Header Ads

Header ADS

សង្គាយនាលើកទី ៦



សង្គាយនា​លើកទី​ ៦ បានត្រូវធ្វើឡើងនៅ​វិហារ ក័កប័ក អ័កយេ ក្នុង​ក្រុង​យ៉ងគោន ​ដែល​​មនុស្ស​ទូទៅ​ធ្លាប់​ហៅ​ថា​ រ៉ង់ហ្គោន នៃ​ប្រទេស​ភូមា (មីយ៉ាន់ម៉ារ​សព្វថ្ងៃ) ។ សង្គាយនា​លើក​នេះ ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ក្នុងឆ្នាំ ១៩៥៤ ពោល​គឺ​ ៨៣ ឆ្នាំបន្ទាប់ពីសង្គាយនាលើកទី៥ ដោយមានការគាំទ្រ​ឡើង​ដោយ​​រដ្ឋាភិបាល​ភូមា ដឹកនាំ​ដោយ​លោក​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី អ៊ូនូ ។ លោកឯកឧត្តម អ៊ូនូ បានអនុញ្ញាតឲ្យសាង បាសានគុហា គឺ​គុហា​ធំ​ដែល​សង់​ឡើង​ពី​ផ្ទៃ​ក្រោម​ទៅ​ដើម្បី​​ធ្វើ​​ជាកន្លែង​ប្រជុំ ដែល​មាន​សណ្ឋាន​ស្រដៀង​​នឹង​គុហា​ សត្តបន្និ នៅ​ប្រទេស​ឥណ្ឌាដែរ ដែលជាកន្លែងសង្គាយនាលើកទី១ ។
នៅពេលសំណង់បានសាងឡើងចប់សព្វគ្រប់ សង្គាយនាក៏​ចាប់ផ្តើមប្រជុំនៅថ្ងៃទី ១៧ ឧសភា គ.ស. ១៩៥៤ ។  ដូចគ្នានឹងសង្គាយនាមុនៗដែរ មូលហេតុ​សំខាន់​គឺ​ដើម្បី​អះអាង​និង​រក្សា​ភាពបរិសុទ្ធ​នៃព្រះធម៌ និង ព្រះវិន័យ ។ យ៉ាងណាក៏ដោយ ជាការចម្លែកដែលព្រះសង្ឃ ដែលចូលរួម បានមកពីប្រទេស ៨ ។ ភិក្ខុថេរវាទដែលមានចំណេះខ្ពស់ចំនួន ២៥០០ អង្គ បាននិមន្តមកពីប្រទេសភូមា កម្ពុជា ឥណ្ឌា លាវ នេប៉ាល ស្រីលង្កា ថៃ និង វៀតណាម ។ ព្រះថេរ មហាសិសាយាដាវ បានត្រូវតែងតាំងជាអ្នកសួរសំណួរ​ចាំបាច់​អំពីព្រះធម៌របស់ព្រះថេរ ភទន្តវិចិត្តសារាភិវង្ស តិបិដកធរធម្មភន្ទាគារិក ដែលបានឆ្លើយនឹងសំណួរ​ទាំងអស់ ប្រកបដោយការចេះដឹង និង ជាចម្លើយដ៏ត្រឹមត្រូវ ។ ក្នុងពេលវេលានៃសង្គាយនានោះ អ្នកចូលរួមគ្រប់ប្រទេស លើកលែងតែប្រទេសឥណ្ឌា បានប្រែបិដកបាលីទៅជា​អក្សរជាតិរៀងខ្លួន ។
ការសូត្រ​តាមប្រពៃណីនូវគម្ពីរធម៌ បានយកពេលវេលាអស់ ២ ឆ្នាំ ។ ក្នុងរយៈពេលនេះ ព្រះបិដក និង ឯកសារ​ដែល​ជាប់​ទាក់​ទង​គ្នា​ គ្រប់​អក្សរ​ទាំងអស់​បាន​ត្រូវ​យក​មក​ពិនិត្យ​យ៉ាង​លំបាក ។ ភាព​ខុសគ្នា នឹងត្រូវគេកត់សំគាល់ ហយ​កែតម្រូវ ហើយកំណែ​ទាំងអស់ត្រូវយកមកផ្ទឹមគ្នា ។ ជាសំណាងល្អ គេពុំឃើញអ្វីៗក្នុងអត្ថបទទាំងឡាយខុសគ្នាច្រើនទេ ។ នៅ​ទី​បញ្ចប់​បន្ទាប់ពីគណសង្គាយនា បានយល់ព្រមជាផ្លូវការ សៀវភៅបិដក​និង​សេចក្តីពន្យល់ធម៌ទាំងអស់ បានត្រូវគេរៀបចំបោះពុម្ពតាមរបៀបទំនើប ជាអក្សរភូមា ។ ការងារ​ដ៏​ធំ​នេះ​សម្រេច​ជោគជ័យ​ទៅ​បាន ក៏ដោយសារសេចក្តីប្រឹងប្រែង​ដ៏​មោះមុត​របស់ភិក្ខុ ២៥០០ អង្គ ហើយនឹងគ្រហស្ថមួយចំនួនធំទៀត ។ កិច្ចការបានចប់សព្វគ្រប់នៅក្នុងខែឧសភាឆ្នាំ ១៩៥៦ ពោល​គឺ​ចំនួន​ ២៥០០​ ក្រោយព្រះពុទ្ធបរិនិព្វាន ។ ការងារនៃសង្គាយនានេះ ជាការទទួលជោគជ័យដ៏អស្ចារ្យ​នៃអ្នកដំណាងព្រះពុទ្ធសា​សនាពីសកលលោកទាំងមូល ។ កំណែថ្មីរបស់បិដក ដែល​បាន​បង្កើត​ឡើងនេះបាន​ត្រូវគេទទួលស្គាល់ថាត្រឹមត្រូវ​តាមសភាពដើម នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធសមណគោតម ហើយជាសេចក្តីបកប្រែដ៏ពិតប្រាកដ មកដល់សព្វថ្ងៃនេះ។
សៀវភៅដែលបោះពុម្ពក្រោយសង្គាយនាលើកទី ៦ បានបោះពុម្ពជាអក្សរភូមា  ដើម្បីធ្វើសៀវភៅសម្រាប់អ្នករស់ក្នុងប្រទេសឥណ្ឌា ហើយវិទ្យាស្ថានស្រាវជ្រាវវិបស្សនា បាន​ចាប់ផ្តើម​គំរោង​ការ​បោះពុម្ព​ព្រះត្រៃបិដក រួមជាមួយនឹងអដ្ឋកថា និង ដីកា ជាអក្សរទេវនាគរិ ក្នុងឆ្នាំ ១៩៩០ ។
ឯកសារ​ជា​ការ​ថត​ចម្លង​ព័ត៌មាន​អេឡិចត្រូវនិច (ស៊ីឌីរ៉ុម) នៃ​ឆដ្ឋសង្គាយនាស៊ីឌីរ៉ ដែលជាអត្ថបទចម្លងដូចគ្នានឹងក្នុងសង្គាយនាលើកទី ៦ ដែរ ឥឡូវ​នេះបានយកមកបង្ហាញជូនពិភពលោក ដើម្បីធ្វើឲ្យពាក្យរបស់ព្រះពុទ្ធ​អាច​រកបានងាយ ដល់អ្នកគោរពបូជានិងអ្នកសិក្សា ។ ឆដ្ឋសង្គាយនាស៊ីឌីរ៉មអាចមើលបាន ជាអក្សរទេវនាគរិ អក្សរភូមា អក្សររ៉ូមាន់ អក្សរស្រីលង្កានអក្សរថៃ និងអក្សរមុងគោល ។

No comments

Powered by Blogger.