សង្គាយនាលើកទី ៤
សង្គាយនា ឬសង្គីតិ
ប្រែអត្ថដើមថា ការសូធ្យ ឬសូត្រ ឬច្រៀងរួមគ្នា ។ សង្គាយនា តាមន័យទូទៅ
ប្រែថា ការប្រជុំនៃភិក្ខុសង្ឃដែលចងចាំស្ទាត់នូវធម្មទេសនាដែលព្រះពុទ្ធបានសម្តែង
ដើម្បីផ្ទៀងផ្ទាត់
និងប្រមូលចងធម៌ទាំងនោះឲ្យបានត្រឹមត្រូវតាមពុទ្ធវចនៈឡើងវិញ។
តាមការវិភាគអត្ថបទក្នុងគម្ពីរព្រះត្រៃបិដកផ្នែកសុត្តន្តបិដក
បានបង្ហាញឲ្យឃើញថា សាវ័ករបស់ព្រះពុទ្ធ
និងភិក្ខុសង្ឃសម័យដើមបានប្រើពាក្យព្រះធម៌វិន័យ
ដើម្បីពោលសំដៅទៅដល់ច្បាប់ និង ទ្រឹស្តីឬគោលលទ្ធិនានាសម្រាប់ភិក្ខុសង្ឃ
និងសាមញ្ញជនអនុវត្តតាម ។ មកដល់បច្ចុប្បន្ននេះ មានសង្គាយនាមានចំនួន ៦ លើក
ដែលបានធ្វើឡើងនៅក្នុងប្រទេសផ្សេងគ្នា។
មកដល់សម័យសង្គាយនាលើកទី
៤ នេះ ពុទ្ធសាសនាបានបែកខ្ញែកចេញទៅជានិកាយ ឬក្រុមជាច្រើន
អស់រយៈពេលដ៏យូរលង់ណាស់ទៅហើយ ។
ពុទ្ធសាសនិកនៃនិកាយថេរវាទបានរួមគ្នាចាត់ចែងធ្វើសង្គាយនាលើកទី ៤ នេះ
នៅសតវត្សទី ១ មុនគ្រិស្តសករាជ នៅឯរាជធានី តម្ពបណ្ណិ ពោលគឺនៅប្រទេសស្រីលង្កា
ធ្វើនៅវត្ត អលោកលេនៈ ដែលសព្វថ្ងៃនេះមនុស្សទូទៅស្គាល់ថាវត្ត
អាលុវិហារៈ ដែលកាលណោះប្រទេសស្រីលង្កាស្ថិតនៅក្រោមរាជនៃស្តេច
វដ្តគាមនិ អភយៈ ឬជនជាតិស្រីលង្កាសព្វថ្ងៃហៅថាស្តេច វលគម្ពៈ នៃរាជវង្ស
អនុរដ្ឋបុរៈ។ ប៉ុន្តែសូមបញ្ជាក់ឲ្យអ្នកអានយល់ច្បាស់ថា
សង្គាយនានៅគ្រានោះគឺត្រូវបានចាត់ចែងឡើងដោយមេក្រុមអនាមិកមួយរូប
គឺមិនមែនស្តេចអង្គណាដឹកនាំសង្គាយនានោះទេ
ព្រោះថាមេក្រុមម្នាក់នោះគឺជាពុទ្ធសាសនិកនៃនិកាយអភ័យគិរី ដែលជានិកាយមួយនៃពុទ្ធសាសនាបែបមហាយាន។
តាមការពិត
ហេតុផលចម្បងនៃសង្គាយនានៅគ្រានេះគឺពិភាក្សាអំពីគោលនយោបាយដ៏ឃោរឃៅរបស់ស្តេចទៅលើភិក្ខុសង្ឃនៃនិកាយមហាវិហារ
ដែលជាភិក្ខុសង្ឃជឿតាមពុទ្ធសាសនានិកាយថេរវាទ ហើយនៅឱកាសមួយ
ភិក្ខុសង្ឃនៅក្នុងនិកាយនេះបានទទួលរងការវាយប្រហារយ៉ាងសាហាវនៅក្នុងទីលាននៃអារាមមហាវិហារ
ដែលមានភិក្ខុសង្ឃជាច្រើនបានសុគត និង
ខ្លះទៀតត្រូវបានបណ្តេញឲ្យចេញពីទីអារាមនេះ ។
ព្រះវិហារនេះត្រូវបានវាយកំទេចចោល ហើយព្រះវិហារនៃពុទ្ធសាសនានិកាយមហាយានថ្មីមួយ
ក៏ត្រូវបានសាងសង់នៅលើខឿននៃវិហារចាស់នោះ ។
ហេតុផលសំខាន់ៗដទៃទៀតនៃការរៀបចំធ្វើសង្គាយនានៅគ្រានេះគឺស្ថានភាពនយោបាយដែលគ្មានលំនឹងនៅក្នុងប្រទេស
ដោយសារតែមានការទន្ទ្រានឈ្លានពានឥតឈប់ឈរ ដែលបានបង្ខំស្តេចអង្គនោះឲ្យរត់ភៀសខ្លួនច្រើនលើកច្រើនគ្រា
ព្រមទាំងបានបង្កឲ្យកើតមានគ្រោះទុរ្ភិក្សដ៏ធ្ងន់ធ្ងរ ។
មនុស្សជាច្រើនបានជឿថា
សង្គាយនានៅគ្រានេះគឺជាការខិតខំសរសេរចងក្រងគម្ពីរព្រះត្រៃបិដកជាភាសាបាលី
ដែលកាលពីពេលមុនត្រូវបានរក្សាទុកតែនៅក្នុងការចងចាំរបស់ភិក្ខុសង្ឃប៉ុណ្ណោះ
។ នៅក្នុងសង្គាយនាលើកនេះ
គ្មានអត្ថបទណាមួយរៀបរាប់អំពីមនុស្សណាម្នាក់ជាអ្នកដឹកនាំការធ្វើសង្គាយនានេះទេ
ហើយហេតុផលដែលអាចទទួលយកបាននៃសង្គាយនានេះប្រហែលមកពីការធ្លាក់ដុនដាបនៃពុទ្ធសាសនានៅសម័យនោះ
ហើយក្នុងពេលជាមួយគ្នានោះ
សង្គាយនានៅគ្រានេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ភិក្ខុសង្ឃដើម្បីថែរក្សាពុទ្ធសាសនាឲ្យនៅគង់វង្សក្នុងសភាពដើមដំបូង
(បរិសុទ្ធ) ដូច្នេះវាមិនចាំបាច់ត្រូវមានអ្នកដឹកនាំណាម្នាក់ទេ ។
សេចក្តីពិតដែលត្រូវបានរៀបរាប់នៅក្នុងសង្គាយនាលើកនេះគឺភិក្ខុសង្ឃនៃនិកាយ
មហាវិហារ ពោលគឺពុទ្ធសាសនិកនៃនិកាយថេរវាទ
បានចូលរួមសូធ្យរំឭកសេចក្តីបង្រៀនរបស់ព្រះពុទ្ធ និង
បានសរសេរចងក្រងជាព្រះត្រៃបិដក ។
អត្ថបទខ្លះបានរៀបរាប់ថា
ពុទ្ធសាសនិកនៃនិកាយ សវ៌ាស្តិវាទ បានរៀបចំធ្វើ សង្គាយនាលើកទី ៤
មួយទៀតនៅក្រុង ជលន្ធារ ដែលសព្វថ្ងៃស្ថិតនៅក្នុងរដ្ឋ ពុនចាប
នៃប្រទេសឥណ្ឌា ឬ ធ្វើនៅក្នុងដែនដី កស្មិរ ដែលអធិរាជ កនិស្កា នៃនគរ
កុសាន បានចេញព្រះរាជបង្គាប់ឲ្យធ្វើសង្គាយនាគ្រានេះ នៅឆ្នាំ ៧៨
នៃគ្រិស្តសករាជ ។ អត្ថបទខ្លះរៀបរាប់ថា អធិរាជ កនិស្កា បាននិមន្តភិក្ខុ ៥០០
អង្គ នៅដែនដី កស្មិរ ដែលមានភិក្ខុ វសុមិត្រ ជាអ្នកដឹកនាំ
ដើម្បីរៀបចំអត្ថបទនៃគម្ពីរអភិធម្ម របស់ពុទ្ធសាសនិកនៃនិកាយ សវ៌ាស្តិវាទ
ឲ្យមានរបៀបរៀបរយតាមលំដាប់លំដោយ
ហើយគម្ពីរនេះត្រូវបានបកប្រែមកពីគម្ពីរភាសា ប្រក្រិត ឧទាហរណ៍ភាសា គាន្ធារី ដោយប្រើអក្សរ
ខរ៉ុស្ថី ឲ្យបានជាគម្ពីរភាសា សំស្ក្រិតវិញ ។ អត្ថបទខ្លះបានអះអាងថា
នៅក្នុងសង្គាយនាលើកនេះ ភិក្ខុសង្ឃបានប្រមូលចងក្រងខគម្ពីរចំនួន ៣០០០០០ ខ
និង សេចក្តីថ្លែងផ្សេងៗច្រើនជាង ៩ លានប្រយោគ
ហើយកិច្ចការនេះត្រូវបានចំណាយពេល ១២ ឆ្នាំដើម្បីបញ្ចប់ ។
ទោះបីមកដល់បច្ចុប្បន្ននេះ ពុទ្ធសាសនានិកាយ សវ៌ាស្តិវាទ គ្មានវត្តមានជានិកាយឯករាជ្យក៏ដោយ
ប្រពៃណីនៃនិកាយនេះត្រូវបានចម្លងយកទៅប្រើប្រាស់នៅក្នុងពុទ្ធសាសនានៃនិកាយមហាយានបច្ចុប្បន្ន
។ សាស្ត្រាចារ្យ អេទ្យែន ឡាម៉ុតត៍ ដែលជាពុទ្ធសានាវិទូដ៏ល្បីល្បាញមួយរូប
បានអះអាងថា ការអួតអាងអំពីសង្គាយនាលើកទី ៤
ដែលបានដឹកនាំធ្វើឡើងដោយអធិរាជ កនិស្កា នោះ គឺជាសាច់រឿងប្រតិដ្ឋ គ្មានការពិតទាល់តែសោះ
។ ក៏ប៉ុន្តែ លោក ដេវិដ
ស្ណែល្លគ្រោវដែលជាពុទ្ធសាសនាវិទូដ៏ល្បីល្បាញមួយរូបទៀត បានចាត់ទុកថា
រឿងរ៉ាវរបស់និកាយថេរវាទស្តីអំពីសង្គាយនាលើកទី ៣ និង រឿងរ៉ាវរបស់និកាយ
សវ៌ាស្តិវាទ ស្តីអំពីសង្គាយនាលើកទី ៤ នោះក៏ជារឿងមាន
"ភាពលម្អៀង" ដូចគ្នា
ដែលជាការគូសបញ្ជាក់ឲ្យឃើញនូវកង្វះខាតនៃសេចក្តីពិតខាងផ្នែកប្រវត្តិសាស្ត្រនៃសាច់រឿងស្ទើរតែទាំងអស់
។
No comments
Post a Comment