Header Ads

Header ADS

ផលប្រយោជន៏ និង ជាការអនុវត្តន៏ នៃវត្តអារាម



          ទីណាមានខ្មែរ ទីនោះមានវត្ត។ វត្តជាមជ្ឈមណ្ឌលនៃព្រលឹង និងសេចក្តីសុខទុក្ខរបស់ខ្មែរ។ យើងឃើញថា កន្លែងណាដែលមានសហគមន៏ខ្មែររស់នៅ គេតែងតែឃើញមានវត្តនៅប្រចាំកន្លែងនោះជាពុំខាន់។ ខ្មែរសាងវត្ត ព្រោះសម្លឺងឃើញនូវអត្ថប្រយោជន៏សន្ធឹកសន្ធាប់ដែលវត្តធ្លាប់បានធ្វើចំពោះខ្មែរតាំងពីបុរាណកាលមក ដូចជា៖
·  វត្តគឺជាថ្នាលបណ្ដុះ និងជាសារមន្ទីរថែរក្សាវប្បធម៌ និងអត្តសញ្ញាណជាតិតខ្មែរ។អក្សារសាស្រ្តខ្មែរ និងសិល្បះទាំងឡាយ ភាគច្រើនមានកំណើតពីវត្ត និងផ្សព្វដោយព្រះសង្ឃ ជាពិសេសក្នុងសម័យសង្រ្គាម វត្តបានដើរតួនាទីជាសារះមន្ទីរថែរក្សាកេតនភ័ណ្ឌទាំងនោះទៀតផង។ បើសិនជាគ្មានវត្ត និងព្រះសង្ឃខ្មែរដែលទាមទារតវ៉ាទេ អក្សរខ្មែរបច្ចុប្បន្ននេះ ប្រាកដជាសត្រូវសរសេរជាអក្សរឡាតាំង ដោយការគាបសង្កត់ពីរបបអាណានិគមបារាំង នាសតវត្សរ៏ទី ១៩ជាពុំខាន់។
·  វត្តជាមណ្ឌលនៃការរួមសាមគ្គីគ្នា និជួយធុរះគ្នាទៅវិញទៅមក។ ពេលមានធុរះចាំបាច់ ខ្មែរយើងតែងយកវត្តធ្វើជាកន្លែងប្រជុំ ពិភាក្សា និងរួបរួមកម្លាំងវត្ថុដើម្បីសំរេចកិច្ចការ ដូចជាការសាងសង់ផ្សេងៗ និងរហូតដល់ទៅកិច្ចការរំដោះទឹកដីទៀតផង។
·  វត្តជាជំរករបស់មនុស្សចាស់ និងជាកន្លែងដែលក្មេងកំព្រាអនាថាទាំងឡាយអាចស្នាក់អាស្រ័យ និងជាសម្នាក់សម្រាប់ឈានទៅរកអនាគត។
·  វត្តជាមណ្ឌលអប់រំសីលធម៌ និងចិត្តវិញ្ញាណរបស់ខ្មែរ ឲ្យមានភាពស្លូតបូត រឹងប៊ុំង និងពឹងលើខលួនឯងបាន។
·  វត្តជាមណ្ឌលអភិវឌ្ឍន៏ប្រចាំភូមិ។ការសាងសង់ផ្លូវ សាលារៀន មន្ទីរពេទ្យ ស្រះទឹក។ល។ ដែលជាប្រយោជន៏សាធារណៈ សុទ្ធតែជាការដឹកនាំ និងជ្រោមជ្រែងយ៉ាងពេញទំហឹងពីវត្ត និងព្រះសង្ឃទាំងអស់។ (សៀវភៅមគ្គុទ្ទេសក៏ជីវិតទំព័រ ១៣៤ -១៣៥- ១៣៦ -១៣៩)
វត្តអារាម ក្នុងការថែរក្សាបេតិកភណ្ឌជាតិ
·  វត្តអារាមនេះ ជាកន្លែងមួយដែលប្រជាជនខ្មែរយើងប្រារព្ធធ្វើពិធីសាសនាផ្សេងៗហើយ បើយើងសង្កេតឲ្យដិតដល់ទៅ ឃើញថាវត្តអារាមទាំងឡាយដែលប្រជាជនខ្មែរបានកសាង ពីជំនាន់មុនទុកមកដល់ជំនាន់នេះ គឺសុទ្ធសឹងសាងសង់នៅក្បែរប្រាសាទបុរាណ ព្រោះថាខ្មែរយើងមានជំនឿតែងទៅបន់ស្រន់ ទៅធ្វើពិធីសក្ការៈបូជានៅតាមប្រាសាទ ហើយពេលដែលប្រជាជនខ្មែរបង្កើតវត្ត មានគំនិតមួយប្រមូលផ្តុំការបន់ស្រន់ ការរៀបចំសក្ការៈនោះ ឲ្យវត្តនិងប្រាសាទនៅជិតគ្នាជាបន្តបន្ទាប់ រហូតតាំងពីព្រះពុទ្ធសាសនាចូលមកដល់កម្ពុជា រហូតមកដល់សព្វថ្ងៃ។ យើងឃើញស្រាប់ហើយនៅជិតៗយើងនេះ នៅក្នុងទីវត្តអារាម ច្រើនមានប្រាសាទបុរាណនៅទីនោះ។ ប្រាសាទបុរាណនេះហើយដែលមានការគាំទ្រមាន ការថែរក្សាទុកដាក់ដោយព្រះសង្ឃយើងនៅក្នុងវត្តអារាម។តាំងពីគ្រប់ជំនាន់ យើងឃើញថាជំនាន់ណាក៏ដោយ ក៏ព្រះសង្ឃមានភារកិច្ចថែរក្សាការពារ បេតិកភណ្ឌជាតិ។ យើងដឹងស្រាប់ហើយថា ប្រាសាទបុរាណដែលដូនតាខ្មែរយើងសាងសង់ជាមួយនឹងពេលវេលា ក៏បានចូលដល់ដំណាក់កាលចាស់ទ្រុឌទ្រោម បែកបាក់ជាបន្តបន្ទាប់។ នៅពេលនោះ ព្រះសង្ឃគ្រប់វត្ត តែងតែយកចិត្តទុកដាក់ថែរក្សា បេតិកភ័ណ្ឌទាំងនេះជារៀងដរាបមក។ ព្រះអង្គបានប្រមូលទុកដាក់ទីសក្ការបូជា ដូចជាក្នុងព្រះវិហារ ដូចដែលយើងធ្លាប់បានឃើញ ដំកល់ព្រះបដិមា ដំកលក្បាច់ចម្លាក់ផ្សេងៗ ដែលព្រះអង្គបានយកមករក្សាទុក។ មានវត្តខ្លះ ព្រះអង្គបានថែរក្សាទុកបុរាណវត្តុនេះបានច្រើនណស់។ ប្រការនេះសរបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់របស់ព្រះសង្ឃចំពោះសម្បត្តិវប្បធម៌។ ក្រៅពីព្រះវិហារ ក្បាច់ចម្លាក់ ទាំងនេះត្រូវបានរក្សាទុកនៅក្រោមដើមឈើ នៅជិតពាងទឹក។ បើកុំមានស្មារតីស្នេហាជាតិ ពីសំណាក់ព្រសង្ឃគ្រប់វត្តអារាមនោះទេ បេតិកភ័ណ្ឌជាតិដ៏មានសារៈសំខាន់នេះ ពុំអាចសេសសល់បានច្រើនដូចសព្វថ្ងៃនេះឡើយ។ យើងឃើញផ្តែមួយ សិលាចារឹកមួយ យើងមើលឃើញថា របស់នោះជារចនាបទក្នុងជំនាន់សតវត្សទី៧ ទី៨ ទី៩ ទី១០ ទី១១ ទី១២រហូតមក។វត្តនៅក្នុងរាជាណាចក្រយើងមានវត្តចំនួនជាង៤ ៤៦៦វត្ត និង ព្រះសង្ឃចំនួន៥៦ ៣០៤អង្គ (ទាំងពីរគណៈ) គឺជាចំនួនច្រើនបង្គួរ។ ក្នុងនោះវត្តមួយចំនួនត្រូវបានចាត់ទុកក្នុងចំនោមវត្ត ជាបេតិកភ័ណ្ឌ។ មុនឆ្នាំ១៩៧៥ យើងបានស្រង់បញ្ជីវត្តដែលមានអាយុកាលត្រូវជាប់ក្នុងបញ្ជី ជាវត្តបេតិកភ័ណ្ឌមានចំនួន២៨០វត្ត ហើយជាអកុសលនៅក្នុងរបបប្រល័យពូជសាសន៍ គេបានបំផ្លិចបំផ្លាញវត្តអារាមអស់ជាច្រើនដែលមានក្បាច់ក្បូរល្អៗទៅតាមជហ្វា តាមរង ស្បូវដែលមានគំនូរបែបបុរាណនៅតាមជញ្ជាំងព្រះវិហារ។ សព្វថ្ងៃនេះ យើងបានស្រាវជ្រាវវត្ត ដែលនៅសេសសល់បានមួយចំនួនតូច។ ដូច្នេះ នោក្នុងកិច្ចសហការរវាងក្រសួងវប្បធម៌ និង ព្រះសង្ឃ សូមអំពាវនាវចំពោះវត្តណាដែលចូលអាយុកាលប្រវត្តិសាស្ត្រហើយ(១០០ឆ្នាំ) សូមស្នើរសុំជំនួយថែរក្សា។ បច្ចុប្បន្ននេះ ក្រសួងសូមសំណូមពរចំពោះព្រះសង្ឃ។
·  ១.រួមសហការរវាងវត្ត និងក្រសួងវប្បធម៌ ដើម្បីថែរក្សា ទុកដាក់ក្បួនខ្នាត បុរាណវត្ថុ ឲ្យាបានគង់វង្ស។
·  ២.ក្រសួងវប្បធម៌ ស្នើរព្រះសង្ឃគ្រប់វត្តបើចង់ជួសជុលឬសាងសង់ព្រះវិហារ កុដិ  សាលាជាថ្មីសូមទំនាក់ទំនងជាមួយក្រសួងដើម្បីពិនិត្យមើលស្ថានភាពទីនោះ ក្រែង សាងសង់លើប្រាសាទបុរាណផ្សេងៗ នឹងបានផ្តូរយោបល់គ្នា ឬក៏គួរនាំយកវត្ថុបុរាណ នោះមករក្សាទុកនៅកន្លែងណាដែលអាចមានសុវត្ថិភាពជាង។ គួរឲ្យសោកស្តាយណាស់ មានវត្តមួយចំនួនមានអាយុកាលចូលប្រវត្តិសាស្ត្រ ហើយត្រូវបានរុះរើចោលដោយពុំបាន ផ្តល់ដំណឹងដល់ក្រសួងវប្បធម៌ ព្រះវិហារទាំងនោះមានសសរធំៗ មានក្បាច់ក្បូរ រចនា លំអតាមរចនាបទបុរាណ។ ពេលសាងសង់ថ្មីៗវត្តទាំងនោះបានបោះបង់ចោលក្បាច់ក្បូរ ដែលមានសារៈសំខាន់នេះបាត់អស់ ។
·  ៣.ក្រសួងស្នើរសុំឲ្យ ព្រះសង្ឃមួយអង្គចូលរួមធ្វើជាទីប្រឹក្សាផ្នែកបេតិកភ័ណ្ឌ វប្បធម៌ប្រចាំខេត្តដែលមានខ្សែរយៈទំនាក់ទំនងផ្ទាល់មកក្រសួងវប្បធម៌។
·  ៤.ក្រសួងយល់ឃើញថា ដើម្បីថែរក្សាការពារបេតិកភ័ណ្ឌជាតិឲ្យកាន់តែមានប្រសិទ្ធិភាពដូចជាប្រាសាទបុរាណ វត្ថុបុរាណ ក្បាច់ចម្លាក់ ពាងក្រឡ គំនូរបុរាណ ក្រសួងចង់បង្កើតជាគណៈកម្មាធិការមួយទៅតាមស្រុក ឃុំ ភូមិ ដោយមានព្រះសង្ឃ រដ្ឋអំណាចមូលដ្ឋាន លោកអាចារ្យ លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ចូលរួមធ្វើជាសមាជិកនៃគណៈកម្មាធិការនោះ។ក្រសួងវប្បធម៌មានបុគ្គលិកជាខ្សែរយៈ ពីលើដល់ក្រោមហើយ តែមិនបានចុះដល់ស្រុក ភូមិ ឃុំឬវត្តអារាមដែលនៅឆ្ងាយៗនោះឡើយ។ ម៉្យាងទៀតនៅរវាងប៉ុន្មានឆ្នាំចុងក្រោយនេះ ការថែរក្សាការពារបេតិកភ័ណ្ឌជាតិ ពុំបានលទ្ធផល ល្អឡើយ ដោយមានការប្លន់លួចយករូបបដិមា មានការជីកគាស់យកវត្ថុបុរាណ ដឹកជញ្ជូនយក ទៅលក់ដូរឯក្រៅប្រទេស។ ដើម្បីថែរក្សារបស់ទាំងនោះឲ្យបានគង់វង្សក្រសួងសូមស្នើរសុំព្រះ អង្គគ្រប់វត្តដែលមានវត្ថុបុរាណ ក្បាច់ចម្លាក់ ពាងក្រឡ ប្រសិនបើព្រះអង្គពុំអាចធានាសុវត្ថិភាព បានទេ នោះសូមព្រះអង្គប្រគល់ឲ្យទៅសាលាខេត្ត ឬមកក្រសួងដឹកនាំយកមកថែរក្សាថ្វាយនៅ ឯកសារមន្ទីរជាតិនៅភ្នំពេញ ដោយព្រះអង្គធ្វើបញ្ជីរាយមុខវត្ថុទាំងអស់នោះរក្សាទុកនៅវត្ត សម្រាប់ជាឯកសារ។សព្វថ្ងែមានជនទុច្ចរិតជាច្រើនប្រដាប់អាវុធច្រើនណាស់ នាំគ្នាដើរ ជីកគាស់កាយ ឫប្លន់យកបេតិកភណ្ឌជាតិពីវត្តអារាម យកវត្ថុដែលមានតម្លៃខ្ពស់។ ពេលដែលក្រសួងវប្បធម៌ទៅសុំព្រះគ្រូចៅអធិការពុំព្រមប្រគល់ឲ្យ ដោយមានសង្ឃដីការថាចង់ ទុកវត្ថុពិសិដ្ឋនេះគ្រាន់ជាទីសក្ការបូជារបស់ពុទ្ធបរិស័ទនិងជាលំអវត្ត។ ចំពោះរឿងសុវត្ថភាព អាត្មាធានាមិនឲ្យបាត់បង់ដោយប្រការណាមួយឡើយ។ ប៉ុន្តែលុះដល់ជនទុច្ចរិតប្រដាប់អាវុធទៅ គម្រាមយកវត្ថុទំាងនោះ ព្រះសង្ឃពុំមានលទ្ធភាពទប់ទល់បាន ក៏ត្រូវពួកចោរដណ្តើមយកទៅបាន ។ថ្មីៗនេះពួកចោរហ៊ានធ្វើគត់ព្រះសង្ឃទៀតផង ដើម្បីប្លន់យកវត្ថុមានតម្លៃទាំងនេះ។ មានទុច្ចរិត ខ្លះទៀត ប្រើឧបាយកលឆក់យកវត្ថុទាំងនោះដោយសន្តិវិធី គឺគេបើកឡានចូលក្នុងវត្ត យកចង្ហាន់ ទៅប្រគេនព្រះសង្ឃហើយគេមានល្បិចកលសុំព្រះសង្ឃចូលមើលព្រះវិហារ ដែលគេបានស៊ើប ដឹងមុនថាមានព្រះពុទ្ធរូប ពីរ បី ព្រះអង្គធ្វើពីសំរិទ្ធ។ ដោយមានការធ្វេសប្រហែសផង ឬដោយមាន ការទុកចិត្តលើពួកនេះ ព្រះអង្គក៏ប្រគល់សោរឲ្យពួកនេះចូលមើលក្នុងព្រះវិហារ។ ឆ្លៀតឱកាស ដ៏ល្អនេះ ពួកវាយកព្រះពុទ្ធរូបដាក់ឡានចេញទៅបាត់។តាមការសង្កេតឲ្យដឹងថាវត្តភាគច្រើន ដែលមានបេតិកភណ្ឌ។ ហើយសព្វថ្ងៃនេះ ព្រះសង្ឃក៏សុខចិត្តរក្សាទុករបស់នេះក្នុងព្រះវិហារ ដោយយកថ្នាំទៅលាបដើម្បីបិទបាំងកុំឲ្យគេស្គាល់ថាជារូបសិទ្ធ លង្ហិន ឬថ្មឡើយ។ប៉ុន្តែការលាបថ្នាំនេះ តាមក្បួនបច្ចេកទេស បើលាបថ្នាំប្រេងពិតជាពុំល្អឡើយ ព្រោះជាតិ ថ្នាំចូលជ្រាបទៅដល់សព្វកៀនកោះ ពិបាកនឹងលាងឲ្យជ្រះណាស់ ដែលជាហេតុនាំ ឲ្យខូចខាតដល់គុណភាព ឬតម្លៃពិតនៃវត្ថុ។ ដូច្នេះយើងឃើញថា វិធានការបិទបាំងនេះ បានល្អតែមួយជ្រុង តែមួយជ្រុងទៀតប៉ះពាល់នឹងសោភ័ណ្ឌភាព។ ម៉្យាងទៀតនាពេល បច្ចុប្បន្ននេះ ដោយយោងទៅលើស្ថានភាពសន្តិសុខពុំអាចធានាបានសុវត្ថិភាព និងដោយខ្លាច គ្រោះថ្នាក់ជាយថាហេតុកើតមានដល់ ព្រះអង្គដែលមានបេតិកភ័ណ្ឌជាតិដ៏មានតម្លៃខ្ពស់នោះ ក្រសួងវប្បធម៌សូមអង្វរដោយទទូចសូមព្រះអង្គអនុញ្ញាតឲ្យក្រសួងយកវត្ថុទាំងនោះ ទៅទុកនៅទី កន្លែងណាដែលអាចថែរក្សាបានគង់វង់។ ពេលណាស្ថានការណ៍សន្តិសុខធានាបាននោះ នឹងប្រគេនវត្ថុបុរាណទាំងនោះទៅព្រះអង្គជាម្ចាស់វិញគ្រប់ចំនួន។ ម៉្យាងទៀតនៅតាម ទីរួមខេត្តសំខាន់ៗដូចជា បាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ ដែលសំបូរទៅដោយ សម្បត្តិវប្បធម៌ចង់ស្នើរសុំព្រះអង្គជាមេគណ ឬអនុគុណខេត្ត បង្កើតជាសារមន្ទីរនៅ តាមវត្ត សំខាន់ៗដូចជាសារមន្ទីរនៅវត្តពោធិ៍វាលជាដើម។ ធ្វើបានយ៉ាងនេះ យើងមានអំណោយ ផលពីរយ៉ាងគឺបានរក្សាទុកបេតិកភ័ណ្ឌជាតិបានគង់វង់និងបានទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យទៅទស្សនាផង។
វត្តអារាម និង ទេសចរណ៍
·  វត្តអារាមជាទីស្ងប់ស្ងាត់មួយ នឹងជាសក្ការៈទៀតផង ។ មិនតែបុណ្ណោះក៏ជារម្មណីយដ្ឋាន ទេសចរទៀតផង ។បើប្រៀបធៀបនឹងប្រទេសជិតខាង យើងមានទេសចរណ៍តិចណាស់ ជាពិសេសប្រទេសវៀតណាម ។ ឯប្រទេសវៀតណាមក្នុងរយៈពេលដូចគ្នាមានទេសចណ៍ដល់ ទៅ៧០ ម៉ឺននាក់ គឺខុសគ្នា១០ដង បើយើងពិនិត្យ អំពីរម្មណីយដ្ឋានទេសចណ៍នោះអ្វីដែលយើងមាន វៀតណាមគ្មានទេ។ ប៉ុន្តែវៀតណាមចេះរៀបចំនៅទីស្ថានតូចឲ្យទៅជាកន្លែង ដែលមានទេសភាពល្អជាទីទាក់ទាញចិត្តទេសចរណ៍ព្រោះសង្គ្រាមក្នុងស្រុកគេមិនបានបំផ្លាញ ចោលវត្ថុបុរាណឬទីស្ថានប្រណិតៗឡើយ។ ម្យ៉ាងទៀតការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ ដូចជាពុំសូវទទួលបានការយកចិត្តទុកដាក់ពីភ្ញៀវទេសចរណ៍សោះឡើយ ហើយនៅបរទេសគេក៏ពុំបានគិតពីវត្តអារាមទេ គេគិតតែពីអង្គរវត្ត ទំនៀមទំលាប់អ្វីផ្សេងៗទៅវិញ។ ហេតុអ្វីបានជាយើងមិនអាចបង្ហាញពីវត្តអារាមឲ្យភ្ញៀវបរទេសមើលបាន? សព្វថ្ងៃនេះយើងឲ្យភ្ញៀវទេសចរណ៍មើលបានតែព្រះវិហារកែវមរកតតែមួយគត់នៅក្នុងប្រទេសយើង។ យើងមិនអាចរៀបចំកម្មវិធីឲ្យច្រើនម៉ោងឬច្រើនថ្ងៃទេ។ ភ្ញៀវគ្រោងពីនាយមកថានឹង ត្រូវចំនាយឲ្យអស់៤០០។ តែដោយការស្នាក់នៅ ការដើរកំសាន្តរបស់គេមានរយៈពេល តិចពេកគេចំនាយមិនអស់ ៤០០ ដុល្លារដែលគេគ្រោងទុកនោះទេ ព្រោះយើងហាក់ដូច ជាគ្មានអ្វីទាក់ទាញឲ្យគេបានមើលយូរនោះ ដើម្បីស្រូបយកប្រាក់ពីហោប៉ៅឲ្យអស់ ៤០០ដុល្លារនោះទេ ច្រើនតែចំណាយអស់តែ២០០ដុល្លារ ហើយសល់២០០ ដុល្លាទៀត គេទុកយកទៅចំណាយនៅវៀតណាម ឬឡាវ។ នេះបណ្តាលមកពីយើង គ្មានរមណីយដ្ឋានឲ្យភ្ញៀវបរទេសមើលជាបន្តបន្ទាប់។ វត្តអារាមយើងជារមណីយដ្ឋានសំរាប់ឲ្យបរទេសគេមើល ដើម្បីបានថវិការយកមកទ្រទ្រង់វិស័យទេសចរណ៍ និងអភិវឌ្ឍន៍សង្គមជាតិយើងឲ្យឈាន ឡើងហើយបើថ្ងៃក្រោយ យើងអាចរៀបចំវត្តអារាមឲ្យក្លាយទៅជារមណីយដ្ឋាន ជាទីទាក់ទាញអារម្មណ៍របស់ទេសចរណ៍បរទេសនោះ ពេលនោះយើងនឹងមានប្រភពចំណូលពីវិស័យទេសចរណ៍។ ដូច្នេះវត្តអារាមនឹងមានទុនសំរាប់កសាងវត្ត។ នេះជាផ្នែកមួយសំរាប់ បង្កើនថ្ងៃទស្សនកិច្ចរបស់ភ្ញៀវទេសចរណ៍។សព្វថ្ងៃ យើងមានកន្លែងឲ្យគេមើលបានតិចណាស់ រួចហើយភ្ញៀវក៏ប្រញាប់ប្រញាល់ទៅមើល អង្គរ រហូតមកដល់មានពាក្យស្លោកមួយចែងថា” ចូលមកកម្ពុជា បើមិនមើលអង្គរនោះទុកដូចជាមិនបានមកកម្ពុជាទេ”។ ដូច្នោះ យើងហាក់ដូចជាបាត់វត្តអារាមដែលជាដួងព្រលឹងវប្បធម៌ អរិយធម៌ ទំនៀមទំលាប់របស់ជាតិយើងហើយ។ កន្លងមក ភ្ញៀវអត់បានឃើញវត្តខ្មែរ អត់ស្គាល អំពីទំនៀមទំលាប់ ពីទីវត្តអារាមទេ គឺគេចូលមកដល់ភ្នំពេញ  គេទៅសៀមរាប ទៅអង្គរវត្តតែម្តង។ នេះជាបញ្ហាមួយដែលក្រសួងធម្មការ សហការជាមួយព្រះសង្ឃ ដើម្បីរៀបចំតំបន់អទិភាព ណាមួយ ដែលយើងអាចចាត់ទុកជាតំបន់ទេសចរណ៍ អាចបំរើភ្ញៀវទេសចរណ៍បាន ។ យើងគួរ រៀបចំវត្តណាមួយ សំរាប់ជារមណីយដ្ឋានរបស់ទេសចរណ៍រួមផ្សំនឹងការធ្វើសកម្មភាពរបស់ព្រះពុទ្ធសាសនា ដើម្បីទាក់ទាញពេលវេលាមួយសំរាប់ភ្ញៀវ ហើយដើម្បីបង្ហាញគេទាំងនោះអំពីអ្វី ដែលខ្មែរមាន។
·  សូមអនុញាតលើកយកការរៀបចំទេសចរណ៍មួយនៅប្រទេសថៃ ដែលគេមានភ្ញៀវចូលមក ទស្សនាប្រទេសគេរហូតដល់ជាង ៥លាននាក់ កាលពីឆ្នាំកន្លងនេះ នៅពេលដែលយើងមាន ភ្ញៀវតែជាង ១០ ម៉ឺននាក់ប៉ុណ្ណោះសូម្បីតែវត្តតូចមួយ ដែលមានចម្ងាយជាង៩០០ គីឡូមែត្រ ពីរាជធានីបាងកក ក៏គេធ្វើវត្តនោះឲ្យទៅជាពណ៌មាសទាំងអស់ គឺជញ្ជាំងកុដិ ព្រះវិហារក៏មាស ពុទ្ធិបដិមាក៏មាស គេតាំងរូបបដិមា ឬរូបទេវរូបដែលមានប្រជារាស្ត្រមានជំនឿគោរពបូជា គឺថាបើបានអង្អែលរួបបដិមានមាសនោះទៅ នឹងបានសេចក្តីសុខសប្បាយ រកស៊ីមានបានត្រជាក់ត្រជុំ។ ទេសចរណ៍ត្រូវចំណាយពេលមួយព្រឹក ដើម្បីទស្សនាវត្តនោះដែលគ្មានអ្វីជាអស្ចារ្យប៉ុន្មានឡើយ។ នេះជាចំណូលមួយចំណែកដែលគេទុកចំណាយក្នុងការរៀបចំកែលំអវត្តអារាម និងសំរាប់ជាជំនួយដល់ការអភិវឌ្ឍន៍សង្គមផង។
·  សព្វថ្ងៃនេះ យើងបាត់បង់អស់រមណីយដ្ឋានល្អៗ អស់ជាច្រើនណាស់ហើយ ។ នេះជាគំនិត យោបល់វិស័យទេសចរណ៍ ដែលចូលរួមចំណែកក្នុងអង្គសិក្ខាសាលាជាតិ ក្នុងការច្នៃប្រឌិតរកផលប្រយោជន៍ពីវត្តអារាម ដើម្បីជំនួយអភិវឌ្ឍន៍សង្គមខ្មែរឲ្យលូតលាស់រីកចំរើនទៅអនាគត។
វត្តអារាម និង បរិស្ថាន
·  បរិស្ថាន គឺជាអ្វីដែលនៅជុំវិញខ្លួនយើង ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលទៅនឹង ជិវិតរបស់យើង ដូចព្រៃឈើដែលមាននៅលើភពផែនដីយើងនេះ ជាផ្នែកមួយនៃបរិស្ថាន, ស្ទឹង បឹង បួរ ទន្លេ សមុទ្រ និងសត្វទាំងឡាយ ទាំងតូចធំ ទាំងសត្វស្លាប ទាំងសត្វក្នុងទឹក លើគោក ក្នុងដី ក៍ជាផ្នែកមួយនៃបរិស្ដានបរិយាកាសដែលនៅជុំវិញខ្លួនយើង ក៍ជាផ្នែក មួយនៃបរិស្ថានដែរ។
·  យើងតែងតែសង្កេតឃើញនៅជំនាន់មុននៅទីវត្តអារាមនានាតាម ស្រុក ខេត្ត និងជនបទ ព្រះសង្ឃ និងឧបាសក ឧបាសិកា ចំណុះជើងវត្ដ តែងបានដាំ ដើមឈើ ជាច្រើន មានដើមគគីរ ដើមឈើទាល -ល -។ និងដើមឈើហូបផែ្លផេ្សង‍ទៀត ហើយជាក់សែ្តងមានសល់ខ្លះនាពេលបច្ចុប្បន្ននេះ។ ឈើដែលដាំទាំងនេះ បើយើងគិតសើៗទៅ យើងយល់ថាបុព្វបុរសយើង ដាំដើមឈើក្នុងទីវត្តនេះ​  គឺគ្រាន់តែយកជាម្លប់​​ ជាសោភណភាពទីវត្ត ឬក៍ទុកឲ្យកូនចៅ ជំនាន់ក្រោយយកមកប្រើប្រាស់ជាគ្រឿងសំណង់ក្នុងទីវត្ត ឬយកផ្លែបរិភោគតែប៉ុណ្ណោះ។    តែបើយើង      ពិចារណាឲ្យស៊ីជម្រៅទៅតាមលក្ខណ បចេ្ចកទេសវិទ្យាសាស្រ្តវិញនោះ ទើបយើងយល់ ហើយអាចវាយតម្លៃបានថាបុព្វបុរសយើងពិតជាមានឧត្តមគតិខ្ពស់​ មានការយល់ដឹងច្បាស់លាស់ពីតម្លៃព្រៃ ឈើ(បរិស្ថាន) ដែលជាទូទៅព្រៃឈើ ជាសម្បត្តិធម្មជាតិមួយដ៍វិសេសវិសាលបំផុតសំរាប់ទ្រទ្រង់ជិវិត មនុស្ស សត្វ និងរុក្ខជាតិគ្រប់ប្រភេទ។   ពៃ្រឈើជាប្រភពមួយយ៉ាងសំខាន់ របស់ប្រទេសជាតិ ។
·  ព្រៃឈើ វាអាចសំរួលដល់ការរស់នៅរបស់មនុស្ស សត្វ និងផ្តល់នូវសារសំខាន់យ៉ាង ច្រើនដូចជា
·  ផ្តល់នូវប្រភពចំណីអាហារបំរើជិវភាពរស់នៅរបស់មនុស្ស និង សត្វ
·  ផ្ដល់នូវថ្នាំសង្កូវ សំរាប់ព្យាបាលរោគផ្សងៗ
·  ផ្ដល់នូវឈើមានតំលៃសំរាប់សង្ហារិម សំណង់លំនៅឋាន​ អាគារផេ្សងៗ
·  ព្រៃឈើជាកនែ្លងស្ងប់កាយស្ងប់ចិត្ត នាំឲ្យកើតបា្រជ្ញាញាណ ដូច ព្រះពុទ្ធជាអម្ចាស់នៃយើង
·  ព្រៃឈើជាជម្រកសំរាប់សត្វគ្រប់ប្រភេទ ដូចដែលយើងធ្លាប់បានឃើញស្រាប់ នៅវត្តណាមានដាំ ដើមឈើច្រើន តែងតែមានសត្វមករស់នៅ ដូចជា សោ្មញ កៃ្អក កុក ក្រសា និងសត្វស្លាបដទៃៗ ជាច្រើនទៀត ។
·  ព្រៃឈើធើ្វឪ្យអាកាសធាតុរក្សាបាននៅសីតុណ្ហភាព ត្រជាក់ល្មម ស្រួលដល់មនុស្ស និងសត្វ គឺ មិនត្រជាក់ពេក មិនក្ដៅពេក។
·  ព្រៃឈើទាក់ទាញទឹកភ្លៀង និងធើ្វឪ្យភ្លៀងធ្លាក់ទៀងទាត់តាមរដូវ
·  ព្រៃឈើជួយស្រូបនូវភាពស្អុយកខ្វក់ដែលមាននៅក្នុងធាតុអាកាសទុកឪ្យនៅតែធាតុអាកាស ស្អាតបរិសុទ្ធ សំរាប់ឪ្យមនុស្ស​ និងសត្វ ដកដង្ហើមបានស្រួល។
·  ព្រៃឈើជាឃ្លាំជីនៃពិភពផែនដី វាអាចរក្សាទុកនៅគុណភាពដី មិនឪ្យហឺរអស់ជីជាតិ ទុកឪ្យ មនុស្សលោកបង្កបង្កើនផលដំណាំសព្វបែបយ៉ាង។
·  ព្រៃឈើជារបាំងការពារខ្យល់ព្យុះ ​ការពារសំណឹក និងកាហូរច្រោះ។ ល ។ និង ។ ល ។
·  ការកាប់ព្រៃឈើដោយគ្មានក្បួនខ្នាតត្រឹមត្រូវ វានឹងនាំឪ្យអន្តរាយព្រៃឈើទាំងមូល និង បណ្តាល ឪ្យមានការផ្លាស់ប្តូរគុណភាពបរិស្ថានទូទាំងប្រទេស ធើ្វឪ្យកើតមាន ឡើងជាបន្តបន្ទាប់ នូវគ្រោះ រាំងស្ងួត ទឹកជំនន់ ភ្លៀងធា្លក់មិនទៀងទាត់។ ល ។ ដែលគ្រោះមហន្តរាយ ដ៍ធ្ងន់ធ្ងរ គំរាម គំហែង ដល់បរិស្ដានធម្មជាតិកម្ពុជា ។​ជាក់ស្ដែង ​កន្លងទៅថី្មៗនេះ ប្រទេសកម្ពុជាបានជួបប្រទះគ្រោះទឹកជនន់ដ៍សាហាវនៅខេត្តចំនួន១៨ បានធើ្វឱ្យអន្តរាយដល់ផ្លូវថ្នល់ ស្ពានផ្ទះសំបែង ដំណាំកសិកម្មជិវិតមនុស្សសត្វយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងទៀត យើងឃើញថាព្រះសង្ឃ និងឧបាសក ឧបាសិកា មានឧត្តមគតិខ្ពស់ក្នុងការកាពារ គុណភាពទឹកសំរាប់ប្រើបា្រស់ជាទូទៅ ។ ដូចជាជីកស្រះជាដើម វាមិនត្រឹមតែស្តុក ទឹកសំរាប់ប្រើប្រាស់ប៉ុណោះទេ តែ វាក៏ជាជម្រកដ៏សុខសាន្តរបស់មច្ឆជាតិផងដែរ។ត្រីគ្រប់ ប្រភេទ និងពពួកសត្វរស់នៅក្នុងទឹកដ៏ទៃទៀត អាចរស់នៅទីនេះ ហើយបន្តកូនចៅនៅ ក្នុងស្រះនេះដោយក្សមក្សាន្ត ព្រោះពុំមានជនណាបៀតបៀន ជិវិតសត្វរស់នៅក្នុងវត្ត និងជុំវិញវត្តបានទើ្បយ ។ ត្រីដែលនៅដោយសុខស្ពានក្នុងស្រះវត្តដ៏ជ្រៅមិន ចេះរឹងនោះ ហើយជាប្រភពធើ្វឱ្យសម្បូរត្រីនៅតាមវាលស្រែយើង ។
·  ទាំងបីករណី គឺការដាំដើមឈើ ការជីការស្រះ និងការថែរក្សាពពួកសត្វទាំងឡាយ ដែលមានក្នុងវត្តអារាមក្តី ព្រះសង្ឃពិតជាលោកបានយល់ដឹងយ៉ាងច្បាស់លាស់ពីបរិស្ថាន។ សរុបសេចក្ដីមក យើងឃើញថា ពីដើមវត្តអារាមគឺជារមណីយដ្ឋាន ដែលពោរពេញដោយសួនច្បារ ដែលផ្កាគ្រប់ពូជចំរុះ ពណ៍ពោរពេញដោយដើមឈើតូចធំចោលម្លប់ត្រឈឹងត្រឈៃ ជាទីជម្រកនិរភ័យនៃបក្សាបក្សីគ្រប់ ជំពូក។ វត្តអារាម ពីដើមមានស្រះទឹកថ្លាឆ្វង់សេ្អកស្កះ ពោរពេញដោយមច្ឆជាតិ វារិជាតិគ្រប់ ប្រភេទ ។ និយាយរួម វត្តអារាមពីដើម គឺជាបរិស្ថាន គំរូនិងជាទីមនោរម្យក្នុងសង្គមកម្ពុជាយើង

No comments

Powered by Blogger.