ងសម្រេចរឿងទាំងនោះ ហើយក៏ជា
បុគ្គលដែលមិនខ្លាចបរាជ័យដែរ។ ស្ថាបនិកទស្សនាវដ្តី Forbes ជនជាតិអាមេរិក ដើមកំណើតស្កុតឡែន គឺលោក ប៊ី ស៊ី ហ្វបស៍ (១៨៨០-១៩៥៤)។
៣. បុគ្គលជោគជ័យ គឺជាបុគ្គលដែលឃើញឱកាសហើយ ហ៊ានចាប់យកវាមិនឲ្យរំលង។ សេដ្ឋវិទូ និងជាទស្សនវិទូអាមេរិក លោក រ៉យឆឺរ បាបសុន (១៨៧៥-១៩៦៧)
៤. អ្នកដឹកនាំជោគជ័យមើលឃើញឱកាសនៅគ្រប់ការលំបាក មិនមែនឃើញការលំបាកនៅគ្រប់ឱកាសនោះទេ។ លោក រីដ ម៉ាកខាម ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ការ៉ាប៊ីន
៥. ខ្ញុំសរសើរខ្លាំងៗ តែស្ដីបន្ទោសស្ងាត់ៗ។ ម្ចាស់ក្សត្រិយ៍នៃចក្រភពរុស្ស៊ីមួយអង្គព្រះនាម ខាធើរីនទី២ (១៧២៩-១៧៩៦) ដែលជាគំនូរត្រូវគេគូរចេញជាគំនូរបែបបុរាណ ហើយមាននៅកម្ពុជាដែរ
៦. អ្វីដែលអាចទ្រាំបានត្រូវតែទ្រាំ ហើយអ្វីដែលមិនអាចទ្រាំបានក៏ត្រូវតែទ្រាំ។ គតិបណ្ឌិតដ៏មានឥទ្ធិពលមុតស្រួច ដោយតុលាការមុខដែក ប៉ាវ ចិន ។
៧. រៀនហើយមិនរំឭកស្មើនឹងភ្លេច តាំងចិត្តហើយមិនធ្វើស្មើនឹងបរាជ័យ និង មនុស្សដែលបាត់បង់ភាពស្មោះត្រង់ ដូចបាត់បង់អ្វីៗទាំងអស់។ នេះជាសុភាសិតចិន
៨. អ្នកណាឈ្នះអ្នកណាចាញ់មិនសំខាន់ទេ អ្វីដែលសំខាន់គឺកុំឲ្យជាតិបែបបាក់។ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែប្រាប់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋរបស់ខ្លួន។
៩. បើអ្នកមិនដែលទទួលបានការរិះគន់នោះទេ អ្នកក៏មិនធ្លាប់ទទួលបានភាពជោគជ័យដែរ។ ម៉ាលខម ហ្វបស៍ (១៩១៩-១៩៩០) អ្នកជំនួញអាមេរិក។
១០. ធ្វើបានល្អ ប្រសើរជាងនិយាយបានល្អ ស្ថាបនិកUSA លោក ប៊ិនចាមិន ហ្វ្រង់គ្លីន (១៧០៦-១៧៩០)
១. មនុស្សជាប្រភេទសត្វលោក ដែលកើតមកសម្រាប់សម្រេចគោលដៅ។ អារីស្តូត(៣៨៤-៣២២មុនគ.ស)។
២.បើជ្រុលជាអ្នកគិតហើយ ចូរគិតឲ្យធំ។ វាចារមាសរបស់ប្រធានាធិបតីទី៤៥ សហរដ្ឋអាមេរិក និងជាមហាសេដ្ឋីអចលនទ្រព្យ គឺលោក ដូណាល់ ត្រាំ (១៩៤៦-បច្ចុប្បន្ន)។
៣. បើមិនអាចលេបថ្មលេបគ្រោះបាន តើធ្វើម្ដេចអាចលេបមាសលេបពេជ្របានទៅ។ អ្នកប្រាជ្ញចិន
៤.ចូរកុំដើរចេញឆ្ងាយពីភាពបរាជ័យ តែត្រូវប្រឈមមុខជាមួយបរាជ័យ ហើយត្រូវរៀនសូត្រពីវាដោយប្រុងប្រយ័ត្ន និងត្រូវគិតថា វាមានទ្រព្យសម្បត្តិដ៏មហាសាលលាក់នៅក្នុងនោះ។ នេះជាទស្សនរបស់លោក ម៉ៃឃើលកូដា អ្នកនិពន្ធជនជាតិអង់គ្លេស (១៩៣៣-បច្ចុប្បន្ន)។
៥.ដើម្បីបំបាត់ភាពខ្ជិលច្រអូសបាន យើងត្រូវតែរៀនសូត្រជាមុនជាមួយនឹងភាពឧស្សាហ៍ព្យាយាម។ សាមូអែល
ចនសាន់ កវីនិពន្ធជនជាតិអង់គ្លេស (១៧០៩-១៧៨៤)។
៦.សត្រូវទី១ដែលរារាំងអ្នកទៅកាន់ភាពជោគជ័យ គឺភាពខ្ជិល។ ជាទស្សនៈរបស់អ្នកប្រាជ្ញចិន ដែលជាពាក្យស្លោកតាមដាស់បុគ្គលិកក្នុងអង្គភាពព័ត៌មានដ៏ល្បីនៅកម្ពុជាផងដែរ។
៧. បរាជ័យ ជាថ្លៃសិក្សាដែលអ្នកត្រូវចំណាយដើម្បីជោគជ័យ។ លោក វ៉លធើ ព្រូណែ
៨. រឿងដែលមិនគួរធ្វើនោះ គឺដាក់ដំណោះស្រាយចំពោះមុខតិចពេក។ លោក ថូម៉ាសមើតុន (Thomas Merton) បុព្វជិតនិពន្ធសាសនាកាតាលិក (១៩១៥-១៩៦៨)។
៩.ទោះបីជាអ្នកស្ថិតនៅលើគន្លងមួយត្រឹមត្រូវក៏ដោយ អ្នកនឹងចេញផុតពីទីនោះ ប្រសិនបើអ្នកមិនផ្លាស់ប្ដូរកន្លែងអង្គុយ។ លោក វីល រ៉ចជ័រ (Will Rogers) តារាកំប្លែងអាមេរិក (១៨៧៩-១៩៣៥)។
១០. បុគ្គលទុទ្ទិដ្ឋិនិយម មើលឃើញភាពលំបាកនៅគ្រប់ឱកាស តែសម្រាប់បុគ្គលសុទិដ្ឋិនិយម មើលឃើញឱកាសនៅគ្រប់ភាពលំបាក។ អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក វីនស្តុន ឆឺតឈីល ១៨៧៤-១៩៦៥
(២០ ឃ្លានេះដកស្រង់ចេញពី អង្គភាពព័ត៌មាន Fresh News)
No comments
Post a Comment